មានពាក្យគន្លឹះពីរដែលនាំឲ្យមានការនាំយកអតីតក្រុមខ្មែរក្រហមដែលបង្កឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ប្រហែលពីរលាននាក់មកកាត់ទោសក្នុងតុលាការកូនកាត់អង្គការសហប្រជាជាតិនិងកម្ពុជានាពេលបច្ចុប្បន្ននេះ។
ជនពីរជំពូកដែលត្រូវយកមកកាត់ទោសនេះគឺមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយណាដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មនិងការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលប្រទេសកម្ពុជាទទួលស្គាល់។ នេះបើតាមខ្លឹមសារច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញហៅកាត់ថាតុលាការខ្មែរក្រហម។
សម្រាប់មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យដែលកំពុងជាប់ក្នុងតុលាការខ្មែរក្រហមរង់ចាំការកាត់ទោសមានលោក នួន ជា មេមនោគមវិជ្ជាខ្មែរក្រហមនិងជាអតីតប្រធានសភាជាតិ ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។ អ្នកទាំងនេះស្ថិតក្នុងសំណុំរឿងលេខ០០២ដែលកំពុងរង់ចាំការកាត់ទោស។
ការប្រទាញប្រទង់គ្នាស្ថិតនៅលើជនប្រភេទទីពីរដែលគេហៅថា អ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុត។ ក្រៅពីកាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងហៅមន្ទីរស២១ ក្នុងសំណុំរឿងលេខ០០១ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ ជនសង្ស័យដទៃទៀតហាក់នៅមានការដេញដោលគ្នានៅឡើយ។
លោកម៉ោញ សាផាន មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ីនប៉ិចនិងជាអតីតប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភាជាតិដែលបានចូលរួមធ្វើការជាមួយរដ្ឋាភិបាលក្នុងការតាក់តែងច្បាប់បង្កើតសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា តុលាការមានសិទ្ធិសម្រេចថានឹងត្រូវចោទប្រកាន់ជនណាឬមិនចោទប្រកាន់ដោយសារច្បាប់ដែលបានរៀបចំឡើងបានទុកលទ្ធភាពច្រើនដល់តុលាការ។ ប៉ុន្តែច្បាប់នោះ ក៏បើកទូលាយឲ្យនាំយកមកកាត់ទោសចំនួនជនល្មើសច្រើននាក់ដែរគឺមិនមានការកំណត់ចំនួនទេ។
«យើងបើកទូលាយ គឺមិនកំណត់ថាអ្នកទទួលខុសត្រូវខ្ពស់បំផុតហ្នឹង តើយកតែពីត្រឹមណាទេព្រោះយើងអាចប្រគល់ឲ្យតុលាការអាចយកពីប្រធានគុកនៅតាមមូលដ្ឋានផ្សេងៗក៏បាន ឬក៏ចាប់យកពីប្រធានសហករណ៍ចុះក្រោមក៏បាន ឬក៏ចាប់យកពីប្រធានសន្តិសុខត្រឹមថ្នាក់ណាដល់ត្រឹមណាក៏បានដែរ គឺនៅលើក្របខណ្ឌតុលាការ។ អញ្ចឹងអត់មានកំណត់ច្បាស់ថាមានតែគុកទួលស្លែងមួយដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុតទេ»។
លោកមុត ចាន់ថា អ្នកវិភាគឯករាជ្យនិងជាអតីតសមាជិកម្នាក់ក្នុងក្រុមចរចាខាងភាគីអង្គការសហប្រជាជាតិជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើតតុលាការខ្មែរក្រហមបានបញ្ជាក់ស្រដៀងគ្នាដែរថា ការចង់បានរបស់អង្គការសហប្រជាជាតិគឺទុកលទ្ធភាពច្រើនឲ្យតុលាការជាអ្នកសម្រេចថាជនណាដែលត្រូវយកមកកាត់ទោស៖
«នៅពេលដែលពិភាក្សាគឺខាងភាគីអង្គការសហប្រជាជាតិ គេមិនចង់ឲ្យមានពាក្យនេះនៅក្នុងសេចក្តីព្រាងច្បាប់ ឬនៅក្នុងកិច្ចព្រមព្រៀងទេដោយទុកយុត្តាធិការហ្នឹងឲ្យតុលាការជាអ្នកសម្រេច ខាងព្រះរាជអាជ្ញាឬខាងចៅក្រមស៊ើបអង្កេតជាអ្នកសម្រេច ក៏ប៉ុន្តែភាគីខ្មែរលើកចំណុចនេះឡើងគូសរង្វង់មួយកុំឲ្យតុលាការហ្នឹងដើរហួសពីរង្វង់ដែលភាគីកម្ពុជាហ្នឹងគូស។ មានន័យថាអ្នកទទួលខុសត្រូវខ្ពស់បំផុតហ្នឹងគឺគេចង់សំដៅទៅលើអ្នកដែលទទួលបទបញ្ជាពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាប្រជាធិបតេយ្យហ្នឹងឬក៏មានទទួលយកផែនការពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមហ្នឹងមកអនុវត្តដើម្បីសម្លាប់មនុស្សបង្ខំមនុស្សឲ្យធ្វើការលើសកម្លាំងឬក៏ការធ្វើទុរ្ភិក្សមនុស្ស»។
អង្គការសហប្រជាជាតិនិងប្រទេសកម្ពុជាបានព្រមព្រៀងបង្កើតសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកាលពីខែមិនា ឆ្នាំ២០០៣ក្រោយពេលភាគីទាំងពីរបានចរចាគ្នាជាង៥ឆ្នាំលើគម្រោងការកាត់ទោសនេះ។ ភាគីទាំងពីរបានដើរចេញពីការចរចាគ្នានេះយ៉ាងតិចក៏ម្តងដែរដោយសារការមិនចុះសម្រុងគ្នាលើបញ្ហាសំខាន់មួយចំនួនរួមទាំងការមិនធានាឯករាជ្យភាពនិងភាពមិនលម្អៀងសម្រាប់ភាគីអង្គការសហប្រជាជាតិជាពិសេសការព្យាយាមប្រើប្រាស់ច្បាប់ជាតិគ្រប់គ្រងដំណើរការតុលាការ។
តុលាការកាត់ទោសក្រុមខ្មែរក្រហមមានការប្រទាំងប្រទើសគ្នារវាងសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិនិងរវាងក្រុមព្រះរាជអាជ្ញានិងក្រុមចៅក្រមស៊ើបអង្កេតទាក់ទងនឹងករណី០០៣និង០០៤ដែលមានជនសង្ស័យបន្ថែមចំនួនប្រាំនាក់ ដែលឯកសារលេចធ្លាយចេញពីតុលាការខ្មែរក្រហមបានបញ្ជាក់គឺមានឈ្មោះ លោកមាស មុត លោកស៊ូ ម៉េត លោកស្រីអ៊ឹម ចែម តាអាន និងតាទិត្យ។
លោកមុត ចាន់ថាសម្តែងការសោកស្តាយថាមិនគួរមានការប្រទាំងប្រទើសក្នុងការចោទប្រកាន់ជនសង្ស័យបន្ថែមទេព្រោះនៅមិនទាន់ប្រាស់ចាកពីការព្រមព្រៀងគ្នារវាងអង្គការ សហប្រជាជាតិនិងរដ្ឋាភិបាលឡើយ៖
«សហព្រះរាជអាជ្ញាបរទេសដែលផ្តួចផ្តើមចោទប្រកាន់ករណី០០៣និង០០៤បញ្ជូនទៅឲ្យសហចៅក្រមដើម្បីធ្វើការស៊ើបអង្កេតបន្តនោះគឺមិនទាន់ប្រាស់ចាកពីអ្វីដែលឯកភាពគ្នា ហើយក៏វាមិនទាន់ប្រាសចាកពីអត្ថន័យខ្លឹមសារទាំងពីរគឺអ្នកមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតគឺមានន័យថាវាមិនទាន់ប្រាសចាកពីខ្លឹមសារទាំងពីរនេះទេ។ អញ្ចឹងអ្វីដែលសហចៅក្រមបរទេសនិងខ្មែរយើងធ្វើការសម្រេចបដិសេធចោលមិនបន្តនីតិវិធី០០៣នេះវាជាចំណុចមួយគួរឲ្យសោកស្តាយ ពីព្រោះថាករណីនេះវាស្ថិតនៅក្នុងយុត្តាធិការរបស់តុលាការនៅឡើយ»។
លោកម៉ោញ សាផានក៏បានបញ្ជាក់ថាសម្រាប់ករណី០០៣និង០០៤ដែលព្រះរាជអាជ្ញាអន្តរជាតិស្នើឲ្យស៊ើបអង្កេតបន្ថែមលើជនសង្ស័យចំនួនប្រាំនាក់បន្ថែមទៀត គឺស្ថិតនៅក្នុងក្របខណ្ឌច្បាប់ដែលសភាបានអនុម័ត។
«ខ្ញុំមើលទៅគឺអត់មានដើរផុតពីក្របខណ្ឌនៃខ្លឹមសារច្បាប់ដែលបានកំណត់ទេគឺនៅលើតែរាជអាជ្ញាឬក៏ចៅក្រមស៊ើបអង្កេតគាត់ជាអ្នកលើកសំណើឡើងពីបញ្ហានេះ។ ខ្ញុំថាមើលទៅ ០០៣និង០០៤គឺអត់មានដើរផុតពីក្របខណ្ឌច្បាប់ទេ»។
អង្គការ Human Rights Watch ក៏បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញកាលពីដើមខែតុលាថា ភាសាដែលមាននៅក្នុងកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិនិងប្រទេសកម្ពុជាគឺសរសេរឡើងសំដៅយ៉ាងពិតប្រាកដលើក្រុមជនសង្ស័យដែលកំពុងមាននៅក្នុងសំណុំរឿង០០៣និង០០៤។
ចៅក្រមស៊ើបអង្កេត Siegfried Blunk និងយូ ប៊ុនឡេងនិយាយកាលពីដើមឆ្នាំនេះថាពួកគេមានការមន្ទិលសង្ស័យយ៉ាងខ្លាំងថាតើជនសង្ស័យប្រាំនាក់ក្នុងករណីទាំងពីរនេះអាចចាត់ទុកថាជាអ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុតឬយ៉ាងណានោះទេចំពោះឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម។
រីឯលោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថាលោកមិនចង់ឲ្យមានការកាត់ទោសណាដែលលើសពីសំណុំរឿង០០១និង០០២នាពេលបច្ចុប្បន្ននេះទេដោយលោកលើកសំអាងហេតុផលសន្តិសុខនិងសន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបក៏បានផ្តល់បទសម្ភាសជាបន្តបន្ទាប់ដល់ក្រុមអ្នកសារព័ត៌មានថាបើតុលាការចង់កាត់ក្តីឲ្យលើសពីករណីដែលមាននាពេលបច្ចុប្បន្នគេគួរតែវេចសម្ពាយត្រឡប់ចេញពីប្រទេសកម្ពុជា។
លោកខៀវ សន អតីតសមាជិកព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រឲ្យមានការបង្កើតតុលាការកាត់ទោសក្រុមខ្មែរក្រហមដោយលោកខ្លួនឯងក៏ជាជនរងគ្រោះដោយផ្ទាល់ម្នាក់ដែរពីការធ្វើទុក្ខទោសនៃរបបខ្មែរក្រហម។ លោកបានស្នើសុំកុំឲ្យមកការលូកដៃចូលក្នុងកិច្ចការរបស់តុលាការដោយទុកឲ្យតុលាការយកជនទទួលខុសត្រូវច្រើនថែមទៀតយកមកកាត់ទោស។
«ខ្ញុំឃើញខ្មែរក្រហមហ្នឹងគឺថាស្រេចទៅលើតុលាការកូនកាត់គាត់ធ្វើ។ កុំលូកដៃចូល។ ដូចជាឌុចត្រូវទទួលរងការកាត់ទោសប៉ុណ្ណេះហើយគាត់សម្លាប់ហើយមានលើសឌុចទៅទៀតអ្នកដែលសម្លាប់ហ្នឹងប៉ុន្តែត្រូវប្រមូលមកឲ្យអស់ដើម្បីយកមករកយុត្តិធម៌ជូនប្រជាជាតិដើម្បីឲ្យឃើញថាខ្មែរសម្លាប់ខ្មែរដោយសារអ្វី»។
ការកំណត់និយមន័យនៃពាក្យអ្នកទទួលខុសត្រូវខ្ពស់បំផុតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់តុលាការនេះទៅហើយ។
លោក John Ciorciari សាស្រ្តាចារ្យខាងផ្នែកកិច្ចការសាធារណៈនៃសាកលវិទ្យាល័យមីឈីហ្កេនធ្លាប់បានបញ្ជាក់ក្នុងបទសម្ភាសជាមួយវីអូអេថាករណី០០៣និង០០៤មានលេចចេញនូវការលូកដៃពីខាងផ្នែកនយោបាយ។
ចំណែកលោកគឹមសួរ ភីរិទ្ធ អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីបានបញ្ជាក់ថាច្បាប់នេះបានទុកចន្លោះប្រហោងច្រើនសម្រាប់ឲ្យតុលាការបកស្រាយតាមការយល់ឃើញរបស់គេបានដែលជាភាពប្រទាំងប្រទើសរហូតមកដល់សព្វថ្ងៃ។ លោកមិនបានលើកដៃអនុម័តច្បាប់នោះទេនៅពេលដែលឆ្លងកាត់ការពិភាក្សានៅឯសភាជាតិ។
«ការដែលឲ្យនិយមន័យមិនច្បាស់លាស់អញ្ចឹងហើយបានជាធ្វើឲ្យការកាត់ទោសខ្មែរក្រហមនេះគឺមានការលំបាកដោយសារតែរដ្ឋាភិបាលបច្ចុប្បន្ននេះគ្រាន់តែចង់សំដៅទៅលើមនុស្សតែបីបួននាក់ដែលចាត់ទុកថាជាក្បាលម៉ាស៊ីនចាំបាច់របស់របបខ្មែរក្រហម។ ប៉ុន្តែពួកក្បាលម៉ាស៊ីនទាំងអស់នោះមិនគ្រប់គ្រាន់ទេសម្រាប់ខ្ញុំដែលជាអ្នកតំណាងរាស្ត្រ។ ហើយខ្ញុំគិតថាការឲ្យនិយមន័យច្បាប់ដែលមិនមានន័យគ្រប់គ្រាន់ហ្នឹងហើយធ្វើឲ្យខ្ញុំពិបាកក្នុងការចូលរួមអនុម័តច្បាប់ខ្មែរក្រហមនេះណាស់ពីព្រោះ ខ្ញុំគិតថាវាមិនអាចរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋយើងបានទេ»។
ជនសង្ស័យបីនាក់ក្នុងចំណោមប្រាំនាក់ក្នុងសំណុំរឿងលេខ០០៣និង០០៤បានប្រាប់វីអូអេក្នុងបទសម្ភាសកន្លងមកថា មិនដែលមានមន្ត្រីស៊ើបអង្កេតខាងតុលាការណាម្នាក់បានទៅសាកសួរពួកគាត់ទាក់ទងនឹងការសង្ស័យចោទប្រកាន់ពីឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមទេបើទោះបីជាសំណុំរឿងលេខ០០៣ត្រូវបានចៅក្រមស៊ើបអង្កេតប្រកាសថាបិទបញ្ចប់ការស៊ើបអង្កេតក៏ដោយ។
យោងតាមឯកសារលេចធ្លាយចេញពីសាលាក្តីខ្មែរក្រហមដែលវីអូអេទទួលបាននិងក៏ធ្លាប់បានផ្សាយរួចហើយដោយកាសែតChristian Science Monitor និងវេបសាយ The Scoop បញ្ជាក់ថា ជនសង្ស័យក្នុងសំណុំរឿងលេខ ០០៣ គឺមានលោកមាស មុត ធ្លាប់ជាមេបញ្ជាការកងទ័ពជើងទឹក លោកស៊ូ ម៉េត ធ្លាប់ជាបញ្ជាការទ័ពអាកាស។
រីឯសំណុំរឿងលេខ០០៤មាន លោកស្រី អ៊ឹម ចែម អតីតគណៈស្រុកព្រះនេតព្រះ។ អោម អាន ឬ តាអាន អតីតអនុប្រធានតំបន់មជ្ឈិមនិងយឹម ទិត អតីតលេខាតំបន់១ និងជាសមាជិកគណៈកម្មការភូមិភាគពាយ័ព្យ៕