ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​តម្លៃ​ឯករាជ្យ​ដំបូង​ស្តី​អំពីការ​ហៀរ​ប្រេង​របស់ក្រុម​ហ៊ុនប្រេងអង់់គ្លេស


​រូបភាព​ប្រេង​លេច​ធ្លាយ​ ដែលថតបានដោយ​ម៉ាស៊ីន​វី​ដេ​អូ​​ ដែល​មាន​គុណ​ភាព​ខ្ពស់​មួយ​ចំនួន​។
​រូបភាព​ប្រេង​លេច​ធ្លាយ​ ដែលថតបានដោយ​ម៉ាស៊ីន​វី​ដេ​អូ​​ ដែល​មាន​គុណ​ភាព​ខ្ពស់​មួយ​ចំនួន​។

វ៉ាស៊ីនតោន៖ ក្រុម​ហ៊ុន​ផលិត​ប្រេង​ BP របស់អង់​គ្លេស បាន​ប្រកាសថា ​អណ្តូង​ប្រេងធ្លាយក្នុង​ឈូង​សមុទ្រម៉ិច​សិ​កអស់​រយៈ​ពេល​បី​ខែ កាល​ពី​រដូវ​ក្តៅ​មុន​ ត្រូវ​បាន​បិទជិតជា​អចិន្រ្តៃយ៍​។ ការ​សិក្សា​ថ្មី​មួយ​ ដែល​បាន​ចេញ​ផ្សាយនៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ គឺ​ជាការ​វាយតម្លៃ​ឯក​រាជ្យ​លើក​ដំបូង​បង្អស់ ស្តី​ពី​ទំហំនៃ​ការកំពប់ប្រេងពិតប្រាកដ។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវនេះមាន​សារៈសំខាន់​ សម្រាប់ការបន្ត​បោស​សម្អាត​បរិស្ថាន និង​កិច្ច​ប្រឹង​ប្រែង​ស្រោច​ស្រង់​សេដ្ឋ​កិច្ចនៅ​ក្នុងតំបន់។

ខណៈ​ដែលប្រេង​ចាប់​ផ្តើមហៀរ​ចេញ​ពី​ក្បាល​បំពង់ដែល​បែក​នៅ​បាត​សមុទ្រ ចូល​ទៅ​ក្នុងឈូង​សមុទ្រ​ម៉ិចសិកូ​ កាល​ពី​ខែ​មេសា​មុន ការប៉ាន់​ស្មាន​ជា​ផ្លូវ​ការ​របស់ក្រុម​ហ៊ុន​ BP ចេះ​តែ​ផ្លាស់​ប្តូររហូត​ ដោយ​រាប់​ចាប់​តាំង​ពី​ ១​ពាន់​ធុងក្នុង​មួយ​ថ្ងៃ​ ​ទៅ៥​ពាន់​ធុង បន្ទាប់​មក១​ម៉ឺន២​ពាន់​ធុង បន្ទាប់​មក១​ម៉ឺន​៩​ពាន់ធុង​ក្នុង​មួយ​ថ្ងៃ ហើយ​ចំនួនបន្តកើន​ឡើង​រហូត។ លោកធីម៉ូស៊ី ក្រូន (Timothy Crone) អ្នក​ដឹក​នាំ​សំខាន់​ក្នុងការ​សិក្សាថ្មីនេះ​ បាន​ថ្លែង​ថា លោក​មាន​ចម្ងល់​ចំពោះ​តួ​លេខ​ទាំងនោះ​ ហើយ​បាន​សម្រេច​ថា ត្រូវ​ការការ​វាយ​តម្លៃឯក​រាជ្យ​មួយ​។ លោក​បន្ត​ថា៖

«ខ្ញុំ​គិត​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំក្នុង​ការ​ផ្តល់​ព័ត៌​មានឲ្យ​បាន​ច្រើន​បំផុតតាមដែលខ្ញុំអាចធ្វើ​ទៅ​បាន»។

ភូគព្ភរូប​វិទូ​ផ្នែក​សមុទ្រ នៃ​សាកល​វិទ្យាល័យខូឡំបៀ (Columbia University) មាន​តួនាទីធ្វើកិច្ចការនេះ។ លោកក្រូន សិក្សាអំពី​លំហូរនៃ​រណ្តៅ​ភ្នំភ្លើង​ធម្មជាតិបាតសមុទ្រ​ជ្រៅ​ ដែល​បង្កឲ្យមានលំហូរ​ទឹកដែល​ផ្ទុក​ជាតិ​រ៉ែ​យ៉ាងក្តៅ គឺមាន​ភាព​ស្រដៀង​គ្នាទៅ​នឹង​លំហូរចេញ​ពី​បំពុងបូម​ប្រេងដែល​បែក​នោះ​ដែរ។ លោក​មាន​ប្រសាសន៍​ថា៖

«យើងឃើញថា ​វាស្រដៀង​គ្នា​ ហើយស្រដៀង​គ្នាទាំង​ចលនា​នៃវត្ថុ​រាវនោះ​ គឺ​ថា វាដូចជា​លំហូរ​ដែល​ខ្ញុំ​បានសិក្សាពី​ពេល​មុន។ ​ដូច្នេះ​វា​ពិត​ជា​សក្តិសមនឹងអនុវត្តបចេ្ចកទេស​ទាំង​នេះ​ ​ចំពោះលំហូរ​ប្រេងនេះ»។

បច្ចេកទេសរបស់​លោក​ក្រូន​ គឺ​ប្រើរូបភាព​វីដេអូមាន​គុណ​ភាព​ខ្ពស់​ ​ដែល​បញ្ជូន​មក​ពី​ម៉ា​ស៊ីន​ថត​ក្នុងទឹក ដើម្បីតាម​ដាន និង​វិភាគចលនាទឹក​រលក​ធំៗ​ដែល​រញ្ជួយ​ខ្លាំង និង​ការ​ហូរចេញ​ពី​ស្នាម​ប្រេះ ​និង​កន្លែង​ធ្លាយ​ដែលមានកំដៅក្តៅ​យ៉ាងខ្លាំង​នៅបាតសមុទ្រ។ លោក​ថ្លែង​ថា៖

«នេះ​ជា​បច្ចេកទេសនៅ​ផ្នែកខាង​ក្រៅ។ នោះ​មាន​ន័យ​ថា អ្នក​មិន​ចាំ​បាច់ដាក់​អ្វី​ទៅ​ក្នុងលំហូរ​ទេ។ អ្នក​មិន​ចាំ​បាច់​បង្អាក់​ការហូរ​នោះទេ។ អ្នក​មិន​ចាំ​បាច់រៀប​ចំ​ឧបករណ៍​ ដើម្បី​ទប់​ទល់​នឹងសីតុណ្ហភាព​ដែល​របស់​ទាំង​អស់​នេះ​មាន​ទេ»។

លោក​ក្រូន ​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ការ​ហូរ​ប្រេងរបស់​លោក ដោយ​ផ្អែក​ទៅលើខ្សែ​វី​ដេ​អូ ដែល​មាន​គុណ​ភាព​ខ្ពស់​មួយ​ចំនួន​ ដែល​មិន​មែន​ជា​វី​ដេ​អូ​ដែល​ថត​ដោយ​ម៉ាស៊ីន​ថត​តាមអ៊ីនធ័រណិត ដែលអាច​រកបានជា​សាធារណៈ​នោះ​ឡើយ។ ការ​គណនា​របស់​លោកបាន​បង្ហាញ​ថា ប្រេង​ចន្លោះ​ពី​៥​ម៉ឺន​៦ពាន់​ទៅ​៦​ម៉ឺន៨​ពាន់​ធុង​ក្នុង​មួយ​ថ្ងៃ បាន​ហូរ​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិចសិក ដោយបាន​បន្ថែម​ទៅ​លើប្រេង​ចំនួន៤​លាន៤​សែន​ធុង ដែល​ជា​ចំនួនប្រហាក់​ប្រហែលទៅ​នឹង​ចំនួន​ដែលទី​ប្រឹក្សារបស់​រដ្ឋាភិបាល​មួយ​ក្រុម​បាន​គិត​។ លោក​ក្រូន និយាយ​ថា ការ​សិក្សារបស់​លោកគឺ​ជា​សក្ខី​ភាព​បង្ហាញ​ថា​ បច្ចេកទេស​វីដេអូ​អាចប្រើការ​បាន។ ប៉ុន្តែ​លោក​បន្ថែម​ថា ការ​សិក្សា​ស្រាវ​ជ្រាវច្រើន​ថែម​ទៀត​ចាំ​បាច់​ត្រូវ​ធ្វើ។

អ្នក​ជំនាញ​ជា​ច្រើន​និយាយ​ថា ប្រេងជិត​ពាក់​កណ្តាលដែល​ហូរ​ចេញ​ នៅ​តែ​ស្ថិត​ក្នុងបរិស្ថាន ហើយ​កំពុង​តែ​សាប​បន្តិច​ម្តងៗ។ ប៉ុន្តែ​ឥទ្ធិពល​របស់​វានៅ​មាន​បន្ត។ លោក​ដឹក​ អ៊ីង​លី ​(Doug Inkley) អ្នក​វិទ្យាសាស្ត្រជាន់​ខ្ពស់សហព័ន្ធជម្រក​សត្វ​ព្រៃជាតិ (National Wildlife Federation) ព្រួយ​បារម្ភ​ថា​ ជម្រក​សត្វមួយ​ចំនួនត្រូវ​ផ្លាស់​ប្តូរដោយ​ចៀស​មិន​ផុត។ ដូច្នេះ ​លោក​និយាយ​ថា ការ​ដឹង​ចំនួនត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​មានភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង ក្នុ​ងការរៀប​ចំ​ផែន​ការស្រោច​ស្រង់ដ៏​សម​ស្របនៅ​ប៉ុន្មានឆ្នាំ​ខាង​មុខ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«តាម​វិធី​នេះ អ្នកអាច​ដឹង​ថា​ តើត្រូវប្រើធន​ធាន​ប៉ុន្មាន​ និង​ត្រូវប្រើ​នៅ​កន្លែង​ណា។ វា​ក៏​ជា​ការ​សំខាន់​សម្រាប់​អ្នក​វិទ្យា​សាស្ត្រក្នុងការ​យល់ដឹងអំពីរឿង​នេះដែរ។ ពួក​គេត្រូវ​តែ​ដឹង​ថា​តើ​មាន​ប្រេងហៀរ​ចេញ​ប៉ុន្មាន ហើយវា​ហៀរទៅ​កន្លែង​ណា​ខ្លះ ​ដើម្បី​ស្វែង​យល់​អំពីផល​ប៉ះ​ពាល់»។

លោក​អ៊ីងលី​កត់​សម្គាល់​ថា​ អ៊ី​ដ្រូ​ឧស្ម័ន​ ដែល​ចេញ​មក​តាមប្រេងដែល​ហៀរ​ ក៏​ត្រូវការស្វែង​យល់​ដែរ។ លោក​បន្ត​ថា៖

«តាម​ពិត បើ​គិត​ពី​ទម្ងន់​វិញ បរិមាណ​នៃ​ឧស្ម័ន​អ៊ី​ដ្រូ​កា​ប៊ោនដែលចេញ​មក​ ​មានចំនួនស្មើ​នឹង​៥០​ភាគ​រយនៃប្រេង​ដែលបានហៀរ​ចេញ​ពិត​ប្រាកដ។ ឧស្ម័ន​នោះ​បាន​ហូរចូល​ទៅ​ក្នុង​បរិស្ថាន​ដែរ ហើយបានជ្រាប​ចូលទៅក្នុង​ទឹក ហើយ​ការជ្រាបនេះមាន​ផល​ប៉ះ​ពាល់ដល់ត្រី​ និង​សត្វ​ព្រៃ​ នៅ​ក្នុង​ប្រព័ន្ធ​បរិស្ថាន។ ឧស្ម័ន​ទាំង​នោះក៏​បាន​នាំឲ្យ​មាន​ការ​កើន​ឡើង​កំដៅ​ផែន​ដី​ ដោយ​សារតែឧស្ម័នភាគ​ច្រើន​មាន​ជាតិមេតាន (methane) ដែលជាឧស្ម័នដ៏​មាន​ឥទ្ធិពលបង្ក​ឲ្យ​មាន​ការ​កើន​ឡើង​កំដៅ​ផែន​ដី»។

លោក​អ៊ីងលីបាន​ថ្លែង​ថា​ វិសាល​ភាព​ និង​ទំហំពិត​ប្រាកដ​នៃ​គ្រោះ​មហន្តរាយនៅក្នុងឈូង​សមុទ្រ​គូស​បញ្ជាក់​អំពី​សារជាតិ​ដ៏​គ្រោះ​ថ្នាក់នៃ​ការ​ខួង​យកប្រេង ​ក្នុង​សមុទ្រទឹក​ជ្រៅ និង​តម្រូវការ​ឲ្យ​មាន​ការ​បោះ​ជំហាន​ប្រកប​ដោយ​ភាព​មុត​មាំ​ឆ្ពោះ​ទៅ​កាន់​អនាគត​នៃ​ឋាមពល​កែឆ្នៃឡើង​វិញ​ស្អាត​ជាង​មុន។ ស្នាដៃ​របស់​លោកធីម៉ូស៊ី ក្រូន ត្រូវ​បាន​បោះពុម្ព​ផ្សាយនៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យា​សាស្ត្រចេញផ្សាយតាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត ​នៅថ្ងៃ​ទី​២៣ ខែ​កញ្ញា៕

ប្រែសម្រួល​ដោយ​លី សុខឃាង

XS
SM
MD
LG