អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាជិត៣ពាន់គណនី ស្ថិតក្នុងចំណោមគណនីហ្វេសប៊ុកជាង៥០០លាន ដែលទិន្នន័យអត្តសញ្ញាណសំខាន់ៗត្រូវបានលួច Hack តាំងតែពីឆ្នាំ២០១៩ ហើយទើបនឹងត្រូវបានបង្ហោះបែកធ្លាយជាសាធារណៈនាចុងសប្ដាហ៍កន្លងទៅ។
លោក ង៉ែត ម៉ូសេ អ្នកប្រឹក្សាឯករាជ្យលើកិច្ចការសន្ដិសុខប្រព័ន្ធឌីជីថល ដែលទទួលបានឯកសារនៃការបែកធ្លាយនោះដែរ បានឱ្យដឹងថា មាន ២.៨៣៨ គណនីដែលមានប្រភពពីប្រទេសកម្ពុជា រងគ្រោះពីការលួចនេះ។
ទិន្នន័យទាំងនោះរួមមាន ឈ្មោះ ប្រវត្តិរូប លេខទូរស័ព្ទ តំបន់រស់នៅ អាសយដ្ឋានអ៊ីម៉ែល តែមិនមានទិន្នន័យហិរញ្ញវត្ថុ និងខ្លឹមសារសារសន្ទនាឆ្លើយឆ្លងឯកជននោះទេ។ នេះបើយោងតាមលោក ង៉ែត ម៉ូសេ។
អ្នកជំនាញសន្ដិសុខឌីជីថលរូបនេះបន្ថែមថាឆ្លងតាមការវិភាគនិងផ្ទៀងផ្ទាត់របស់លោកលើទិន្នន័យនៃអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាទាំង ២.៨៣៨ គណនី នោះ មិនបានបង្ហាញពីការវាយប្រហារជាគោលដៅណាមួយទេ តែមានចរិតជាការទាញយកដោយមិនរើសមុខ (Random)។
លោក ម៉ូសេ បន្ថែមថាអ្នកដែលមានទិន្នន័យអត្តសញ្ញាណបែកធ្លាយពីគណនីហ្វេសប៊ុកទាំងនេះ ស្ថិតក្នុងហានិភ័យកម្រិតមធ្យម។
លោកបញ្ជាក់ថា៖
«ទិន្នន័យអ្នកប្រើប្រាស់Public[សាធារណៈ] ដែលបានផ្សាយចេញទៅហ្នឹង គឺវាអាចនឹងមានផលជះត្រឡប់ទៅវិញនៅពេលក្រោយ សម្រាប់អ្នកដែលមានទិន្នន័យបែកធ្លាយជាសាធារណៈនេះឯង រួមមានBad Actors ឬបុគ្គលអាក្រក់ហ្នឹង គាត់អាចយកព័ត៌មានដែលលេចធ្លាយហ្នឹង យកមកវាយប្រហារអ្នកប្រើប្រាស់ ឬអ្នកមានទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់គណនីទាំងនេះ ពីព្រោះអីឥឡូវពួកគាត់មានភេទ ពួកគាត់មានទីតាំង ពួកគាត់មានអ៊ីមែល ... អ៊ីចឹងគាត់អាចរងគ្រោះពីការក្លែងបន្លំ (Phishing)ហ្នឹង»។
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ក៏បានចេញកំណត់ប្រកាសមួយផងដែរអំពីព្រឹត្តិការណ៍នៃការលេចធ្លាយទិន្នន័យគណនីហ្វេសប៊ុកនេះ តែមិនបានបញ្ជាក់លម្អិតអំពីទំហំទិន្នន័យដែលបែកធ្លាយពីគណនីដែលមានប្រភពពីប្រទេសកម្ពុជានោះទេ។
ក្នុងកំណត់ផ្សាយមួយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យ អង្គភាពនគរបាលនេះបានឱ្យដឹងថា៖
«ទោះបីជាទិន្នន័យដែលបានទាញយកនោះ គឺជាទិន្នន័យចាស់តាំងពីឆ្នាំ២០១៩ ក្ដីប៉ុន្តែទិន្នន័យទាំងនោះកំពុងតែត្រូវបានដាក់លក់ និងចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយជនខិលខូចអាចប្រើទិន្នន័យទាំងនោះដើម្បីព្យាយាមចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ ឬក្លែងបន្លំធ្វើជាអ្នកប្រើប្រាស់ ដើម្បីចូលទៅគណនីផ្សេងៗទៀត។ ដូច្នេះនាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់គួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ប្រសិនបើលោកអ្នកពុំដែលបានប្ដូរលេខសម្ងាត់តាំងពីដើមឆ្នាំ ២០២០ នោះមក»។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ពេលត្រូវបានទាក់ទងនារសៀលថ្ងៃចន្ទនេះ ដោយថាលោកជាប់ប្រជុំ។ វីអូអេក៏មិនអាចសុំការឆ្លើយតបពីលោក មាស ប៉ូ អ្នកនាំពាក្យក្រសួងបានដែរ។
អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺរបស់វីអូអេនៅឡើយ គិតត្រឹមរសៀលថ្ងៃចន្ទនេះ តែបានប្រាប់ទូរទស្សន៍CNNថាទិន្នន័យដែលបានលេចធ្លាយទាំងនេះជាទិន្នន័យតាំងតែពីពាក់កណ្ដាលឆ្នាំ២០១៩ ហើយខ្លួនបានដោះស្រាយបញ្ហានេះតាំងតែពីខែសីហា ឆ្នាំ២០១៩៕