ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ទេស​ចរណ៍៖​ មនុស្ស​ជាង​៥​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


ប្រជាពលរដ្ឋខ្មែរបាញ់ទឹកដាក់គ្នា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅតាមដងផ្លូវ ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។ (Photo by TANG CHHIN Sothy / AFP)
ប្រជាពលរដ្ឋខ្មែរបាញ់ទឹកដាក់គ្នា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ នៅតាមដងផ្លូវ ក្នុងខេត្តសៀមរាប ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។ (Photo by TANG CHHIN Sothy / AFP)

ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ជាង​៥​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ជា​ការ​ដើរ​កម្សាន្ត ​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ដែល​ជា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេស​ចរណ៍​ដែល​រង​គ្រោះ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩​រយៈ​ពេល​២​ឆ្នាំ។​

បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈ​ពេល​៣​ថ្ងៃ ​បូក​រួម​ថ្ងៃ​អាទិត្យ​ ទី​១៧​ ខែ​មេសា ​មាន​ភ្ញៀវ​ជាង​៥​លាន​១៧​ម៉ឺន​នាក់​បាន​ចេញ​ដើរ​លេង​កម្សាន្ត​ទូទាំង​ប្រទេស ​ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ប្រមាណ​៥​លាន​១០​ម៉ឺន​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃ​ក្នុង​ចំនួន​៣៥.០០០​នាក់។​

នៅ​ក្នុង​ព័ត៌មាន​នោះ ​លោក​ ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា​នេះ​ជា​«ចំនួន​មួយ​ដ៏​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​ និង​ជា​ចំនួន​ខ្ពស់​មែន​ទែន»​ចាប់​តាំង​ពី​ការ​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​សហគមន៍​នា​អំឡុង​ខែ​ធ្នូ ​ឆ្នាំ​២០២១​កន្លង​មក។​

លោក​ ថោង ខុន​ បញ្ជាក់​ក្នុង​សារ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​ក្រសួង​ទេស​ចរណ៍​ថា៖​ «ចរន្ត​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​នេះ បាន​បង្កើត​ជា​ផល​ប្រយោជន៍​សេដ្ចកិច្ច​ដ៏​ច្រើន​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​នៅ​តាម​មូលដ្ឋាន»។​

បើ​តាម​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍ ​បណ្តា​សណ្ឋាគារ ​ប៊ូទីក ​ផ្ទះ​សំណាក់ ​និង​សេវា​ស្នាក់​នៅ​ផ្សេងៗ​ស្ទើរ​គ្រប់​ខេត្ត​ ដែល​មាន​លទ្ធភាព​បើក​អាជីវកម្ម​ឡើង​វិញ​នោះ ​បាន​ទទួល​ការ​កក់​ពេញ​ស្ទើរ​១០០%។​

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ​លោក ​ថោង ខុន​ មាន​សុទិដ្ឋិ​និយម​ខ្ពស់​ចំពោះ​ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេស​ចរណ៍ ពិសេស​ការ​សម្រេច​បាន​ទទួល​ភ្ញៀវ​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ ​និង​ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​តម្រូវ​នានា។​

លោក​បណ្ឌិត​ ឆេង គឹមឡុង ​នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ និង​ប្រជា​ធិបតេយ្យ​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​ ថ្លែង​ថា​ ការ​កើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​អំឡុង​ពេល​នៃ​បុណ្យ​ចូល​ឆ្នាំ​នេះ ​គ្រាន់​ជា​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ​ ទោះ​ជា​យ៉ាងណា ​ លោក​យល់​ឃើញ​ថា​ វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ថា ​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​ ដោយ​សារ​តែ​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើស​លប់​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។​

លោក​ថ្លែង​ដូច្នេះ​ថា៖​«កំណើន​ភ្ញៀវ​ទេសចរណ៍​រយៈ​ពេល​ខ្លី​នេះ​អាច​ចូលរួម​ចំណែក​ជួយ​សម្រួល​ដល់​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ប្រជាជន​មួយ​ចំនួនដែល​អាស្រ័យ​លើ​សកម្មភាព​ទេសចរណ៍​មាន​ន័យ​ថា​ ជា​ប្រតិបត្តិករ​ក្នុង​ប្រទេស​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ ហើយ​ក៏​អាច​ជួយ​ផ្តល់​ជា​ចំណូល​ដល់​ថវិកា​ជាតិ។​ ថវិកា​ជាតិ​តាមរយៈ​ពន្ធណា៎។​ ពន្ធ​ដែល​អាជីវកម្ម​មួយ​ចំនួន​ដែល​ពឹង​អាស្រ័យ​លើ​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​មក​ផ្គត់ផ្គង់​បម្រើ​នៅ​ក្នុងវិស័យ​ទេសចរណ៍​នេះ​ គឺ​នឹង​ចូល​រួម​ជា​ចំណែក​ដល់​ការ​បង្កើន​ចំណូល​ថវិកា​ជាតិ»។​

លោក​បន្ថែម​ថា​ ​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ​ក៏​មិន​មែន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ ​ បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏​ដូច​ជា​នៅ​អឺរ៉ុប​ក៏​បើក​ទូលាយ​ដែរ​ ដែល​នេះ​គឺ​ជា​និន្នាការ​ជា​ទូទៅ។​ហើយ​សម្រាប់​កម្ពុជា​វិញ​ក៏​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លង​ណា​មួយ​ជា​ដុំ​កំភួន​នៅ​ឡើយ។​

បើ​តាម​ក្រសួង​ទេស​ចរណ៍ ​ មនុស្ស​ដែល​ដើរ​កម្សាន្ត​នោះ​«បាន​ជ្រើស​ជម្រើស​មិន​ពាក់​ម៉ាស់» ​ហើយ​តាម​ការ​ស្ទង់​មតិ ​និង​សង្កេត​ជាក់​ស្តែង ​ មិន​មែន​ពួក​គាត់​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩​ទេ​តែ​ពួក​គាត់​ពិត​ជា​មាន​ក្តី​រីករាយ​ដែល​បាន​ដើរ​កម្សាន្ត​ក្នុង​ឱកាស​ចូល​ឆ្នាំ​នេះ។​ក្រសួង​ទេសចរណ៍​ឲ្យ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​ជឿ​ជាក់​លើ​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​ ហើយ​ម្យ៉ាង​ទៀត​ពួក​គាត់​ក៏​មាន​ទំនុក​ទុក​ចិត្ត​ថា ​ប្រសិន​បើ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​ ក៏​ពួក​គាត់​អាច​ព្យាបាល​ខ្លួន​ឯង​ នៅ​ផ្ទះ​បាន​ផង​ដែរ។​

ទាក់​ទង​នឹង​បញ្ហា​ជំងឺ​កូវីដ១៩​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​អ្នកស្រី ​ឱ វណ្ណឌីន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថារហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ព័ត៌មាន​ថា ​តើ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​បាន​កើន​ឡើង​ឬ​យ៉ាងណា ​ទេ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​មនុស្ស​ជា​ច្រើន​បាន​សម្រុក​ធ្វើ​ដំណើរ​ជួប​ជុំ​គ្នា។​

គួរ​បញ្ជាក់​ថា​ ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៧​ ខែ​មេសា ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ដែល​កត់​ត្រា​ដោយ​ក្រសួង​សុខាភិបាល ​មាន​ចន្លោះ​ពី​១២​នាក់​ទៅ​១៦​នាក់​ប៉ុណ្ណោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG