ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន ហ្វក្ស​សតវត្សរ៍ទី២០ ចូលទៅក្នុង​ទីផ្សារបស់​ភូមា


ផ្លាកសញ្ញា​ក្រុមហ៊ុនហ្វក្ស សតវត្សរ៍​ទី២០
ផ្លាកសញ្ញា​ក្រុមហ៊ុនហ្វក្ស សតវត្សរ៍​ទី២០

ក្រុមហ៊ុន​ ហ្វក្ស បាន​ដកចេញ​ពី​ប្រទេស ភូមា បន្ទាប់​ពី​រដ្ឋ​​ប្រហារ​​កាល​ពី​​ឆ្នាំ​​១៩៦២។

ប្រែសម្រួល​ដោយ​ លី​ សុខ​ឃាង
ក្រុមហ៊ុន​ថតភាពយន្ត​របស់​សហរដ្ឋអាមេរិក ដែលមាន​ឈ្មោះថា​ ហ្វក្ស សតវត្សរ៍​ទី២០ (20th Century Fox) បាន​ប្រកាស​ពីការ​ចេញផ្សាយខ្សែភាពយន្ត​ផ្លូវការ​លើក​ដំបូង​បង្អស់​របស់​ខ្លួន​នៅប្រទេសភូមា (Burma) ចាប់តាំងពី​ក្រុមហ៊ុននេះ​បាន​ដក​ចេញ​ពី​ប្រទេស​នេះកាល​ពីទស្សវត្សរ៍​ឆ្នាំ​១៩៦០។ ក្រុមហ៊ុន ហ្វក្ស (Fox) គឺជាក្រុមហ៊ុន​អាមេរិកាំង​ដំបូង​បំផុត​មួយ ដែលបាន​ធ្វើ​ទំនាក់​ទំនងឡើង​វិញជាមួយ​ប្រទេស ភូមា បន្ទាប់ពីការដាក់ទណ្ឌកម្ម​ត្រូវ​បាន​បន្ធូរ​បន្ថយ​។ Danielle Bernstein នៅក្នុងទីក្រុង​បាងកក​ (Bangkok) រាយការណ៍​អំពី ថាតើចំណាត់ការ​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ​សម្រាប់​អ្នក​ទៅទស្សនាខែ្ស​ភាពយន្ត​នៅក្នុង​ប្រទេស ភូមា និង​ឧស្សាហកម្ម​ភាពយន្ត​ក្នុងស្រុក​របស់​ប្រទេស​នេះ។
បទពិសោធន៍សម្រាប់អ្នកទៅទស្សនា​ខ្សែភាពយន្ត​គឺជា​បទពិសោធន៍​ចុងក្រោយបង្អស់ នៅ​ក្នុង​បញ្ជី​យ៉ាង​វែង​នៃ​រឿងរ៉ាវ​ទាំងឡាយ ដែលកំពុង​ផ្លាស់ប្តូរ​ទីក្រុង រ៉ង់​ហ្គោន (Rangoon)។ ក្រុមហ៊ុន ហ្វក្ស សតវត្សរ៍​ទី២០ (20th Century Fox) ​បាន​ផ្តល់​សិទ្ធិ​ចាក់បញ្ចាំងខ្សែភាពយន្ត​មួយជាផ្លូវការនិង​ជាលើក​ទីមួយ ដែលជា​ខ្សែភាពយន្ត​ ទីតានិក 3D ទៅឳ្យ​ក្រុមហ៊ុន​ មីងហ្គាឡារ៍ (Mingalar) ​ដែល​ជា​ក្រុមហ៊ុន​ពិព័រណ៌ភាព​យន្ត​ឯកជនធំបំផុត​របស់​ប្រទេស​ភូមា​ ដែល​បាន​គ្រប់គ្រង៨០​ភាគរយ​នៃ​ទីផ្សា​ក្នុង​ស្រុក ដោយ​មាន​រោងភាព​យន្ត​ចំនួន​៨កន្លែង។
លោក ស៊ុនឌើ គីម៉ាត្រៃ (Sunder Kimatrai) អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុម​ហ៊ុន​អន្តរជាតិ​ ហ្វក្ស សតវត្សរ៍​ទី២០ (20th Century Fox) មាន​ប្រសាសន៍ថា​ ក្រុមហ៊ុន​ ហ្វក្ស បាន​ដកចេញ​ពី​ប្រទេស ភូមា បន្ទាប់​ពី​រដ្ឋប្រហារកាល​ពីឆ្នាំ១៩៦២។
នៅក្នុងចន្លោះ​នៃរយៈពេលកន្លងទៅនេះ ការលួច​ថតចម្លង​ខ្សែភាពយន្ត ហូលីវូដ (Hollywood) ត្រូវបាន​រត់​ពន្ធ​ចូល​ក្នុង​ប្រទេស​នេះ​ជាញឹកញាប់​ពីប្រទេស​ថៃ ហើយ​បាន​ចាក់បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​ទាំងឡាយ​ ដោយរាប់​បញ្ចូលទាំង​រោងភាពយន្ត​ដែល​គ្រប់គ្រង​ដោយ​ ក្រុម​ហ៊ុន មីងហ្គាឡារ៍ ផងដែរ។ លោក គឹមត្រៃ និយាយថា ក្រុម​ហ៊ុននេះ​សង្ឃឹម​ថា​នឹង​ផ្លាស់ប្តូរ​ចរន្ត​បែបនោះ។
យើង​មានផលប្រយោជន៍​ក្នុងការការពារ​កម្មសិទ្ធិ​បញ្ញា​របស់យើង​ ដែល​ទោះជា​យ៉ាងណា​ក៏ដោយ វា​គឺជា​ទ្រព្យ​សម្បត្តិ​ដ៏​មានតម្លៃ​បំផុត​របស់​យើង។ ដូចយើង​បាន​អនុវត្ត​នៅ​កន្លែង​ផ្សេងៗ​ទៀត យើងនឹង​ប្រឹង​ប្រែង​ឳ្យ​អស់​លទ្ធភាព នូវ​អ្វី​ដែល​យើង​អាចធ្វើ​បាន ក្នុង​ការពង្រឹង​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​របស់​យើង។​ ហើយ​ជាការ​ពិតណាស់ នៅ​ក្នុង​ពេល​ដែល​មាន​បញ្ហា​កើតឡើង​នោះ​គឺ​ថា​ យើង​ចង់​ពិចារណា​ការអនុវត្ត​បែបនេះ​នៅ​ភូមា​តែម្តង។ ការ​ចាក់​បញ្ចាំងដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​លើបណ្តាញ​អ៊ីនធឺណិត ឬ​រោងភាពយន្ត​ គឺជាបញ្ហា​ដែល​យើង​កំពុង​ប្រឈមមុខ​នៅ​ទូទាំង​ពិភពលោក។ ក្នុង​ន័យនេះ ភូមា​មិន​មែន​ជាករណីលើកលែងនោះ​ទេ។»
ក្រុមហ៊ុន​ ហ្វក្ស ​នាពេលថ្មីៗនេះ បានចូលទៅក្នុង​ទីផ្សា​នៃ​ប្រទេស​មួយ​ចំនួន​ ដូចជា ប្រទេស​វៀតណាម កម្ពុជា និងប៉ាពួរហ្គីណេ (Papua Guinea) ជាដើម។ លោក គឹមត្រៃ បាន​ឳ្យ​ដឹងថា​ ការ​បន្ធូរបន្ថយ​ទណ្ឌកម្មកាល​ពីពេល​ថ្មីៗនេះ ហាក់​ដូចជា​ឳកាស​ដ៏ល្អ​មួយ​ក្នុង​ទាញ​យក​ប្រយោជន៍​ពីការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស ភូមា។ សំបុត្រ​នឹង​ត្រូវ​លក់ក្នុង​តម្លៃ​រហូតដល់​៣,៥០ដុល្លារ (ដែល​ស្មើនឹង​៣ពាន់​យ៉ាត) ដែល​ថ្លៃជាង​៦ដង​លើសតម្លៃ​សំបុត្រធម្មតា ប៉ុន្តែ​លោក គឹម​ត្រៃ​ ថ្លែងថា​ លោក​ជឿថា​ ក្រុម​មនុស្ស​នឹង​សុខចិត្ត​ចំណាយ​ប្រាក់​ដើម្បី​មើល​ខ្សែភាពយន្ត​មាន​គុណភាព​ខ្ពស់ជាង​ជាក់​ជា​ពុំ​ខាន។
កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន មីងហ្គាឡារ៍ បាន​វិនិយោគក្នុង​ទឹកប្រាក់​ចំនួន​បី​សែនដុល្លារ​ទៅ​លើឧបករណ៍បញ្ចាំង​ឌីជីថលថ្មី ដែល​លោក គឹម​ត្រៃ ​និយាយ​ថា​អាចធ្វើឳ្យកាន់តែមាន​ភាពងាយស្រួលជាងមុនក្នុង​ការ​គ្រប់​គ្រងផ្នែកសន្តិសុខ​លើសម្ភារ​ដែល​មាន​កម្មសិទ្ធិ​បញ្ញា។
​ការ​ធ្វើបច្ចុប្បន្នភាព​លើ​ឧបករណ៍​បញ្ចាំង​ចាស់​នៅ​តាម​រោងភាពយន្ត​របស់​ភូមា អាច​មាន​ឥទ្ធិពលយ៉ាង​ខ្លាំងមួយ ​ទៅ​លើ​វិស័យ​ឧស្សាហកម្ម។ លោក វីលៀម ប៊ូវលីង (William Bowling) នៃ​បណ្តាញ​គណៈកម្មាការខ្សែភាពយន្ត​អាស៊ី (Asian Film Commission Network) ថ្លែងថា​ ភូមា ធ្លាប់​ជា​ប្រទេស​ដែលមាន​ឧស្សាហកម្មភាព​យន្ត​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​តំបន់ ប៉ុន្តែ​ ក្រុម​អ្នក​ថត​ខ្សែភាពយន្ត​នៅក្នុង​តំបន់ ត្រូវបានទុកចោល ទាក់ទង​ទៅនឹងផ្នែក​បច្ចេកវិជ្ជា។
«ពួកគេ​កំពុង​ស្រេកឃ្លានការអប់រំយ៉ាងខ្លាំង​ និងក្នុងការ​កសាង​ឧស្សាហកម្មមួយ នាពេល​ឥឡូវនេះ។ ពួកគេចាត់ទុក​ខ្លួន​ឯងថា​កំពុង​តែ​ចាក​ចេញពីយុគសម័យ​ងងឹត​សូន្យ​សុង ហើយ​ពួកគេ​ត្រូវ​ការជំនួយ​ជាច្រើន​។ ជា​ការពិត​ណាស់​ មាន​មនុស្ស​នៅ​ទីនោះ​ ដែលចាប់​អារម្មណ៍​ធ្វើ​កិច្ច​ការនេះ​។ អ្វីដែល​ស្តែង​ឳ្យ​ឃើញ​ពី​ថវិការ​យ៉ាង​ទាប និងវិមតិនោះ​គឺថា​ ពួកគេ​អាច​មាន​ផលិតកម្ម​ភាពយន្ត​ដែលមាន​តម្លៃកាន់តែ​ច្រើនជាងមុន​សម្រាប់​ក្រុមហ៊ុន​របស់​ពួកគេ ប្រសិនបើ​ពួកគេឈាន​ទៅរកទម្រង់​ឌីជីថល។ ប៉ុន្តែ​ពួកគេ​ពិតជា​មិន​បាន​ធ្វើ​កិច្ច​ការ​នេះ​ទេ។
កាលពីអតីតកាល​ ប្រទេស​ភូមា​បាន​ផលិត​ខ្សែភាពយន្ត​ជាង​១០០​ក្នុង​មួយ​ឆ្នាំ។ បច្ចុប្បន្ន​នេះ​ ថវិការ​ជាមធ្យមសម្រាប់​ខ្សែភាពយន្ត​ភូមា គឺ​ប្រហែល១សែន​ដុល្លារ ហើយ​នឹង​ត្រូវបញ្ចប់​ក្នុង​រយៈពេលបីបួនសប្តាហ៍​ ឬប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ។​ លោក ប៊ូលីង ថ្លែង​ថា គុណភាព​ខ្សែភាព​យន្ត​កំពុង​មានភាព​ប្រសើរឡើង ដូចដែលត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​គម្រោងដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ននេះ​ ដែល​ជា​រូបភាព​ជីវប្រវត្តិរបស់​លោក​ឧត្តមសេនីយ​ អ៊ុង សាន (Aung San)។
នៅ​ឯទីប្រជុំជន​នាទីក្រុងរ៉ង់​ហ្គោន មនុស្ស​ឈរ​តម្រង់ជូរ​ចូល​រោងភាពយន្ត​ ដែលជាកន្លែង​ជួបជុំ​គ្នានៅ​រោង​ភាព​យន្ត​ទោល​ប្រកប​ដោយមនុស្ស​កកកុញ​បំផុត​របស់​ប្រទេស​នេះ ដែល​រោងភាពយន្ត​ខ្លះកកើត​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩២០​មកម៉្លេះ។ ប៉ុន្តែ​ លោក ហ្វីលីព ចាប្លុន (Philip Jablon) ដែល​បាន​សរសេរ​នៅ​ក្នុងប្លុកអ៊ីនធឺណែតអំពី​រោង​ភាព​យន្តនៅ​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍​នេះ បាន​ថ្លែង​ថា ឥឡូវនេះ រោងភាពយន្ត​យ៉ាង​លេចធ្លោ​ទាំងនេះ​ កំពុងរង​ការ​គំរាមកំហែង​ពីអគារ​ទំនើបៗ​នៃហាងថ្មីធំៗ​របស់​ប្រទេសនេះ។
«យើងកំពុង​បាត់​បង់វប្បធម៌​នៅ​តាម​ផ្លូវ។ ក្នុង​អំឡុង​សតវត្សរ៍​ទី២០ នេះ​ជា​របៀប​ដែល​ប្រជាពលរដ្ឋបាន​ចំណាយ​ពេល​ទំនេរ​របស់ខ្លួន។ ពេល​ទំនេរ​ទាំងនោះ​គឺ​នៅ​តាម​ដង​ផ្លូវតែ​ម្តង ដែលជាពេល​ទំនេរ​នៅ​តាម​សហគមន៍ ដែលមនុស្សម្នា​អាច​ចូលរួម​បាន។ ឧទាហរណ៍​គឺថា​មិនដូចជានៅក្នុង​ទីក្រុង​បាង​កកទេ ដែលឥឡូវនេះ ​អ្វីៗ​ទាំងអស់ត្រូវ​គ្របដណ្តប់​ទៅដោយ​អគារ​ហាងទំនិញធំៗ។
លោក ចាប្លុន ថ្លែងថា​ នៅ​ថ្ងៃ​សម្រាក​ រោងភាពយន្ត​នៅ​ទីប្រជុំជន​ទីក្រុង​ រ៉ង់​ហ្គោន មាន​លំដាប់ថ្នាក់​ពិភពលោក ហើយ​ចាក់បញ្ចាំង​ខ្សែភាពយន្ត​អន្តរជាតិ ដែលមកពីទូទាំង​ពិភពលោក ព្រមទាំង​មានការ​សម្តែងផ្ទាល់ទៀត​ផង។ ឥឡូវនេះ មានផែនការ​វាយកម្ទេច​រោង​ភាពយន្ត​ភាគ​ច្រើនចោល៕
XS
SM
MD
LG