ក្រុមគ្រូពេទ្យគ្មានព្រំដែន (Doctors Without Borders) ដែលជាក្រុមជំនួយផ្នែកវេជ្ជសាស្ត្រ បានធ្វើការនៅតាមទីតាំងដ៏គ្រោះថ្នាក់ជាច្រើន នៅក្នុងពិភពលោក ដែលរាប់បញ្ចូលទាំង ប្រទេសសូម៉ាលី(Somalia) អាហ្វហ្គានីស្ថាន (Afghanistan) និងប៉ាលេស្ទីន (Palestine)ផងដែរ។ តែទោះជាយ៉ាងណា ជារឿយៗ ជំនួយផ្នែកមនុស្សធម៌ បានផ្អែកទៅលើការចរចាយ៉ាងផុយស្រួយ និងការសម្រុះសម្រួលជាច្រើន។
ក្រុមគ្រូពេទ្យគ្មានព្រំដែន ដែលត្រូវបានស្គាល់ថាជា MSF បានបោះពុម្ពផ្សាយសៀវភៅថ្មីមួយ ដែលមានចំណងជើងថា«ការចរចាផ្នែកមនុស្សធម៌ត្រូវបានលាតត្រដាង៖ បទពិសោធន៍របស់ MSF» ឬហៅជាភាសាអង់គ្លេសថា Humanitarian Negotiation Revealed: The MSF Experience។
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ បុគ្គលិកពេទ្យ និងមនុស្សធម៌ កាន់តែត្រូវបានដាក់ឲ្យស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ មនុស្សជាច្រើនបានចោទសួរថាតើ «ទីតាំងមនុស្សធម៌» ដែលមានន័យថា ទីតាំងសុវត្ថិភាពដែលជំនួយអាចត្រូវបានផ្តល់ជូន កំពុងតែរួញតូចទៅៗមែនដែរឬទេ។
លោក មៃខឺល នឺមែន(Michael Neuman) ជានាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវរបស់ MSFនៅទីក្រុងប៉ារីស(Paris) និងជាសហអ្នកនិពន្ធសៀវភៅនេះ។ លោកថ្លែងថា៖
កាលពីឆ្នាំ២០០៤ បុគ្គលិករបស់យើងចំនួនប្រាំនាក់ ត្រូវបានស្លាប់នៅអាហ្វហ្គានីស្ថាន។ បុគ្គលិកចំនួនបីនាក់ ត្រូវបានស្លាប់នៅសូម៉ាលី និងការបណ្តេញចេញនៅប្រទេសនីហ្សេ(Niger) និងស៊ូដង់(Sudan)។ ឧបទ្ទវហេតុទាំងអស់នោះ តែងតែត្រូវបានចាត់ទុកថាជាផលវិបាកនៃភាពមិនច្បាស់លាស់នៃខ្សែបន្ទាត់រវាងសកម្មភាពមនុស្សធម៌ និងអន្តរគមន៍នយោបាយព្រមទាំងយោធា។ ហើយ មានអារម្មណ៍ដ៏លើសលុប ដែលថាវាកាន់តែមានភាពលំបាកខ្លាំងឡើងក្នុងការធ្វើការនេះ។
លោក នឺមែន មានប្រសាសន៍ថា ឩទាហរណ៏ ប្រសិនបើការព្យាបាលផ្នែកវេជ្ជសាស្រ្ត ត្រូវបានត្រួតត្រានៅក្នុងតំបន់ជម្លោះ ការចរចា ត្រូវតែធ្វើឡើងដោយមិនអាចជៀសផុតឡើយ។
អ្វីដែលយើងផ្តល់ទឡ្ហីករណ៍នៅក្នុងសៀវភៅនេះគឺថា គ្មានទីតាំងមនុស្សធម៌អរូបិយបែបនោះឡើយ ប៉ុន្តែមានការទទួលខុសត្រូវយ៉ាងធំធេងពីសំណាក់ក្រុមបុគ្គលិកជួយសង្រ្គោះ ដើម្បីការពារ និងគ្រប់គ្រងទីតាំងការងាររបស់ពួកគេតាមរយៈការចរចា ការសម្រុះសម្រួល និងការតស៊ូអំណាចជាមួយអាជ្ញាធរ ដែលរួមជាមួយក្រុមសង្គមស៊ីវិល អង្គការអន្តរជាតិ និងរដ្ឋាភិបាលផងដែរ។ នោះជាអ្វីដែល យើងចង់ស្វែងយល់នៅក្នុងសៀវភៅនេះ។
ការចរចា ផ្តោតសំខាន់ទៅលើការស្វែងរកមូលដ្ឋានរួមមួយ។
អ្នកមិនគួរជឿលើខ្លួនឯងក្នុងនាមជាអ្នកប្រកាន់យកនូវគុណធម៌សីលធម៌យ៉ាងពិតប្រាកដនោះទេ។ យើងមានផលប្រយោជន៏ ហើយអាជ្ញាធរក៏មានផលប្រយោជន៍របស់គេ។ ហេតុដូច្នេះហើយ យើងត្រូវស្វែងរកផលប្រយោជន៏រួម រវាងភាគីនិងក្រុមផ្សេងៗគ្នា។
លោក នឺមែន មានប្រសាសន៍ថា នោះមានន័យថា មនុស្សគ្រប់រូបដែលជាប់ពាក់ព័ន្ធក្នុងការចរចា សុទ្ធតែចង់បានផលប្រយោជន៍ពីវត្តមានរបស់ MSF។
ខណៈពេលដែលយើងរៀបចំគម្រោងវះកាត់នៅទីក្រុងម៉ូហ្គាឌីស្យូ (Mogadishu) កាលពី ឆ្នាំ២០០៧ យើងត្រូវតែជួបប្រជុំនៅតុជាក់ស្តែងនេះ ដែលរូមមានមេដឹកនាំសង្រ្គាម សត្រូវរបស់ពួកគេ សត្រូវធំបំផុតរបស់ពួកគេ ការបះបោរខាងសាសនាអ៊ីស្លាម និងមេដឹកនាំក្រុម ដូច្នេះទើបពួកគេអាចទទួលបានផលប្រយោជន៍នោះមួយចំណែកដែរ។
ឩទាហរណ៏ ពួកក្រុមសកម្មប្រយុទ្ធ អាចយល់ដឹងថា ក្រុមអ្នកប្រយុទ្ធនិងគ្រួសាររបស់ពួកគេ អាចទទួលបានការថែទាំផ្នែកវេជ្ជសាស្ត្រនៅគ្លីនិក MSFដែរ។ មេដឹកនាំក្រុម អាចចាត់ទុកគ្លីនិកថាបានផ្តល់នូវកិត្យានុភាពដល់តំបន់របស់ពូកគេទៀតផង។
លោក នឺមែន មានប្រសាសន៍ថា «អ្នកត្រូវតស៊ូក្នុងកម្រិតអតិបរមា ដើម្បីទទួលបាននូវអ្វីដែលអ្នកជឿជាក់ ប៉ុន្តែត្រូវដឹងថា អ្នកអាចមិនសម្រេចកិច្ចការទាំងអស់នោះទេ»៕
ប្រែសម្រួលដោយ ចាប ចិត្រា