រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌានិយាយថាខ្លួនមិនខ្វាយខ្វល់អំពីការណ៍ដែលចិនបង្វែរផ្លូវទឹកឬកាត់បន្ថយចំនួនទឹកហូរពីទន្លេដ៏ធំមួយដែលចិនប្រើប្រាស់ជាមួយឥណ្ឌានោះទេ។ ការវាយតម្លៃនោះធ្វើឡើង មួយផ្នែកធំដោយប្រើផ្កាយរណបឃ្លាំមើលរបស់ឥណ្ឌាពីលើដែនដីចិនដែលមានសមត្ថភាពខ្លាំងពូកែ។
ប្រភពចេញពីរដ្ឋាភិបាលឥណ្ឌានិយាយថា «បច្ចេកវិទ្យាថ្នាក់ខ្ពស់ខ្លាំងអស្ចារ្យ» អាចបង្ហាញ រូបភាព «ច្បាស់ចែស» អំពីអ្វីដែលចិនបានធ្វើនៅលើតំបន់ព្រំដែនទិសឦសានប្រទេស។ ប្រភពនោះនិយាយថាដោយសារតែមូលហេតុដូច្នោះហើយ ទើបរដ្ឋាភិបាលទីក្រុងNew Delhi មិនមានការព្រួយបារម្ភអ្វីទាំងអស់នៅពេលនេះ អំពីសេចក្ដីប្រាថ្នារបស់ចិនដែលចង់ កាត់បន្ថយចំនួនទឹកហូរនៅក្នុងទន្លេធំៗ ចូលទៅក្នុងប្រទេសឥណ្ឌា ពីដែនដីទីបេ ដែលចិនត្រួតត្រា។
រដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌា លោកស.ម. គ្រិស្នា (S.M. Krishna) បានធ្វើជាម្ចាស់ផ្ទះដែលទទួលភ្ងៀវ លោកប្រមុខ របស់រដ្ឋ អាសាម នៃតំបន់ឦសានប្រទេសឥណ្ឌាTarun Gogoi នៅក្នុងទីក្រុង New Delhi កាលពីថ្ងៃព្រហស្សតិ៍។ លោក Gogoi បានសម្ដែងការព្រួយ បារម្ភជាសាធារណៈ អំពីសេចក្ដីរាយការណ៍ប្រមើលមើល របស់បណ្ដាញព័ត៌មានជាញឹកញាប់ថា ទំនប់ចិនបានសង់ឡើងនៅពីលើខ្សែទឹកទន្លេ រួមជាមួយគ្នា ដែលនឹងនាំឲ្យទឹកហូរតិចជាងមុន។ ទន្លេ Brahmaputra របស់ប្រទេសឥណ្ឌា ហៅទន្លេ YarlungTsangpo ជាភាសាចិន មានសារៈសំខាន់ដល់អាយុជីវិត ដល់ការបង្ហូរទឹកចូលស្រែនិងផ្ដល់កម្លំាងវារីអគ្គីសនីប្រើប្រាស់នៅក្នុងរដ្ឋឥណ្ឌាជាច្រើន និងនៅក្នុងប្រទេស បឹងក្លាដេស្ហ។
លោករដ្ឋមន្ដ្រី គ្រិស្នាថ្លែងថាការធានាពីប្រទេសចិនជាមួយនឹងព័ត៌មានដែលឥណ្ឌាខ្លួនឯងអាចបញ្ជាក់ បានបង្ហាញថាគំរោងការទំនប់វារីគ្គីសនីចិនមិនគំរាមដល់ផលប្រយោជន៍របស់ទន្លេឥណ្ឌាទេ។
«បញ្ហានៃការបង្វែរទឹកហូរ ឬ បញ្ហានៃការឃាត់ទឺកទុកមិនកើតឡើងទេ»។
ចិន និង ឥណ្ឌា បានធ្វើការពិពណ៌នាអំពីទំនប់ចិនថាជាប្រភេទវារីអគ្គីសនីធុនថ្មី ដែលគេយកទឹកហូរជាធម្មជាតិ និង កំពស់ផ្ទៃដីទាបរបស់ទន្លេមកប្រើប្រាស់ដើម្បីផលិតអគ្គីសនីដែលជាគំរោងការវារីអគ្គីសនី មិនរាំងខ្ទប់ការទឹកហូរជាធម្មជាតិរបស់ទន្លេ តែផ្ទុយទៅវិញគេប្រើការហូរទឹកជាធម្មជាតិ របស់ទន្លេដើម្បីផលិតថាមពល។
លោកប្រមុខនៃរដ្ឋអាសាម Gogoi ដើរចេញពីកិច្ចប្រជុំ ជាមួយលោកគ្រិស្នាប្រកបទៅដោយការទុកចិត្ដ។
«ខ្ញុំមានការទុកចិត្ដថា នឹងមិនមានការខ្វះទឹកប្រើទេ ដោយសារតែគេមិនមានការបង្វែរទឹកទេ ហើយវាមិនជាមូលហេតុធ្វើឲ្យមានការព្រួយបារម្ភ»។
គេមិនឃើញមានកិច្ចព្រមព្រៀងតាមផ្លូវការណាមួយទេ រវាងឥណ្ឌា និង ចិន ក្នុងការប្រើប្រាស់រួមនៃទឹកទន្លេ Brahmaputra។ តែយ៉ាងណាម៉ិញ ប្រភពរបស់រដ្ឋាភិបាលឥណ្ឌា និយាយតាមពាក្យផ្ទាល់ថា ប្រទេសទាំងពីរ «នឹងពិភាក្សាអំពីអ្វីដែលជាការចាំបាច់«តាមរយៈ ក្រុមការងារ អំពីទឹក ដែល គេជួបប្រជុំជាញឹកញាប់។
រដ្ឋឥណ្ឌាមួយដែលប្រើប្រាស់ទឹកទន្លេ គឺរដ្ឋ Arunachal Pradesh មិនបានត្រូវ ចិនទទួលស្គាល់តាមផ្លូវការទេ ថាជាផ្នែកមួយរបស់ប្រទេសឥណ្ឌា។ ផែនទីចិនបានបង្ហាញរដ្ឋនោះ ជា «ទីបេភាគខាងត្បូង»។
ដោយសារតែមូលហេតុដូច្នោះ និងមូលហេតុដទៃទើបរឿងពាក់ព័ន្ធនឹងព្រំដែនភ្នំហេមពាន្ដរវាងចិន និង ឥណ្ឌាមានភាពតានតឹងតិចតួចជាយូរមកហើយ។
ប្រភពរដ្ឋាភិបាលឥណ្ឌា និយាយថាគេនឹងបន្ដតាមឃ្លាំមើលសកម្មភាព របស់រដ្ឋាភិបាលចិននៅតាមបណ្ដោយទន្លេ Brahmaputra ដោយប្រើឧបករណ៍ផ្កាយរណបដែលមានសមត្ថភាពកាន់តែខ្ពស់ឡើងក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។ ប្រភពនោះចង្អុលបង្ហាញថាសមត្ថភាពទាំងនោះក៏អាចអនុញ្ញាតឲ្យឥណ្ឌាតាមឃ្លាំមើលចលនាយោធារបស់ប្រទេសចិននៅតាមបណ្ដោយព្រំដែនបានផងដែរ។
ប្រែសម្រួលដោយ អ៊ូ ធួក