ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​បោះឆ្នោត​ពន្យារ​ពេល​ចុះឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់


Okean bo'yida karate, Shri Lanka
Okean bo'yida karate, Shri Lanka

នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នេះ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ពន្យារ​ពេល​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ចំនួន​បី​ថ្ងៃ​បន្ថែម​ទៀត​សម្រាប់​ឃុំ ​សង្កាត់​ចំនួន ៣១៦ ​ក្នុង​ខេត្ត​ចំនួន​១៣​ដែលកំពុង​លិច​លង់​ដោយ​ទឹក​ជំនន់។​ ការ​ពន្យារ​ពេល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​វិទ្យាស្ថាន​ជាតិ​លទ្ធិប្រជាធិបតេយ្យ​ NDI របស់​អាមេរិក​ និង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅថា​ និចហ្វិក​បាន​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា មានភាព​មិន​ប្រក្រតី​ជាច្រើន​កើត​ឡើង​នៅ​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះអ្នក​បោះឆ្នោត​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍របស់​ខ្លួន​ថា​ ឃុំ​ សង្កាត់​ទាំងនោះ​ត្រូវ​បន្ថែម​រយៈពេល​សម្រាប់​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​រហូត​ដល់​ថ្ងៃ​ទី​១៨ ​ខែ​តុលា​ ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​នឹង​ត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៥ ខែ​តុលា។

ក្នុង​ចំណោម​ខេត្ត​ទាំង​១៣ ខេត្ត​កំពង់ធំ មាន​ចំនួន​ឃុំ​ត្រូវ​ពន្យារ​ពេល​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​៧១​ឃុំ ​បន្ទាប់​មក​គឺ​ខេត្ត​កំពង់ចាម ​មាន​៥៦​ឃុំ ​ខេត្ត​ព្រៃវែង ​មាន​៣៧​ឃុំ។ ជាមួយ​នឹង​ការ​សម្រេច​ពន្យារ​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោតថ្មីនេះ ​វិទ្យាស្ថាន​ NDI​ និង​អង្គការ​និចហ្វិច​ បាន​លើក​ឡើង​ថា​ ស្មៀនឃុំ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ចុះ​ឈ្មោះចុះ​ឈ្មោះ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់។ មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​បញ្ជី​ដោយ​មិន​ចាំបាច់​បង្ហាញ​ខ្លួន​ចំពោះ ​មុខ​ស្មៀន​ឃុំ​នោះ​ឡើយ។ម្យ៉ាង​វិញ​ទៀត​ស្មៀន​ឃុំ​ ក៏​បាន​បដិសេធ​ការ​ចុះ​ឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កាន់​អត្តសញ្ញាណ​ប័ណ្ណ​ផុត​កំណត់​ផង​ដែរ។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី ​វិទ្យាស្ថាន​ NDI ​និង​អង្គការ​និចហ្វិច ​បាន​ធ្វើការ​ឃ្លាំ​មើល​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោតថ្មី​រយៈពេល​១០​គឺ​ចាប់​ពី​ថ្ងៃទី​១​ដល់​ថ្ងៃ​ទី​១០​ខែ​តុលា​នេះ ​នៅ​ក្នុង​ឃុំ​សង្កាត់​ចំនួន​២៩៩​នៃ​ឃុំ ​សង្កាត់​សរុប​១.៦២១​ទូទាំង​ប្រទេស​កម្ពុជា។

លោក​ ទេព​ នីថា ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​បាន​បដិសេធ​របាយការណ៍​របស់​វិទ្យាស្ថាន​ NDI​ និង​អង្គការ​និកហ្វិច ​ដោយ​បញ្ជាក់​ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

«ស្មៀន​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សម ​រង្សី ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​អ្នក​សង្កេតការណ៍​នៅ​ទីនោះ​បាន​រាយការណ៍​ថា ពុំ​មាន​ករណី​នេះ​ទេ។ ​យើង​ឃើញ​ថា​របាយការណ៍​ដែល​គាត់​ថ្លែងការណ៍​នេះ​មួយ​ចំនួន​មិន​ដូច​គ្នា​ដែល​កើត​ឡើង​នៅ​មូល​ដ្ឋាន»។

លោក​ ទេព ​នីថា ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង​៦៦ម៉ឺន​នាក់​ត្រូវ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រហូត​ដល់​ថ្ងៃ​ទី​៥ ​ខែ​តុលា​នេះ ​គឺ​លើស​ចំនួន​ប៉ាន់ស្មាន​ដែល​មាន​តែ​ជាង​ ៤៧ម៉ឺន​នាក់៕

XS
SM
MD
LG