វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានបញ្ជូនប្រាក់កាស ទាហាន និងប្រភពធនធានច្រើនជាងមុនទៅកាន់ភូមិភាគមជ្ឈឹមបូព៌ាជាងផ្នែកឯទៀតៗនៃពិភពលោកចាប់តាំងពីសង្គ្រាមវៀតណាមក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ ក៏ប៉ុន្តែជនជាតិអាមេរិកដឹងតិចតួចណាស់អំពីពិភពអារ៉ាប់ ហើយអ្វីដែលពួកគេដឹងច្រើនតែខុស។
នៅក្នុងសៀវភៅមានឈ្មោះថា Arab Voices ប្រែថាសំទ្បេងអារ៉ាប់ លោក ដ្យេមស៍ ហ្សូហ្កប៊ី (James Zogby) ជំទាស់នឹងអ្វីដែលលោកឃើញថា ជាមហាជំនឿសាមញ្ញប្រាំដែលធ្វើឱ្យខុសពីភាពដើម នៃការយល់ដឹងរបស់ជនជាតិអាមេរិកអំពីក្រុមជនអម្បូរអារ៉ាប់។
ជំនឿសាមញ្ញទីមួយគឺថា ពួកអារ៉ាប់ដូចគ្នាទាំងអស់ ចំណែកឯនឿសាមញ្ញទីពីរគឺថា គ្មានពិភពអារ៉ាប់ទេ។ អង្គការស្ទង់មតិZogby International-brother John’s បានធ្វើការស្ទង់មតិក្នុងប្រទេសអារ៉ាប់ចំនួន៦ចាប់តាំងពីប្រទេសម៉ារ៉ុកនៅខាងលិចទៅដល់ប្រទេស អារ៉ាប់រួមអេមីរ៉េតស៍ (United Arab Emirates) នៅខាងកើត។ លទ្ធផលបង្ហាញឱ្យឃើញថា មានសណ្ឋានដីប្លែកៗ និងមានធនធានស្ដុកស្តម្ភជាមួយវប្បធ៌មតូចៗផងដែរ។ ទោះជាណាក៏ដោយ ក៏លោក ដ្យេមស៍ ហ្សូហ្កប៊ី (James Zogby) កត់សម្គាល់ថា លទ្ធផលទាំងនេះក៏បង្ហាញថា ពួកគេមានលក្ខណៈរួមមួយនៅក្នុងពិភពអារ៉ាប់ទាំងមូលដែរ។ លោកថ្លែងថា៖
«វប្បធម៌ក្នុងប្រទេសម៉ារ៉ុកប្លែកពីវប្បធម៌ក្នុងប្រទេសលីបង់ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ប្លែកពីប្រទេសអេហ្ស៊ីប។ យើងមានមតិប្លែកៗគ្នាអំពីជីវភាពប្រចាំថ្ងៃនិងលក្ខណៈពិសេសនៃប្រទេសផ្ទាល់របស់គេម្នាក់ ក៏ប៉ុន្តែក្នុងនៅពេលជាមួយគ្នានេះដែរ ក៏មានភាពស្រដៀងគ្នា ដូចជាការយល់ឃើញដូចគ្នានៅទូទាំងតំបន់ ភាសាដូចគ្នា និងមនោសញ្ចេតនាដូចគ្នា។ ជនជាតិអារ៉ាប់អាចមានភាពប្លែកៗគ្នាដូចជាមនុស្សផ្សេងទៀតនៅលើផែនដីដែរ ក៏ប៉ុន្តែនៅពេលដែលប្រទេសអ៊ីរ៉ាក់ត្រូវបានលុកលុយ អារ៉ាប់មកប្រមូលផ្តុំគ្នា នៅពេលដែលប៉ាឡេស្ទីនរងទុក្ខវេទនាអារ៉ាប់រួបរួមគ្នា ហើយពួកគេមានទស្សនៈដូចគ្នា ពួកគេមានអារម្មណ៍ និងបញ្ចេញមតិខ្ទរខ្ទារជាមួយគ្នាដោយប្រើពាក្យខ្លះប្រកបដោយឥទ្ធិពលសម្រាប់ពួកគេ»។
លោក ហ្សូហ្កប៊ី បន្ទោសបណ្តាញផ្សាយព័ត៌មានអាមេរិកអំពីជំនឿសាមញ្ញទីបីដែលជាការយល់ឃើញខុសថា ពួកអារ៉ាប់ស្អប់សហរដ្ឋអាមេរិក សេចក្តីថ្លៃថ្នូរ និងរបៀបរស់នៅរបស់ជនជាតិអាមេរិក។ លោកហ្សូហ្កប៊ី មានប្រសាសន៍ថា៖
«ការយល់ឃើញដែលជនជាតិអាមេរិកមានគឺថា អារ៉ាប់ចូលគេងនៅពេលយប់ស្អប់អាមេរិក ភ្ញាក់ពីដំណេកនៅពេលព្រឹកស្អប់អ៊ីស្រាអែល ហើយនៅពេលថ្ងៃពួកគេមើលព័ត៌មានទូរទស្សន៍បញ្ឆេះកំហឹងថែមទៀត។ តាមការពិតអ្វីដែលយើងរកឃើញនៅក្នុងការស្ទង់មតិរបស់យើងគឺថា កង្វល់លេខមួយរបស់ពួកគេគឺគេខ្វល់អំពីកូនរបស់ពួកគេ ការថែទាំសុខភាព និងការសិក្សា។ ពួកគេចូលគេងនៅពេលយប់គិតអំពីការងាររបស់ពួកគេដូចមនុស្សគ្រប់គ្នានៅទូទាំងពិភពលោក ហើយងើបពីដំណេកនៅពេលព្រឹកគិតអំពីគ្រួសាររបស់គេ។ នៅពេលថ្ងៃ ពួកគេមើលទូរទស្សន៍ ក៏ប៉ុន្តែកម្មវិធីដែលមានអ្នកទស្សនាច្រើនជាងគេគឺវីដេអូភាគ និងរឿងល្ខោន»។
លោក ហ្សូហ្កប៊ី ក៏បានបដិសេធជំនឿសាមញ្ញទីបួនគឺគំនិតដែលថា ពួកអារ៉ាប់បានត្រូវជំរុញដោយការជឿសាសនាខ្លាំងហួសហេតុ។ បើតាមការស្ទង់មតិសាធារណៈដែលបានត្រូវធ្វើនៅទូទាំងភូមិភាគមជ្ឈឹមបូព៌ាកាលពីទសវត្សរ៍មុន អត្រាមនុស្សទៅប្រតិបត្តិសាសនានៅក្នុងព្រះវិហារអ៊ីស្លាម មានប្រហែលគ្នានឹងអត្រាចំនួនមនុស្សទៅគោរពគ្រឹស្តសាសនាក្នុងព្រះវិហារសាសនាគ្រឹស្តនៅសហរដ្ឋអាមេរិកដែរ។ អ្នកនិពន្ធសៀវភៅនេះយល់ថា ការយល់ច្រទ្បំនេះបណ្តាលមកពីភាពយន្តផលិតនៅហូលីវូដ (Hollywood) ពណ៌នាជនអារ៉ាប់ថា ជាភេរវជន ឬជាសេដ្ឋីប្រេងពុករលួយមានប្រាក់រាប់លានដុល្លារ។ មហាជំនឿសាមញ្ញទីប្រាំដែលបានត្រូវជំទាស់នៅក្នុងសៀវភៅសំទ្បេងអារ៉ាប់ (Arab Voices) គឺជាជំនឿសាមញ្ញជាមូលដ្ឋានគឺថា ពួកអារ៉ាប់ជំទាស់នឹងការកែទម្រង់ និងមិនកែប្រែជាដាច់ខាតលើកលែងតែពួកបស្ចឹមប្រទេសជំរុញពួកគេឱ្យធ្វើ។ លោក ហ្សូហ្កប៊ី (Zogby) ប្រើប្រាស់ទិន្នន័យនៃការស្ទង់មតិដើម្បីបង្ហាញថាមនុស្សនៅទូទាំងពិភពអារ៉ាប់ចង់ឱ្យមានការកែប្រែខាងសង្គម និងខាងនយោបាយ ក៏ប៉ុន្តែមិនចូលចិត្តឱ្យគេដាក់កំហិតការកែប្រែនេះលើពួកគេទេ។ ពួកគេប្រាថ្នាចង់មានការកែទម្រង់របស់ពួកគេផ្ទាល់។ លោក ហ្សូហ្កប៊ី ផ្តល់អនុសាសន៍ថា អ្នកនយោបាយអាមេរិកគួររៀនពីជនជាតិអាមេរិកដែលធ្វើជំនួញនៅក្នុងពិភពអារ៉ាប់។ លោកមានប្រសាសន៍ថា៖
«អ្នកជំនួញមានការបើកចំហរដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀង។ គេស្តាប់ភាគីម្ខាងទៀត ដើម្បីឱ្យយល់អំពីអ្វីដែលភាគីម្ខាងទៀតចង់បាន។ គេដឹងថា គេមិនអាចលក់ទំនិញបានទេលុះត្រាតែពួកគេយល់ដឹងអំពីផ្សារដែល គេដឹកទំនិញទៅលក់។ ប្រសិនបើយើងធ្វើនយោបាយ យើងធ្វើដូចវិធីដែលយើងធ្វើជំនួញយើងនឹងមានជោគជ័យក្នុងការធ្វើឱ្យមានសន្តិភាព និងមានមិត្តភក្តិល្អនៅទូទាំងពិភពលោក។ ខ្ញុំយល់ថា អ្នកការទូតសាធារណៈល្អបំផុតរបស់យើងគឺជាអ្នកជំនួញរបស់យើងក្នុងតំបន់ ពីព្រោះគេលក់ទំនិញអាមេរិករៀងរាល់ថ្ងៃ ហើយគេបានធ្វើការល្អពីព្រោះមនុស្សចង់បានអ្វីដែលជារបស់អាមេរិក។ គេស្រទ្បាញ់សេចក្តីថ្លៃថ្នូររបស់យើង គេស្រទ្បាញ់វប្បធម៌របស់យើង គេស្រទ្បាញ់ផលិតផលរបស់យើង គេចូលចិត្តរបៀបរស់នៅរបស់យើង គេចង់ក្លាយជាផ្នែកមួយរបស់យើង ក៏ប៉ុន្តែយើងនៅតែបង្ខំគេខាងនយោបាយ»។
លោក ដ្យេមស៍ ហ្សូហ្កប៊ី ចង្អុលបង្ហាញថា ប្រព័ន្ធសិក្សាអប់រំអាមេរិកបង្រៀនតែបន្តិចបន្តួចអំពីក្រុមជនអម្បូរអារ៉ាប់ និងភូមិភាគមជ្ឈឹមបូព៌ាប៉ុណ្ណោះ។ លោកបង្ហាញហេតុផលថា ការខ្វះខាតខាងចំណេះដឹងនេះត្រូវតែពុះពារឱ្យបាន ហើយគេត្រូវដឹងថា ការយល់ច្រទ្បំរបស់សហរដ្ឋអាមេរិក ជាការយល់ខុស នៅមុនសហរដ្ឋអាមេរិក អាចសង្ឃឹមពិតប្រាកដថា ខ្លួនអាចទាក់ទាញចិត្តប្រជារាស្ត្រអារ៉ាប់បាន។
ប្រែសម្រួលដោយ ឈឹម សុមេធ