ធនាគារជាតិនៃកម្ពុជាបានសម្រេចឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប សម្រួលការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួនឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤។
ការអនុញ្ញាតនេះមិនមែននៅគ្រប់តំបន់ទេសចរណ៍ក្នុងខេត្តផ្សេងទៀតឡើយ គឺមានតែនៅក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងករណីក្រដាសប្រាក់ចាស់ដែលគិតថាមិនគួរបន្តឱ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនទៅប្តូរយកក្រដាសជាថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវាឡើយ។
ធនាគារជាតិនៃកម្ពុជាក៏បានតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ក្នុងខេត្តសៀមរាបដាក់ក្រដាសប្រាក់ប្រភេទ ២០ ដុល្លារអាមេរិក និង ៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០០ ដុល្លារអាមេរិកក្នុងម៉ាស៊ីនដកប្រាក់(ATMs)។
ការសម្រេចរបស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យសម្រួលការចាយក្រដាសប្រាក់ដុល្លារអាមេរិកចាស់ រហែក និងទក់ ក្រោយលោកទទួលបានសំណូមពរពីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅថ្ងៃចន្ទនេះថា លោកអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះមានបណ្ដាអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្តសៀមរាប ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជានឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរដែលទស្សនាខេត្តសៀមរាបផងដែរ»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ប្រាប់វីអូអេថា ការសម្រេចរបស់ធនាគារជាតិនៃកម្ពុជាជាយន្តការល្អមួយ ប៉ុន្តែលោកថាគួរតែមានការអនុវត្តនៅទូទាំងប្រទេស មិនមែននៅតែក្នុងខេត្តសៀមរាបឡើយ។
លោកថ្លែងថា៖ «យើងគួរជំរុញយន្តការនេះឱ្យទៅជាយន្តការទូទាំងប្រទេស ដោយសារយើងមិនអាចធ្វើតែគោលដៅទេសចរណ៍ខេត្តសៀមរាប ពីព្រោះគោលដៅសំខាន់នៅក្នុងទេសចរណ៍នៃប្រទេសកម្ពុជាយើងមាន ៤ កន្លែងធំៗ មាននៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងមាននៅខាងទិសឦសាន ឬក៏តំបន់សមុទ្រ។ ចំណុចទាំងអស់ហ្នឹងខ្ញុំគិតថា មិនមានការខាតបង់អីទេ នេះគ្រាន់តែជាផ្នែកមួយ ដើម្បីយើងសម្រួលដល់ការចាយវាយទេសចរបរទេសតែប៉ុណ្ណោះ»។
ចំណែកលោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរអង្គរចង់ឃើញកម្ពុជាចរាចរណ៍ប្រាក់រៀលខ្មែរសុទ្ធសាធ ដោយភ្ញៀវអន្តរជាតិចូលដល់ទឹកដីខ្មែរត្រូវតែប្តូរចាយប្រាក់រៀលខ្មែរ ដូចករណីប្រទេសជិតខាងមានប្រទេសថៃ វៀតណាម និងឡាវជាដើម។
លោកថ្លែងថា៖ «ដើម្បីការពារកុំឱ្យមានអារម្មណ៍ថ្នាំងថ្នាក់ហ្នឹង យើងចាយលុយខ្មែរតែម្តងទៅណា។ យើងឈប់ឱ្យចរាចរលុយដុល្លារទៅ។ ទេសចរទាំងអស់ចាយលុយខ្មែរយើងតែម្តងមក។ ឱ្យគេស្គាល់លុយខ្មែរយើង អ្វីដែលបោះពុម្ពនៅខ្មែរជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ព្រះឆាយាល័ក្ខណ៍ ព្រះរាជារបស់យើង។ ឱ្យគេស្គាល់នូវអត្តសញ្ញាណជាតិរបស់ជាតិនៅក្នុងលុយហ្នឹងណាបាទ»៕
វេទិកាបញ្ចេញមតិ