ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធផល​នៃ​សវនកម្ម​រឿង​ពុករលួយ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម


អគ្គសវនករ​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​មិន​បាន​រក​ឃើញ​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​ភាព​ មិន​ប្រក្រតី ​និង​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នោះ​ទេ។​ នេះ​ជា​សេចក្ដី​អះអាង​ជា​លើក​ដំបូង​របស់​មន្ដ្រី​ជាន់​ខ្ពស់​កម្ពុជា​ បន្ទាប់​ពី​មាន​កា
អគ្គសវនករ​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​មិន​បាន​រក​ឃើញ​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​ភាព​ មិន​ប្រក្រតី ​និង​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នោះ​ទេ។​ នេះ​ជា​សេចក្ដី​អះអាង​ជា​លើក​ដំបូង​របស់​មន្ដ្រី​ជាន់​ខ្ពស់​កម្ពុជា​ បន្ទាប់​ពី​មាន​កា

អគ្គសវនករ​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​មិន​បាន​រក​ឃើញ​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី ​និង​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នោះ​ទេ។​ នេះ​ជា​សេចក្ដី​អះអាង​ជា​លើក​ដំបូង​របស់​មន្ដ្រី​ជាន់​ខ្ពស់​កម្ពុជា​បន្ទាប់​ពី​មាន​ការ​ទាមទារ​ឲ្យ​មាន​ការ​លាត​ត្រដាង​នូវ​របាយការណ៍​នោះ​ជា​សាធារណៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

អង្គការ​គំនិត​ផ្ដួច​ផ្ដើម​យុត្តិធម៌​សង្គម​សេរី ​OSJI ​របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​២០០៧​ បាន​ចេញ​របាយការណ៍​មួយ​ដោយ​បរិហារ​ថា​ មាន​អំពើ​ពុករលួយ​នៅ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​ ហើយ​បុគ្គលិក​ជាតិ​ត្រូវ​បង្ខំ​ឲ្យ​បង់​ប្រាក់ខែ​របស់​ខ្លួន​មួយ​ចំណែក​ឲ្យ​ទៅ​មន្ដ្រី​របស់​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ការងារ​ដល់​ពួក​ខ្លួន។​ អ្នក​ជំនាញ​បរទេស​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​ការ​ចោទ​នេះ​ចំនួន​ប្រាំមួយ​លើក​ ហើយ​បន្ទាប់​មក​មាន​ការ​ប្រគល់​ភារកិច្ច​ឲ្យ​អ្នក​ជំនាញ​កម្ពុជា​ក្នុង​ការ​ធ្វើ​ការ​ត្រួត​ពិនិត្យ​បន្ដ។

លោក​ អ៊ុត ​ឈន ​អគ្គសវនាករ​នៃ​អាជ្ញាធរជាតិ​សវនកម្ម​កម្ពុជា​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ឯករាជ្យ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០០៨​ ដើម្បី​ធ្វើ​ការត្រួត​ពិនិត្យ​បន្ថែម​លើ​បញ្ហា​ខាង​លើ​នេះ។ ​លោក​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាស៍​ជាមួយ​នឹង​វីអូអេ ​ជា​ខេមរ​ភាសា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​មុន​ថា ​ការ​ធ្វើ​សវកម្ម​នោះ​មិន​បាន​រក​ឃើញ​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។

«ដូច​ជា​មិន​ធ្ងន់ធ្ងរ​អី​ទេ​ក្នុង​របាយការណ៍​ហ្នឹង។​ ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​មាន​តែ​បុគ្គល​ទេ​ដែល​លើក​បញ្ហា​នេះ​មក។ ​មាន​ការ​លើក​ជា​ទូទៅ​អំពី​ចំណោទ​ថា​ ហេតុអ្វី​បុគ្គលណា​ម្នាក់​ត្រូវ​ឈប់។​ ហើយ​យើង​មើល​ទៅ​វា​ជា​លក្ខការណ៍​ធ្វើ​ការ​របស់​គេ»។

ក្រុម​មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង​បួន​រូប​ក្នុង​សំណុំរឿង​០០២ ​គឺ​មេធាវី​របស់​ នួន ​ជា ​ខៀវ ​សំផន​ អៀង ​សារី ​និង​អៀង ​ធីរិទ្ធ​ បាន​ស្នើ​សុំ​ឲ្យ​សហចៅក្រហម​ស៊ើបអង្កេត​បើក​ការ​ស៊ើបអង្កេត​លើ​ការចោទ​ប្រកាន់​ស្ដីពី​អំពើ​ពុករលួយ​នេះ។​ ក្រុម​មេធាវី​ចាត់​ទុក​ថា ​អំពើ​ពុករលួយ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុត្តិធម៌​សម្រាប់​កូន​ក្ដី​ពួក​គេ។​ ក៏​ប៉ុន្ដែ​សហចៅក្រមស៊ើប​អង្កេត​បដិសេធ​សំណើ​នោះ​ដោយ​សំអាង​ថា ​ការ​ស៊ើបអង្កេត​បែប​នេះ​មិន​ស្ថិត​ក្រោម​យុត្តាធិការ​របស់​ខ្លួន​ទេ។

កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ ​(UNDP)​បាន​បង្កក​លុយជំនួយ​បរទេស​ដល់​ភាគី​កម្ពុជា​ចំនួន ​៧សែន២ម៉ឺន​ដុល្លារ​អាមេរិក ​ដោយ​រង់ចាំ​ការ​ដោះស្រាយ​រឿង​អាស្រូវ​នេះ​ចប់​សព្វ​គ្រប់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ស្រុក​ក៏​បាន​សម្តែង​កង្វល់​អំពី​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​ដែរ។​ ជាមួយ​គ្នា​នេះ ​ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក៏​ធ្លាប់​បាន​ទាមទារ​ឲ្យ​មាន​ការ​បញ្ចេញ​របាយការណ៍​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ស្រាវជ្រាវ​លើ​ការ​ចោទ​ប្រកាន់​អំពើ​ពុករលួយ​នេះ​ផង​ដែរ។ ក៏​ប៉ុន្ដែ​របាយការណ៍​នៅ​តែ​មិន​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ​នៅ​ឡើយ​រហូត​មក​ទល់​ពេល​នេះ។

លោក ​អ៊ុត ​ឈន ​មាន​ប្រសាសន៍​ថា​ ចាប់តាំង​ពី​មាន​ការ​លេច​ធ្លាយ​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី និង​អំពើ​ពុក​រលួយ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​២០០៧ ​នោះ​មក ​លោក​បាន​ធ្វើ​របាយការណ៍​ម្ដង​ហើយ។​ របាយការណ៍​នោះ​បាន​ចែក​ជា​ពីរ​ផ្នែក ​ក៏ប៉ុន្ដែ​លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​ពិស្ដារ​ក្នុង​របាយការណ៍​នោះ​បាន​ទេ​ ដោយ​ហេតុ​ថា​មាន​តែ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​លោក​បាន​ គីមូន​ និង​មន្ដ្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​កិច្ចការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​ទើប​មាន​តួនាទី​ទទួល​របាយការណ៍​នេះ។

ប៉ុន្តែ​លោក​ អ៊ុត​ ឈន ​បាន​បញ្ជាក់​ថា ​លោក​បាន​បញ្ជូន​របាយការណ៍​ទី​២​ស្តីពី​ការងារ​របស់​អង្គភាព​នា​នា​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ទៅ​អង្គការ​សហប្រជាជាតិ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កាលពី​សប្ដាហ៍​មុន។

លោក​ អគ្គសវនករ​កម្ពុជា ​និង​ជា​ទីប្រឹក្សា​ឯករាជ្យ​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ដដែល​ បាន​គូស​បញ្ជាក់​ថា ​លោក​សង្កេត​ឃើញ​ថា ​មាន​ការ​ប្តូរ​របៀប​របប​ធ្វើ​ការ​ផ្នែក​រដ្ឋបាល​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ ហើយ​ចំណោទ​ពី​ភាព​មិន​ប្រក្រតី ​និង​អំពើ​ពុករលួយ​ត្រូវ​បាន​ឈប់​លើក​មក​និយាយ​តទៅ​ទៀត​ដើម្បី​ឲ្យ​ដំណើរការ​កាត់​ទោស​បន្ត​ដំណើរ​ទៅ។

«ក្រោយ​ពី​ធ្វើ​សវនកម្ម​ប្រាំមួយ​លើក​ គឺ​យើង​ចាត់​ទុក​រឿង​ចាស់​ទុក​មួយ​ឡែក ​ឈប់​និយាយ ​ហើយ​គេ​បង្កើត​ឲ្យ​មាន​គោលការណ៍​ណែនាំ​ដើម្បី​រើស​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ។ ​ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ខាង​រដ្ឋបាល​បាន​ធ្វើ​ការ​ហ្មត់ចត់​របស់​គេ»។

បើ​ទោះ​ជា​មិន​មាន​ការ​ធ្វើ​ចំណាត់ការ​ណា​មួយ​លើ​ចំណោទ​ពី​ភាព​មិន​ប្រក្រតី​ និង​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​ក៏​ដោយ ​ក៏​គេ​ឃើញ​មាន​ការ​ដោះដូរ​លោក​ ស៊ាន ​វិសុទ្ធ ​ប្រធាន​រដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម​ចេញ ​ហើយ​ជំនួស​វិញ​ដោយ​លោក​ ក្រាញ់ ​តូនី។​ លោក​ ក្រាញ់ ​តូនី ​បាន​បំពេញ​មុខងារ​ជា​ប្រធាន​រដ្ឋបាល​ស្ដីទី​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​ចាក​ចេញ​របស់​លោក ​ស៊ាន ​វិសុទ្ធ​ នៅ​តែ​ស្ថិត​ក្រោម​រូបភាព​ជា​ការ​ឈប់​សម្រាក​ដោយ​បញ្ហា​សុខភាព​រហូត​មក​ទល់​ពេល​នេះ​ដោយ​មិន​មាន​ការ​ផ្ទេរ​ការងារ​ជា​ផ្លូវការ​នោះ​ទេ។​ រី​ឯ​លោក​ កែវ​ ធីវុទ្ធ ​ប្រធាន​ផ្នែក​បុគ្គលិក​ខាង​ភាគី​កម្ពុជា​ក៏​ត្រូវ​ប្ដូរ​ចេញ​ផង​ដែរ​នៅ​ឆ្នាំ​២០០៨ ​ដោយសារ​ការ​ចោទ​ប្រកាន់​នៃ​អំពើ​ពុក​រលួយ និង​ភាព​មិន​ប្រក្រតី​នេះ។

ថ្វីបើ​របាយការណ៍​មិន​ត្រូវ​បាន​លាត​ត្រដាង​ជា​សាធារណៈ ក៏ប៉ុន្ដែ​លោក ​នេត្រ ​ភក្រ្ដា ​អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​ ពុំ​មាន​ការ​រក​ឃើញ​ថា ​មាន​អំពើ​ពុក​រលួយ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​នោះ​ទេ។

«ការ​ធ្វើ​សវនកម្ម​ប្រាំពីរ​ដង​កន្លង​មក​មិន​បាន​រក​ឃើញ​បញ្ហា​នៃ​ភាព​មិន​ប្រក្រតី ​និង​អំពើ​ពុក​រលួយ​ទេ»។

យ៉ាងណា​ក៏​ដោយ ទាំង​លោក ​នេត្រ​ ភក្ដ្រា ​អ្នក​នាំ​ពាក្យ​ខាង​ភាគី​កម្ពុជា ​និង​លោក​ ឡាស ​អលសិន ​អ្នក​នាំ​ពាក្យ​ខាង​ភាគី​អង្គការ​សហប្រជាជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​សុទ្ធ​តែ​បាន​អះអាង​ថា ​មិន​បាន​ឃើញ​របាយការណ៍​សវនកម្ម​ទេ។

លោក ​ឡាស ​អលសិន ​មាន​ប្រសាសន៍​ថា ​លោក​បាន​ដឹង​ថា ​មាន​ការ​បញ្ជូន​របាយការណ៍​ស្ដីពី​បញ្ហា​នេះ​ទៅ​កាន់​ភាគី​ទាំង​សង​ខាង​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​មុន ​ប៉ុន្ដែ​លោក​មិន​ដឹង​ថា​ វា​មាន​ខ្លឹមសារ​យ៉ាង​ណា​នោះ​ទេ៕

XS
SM
MD
LG