ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​បរទេស​ម្នាក់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​គិតគូរ​បន្ថែម​អំពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ក្រោយ​សង្គ្រាម


A Free Syrian Army fighter carries ammunition for a B-10 recoilless gun in the Haresta neighborhood of Damascus, Syria.
A Free Syrian Army fighter carries ammunition for a B-10 recoilless gun in the Haresta neighborhood of Damascus, Syria.

សៀវភៅ​ «ស្នាម​របួស​ដែល​លាក់​កំបាំង​របស់​ប្រទេស​កម្ពុជា៖ ចិត្តវិជ្ជា​នៃ​បទពិសោធន៍​ បាក់ស្បាត​នៅ​ក្រោយ​របប​ខ្មែរ​ក្រហម» (Cambodia’s Hidden Scars: Trauma Psychology in the Wake of the Khmer Rouge) ទើប​នឹង​បាន​បោះពុម្ព​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ។

លោក បណ្ឌិត Daryn Reicherter
លោក បណ្ឌិត Daryn Reicherter

លោក​បណ្ឌិត​ ដេរីន​ រីឆឺដឺរ៍ (Dr. Daryn Reicherter) ជា​អ្នក​និពន្ធ​មួយ​រូប​របស់​សៀវភៅ​នេះ។ លោក​ជា​សាស្រ្តាចារ្យ​ នៅ​ដេប៉ាតឺម៉ង់​ ជំងឺ​វិកលចរិត​និង​វិទ្យាសាស្រ្ត​អាកប្បកិរិយា​ មហាវិទ្យាល័យ​ឱសថសាស្រ្ត​ នៃ​សាលកវិទ្យាល័យ​ស្ទែនហ្វ៊ដ (Stanford) ។ លោក​បណ្ឌិត​ រីឆឺដឺរ៍​ បាន​ធ្វើការ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ជំងឺ​ផ្លូវចិត្ត​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ដូចជា​ប្រទេស​កម្ពុជា​ ប្រទេស​ហៃទី​ ប្រទេស​ឥណ្ឌូនេស៊ី​ជាដើម។ លោក​អះអាង​ថាចំណុច​សំខាន់​បំផុត​របស់​សៀវភៅ​នេះ​ផ្តោត​លើ​ការ​គាំទ្រ​ឲ្យ​សាធារណជន​ដឹង​ឮ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​គិតគូរ​ដល់​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​ ដោយ​ធ្វើការ​ផ្លាស់ប្តូរ​ឬ​ធ្វើ​ឲ្យ​ដំណើរការ​ចែកចាយ​សេវា​សុខភាព​ផ្លូវចិត្ត​មាន​លក្ខណៈ​ប្រសើរ​ឡើង​ និង​ជំរុញ​ឲ្យ​ក្រុម​ផ្តល់​ជំនួយ​អន្តរជាតិ​ធ្វើការ​ពិចារណា​ផ្តល់​ថវិកាបន្ថែម​ទៀត​ដល់​ផ្នែក​សុខភាព​ផ្លូវចិត្ត​នេះ។

នេះ​ជា​បទសម្ភាសន៍​រវាង​លោក​ ភី សុភាដា​ ពី​វីអូអេ​ខ្មែរ​ ជាមួយ​លោក​បណ្ឌិត​ ដេរីន​ រីឆឺដឺរ៍ អំពី​សៀវភៅ​ខាង​លើ​ និង​បទពិសោធន៍​របស់​លោក​ទាក់ទង​នឹង​ការ​ សរសេរ​សៀវភៅ​នេះ៖

តើ​សៀវភៅ​ហ្នឹង​ផ្តោត​លើ​បញ្ហា​អ្វី​ដែរ?

សៀវភៅ​ហ្នឹង​ចង់​បង្ហាញ​ថា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ជម្លោះ​ប្រដាប់​អាវុធ​ និង​សង្រ្គាម​បាន​បង្ក​ឲ្យអ្នក​ដែល​រង​ការ​ប៉ះពាល់​នេះ​មាន​ជំងឺ​ផ្លូវចិត្ត​ និង​ជំងឺ​វិកលចរិត។​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​រស់រាន​ពី​របប​ខ្មែរ​ក្រហម​ជាច្រើន​បាន​រង​ការ​ប៉ះពាល់​ដោយសារ​សង្រ្គាម​ និង​បទពិសោធន៍​បាក់ស្បាត​ ដែល​ធ្វើឲ្យ​ពួកគេ​មាន​វិបត្តិ​ផ្លូវចិត្ត។​ សៀវភៅ​នេះ​ផ្តោត​ខ្លាំង​លើ​ការ​គាំទ្រ​ឲ្យ​សាធារណជន​ដឹងឮ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​គ្រាន់តែ​ចង់​បង្ហាញ​ទិន្នន័យ​អំពី​ថា​តើ​បទពិសោធន៍​បាក់ស្បាត​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណា​នោះទេ​ តែ​ចង់​ធ្វើការ​ចាប់ផ្តើម​កិច្ចពិភាក្សា​មួយ​អំពី​ថាតើ​ចិត្តវិជ្ជា​អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​តុលាការ​ និង​ជនរងគ្រោះ​ដែល​ចូលរួម​ក្នុង​ ដំណើរការ​តុលាការ​យ៉ាងម៉េច។​ ផ្នែក​ចុងក្រោយ​នៃ​សៀវភៅ​នេះ​ផ្តោតលើ​វិធីសាស្រ្ត​ដែល​បាន​ អនុវត្ត​កន្លង​មក​ និង​វិធីសាស្រ្ត​ដែល​អាច​អនុវត្ត​ផ្សេងៗ​ទៀត​ដើម្បី​ផ្តល់​ធនធាន​បន្ថែម​ទៀត​ ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ផ្លូវចិត្ត​ដោយសារ​សង្រ្គាម។

ហេតុអ្វី​បានជា​អ្នក​គិត​ថា​ការ​សិក្សា​នេះ​មាន​សារៈសំខាន់?

តាម​ពិត​ ខ្ញុំ​ធ្វើការ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ជាមួយ​នឹង​ជនភៀសខ្លួន​ ដែល​ជា​អ្នក​រស់រាន​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​មកពី​គ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក​ ជាពិសេស​ខ្ញុំ​ធ្វើការ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ​ រដ្ឋ​កាលីហ្វ័រញ៉ា។​ ហើយ​ពួកគេ​ពិត​ជា​មាន​ជំងឺ​ ផ្លូវចិត្ត​កើនឡើង​ច្រើន​ជាង​ជនភៀសខ្លួន​ដទៃទៀត។​ រោគសញ្ញា​របស់​ពួកគេ​គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ទោះបីជា​ពួកគេ​ជួបប្រទះ​នូវ​បទពិសោធន៍​បាក់ស្បាត​នេះ​រាប់សិប​ឆ្នាំ​កន្លង​មកហើយ​ក៏ដោយ។

តើ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​រងគ្រោះ​ដោយសារ​បញ្ហា​ខាងលើ​នេះ​យ៉ាងម៉េច​ដែរ?​ តើ​សង្គម​ខ្មែរ​ទាំងមូល​រងគ្រោះ​យ៉ាងម៉េច​ដែរ?

ផ្នែក​ដំបូង​នៃ​សៀវភៅ​នេះ​គឺ​ផ្តោត​ខ្លាំង​ទៅលើ​ការ​ឆ្លើយតប​ចំពោះ​សំណួរ​នេះ។​ បើ​និយាយ​ចំពោះ​មនុស្ស​ម្នាក់ៗ​ យើង​ឃើញ​ថា​ មនុស្ស​ម្នាក់ៗ​ខុសៗ​គ្នា​ ហើយ​បទពិសោធន៍​របស់​មនុស្ស​ម្នាក់ៗ​ក៏​ខុសគ្នា​ដែរ​ ប៉ុន្តែ​យើង​ឃើញ​មាន​លទ្ធផល​ជារួម​មួយ​ចំពោះ​អ្នក​ដែល​បាន​ជួបប្រទះ​អំពើ​ហិង្សា​ដ៏​ធ្ងន់ធ្ងរ។​ អ្វី​ដែល​យើង​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ថា​ អ្នក​ដែល​មាន​ការ​ឈឺចាប់​ក្រោយ​របប​ប៉ុលពត​មាន​ចំនួន​ច្រើន​បំផុត។

ផ្នែក​មួយ​ទៀត​របស់​សៀវភៅ​នេះ​ផ្តោត​លើ​ផល​ប៉ះពាល់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត។​ ប្រទេស​កម្ពុជា​មាន​ភាគរយ​ខ្ពស់​ទាក់ទង​នឹង​អ្នក​ដែល​បាន​ជួបប្រទះ​នឹង​អំពើ​ហិង្សា​ឃោរឃៅ​ ហើយ​ពួកគេ​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​ផ្លូវចិត្ត​ដោយសារ​បញ្ហា​ហ្នឹង។​ យើង​អាច​ស្រមៃ​ឃើញ​ថា​ ផល​ប៉ះពាល់​ផ្លូវចិត្ត​នេះ​ធ្វើឲ្យ​សរីរាង្គ​មួយចំនួន​ក្នុង​រាងកាយ​របស់​ពួកគេ​ មិនមាន​ដំណើរការ​ស្រួលបួល​ ដែល​ធ្វើឲ្យ​ពួកគេ​មាន​បញ្ហា​ក្នុង​គ្រួសារ​ ក្នុង​ការងារ​ និង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​គេ។​ អ្នក​អាច​ស្រមៃ​ឃើញ​ថា​ មាន​ផល​ប៉ះទង្គិច​យ៉ាង​ច្រើន​ ដោយសារតែ​មាន​មនុស្ស​ជាច្រើន​បាន​ជួបប្រទះ​អំពើហិង្សា​យង់ឃ្នង​ទាំងនេះ។​ វា​មិន​ត្រឹមតែ​ធ្វើឲ្យ​មនុស្ស​ម្នាក់ៗ​មាន​ការ​លំបាក​ក្នុងការ​ធ្វើ​អ្វី​មួយ​នោះទេ​ ប៉ុន្តែ​វា​ធ្វើឲ្យ​សង្គម​ទាំងមូល​មាន​ការ​លំបាក​ក្នុងការ​ធ្វើ​អ្វី​មួយ​រួមគ្នា។​ ពេល​អ្នក​ជួបប្រទះ​នឹង​បទពិសោធន៍​បាក់ស្បាត​ ហើយ​ឥឡូវ​នេះ​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ខ្លះ​ ដូច្នេះ​ទំនាក់ទំនង​រវាង​ឪពុក​ម្តាយ​និង​កូនៗ​មាន​លក្ខណៈ​ខុសគ្នា​បើ​យើង​ប្រៀបធៀប​អ្នក​ដែល​ជា​អ្នក​រស់រាន​ពី​អំពើ​ហិង្សា​កាប់​សម្លាប់​ និង​អ្នក​ដែល​មិន​ធ្លាប់​ឆ្លងកាត់​បញ្ហា​នេះ។​ ផ្នែក​មួយ​នៃ​សៀវភៅ​នេះ​ ផ្តោត​លើ​គោលគំនិត​អំពី​ថាតើ​កូនៗ​របស់​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​របប​ប៉ុលពត​ ដែល​ទទួល​ឥទ្ធិពល​ឈឺចាប់​ពី​ឪពុកម្តាយ​របស់​ពួកគេ​មាន​ឥរិយាបទ​ប្លែក​យ៉ាងម៉េច​ដែរ។

តើ​អ្វី​ជា​ការ​ព្យាបាល​សម្រាប់​ជំងឺ​បាក់ស្បាត​ផ្លូវចិត្ត?

សៀវភៅ​នេះ​មិន​បាន​ផ្តោត​ខ្លាំង​ទៅលើ​ចំណុច​នេះ​ទេ។​ ពេល​ដែល​យើង​ព្យាបាល​ជំងឺ​បាក់ស្បាត​ផ្លូវចិត្ត​នៅ​បស្ចិម​ប្រទេស​ យើង​មាន​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​ និង​ការ​ព្យាបាល​ផ្លូវចិត្ត​ដោយ​ការ​ផ្តល់ប្រឹក្សា។​ គោលគំនិត​សំខាន់ៗ​ដែល​បាន​ប្រើប្រាស់​នៅក្នុង​ផ្នែក​សុខភាព​ផ្លូវចិត្ត​នៅក្នុង​សហរដ្ឋ​អាមេរិក​ ប្រហែលជា​មិន​អាច​យក​ទៅ​ប្រើ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យបាន​ត្រឹមត្រូវ​ ១​ រយ​ ភាគរយ​នោះទេ។​ នៅក្នុង​ប្រទេស​កម្ពុជា​ ចំណុច​សំខាន់​គឺ​ថា​វា​មិន​គ្រាន់តែ​ជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​ទេ​ គឺ​វា​លើសពី​បញ្ហា​ហ្នឹង​ទៅទៀត។​ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ ដែល​រង​ការ​ប៉ះពាល់​ពី​បទពិសោធន៍​ឈឺចាប់​បាក់ស្បាត​មិន​ដែល​គិត​ថា​នឹង​ទៅ​រក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត ឬ​អ្នកចិត្តសាស្រ្ត​ទេ​ តែ​បែរជា​ទៅរក​គ្រូខ្មែរ​ ឬក៏​ព្រះសង្ឃ​ឲ្យ​ជួយ​ព្យាបាល​ឲ្យ​ទៅវិញ។​ យើង​ដាច់ខាត​ត្រូវ​មាន​វិធីសាស្រ្ត​ចម្រុះ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ ពីព្រោះ​ថា​បើសិនជា​យើង​គ្រាន់តែ​ឧបត្ថម្ភ​ថវិកា​ដល់​ប្រព័ន្ធ​សុខភាព​ផ្លូវចិត្ត​ និង​គ្រាន់តែ​រំពឹងឲ្យ​អ្នកជំងឺ​បង្ហាញ​ខ្លួន​នៅឯ​បន្ទប់​របស់​គ្រូពេទ្យ​ផ្លូវចិត្ត​នោះ​ គឺ​វា​មិន​អាច​ក្លាយ​ទៅ​ជា​ការណ៍​ពិត​បានទេ។​ យើង​ត្រូវការ​ឲ្យ​មាន​កិច្ចពិភាក្សា​គ្នា​មួយចំនួន​រវាង​ភ្នាក់ងារ​ពាក់ព័ន្ធ​ផ្សេងៗ។

ហេតុអ្វី​បានជា​ដូច្នេះ?​ ដោយសារតែ​អ្នក​ទាំងនោះ​មិន​ដឹង​ខ្លួន​ថា​ពួកគេ​មាន​ជំងឺ​បាក់ស្បាត​ផ្លូវចិត្ត?​ ឬក៏​ពួកគេ​ទុកចិត្ត​ទៅលើ​ការ​ព្យាបាល​បែប​បុរាណ?

ខ្ញុំ​គិត​ថា​ចំណុច​ទាំង​ពីរ​ហ្នឹង​គឺ​ត្រឹមត្រូវ។​ វា​ពាក់ព័ន្ធ​ទៅនឹង​ការ​អប់រំ។​ យើង​ឃើញ​ថា​មនុស្ស​មាន​ការ​អៀនខ្មាស់​ក្នុងការ​និយាយ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូចជា​នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀតដែរ។​ ពួកគេ​មិន​ដឹង​ខ្លួន​ថា​ ពួកគេ​មាន​ជំងឺ​នេះ​នោះទេ​ ដែល​វា​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន​ដោយ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​ ឬ​អ្នក​ចិត្តសាស្រ្ត​ ប៉ុន្តែ​តាម​ការណ៍ពិត​ ជារឿយៗ​ យើង​ឃើញ​ពួកគេ​ទៅរក​សាសនា​ ឬ​ថ្នាំ​បុរាណ​ ឬ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ​ទៅវិញ។​ បញ្ហា​មួយ​ទៀត​គឺ​បញ្ហា​មធ្យោបាយ​ និង​ឱកាស។​ អ្នក​ដឹង​ទេ​ ឧទាហរណ៍​ដូចជា​ អ្នកខ្លះ​ដែល​រស់នៅ​តាម​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទួលស្គាល់​ពី​អាការៈ​ជំងឺ​របស់​ខ្លួន​ថា​ជា​ជំងឺ​ផ្លូវចិត្ត​ ហើយ​ពួកគេ​ចង់បាន​ការ​ព្យាបាល​ផ្នែក​សុខភាព​ផ្លូវចិត្ត​នេះ​ តែ​បញ្ហា​គឺ​ថា​ពួកគេ​មិនមាន​មធ្យោបាយ​ ឬ​ឱកាស​ដើម្បី​ទទួលបាន​ការ​ព្យាបាល​ទាំងនោះ​ទេ។​ ឯ​អ្នកខ្លះ​ទៀត​ មិន​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ផ្លូវចិត្ត​នេះ​ទេ​ ពីព្រោះ​ថា​មិនមាន​យុទ្ធនាការ​ឲ្យបាន​ល្អ​មួយ​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យ​ដឹងឮ​ជា​សាធារណៈ​ដើម្បី​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​អំពី​ជំងឺ​ផ្លូវចិត្ត​នេះ។

តើ​សាលាក្តី​ខ្មែរ​ក្រហម​មាន​តួនាទី​អ្វីខ្លះ​ក្នុងការ​ជួយ​ដោះស្រាយ​បញ្ហា​នេះ?

ចំណុច​មួយ​ដែល​ព្រះរាជអាជ្ញារ​បាន​លើកឡើង​នៅក្នុង​ថ្ងៃ​បើក​សវនាការ​ដំបូង​គឺ​សំណង​ផ្សេងៗ​ ដែល​តុលាការ​អាច​ធ្វើបាន​បន្ទាប់ពី​តុលាការ​បញ្ចប់​ការងារ​របស់​ខ្លួន​ ហើយ​សំណង​មួយ​ក្នុងចំណោម​សំណង​ទាំងនោះ​ គឺ​ការ​ស្នើ​ធ្វើ​យ៉ាងណា​ឲ្យមាន​ការ​រីកចម្រើន​ផ្នែក​ធនធាន​ផ្សេងៗ​សម្រាប់​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ហើយ​បើតាម​ខ្ញុំ​ដឹង​ សំណង​នេះ​មិន​ត្រូវបាន​គេ​ស្នើ​ឲ្យមាន​នៅក្នុង​តុលាការ​ផ្សេងៗ​នោះទេ។​ ខ្ញុំ​គិត​ថា​ តុលាការ​នឹង​មិន​បង្កើត​គ្លីនិក​ព្យាបាល​ជំងឺ​ផ្លូវចិត្ត​នោះទេ​ ប៉ុន្តែ​តុលាការ​អាច​ដើរ​តួនាទី​ជា​អ្នក​ធ្វើការ​ជំរុញ​ឲ្យមាន​ការ​គាំទ្រ​ជា​សាធារណៈ​ទៅលើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ។​ ប្រសិនបើ​តុលាការ​ នៅ​ទីបញ្ចប់​រកឃើញ​ថា​ សំណង​ផ្សេងៗ​មាន​សារៈសំខាន់​ ហើយ​សុខភាព​ផ្លូវចិត្ត​ក៏​ត្រូវបាន​តុលាការ​ពិចារណា​ដែរ​នោះ​ យើង​ឃើញថា​សំណង​ផ្នែក​សុខភាព​ផ្លូវចិត្ត​នេះ​ពិតជា​មាន​សារៈសំខាន់​ក្នុងការ​ជំរុញឲ្យ​រដ្ឋាភិបាល​ធ្វើការ​គិតគូរ​ដល់​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​ ដោយ​ធ្វើការ​ផ្លាស់ប្តូរ​ ឬ​ធ្វើឲ្យ​ដំណើរការ​ចែកចាយ​សេវា​សុខភាព​ផ្លូវចិត្ត​មាន​លក្ខណៈ​ប្រសើរ​ឡើង។​ ហើយ​ក៏​ជំរុញឲ្យ​សហគមន៍​អន្តរជាតិ​បញ្ចេញ​មតិ​ថា​ ប្រទេស​កម្ពុជា​បាន​រងគ្រោះ​ដោយសារ​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​ ហើយ​តុលាការ​ទទួលស្គាល់​បញ្ហា​នេះ​ និង​ផ្តល់​ជា​អនុសាសន៍​ឲ្យ​ក្រុម​ផ្តល់​ជំនួយ​អន្តរជាតិ​ ធ្វើការ​ពិចារណា​ផ្តល់​ថវិកា​បន្ថែម​ទៀត​ដល់​ផ្នែក​សុខភាព​ផ្លូវចិត្ត​នេះ​ ដែល​ជា​បញ្ហា​នៅ​ពីក្រោយ​បញ្ហា​ជាច្រើន​ដែល​កើតមាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នា​ពេលបច្ចុប្បន្ន។

តើ​សៀវភៅ​នេះ​នឹង​ចែកចាយ​នៅ​កន្លែង​ណាខ្លះ?

សៀវភៅ​នេះ​នឹង​ចែកចាយ​នៅ​ប្រទេស​កម្ពុជា។​ យើង​នឹង​ចែកចាយ​សៀវភៅ​នេះ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាពលរដ្ឋ​ជាក់លាក់​មួយចំនួន​ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ ពួកគេ​អាច​រក​ទិញ​សៀវភៅ​នេះ​បាន​តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​ ដើម្បី​ធ្វើឲ្យ​សៀវភៅ​នេះ​កាន់តែ​មាន​ឥទ្ធិពល​ និង​ក្លាយជា​សារ​ជំរុញ​ឲ្យមាន​ការ​គាំទ្រ​ដល់​សេវា​សុខភាព​ផ្លូវចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ យើង​ត្រូវតែ​ធ្វើ​យ៉ាងណា​ឲ្យ​សាធារណជន​ទទួលបាន​ព័ត៌មាន​ដែល​មាន​នៅក្នុង​សៀវភៅ​នេះ។

ផ្នែក​ចាំបាច់​មួយចំនួន​នៅក្នុង​សៀវភៅ​នេះ​កំពុងតែ​ត្រូវបាន​គេ​បកប្រែ​ជា​ភាសា​ខ្មែរ​ ហើយ​ខ្ញុំ​មិន​ច្បាស់​អំពី​ដំណើរការ​បកប្រែ​នេះ​នោះទេ។​ គោលគំនិត​ និង​អនុសាសន៍​មួយចំនួន​ ដែល​ពួកយើង​បាន​សរសេរ​ឡើង​នឹង​ប្រាកដជា​បកប្រែ​ជា​ភាសា​ខ្មែរ​ជាក់ជា​មិនខាន៕

XS
SM
MD
LG