ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គភាព​​វេជ្ជសាស្ត្រ​ថ្មី​នឹង​ជួយ​​វៀតណាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍


ខណៈដែល​ការ​រៀបចំ​ចាប់​ផ្តើម​សម្រាប់​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ជំងឺ​អេដស៍ឆ្នាំ​២០១២ នៅចុង​ខែ​នេះ​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន(Washinton D.C.) ក្រុម​អ្នក​ជំនាញ​នៅប្រទេស​វៀតណាម​នឹង​ពិភាក្សា​គ្នា​អំពី​មធ្យោបាយ​ដើម្បី​អភិវឌ្ឍ​ឯកទេសរបស់​ពួកគេ ដោយសារ​តែថវិការបស់​ប្រទេសម្ចាស់​ជំនួយ​កាន់​តែ​ស្តួច​ស្តើង​ទៅ​ៗ។

ករណី​មេរោគ​អេជ​អាយវី​(HIV)​ដំបូង​នៅ​វៀតណាម ​ត្រូវ​បាន​កត់​ត្រានៅ​ក្នុង​ទីក្រុង​ហូជីម៉ិញ(Ho Chi Minh) កាលដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០។ រយៈពេល​ដប់​ឆ្នាំ​ក្រោយ​មក ក្រុម​គ្រូពេទ្យ​ភាគ​ច្រើន​អាច​ធ្វើ​បាន​ត្រឹម​តែផ្តល់​រោគ​វិនិច្ឆ័យ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ ជា​ញឹកញាប់​ ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​លែង​ដូច​ជា​ការ​ដាក់​ទោសប្រហារ​ជីវិត​ទៀត​ហើយ។

ដោយ​មានការ​បណ្តុះ​បណ្តាល​និង​ធនធានមកពីទីភ្នាក់ងារ​សកលលោកជា​ច្រើន ក្រុមវេជ្ជបណ្ឌិតវៀតណាម ​បាន​ចាប់​ផ្តើម​គ្រប់គ្រង​ថ្នាំ​ពន្យារ​អាយុ​ប្រឆាំង​នឹង​ជំងឺ​នេះ​កាល​ពីឆ្នាំ​២០០៥។ ក្រុម​គ្រូពេទ្យនិយាយថា បន្ទាប់​ពីការព្យាបាល អ្នក​ជំងឺ​ទទួល​បាន​សុខភាព​ល្អឡើងវិញ អាច​ត្រលប់ទៅ​ប្រកប​ការងារនិង​រស់​នៅ​ស្ទើរតែ​ដូច​ធម្មតា​វិញ។

ប៉ុន្តែ​ក្នុង​នាម​ជា​ប្រទេស​មានប្រាក់ចំណូល​មធ្យម វៀតណាម​អាច​ឈប់​ពឹងផ្អែក​លើ​ការ​គាំទ្រ​ពីខាងក្រៅ​ទៀតហើយ។ ​វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ គីញ (Nguyen Van Kinh) គឺ​ជា​អ្នក​ស្រាវជ្រាវឈាន​មុខ​ម្នាក់​លើ​មេរោគ​អេជ​អាយវីឬជំងឺអេដស៍នៅ​វៀតណាម។

«រាល់​សកម្មភាព​សម្រាប់ការព្យាបាលនៅវៀតណាម​ ទទួល​បាន​ការ​គាំទ្រ​ពី​គម្រោង​ ​ដែលគាំទ្រ​មកពី​ខាងក្រៅ។ ប៉ុន្តែរយៈកាលក្រោយ​មក គម្រោង​ទាំងនោះ​បាន​បញ្ចប់។ ដូច្នេះ​ជនជាតិ​វៀតណាម​ត្រូវតែ​ពឹង​លើ​ខ្លួនឯងវិញម្តង។»
​វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ គីញ (Nguyen Van Kinh)

លោក គីញ មាន​ប្រសាន៍​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ក្រុម​អ្នកជំនាញ​ខាងសុខាភិបាល​ក្នុងប្រទេស​នេះ​បាន​បង្កើត​អង្គភាពព្យាបាល​មេរោគ​អេជអាយវីនិង​ជំងឺអេដស៏​វៀតណាម(Vietnam Clinical HIV/AIDS Society) ដែល​ត្រូវ​បាន​ស្គាល់​ថា«វីចាស»(VCHAS)។ អង្គភាពនេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ជំងឺ​អាមេរិក(U.S. Centers for Disease Control) តាម​រយៈ​គម្រោងឈ្មោះ គំនិតផ្តួចផ្តើមស្តីពីជំងឺ​អេដស៍​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ហាវឺដ​(Havard Medical School AIDS Initiative) ដែល​ជា​ផ្នែក​មួយ​នៃផែនការសង្គ្រោះ​បន្ទាន់​ដើម្បី​បន្ធូរបន្ថយជំងឺអេដស៍​របស់​ប្រធានាធិបតី​អាមេរិក(U.S. President’s Emergency Plan for AIDS Relief)។

លោក គីញ ជា​ប្រធាន​អង្គភាពនេះដែល​បាន​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ខែ​មុន។ កិច្ច​ប្រជុំនេះ ​ទទួលបានកោត​សរសើរ​ថាជា​អង្គភាពមួយ​ក្នុង​ចំណោម​អង្គភាព​វេជ្ជសាស្ត្រ​វិជ្ជាជីវៈ​ដំបូង​ក្នុង​ប្រទេស​វៀតណាម ហើយ លោក គីញ មាន​សេចក្តី​សង្ឃឹមខ្ពស់​សម្រាប់​អនាគត​របស់​អង្គភាព​នេះ។

«អង្គភាព​វីចាស មាន​មុខងារ​បី។ ទី​មួយ​គឺ​ការ​បង្កើតបណ្តាញ​និង​ការ​ចែក​រំលែក​បទពិសោធន៍​និង​ការ​ព្យាបាល។ទី​ពីរ​គឺពង្រឹង​សមត្ថភាព​គ្រូពេទ្យ​និង​អ្នក​បច្ចេកទេស ដែលធ្វើ​ការ​ទាក់ទង​នឹង​ការ​ព្យាបាល​មេរោគអេជអាយវីនិងជំងឺអេដស៍។ ហើយ​ទី​បី​យើងព្យាយាម​ចែក​រំលែក​បទពិសោធន៍​ជាមួយ​បណ្តា​ប្រទេស​និង​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត។»

បើ​យោង​តាម​ប្រវត្តិសាស្ត្រនៅវៀតណាម មេរោគអេជ​អាយវីនិងជំងឺអេដស៍​បាន​កើត​ឡើង​ខ្លាំងក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​តាម​រយៈ​ការ​ចាក់តាម​សារ៉ាង​ ប៉ុន្តែ​ទីប្រឹក្សា​ផ្នែកវេជ្ជសាស្ត្រ​ និយាយ​ថា ឥឡូវនេះ ការឆ្លង​បែបនេះ បាន​ផ្លាស់ប្តូរ​ទៅ​ជា​ការ​ឆ្លង​រោគ​តាមការ​រួម​ភេទវិញ។ ពលរដ្ឋ​វ័យ​ជំទង់​ដែល​មាន​ហានិភ័យ​ខ្ពស់នៅក្នុង​ចម្លង​រោគ​នេះ គឺ​បុរស​ដែល​រួម​ភេទ​ជាមួយ​បុរស។ ​អត្រា​ឆ្លង​រោគ​មាន​ចំនួនជិត​១៧​ភាគរយ។

លោក អៀមុន ម៉ឺហ្វី (Eamonn Murphy) នាយកអង្គការ​យូអែន​អេដស៍វៀតណាម
(Vietnam UNAIDS) និយាយ​ថា បញ្ហា​ប្រឈមមួយ​ផ្នែកនៅក្នុង​ការ​ផ្សព្វផ្សាយ​ដល់​បុរស​ទាំងនោះ​គឺការ​ហាម​ប្រាម​ផ្នែកវប្បធម៌។

«នៅ​តាមផ្នែក​ជា​ច្រើននៃប្រទេស​វៀតណាម ពួកគេ​ធ្វើ​ដូចជា​បញ្ហា​នេះ​មិន​បាន​កើត​មាន​ឡើងសោះ។ ខ្ញុំ​ចង់​និយាយថា គ្មាន​ប្រទេស​ណា​លើ​លោក​មិន​មានអឹម​អេស​អឹម(MSM) ឬ​ក៏​ការ​រួម​ភេទ​ភេទ​ដូច​គ្នាទេ​... ខ្ញុំ​ធ្លាប់​ទៅ​តាម​បណ្តាខេត្ត​នានា​ដែល​ពួកគេ​និយាយ​ថា៖ «អូ៎! យើង​មិន​មានករណី​នេះ​ទេ ទាល់​តែ​ទៅ​ទីក្រុង​ហូជីម៉ិញទើប​បានមាន។»

លោក​ មឺហ្វី និយាយ​ថា ​ការ​រើសអើងទៅលើ​អ្នក​ដែល​ផ្ទុក​មេរោគ​អេជអាយវី ​និងជំងឺអេដស៍​មិន​មែន​ជា​រឿងមិនធម្មតា​នោះ​ទេ។ អ្នក​ទាំងនោះ​ នៅ​តែ​ផ្លាស់ប្តូរ​ទី​លំនៅ​ដោយសារ​តែ​ទង្វើដែល​អ្នក​ជិត​ខាង​ពួកគេ​ប្រតិកម្ម​ចំពោះអ្នក​ជំងឺ​អេដស៍​។ ហើយ​កុមារអាច​ត្រូវ​បាន​បដិសេដ​មិន​ឱ្យ​ចូល​សាលារៀន ដោយ​សារ​ឪពុក​ម្តាយ​ពួកគេ​ផ្ទុក​មេរោគ​អេដស៍ បើ​ទោះ​ជាកុមារទាំងនោះ​មិន​បាន​ផ្ទុក​ក៏​ដោយ។

ស្លាកស្នាម​ទុយស៌នេះ​ក៏​ត្រូវ​បាន​ដឹង​ថា​មានការ​ជាប់​ពាក់​ព័ន្ធ​ជាមួយក្រុម​អ្នកមាន​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ដែរ ដែល​ធ្វើ​ការ​ជាមួយ​អ្នក​ផ្ទុក​មេរោគអេជអាយវីនិង​អ្នកជំងឺ​អេដស៍។ លោកស្រី​វេជ្ជបណ្ឌិត ផាមថាញ ធុយ (Pham Thanh Thuy) អ្នកឯកទេស​ជំងឺ​អេដស៍​ដ៏​ឈាន​មុខ​ម្នាក់​នៅ​ឯ​មន្ទីរពេទ្យបាច មៃ(Bach Mai) ក្នុងទីក្រុងហាណូយ និយាយ​ថា ពេល​ខ្លះ​ មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ចំណោម​អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​សាធារណៈ​ក្នុង​ឯកទេសផ្សេង​ទៀត​ក្នុង​ការ​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេជអាយវី​និង​អ្នកជំងឺអេដស៍​ ដោយសារតែ​ការ​ខ្វះ​ខាត​ចំណេះដឹង។

ប៉ុន្តែ​ផ្នែក​ខ្លះ​នៃ​កិច្ចការ​ដែល​បានរៀប​ចំឡើ​ងដោយអង្គភាព​ វីចាស ត្រូវ​ផ្តល់​ការ​បណ្តុះ​បណ្តាលដល់ស្ថាប័នមន្ទីរពេទ្យ​ផ្សេងៗទៀត ដូច្នេះ​បុគ្គលិក​វេជ្ជសាស្ត្រ​អាច​យល់​បាន​ច្រើន​ថែម​ទៀត​ពី​ជំងឺ​នេះ។

«ដោយ​មានការ​បណ្តុះបណ្តាល​នេះ យើង​អាច​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពីមេរោគ​អេជអាយវី។ វគ្គបណ្តុះបណ្តាល​នេះ​អាច​ជួយ​ពួកគេ​ឱ្យ​កាត់​បន្ថយ​ការ​រើសអើងហើយ​វគ្គនេះ​ក៏​អាច​ជួយ​ពួកគេ​ឱ្យ​ជួយ​ពួកយើង​វិញដែរក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​ផ្ទុក​មេរោគ​អេដស៍ ប្រសិនបើ​ពួកគេ​ត្រូវការ​ការ​ថែរក្សាក្រៅ​តែ​ពី​ការ​ព្យាបាល​មេរោគ​អេជអាយវីនេះ។ ខ្ញុំ​ចង់​និយាយអំពី​ការថែរក្សានិង​ការ​ព្យាបាល​ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​មិនមែន​សម្រាប់​មេរោគអេជអាយវី។​ នោះ​ជា​កិច្ច​ការ​ដែលទាក់​ទង​នឹង​បញ្ហា​សុខភាពរបស់​មនុស្ស​គ្រប់​រូប។»

ដោយសារ​ប្រទេសម្ចាស់​ជំនួយ​ត្រៀម​ឈប់​ផ្តល់​ជំនួយ ប្រទេស​វៀតណាម​បាន​ទទួល​ស្គាល់​ថា ​វិធានការបន្ទាន់​គឺ​ត្រូវ​ការ​ជាចាំ​បាច់​ដើម្បី​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​និង​បង្ការ។ រដ្ឋាភិបាល​បាន​បង្កើន​មូលនិធិ​ចេញ​ពី​ថវិកា​របស់​ខ្លួន ​ដើម្បី​ចំណាយទៅលើ​ថ្នាំ ដែល​ត្រូវ​ការចាំ​បាច់​សម្រាប់ការព្យាបាល។ ប៉ុន្តែ​បើ​តាម ​លោក​មឺហ្វី នៃយូអិនអេដស៍ បាន​ឱ្យ​ដឹង​ថា មូលនិធិនោះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

លោកនិយាយ​ថា​ មាន​ការ​ចាំបាច់​ក្នុងការ​កំណត់​អាទិភាពចម្បង​ៗសារជា​ថ្មី​ចំពោះធនធានដើម្បី​បំពេញ​គម្លាត​នេះ។ ​ផ្នែកនៃ​អាទិភាព​នេះអាច​ចេញ​មកពីការ​លុប​ចោល​នូវ​មណ្ឌល​ស្តារ​នីតិសម្បទាដ៏​ចម្រូងចម្រាស់​សម្រាប់​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​របស់​ប្រទេស​នេះ។

«មណ្ឌល​កែប្រែ​ទាំងនោះដូចជា​ដំរី​សម្បុរ​ស​យ៉ាងធំ​ដែល​ខ្ជះខ្ជាយ​ថវិកាច្រើន។ មណ្ឌល​ទាំងនោះ​មិន​សម្រេច​លទ្ធផល​ដែល​មនុស្ស​គ្រប់រូប​កំពុងតែ​ទន្ទឹងរង់ចាំនោះឡើយ ទាក់ទងនឹង​ការ​រក្សាសណ្តាប់ធ្នាប់​សង្គម​ឬ​ក៏​សុខភាព​សាធារណៈ។»

មណ្ឌល​ទាំងនោះ​បានទទួលរង​ការថ្កោលទោសជា​អន្តរជាតិ ​បន្ទាប់​ពី​មាន​របាយការណ៍​មួយ​កាល​ពី​ឆ្នាំ​មុន​ដែលធ្វើ​ឡើងដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស(Human Right Watch) ដែល​បាន​ចោទ​ប្រកាន់​មណ្ឌល​ទាំងនោះ​ពីបទធ្វើពលកម្មដោយ​បង្ខំ។ លោក មឺហ្វី​ និយាយ​ថា ឥឡូវ​នេះ បើ​ទោះបីជា​មាន​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​កាន់តែ​តិច​ទៅ​ៗនៅក្នុង​មណ្ឌល​ទាំងនោះក៏ដោយ ពួកគេ​នៅ​តែ​ចំណាយ​ថវិកាហើយ​វា​អាចជាការប្រសើរ​ជាង ប្រសិនបើ​ធនធាន​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់វិស័យសុខភាព​សាធារណៈ។

លោកនិយាយ​ថា ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ​មាន​មធ្យោបាយ​ប្រកប​ដោយប្រសិទ្ធភាព​ជាង​នេះ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​អ្នក​ពឹងផ្អែក​លើ​ថ្នាំ​ញៀន​ហឺរ៉ូអ៊ីន(Heroin) ហើយ​បាន​កំណត់​គោលដៅ​ផ្តល់​ថ្នាំ​ប្រឆាំង​នឹង​ការ​ញៀន​ថ្នាំ​ដល់​មនុស្ស​ចំនួន​៨ម៉ឺននាក់​នៅ​ត្រឹម​ឆ្នាំ​២០១៥ ដែល​កើនឡើងពី១ម៉ឺននាក់សម្រាប់ពេល​បច្ចុប្បន្ន​នេះ។

ស្ថាបនិក​ទាំងនោះ​មានសេចក្តីសង្ឃឹម​ថា អង្គភាព វីចាស​ នេះ​ នឹង​លើក​ទឹក​ចិត្តក្រុម​អ្នក​មាន​វិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រ​ឱ្យ​មានមោទកភាព​ទៅលើ​ការងារ​ដ៏​លំបាក​របស់​ពួកគេ​នៅ​ក្នុង​វិស័យនេះ ​ដែល​មិន​មាន​ការ​ពេញ​និយម​ ហើយ​ក៏មិនផ្តល់​ប្រាក់ចំណូលខ្ពស់ដែរ ហើយ​នឹង​បង្កើត​ឱ្យ​មាន​ការ​ស្រាវជ្រាវនៅក្នុង​ស្រុកទៀត​ នៅ​វៀតណាម។

​វេជ្ជបណ្ឌិត ធុយ និយាយ​ថា ​វៀតណាម​បាន​ធ្វើ​ដំណើរ​យ៉ាង​វែង​ឆ្ងាយ​ ក្នុង​ការ​ដោះស្រាយ​ការ​រើសអើង ប៉ុន្តែ​នៅ​តែ​មានកិច្ចការជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ បើ​ទោះ​បី​ជា អង្គភាព​ វីចាស នៅ​មានភាព​ថ្មីថ្មោង​ក៏ដោយ លោកស្រី​សង្ឃឹមថា ​អង្គការ​នេះនឹង​ជួយ​ក្រុម​គ្រូពេទ្យ​ទាំងឡាយឱ្យ​ព្យាបាល​ពលរដ្ឋ ​ដែល​ត្រូវ​បាន​ហៅ​ថា​ជា«បិសាច​សង្គម»នោះក្នុង​នាម​ជា​អ្នក​ជំងឺ​ និង​ផ្តល់​ការ​ព្យាបាល​នៅ​ពេល​ណា​និង​កន្លែងណា​ដែល​ពួកគេ​ត្រូវ​ការ៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG