មេបញ្ជាការកងទ័ពជើងទឹកជនជាតិខ្មែរអាមេរិកាំងម្នាក់ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលជាង៦ឆ្នាំ ចំពោះបទល្មើសផ្តល់ព័ត៌មានសម្ងាត់អំពីការពង្រាយនាវាជើងទឹករបស់អាមេរិកដល់ក្រុមហ៊ុនអាស៊ីជាប់កុងត្រាមួយ ជាថ្នូរនឹងប្រាក់ អំណោយ និងសេវាកម្មផ្លូវភេទ។
លោក Michael Vannak Khem Misiewicz ដែលជាមេបញ្ជាការនាវាជើងទឹករបស់អាមេរិកគឺជាមន្ត្រីកងទ័ពជើងទឹកចុងក្រោយគេបង្អស់ដែលត្រូវបានកាត់ទោសពីរឿងអាស្រូវស៊ីសំណូកសូកប៉ាន់ដើម្បីជំនួញ ដែលពាក់ព័ន្ធខ្លាំងបំផុតជាមួយនឹងកងនាវាទី៧របស់អាមេរិក។ បុគ្គលចំនួន៩នាក់ផ្សេងទៀតក៏ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនេះដែរ ហើយនាយឧត្តមនាវីប៉ុន្មាននាក់ទៀតបានទទួលរងការរិះគន់យ៉ាងខ្លាំងជុំវិញរឿងរ៉ាវនេះ និងត្រូវបញ្ឈប់ពីការងារថែមទៀតផង។
បន្ថែមពីលើការជាប់ពន្ធនាគាររយៈពេល៧៨ខែ លោក Misiewicz ក៏ត្រូវពិន័យជាទឹកប្រាក់ចំនួន១សែនដុល្លារផងដែរ នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង San Diego កាលពីថ្ងៃសុក្រ ចំពោះបទសមគំនិតនិងសូកប៉ាន់។ ការកាត់ទោសទៅលើលោក Misiewicz មានរយៈពេលយូរជាងគេបង្អស់នៅក្នុងរឿងក្តីពាក់ព័ន្ធនឹងរឿងអាស្រូវនេះ។
លោក Misiewicz បានសារភាពទទួលកំហុសថា ខ្លួនពិតជាបានផ្តល់ព័ត៌មានដល់ក្រុមហ៊ុនGlenn Defense Marine Asia ដែលហៅកាត់ថា GDMA ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីប្រាកដមែន។ ក្រុមហ៊ុន GDMA នេះបានប្រើប្រាស់ព័ត៌មានដែលខ្លួនទទួលបានពីលោក Misiewicz ទៅផ្ចាញ់ក្រុមហ៊ុនដទៃទៀតដែលជាគូប្រជែងរបស់ខ្លួន និងបានគិតលុយពីកងទ័ពជើងទឹកលើសចំនួនដល់ទៅរាប់លានដុល្លារ។ ជាថ្នូរនឹងការផ្តល់ព័ត៌មានទាំងនេះ លោក Misiewicz បានសារភាពថា លោកទទួលបានប្រាក់សូកប៉ាន់ កាបូបដៃរចនាម៉ូដដោយអ្នកច្នៃម៉ូដដ៏ល្បីមួយសម្រាប់ភរិយារបស់លោក ការធ្វើដំណើរកំសាន្តដែលចំណាយប្រាក់អស់យ៉ាងច្រើនសម្រាប់ក្រុមគ្រួសាររបស់លោក ហើយលោកក៏ទទួលបានសេវាកម្មផ្លូវភេទផងដែរ។
លោក Misiewicz បានថ្លែងប្រាប់ក្រុមរដ្ឋអាជ្ញាថា លោកនិងគូកនរបស់លោកព្យាយាមលាក់បាំងដោយលួចប្រើប្រាស់គណនីអ៊ីម៉ែលសម្ងាត់ ដែលលោកតែងតែលុបចោលជាញឹកញាប់។
មេធាវីរបស់លោក Misiewicz បានព្យាយាមបន្ធូរបន្ថយភាពចម្រូងចម្រាសនៃព័ត៌មានដែលលោកបានផ្តល់ដល់ក្រុមហ៊ុន GDMA ហើយបាននិយាយថា មេបញ្ជាការកងទ័ពជើងទឹករូបនេះមិនបានដឹងថា ក្រុមហ៊ុនជាប់កុងត្រាមួយនេះបានកេងបន្លំពីកងទ័ពជើងទឹកអាមេរិកនោះទេ។
ក្រុមរដ្ឋអាជ្ញាបានថ្លែងថា លោក Misiewicz និងដៃគូសមគំនិតរបស់លោកបានផ្តល់ព័ត៌មានលម្អិតអំពីការពង្រាយនាវាជើងទឹករបស់អាមេរិកដល់ក្រុមហ៊ុនដែលជាប់កុងត្រាជាមួយនឹងក្រសួងការពារប្រទេសអាមេរិកមួយនេះ ដើម្បីឲ្យក្រុមហ៊ុននេះអាចត្រៀមខ្លួនដេញថ្លៃផ្តល់សេវាកម្មដល់នាវាជើងទឹកអាមេរិកណាដែលមកដល់តំបន់អាស៊ី។ លោក Misiewicz ក៏ត្រូវបានចោទប្រកាន់ពីការប្រើប្រាស់ឥទ្ធិពលរបស់លោកក្នុងការបញ្ជានាវាជើងទឹកឲ្យចុះចតនៅកំពង់ផែអាស៊ី ដែលត្រួតត្រាដោយក្រុមហ៊ុន GDMA ផងដែរ។ ការធ្វើដូច្នេះអនុញ្ញាតឲ្យក្រុមហ៊ុនជាប់កុងត្រាមួយនេះអាចបំប៉ោងតម្លៃបាន។
លោក Leonard Francis ប្រធានក្រុមហ៊ុន GDMA ក៏បានសារភាពទទួលកំហុសពីបទចោទប្រកាន់សូកប៉ាន់និងក្លែងបន្លំនេះដែរ ហើយបច្ចុប្បន្ននេះ លោកកំពុងតែរង់ចាំទទួលការកាត់ក្តី៕