លោកប្រធានាធិបតីនៃប្រទេសនីហ្សេរីយ៉ាហ្គូដឡាក់ ចនណាថាន់ (Goodluck Jonathan) មានប្រសាសន៍ថា ខុទ្ទកាល័យថ្មីរបស់លោកកំពុងប្រឈមនឹងការរំពឹងយ៉ាងខ្ពស់ពីសំណាក់ពលរដ្ឋនីហ្សេរីយ៉ា ដែលចង់ឲ្យមានសេដ្ឋកិច្ច និងសន្តិសុខរឹងមាំជាងមុន។
លោកប្រសាសន៍ថា ខុទ្ទកាល័យថ្មីរបស់លោកត្រូវតែគិតគូរជាថ្មីអំពីរបៀបដែលប្រទេសនីហ្សេរីយ៉ាត្រូវធ្វើយ៉ាងណាដើម្បីឲ្យស្របទៅតាមអ្វីដែលលោកនិយាយថា ការរំពឹងទុកដែលគួរឲ្យពិចារណាពីសំណាក់ម្ចាស់សន្លឹកឆ្នោត ដែលទាមទារឲ្យមានការងារបន្ថែមទៀត និងសេវាកម្មសង្គមប្រសើរជាងមុន។
«គេរំពឹងថា យើងនឹងបង្កើតឲ្យមានការងារធ្វើសម្រាប់យុវជនដែលគ្មានការងារធ្វើនៅក្នុងប្រទេស។ គេរំពឹងថា យើងនឹងធ្វើការកែប្រែនៅក្នុងវិស័យកសិកម្ម និងធានាសន្តិសុខស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋ។ គេរំពឹងថា យើងនឹងធ្វើឲ្យវិស័យប្រេងនិងឧស្ម័នមានការគិតគូរដល់បរិស្ថានដោយធ្វើឲ្យបានស្អាត។ ប្រជាពលរដ្ឋក៏ចង់ឲ្យមានផ្លូវថ្នល់ល្អ ប្រព័ន្ធសាលារដ្ឋមានគុណភាពប្រសើរជាងមុន និងប្រព័ន្ធដឹកជញ្ជូននិងសុខភាពមានប្រសិទ្ធិភាពជាងមុន»។
សេដ្ឋវិទូអ្នកស្រី អូដឺហូវ៉ូ អូហ្កិនវ័រហេ (Oderhohwo Oghenevwarhe) មានប្រសាសន៍ថា និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចមិនរីកចម្រើន ដែលប្រធានជាច្រើនទាមទារឲ្យពួកគេបង់ប្រាក់ជាថ្នូរនឹងការងារ។
«មានយុវជនជាច្រើនបានបញ្ចប់ការសិក្សា ហើយមានយុវជនខ្លះបានបញ្ចប់ការសិក្សាជាច្រើនឆ្នាំហើយ។ ពេលពួកគេទៅការិយាល័យដើម្បីរកការងារធ្វើ មានគេប្រាប់យុវជនទាំងនោះថា អ្នកត្រូវតែមានប្រាក់មួយចំនួនធំដើម្បីជាថ្នូរនឹងការងារ។ តើគេរំពឹងថា និស្សិតទើបតែបញ្ចប់ការសិក្សាអាចមានប្រាក់ចំនួនច្រើនយ៉ាងដូចនោះម្តេចទៅ?»
អ្នកស្រីមានប្រសាសន៍ថា ពលរដ្ឋនីហ្សេរីយ៉ាចង់ឲ្យខុទ្ទកាល័យថ្មីរបស់លោកប្រធានាធិបតីអនុវត្តឲ្យបានច្រើនជាងពាក្យសម្តីនិយាយ។
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់