ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រារព្ធ​ព្រឹត្តិ​ការណ៍​ទិវា​ចងចាំ​សម័យ​ខ្មែរក្រហម​ថ្ងៃ​២០​ ឧសភា​ត្រូវ​ផ្អាក ​ដោយសារ​ជំងឺ​កូវីដ១៩​


រូបឯកសារ៖ បុរសម្នាក់​អុជធូបបួងសួងនៅមជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម រាជធានី​ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

ទិវា​ជាតិ​នៃ​ការ​ចងចាំ ​ថ្ងៃ​ ២០ ​ខែ​ឧសភា ​ដែល​ជា​ផ្នែក​មួយ​នៃ​សំណង​រដ្ឋប្បវេណី​បែប​សមូហភាព​ផ្តល់​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​ ត្រូវ​ផ្អាក​ការ​ប្រារព្ធ​ ដោយសារ​ជំងឺ​កូវីដ១៩ ។​

កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៨ ​ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ទិវា​ជាតិ​នៃ​ការ​ចងចាំ​ ដោយ​សម្រេច​កំណត់​យក ​ថ្ងៃទី ​២០​ ខែ​ឧសភា​ ជា​រៀង​រាល់​ឆ្នាំ​ជា​ថ្ងៃ​បុណ្យ​ជាតិ ​និង​មាន​ការ​ឈប់​សម្រាក​សាធារណៈ​សម្រាប់​ជា​ការ​រំឭក​ដល់​ជន​រងគ្រោះ ​និង​ការ​ឈឺ​ចាប់​ពី​ឧក្រិដ្ឋ​កម្ម​ ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។​ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៩​ រដ្ឋាភិបាល​បាន​ប្រកាស​កាត់​ថ្ងៃ ​២០​ ឧសភា ​ចេញ​ពី​ថ្ងៃ​បុណ្យ​ជាតិ។

ទោះ​ជា​ថ្ងៃ ​២០​ ឧសភា​ ត្រូវ​បញ្ចូល​ឬ​ដក​ចេញ​ពី​បញ្ជី​ថ្ងៃ​បុណ្យ​ជាតិ​ឈប់​សម្រាក​ក៏​ដោយ​ ក៏​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​នេះ​ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋ​កម្ម​ជើង​ឯក​ និង​សារមន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ដោយ​មាន​ការ​សូត្រ​មន្ត​ បង្សុកូល​ជូន​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ ​ដែល​បាន​ស្លាប់។​ ក្នុង​នោះ​មាន​ការ​សម្តែង​សិល្បៈ​ដែល​បង្ហាញ​ពី​ការ​ធ្វើ​ទារុណ​កម្ម​ និង​ការ​វាយ​សម្លាប់​របស់​ក្រុម​ខ្មែរ​ក្រហម​ដែល​ស្លៀកពាក់​ខ្មៅ​ជាដើម។​

ប៉ុន្តែ​នៅ​ថ្ងៃ​ទី ​២០​ ខែ​ឧសភា ​ឆ្នាំ​ ២០២០ ​ទិវា​នេះ​ត្រូវ​បាន​ផ្អាក​មិន​ប្រារព្ធ ​ដោយសារ​ការ​កើត​មាន​ជំងឺ​កូវីដ១៩​ នៅ​កម្ពុជា ​និង​ទូទាំង​ពិភព​លោក។ ​នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ពាក់ព័ន្ធ។​ សម្រាប់​ជនរង​គ្រោះ ​ទិវា​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ពួក​គេ ​ដែល​ជា​ការ​ព្យាបាល​ផ្លូវ​ចិត្ត​សម្រាប់​ពួក​គេ​ដែល​រង​គ្រោះ​ដោយ​ផ្ទាល់ ​ឬ​មាន​ក្រុម​គ្រួសារ ​សាច់​ញាតិ​ស្លាប់​ក្នុង​របប​នេះ។​

ប្រធាន​ផ្នែក​គម្រោង​និង​ផែនការ​នៃ​សារ​មន្ទីរ​ទួល​ស្លែង ​លោក​ ហង្ស និស្ស័យ​ ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ដោយ​សារ​ការ​កើត​មាន​ជំងឺ​កូវីដ១៩​ នៅ​ឆ្នាំ​នេះ​ សារមន្ទីរ​ទួល​ស្លែង​មិន​មាន​ការ​ជួប​ជុំ​ណា​មួយ​ ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​នោះ​ទេ។ ​លោក​បន្ត​ថា​ សារមន្ទី​ឧក្រិដ្ឋ​កម្ម​មួយ​នេះ​នឹង​ប្រារព្ធ​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយៗ។

«ឆ្នាំ​នេះ​ យើង​អត់​អាច​ដោយ​សារ​យើង​នៅ​ក្នុង​ស្ថានភាព​កូវីដ​ អ៊ីចឹង​ ហើយ​យើង​អនុវត្ត​តាម​គោល​ការណ៍​របស់​រដ្ឋាភិបាល។​ យើង​ចៀស​វាង​ការ​ជួប​ជុំ។​ អ៊ីចឹង​សារមន្ទីរ​យើង​មាន​រៀបចំ​ជា​ព័ត៌មាន​ និង​រូប​ថត​មួយ​ចំនួន​ បង្ហោះ​តាម ​Social Media ​[បណ្តាញ​សង្គម] ​របស់​សារមន្ទីរ»។

ចំណែក​ប្រធាន​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ឧក្រិដ្ឋ​កម្ម​ជើង​ឯក​ លោក​ស្រី ​រស់ សុភារ៉ាវី​ លើក​ឡើង​ដែរ​ថា​ សារមន្ទីរ​ជើង​ឯក​ដែល​សាលា​រាជធានី​ភ្នំពេញ​ យក​ធ្វើ​ជា​ទីតាំង​សម្រាប់​ប្រារព្ធ​ទិវា​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ក៏​ត្រូវ​ផ្អាក​មិន​មាន​ការ​ប្រារព្ធ​ ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​ នេះ​ផង​ដែរ។​

នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ ​លោក​ សាយ ឈុំ ​អនុប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចេញ​លិខិត​មួយ​ផ្ញើ​ទៅ​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​រាជធានី-ខេត្ត អំពី​ការ​ផ្អាក​ការ​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ ​ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២០​ ខែ​ឧសភា ​ដោយសារ​បញ្ហា​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩។

កាល​ពី​ថ្ងៃ​ទី​ ២​ ខែ​សីហា ឆ្នាំ​ ២០១៩ ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ចំនួន​ប្រាំ​មួយ​ថ្ងៃ​ សម្រាប់​មន្ត្រី​រាជការ ​និយោជិត ​និង​កម្មករ ​ក្នុង​គោល​ដៅ​ ដើម្បី​បង្កើន​ការ​ទាក់​ទាញ​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​បន្ថែម​ទៀត ​ក្នុង​នោះ​មាន​ទាំង​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​នេះ​ផង។​

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក​ ឆាំង យុ ​មាន​ប្រសាសន៍​ថា ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ជា​ទិវា​មួយ​ដែល​មាន​អត្ថន័យ​យ៉ាង​សំខាន់​ក្នុង​ការ​ទទួល​ស្គាល់​អំពី​ការ​បាត់បង់​យ៉ាង​ធំធេង ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ​លោក​បន្ត​ថា ​រដ្ឋា​ភិបាល​គួរ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ដើម្បី​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រារព្ធ​ពិធី​ផ្សេងៗ​ក្នុង​ទិវា​នេះ។​

«បើ​សិន​ជា​យើង​អាច​ធ្វើ​បានយើង​គួរធ្វើ​នៅ​ក្នុង​លក្ខណៈ​ជាតិ​ ព្រោះ​វា​ជា​ការ​ចង​ចាំ​មួយ​របស់​ជាតិ​ដែល​ប្រជាជន​ទាំង​អស់ ​ជា​ពិសេស​អ្នក​ដែល​រស់​រាន​មាន​ជីវិត​ ៥ ​លាន​នាក់ ​ដែល​កំពុង​រស់​សព្វ​ថ្ងៃ​នេះ​ ហើយ​ដែល​បាន​កសាង​ប្រទេស​ជាតិ​នេះ។​ ខ្ញុំ​គិត​ថា ​វា​មាន​លក្ខណៈ​មាន​អត្ថន័យ​ទូលំ​ទូលាយ​ ហើយ​យើង​គួរ​តែ​មាន​ថ្ងៃ​មួយ​ដែរ»។​

ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​សំណង​រដ្ឋ​ប្បវេណី​បែប​សមូហភាព ​ដែល​ផ្តល់​ដោយ​សាលាក្តី​ខ្មែរ​ក្រហម​ទៅ​ដល់​ជន​រង​គ្រោះ ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី។​

លោក ​នេត្រ ភក្រ្តា ​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​លើក​ឡើង​ថា​ ការ​សម្រេច​លុប​ចោល​ការ​ឈប់​សម្រាក​ក្នុង​ទិវា​ជាតិ​នៃ​ការ​ចង​ចាំនេះ​ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំណង​រដ្ឋ​ប្បវេណី​ដល់​ជន​រងគ្រោះ​និង​ដើម​បណ្តឹង​នោះ​ទេ។​

«ការ​ប្រារព្ធ​នេះ​គឺ​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ ​ដែល​ពួក​គាត់​អាច​ប្រារព្ធ​ជា​ធម្មតា។​ អាជ្ញាធរ​គឺ​អាច​ប្រារព្ធ​ជា​ធម្មតា ​ក៏​ប៉ុន្តែ​មិន​មែន​ជា​ថ្ងៃ​ឈប់​សម្រាក​ដូច​ពី​មុន​ទេ»។

បើ​តាម​លោក​ នេត្រ ភក្រ្តា ​ក្រៅ​ពី​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ​សាលាក្តី​ខ្មែរ​ក្រហម​ក៏​បាន​ផ្តល់​ជា​សំណង​សមូហភាព​ជា​ច្រើន​ទៀត​ទៅ​ដល់​ជន​រង​គ្រោះ ​និង​ដើម​បណ្តឹង​រដ្ឋប្បវេណី ​មាន​ដូចជា​ការ​ទទួល​ស្គាល់​ជន​រង​គ្រោះ​ជា​ដើម​បណ្តឹង​ ការ​ជួយ​ជន​ពិការ​ដោយសារ​របប​ខ្មែរ​ក្រហម ​ការ​សាងសង់​ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​ ​ការ​បញ្ចូល​កម្មវិធី​ផ្សព្វផ្សាយ ​និង​អប់រំ ការ​ផ្សះផ្សា​ផ្លូវ​ចិត្ត​ពាក់​ព័ន្ធ​នឹង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ជាដើម។​

លោក​ យន់ ប៊ីន​ អាយុ​៦៥​ឆ្នាំ ​ជា​ជន​រង​គ្រោះ​មួយ​រូប​ក្នុង​របប​ខ្មែរ​ក្រហម ​ដែល​បាន​ចូលរួម​ជា​សាក្សី​នៅ​សាលាក្តី​ខ្មែរ​ក្រហម​។ លោកបាន​លើក​ឡើង​ថា​ ការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​នេះ​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​លោក​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត។​

លោក ​យន់ ប៊ីន​ ​ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​វាយ​សម្លាប់​ក្នុង​រណ្តៅ ​តែ​លោក​នៅ​រស់​រាន​មាន​ជីវិត​ និង​បាន​ចេញ​ពី​រណ្តៅ​មក​វិញ។ លោកមាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​នឹក​ថា​ថ្ងៃ​ហ្នឹង​ មិន​អាច​បំភ្លេច​បាន​ទេ ​ព្រោះ​វា​ជា​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ខ្មែរ​របស់​ប្រជាជន​ខ្មែរ ​ដែល​បាន​បាត់​បង់​ជីវិត​ទៅ​ជិត ​៣ ​លាន​នាក់»។​

កាល​ពី​អំឡុង​ទសវត្សរ៍​ ១៩៨០ ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​នេះ​ត្រូវ​គេ​ហៅ​ថា​ ជា​ទិវា​នៃ​ការ​ចង​កំហឹង​ចំពោះ​ពួក​ខ្មែរ​ក្រហម ​ចំពោះ​អំពើ​ឃោរឃៅ​របស់​ពួក​គេ ​ក្នុង​អំឡុង​ពួក​ខ្មែរ​ក្រហម ​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ចាប់​ពី​ខែ​មេសា ​ឆ្នាំ​ ១៩៧៥ ​ដល់​ខែ​មករា​ ឆ្នាំ​ ១៩៧៩ ​ដែល​បណ្តាល​ឲ្យ​ប្រជាជន​ខ្មែរ​ប្រមាណ ​១ ​លាន​ ៧​ សែន​នាក់​ស្លាប់ ​ដោយ​ការ​សម្លាប់​ការ​បង្អត់​អាហារ ​និង​ការ​ធ្វើ​ពលកម្ម​ហួស​កម្លាំង។​

បើ​តាម​ឯកសារ​ស្រាវជ្រាវ​នានា ខ្មែរក្រហម​បាន​កំណត់​យក​ថ្ងៃ​ទី​ ២០​ ឧសភា​ ជា​ថ្ងៃ​អបអរ​កំណើត​សហករណ៍​ដែល​ពួកគេ​បាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​ ឆ្នាំ​ ១៩៧៣​ មក។ ​ក្រោយ​ការ​ឡើង​កាន់​អំណាច​ថ្ងៃ​ទី​ ១៧ ​ខែ​មេសា​ ឆ្នាំ ​១៩៧៥ ​ ខ្មែរ​ក្រហម​បាន​ដាក់​ឲ្យ​អនុវត្ត​គោល​ការណ៍ ​សហករណ៍​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ក្លាយ​ជា​ទាសករ​ដាច់​ថ្លៃ​របស់​អង្គការ​ ក្រោម​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល។ ​ នេះ​ជា​ហេតុផល​នៃ​ការ​ជ្រើស​រើស​យក​ថ្ងៃទី​ ២០ ​ឧសភា ​ជា​ទិវា​ «ចងកំហឹង»​ ជាមួយ​ក្រុម​អតីត​មេដឹកនាំ​ខ្មែរក្រហម៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG