ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូ​និង​សិស្ស​​ជាង​៣០០នាក់​​តវ៉ា​ទាមទារ​ទម្លាក់​ថ្នាក់​ដឹក​នាំវិទ្យាល័យ​ជាស៊ីម​ឈូកវ៉ារឿង​ពុក​រលួយ


រូបភាពបង្ហាញក្លោងធ្វារវិទ្យាល័យជាស៊ីមឈូកវ៉ា។ (Facebook / Chea Sim Chhoukva High School)
រូបភាពបង្ហាញក្លោងធ្វារវិទ្យាល័យជាស៊ីមឈូកវ៉ា។ (Facebook / Chea Sim Chhoukva High School)

គ្រូបង្រៀន​ និង​សិស្សានុសិស្សនៅវិទ្យាល័យ​ជាស៊ីម​ឈូកវ៉ា​ជាង​៣០០​នាក់ ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឱ្យ​មាន​ការ​ទម្លាក់​នាយក​ និង​នាយក​រង​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​សាលា​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​គោករកា​ ខណ្ឌព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។

ការ​តវ៉ា​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ក្នុង​បរិវេណ​សាលា​រៀន​ ដែល​គេ​ឃើញ​សិស្ស​ជាច្រើន​នាក់​បាន​កាន់​បដា ដែល​មាន​សារ​ថ្លែង​ចោទ​ប្រកាន់​ថា​ ​លោក ​ប៊ុន មុនី​ ដែល​ជា​នាយក​សាលា​ថា«ជាបុគ្គល​ផ្តាច់ការ...មានគំនិត​ អត្ត​ទត្ថ​បុគ្គល​... ប្រើ​ប្រាស់​សម្តី​អសុ​រោះ​វាចា​ចំពោះ​បុគ្គលិក​ទូទៅ​និងបុ​គ្គល​ ចាយ​វាយ​ថវិកា​ក្នុង​សាលា​ក្នុង​អង្គភាព​ដោយ​សេរី» ហើយ​ផ្ទាំង​បដា​ខ្លះ​ទៀត​បាន​សរសេរ​ថា​ លោក​ប៊ុន មុនី​យក​តារាង​បាល់​ទាត់​រដ្ឋជួល​ឱ្យ​ឯកជន​ដោយ​គ្មាន​ការ​ពិភាក្សា​។ បង្ខំ​ឱ្យអាណាព្យា​បាល​សិស្ស​ឱ្យ​បង់ថ្លៃ​ទឹកភ្លើង​ ១នាក់​ ចំនួន៣ម៉ឺនរៀល​ក្នុង​មួយ​ឆ្នាំ ​ទទួល​សំណូក​ពី​បុគ្គ​លិក​មួយ​ចំនួន​ដោយ​ឥត​អៀន​ខ្មាស់»។

លោក​ប៉ោក សិទ្ធ អាយុ ៤១​ឆ្នាំ​ គ្រូបង្រៀន​នៃ​វិទ្យាល័យ​ជាស៊ីម​ឈូក​វ៉ា​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទថា ករណី​នេះ​បាន​កើត​មាន​ឡើង​យូរ​ឆ្នាំ​មក​ហើយ ​តាំង​ពី​ពេល​ដែល​លោក​ ប៊ុន មុនី​ឡើង​ជា​នាយក​សាលា​កាលពី​ឆ្នាំ​២០១១ ដែល​មក​ទល់​ពេល​បច្ចុប្បន្ន​មាន​រយៈពេល​ជាង​១៣ឆ្នាំ​ហើយ​។លោក​ថា​ សកម្ម​ភាព​នេះ​មិន​មែន​មាន​តែ​លោក​ប៊ុន មុនី​ជា​អ្នក​ប្រព្រឹត្តទេ​គឺ​មាន​ការ​ចូល​រួម​ពី​នាយក​រង​សាលា​និង​បុគ្គលិកមួយ​ចំនួន​ទៀត​។

បើ​តាម​គ្រូ​បង្រៀន​រូប​នេះ​ សកម្មភាព​ដែល​នាយក​សាលា​ និង​នាយករង​បាន​ធ្វើ​កន្លង​មក​នេះ​មាន​ដូច​ជា​ការ​កេង​ចំណេញ​ថវិកា​របស់​សាលា​ ជួល​តូប​លក់​ដូរ​ក្នុង​សាលា​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជួល​តារាង​បាល់​ក្នុង​សាលា​ឱ្យ​ទៅ​ឯកជន​ដោយ​គ្មាន​ការ​ជជែក​ពី​គ្រូៗ​ទាំង​អស់​ និង​បង្ខំ​ឱ្យ​សិស្សា​នុសិស្ស​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​បង់​ថ្លៃ​ភ្លើង​ទាំង​ដែល​សាលា​មាន​ថវិកា​សម្រាប់​ចំណាយ​លើ​សេវាកម្ម​នេះ​រួច​ទៅ​ហើយ​។

លោក​បន្ថែម​ថា បញ្ហា​មួយ​ទៀត​នាយក​សាលា​រូប​នេះ​បាន​ប្រព្រឹត្ត​គឺ​ការ​ប្រើ​ប្រាស់​ពាក្យ​មិន​សម​រម្យ ឬ​ពាក្យ​អសុរោះ​ជាញឹកញាប់​ មក​លើ​បុគ្គលិក​ដែល​ការណ៍​នេះបង្ហាញ​ពី​ភាព​ឥត​ក្រម​សីលធម៌​ និង​មិន​សាក​សម​ក្នុង​ការ​ធ្វើ​ជា​នាយក​សាលា​។

លោក​ថា​៖«ទាក់​ទង​នឹង​សីល​ធម៌​របស់​គាត់[នាយក​សាលា​]គឺ​ប្រើ​ពាក្យ​មិន​ល្អ​ទៅ​លើ​បុគ្គលិក គ្រូ​កាពិ គ្រូអន់​ ពាក្យ​មិន​សម​ជា​អ្នក​ដឹក​នាំ [leadership] មិន​សម​ជា​គណៈ​គ្រប់គ្រង​ទេ។ គាត់​សីលធម៌​គាត់​ខ្សោយ​ណាស់ គាត់​អត់​មាន​ការ​លើក​ទឹក​ចិត្ត​តែ​ម្តង​ វា​ពិបាក​មែន​ទែន​ក្នុង​ហ្នឹង​។ អាហ្នឹង​ជា​រឿង​ជាក់​ស្តែង​ហើយ​ទាំង​អស់​ហ្នឹង​គឺ​មជ្ឈដ្ឋាន​នៅ​សហគមន៍​ជុំវិញ​គេ​ដឹង​ទាំង​អស់​»។

ក្នុង​ការ​តវ៉ា​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ​គ្រូបង្រៀន​ដទៃ​ទៀត ​ក៏ដូច​ជា​សិស្ស​បាន​ ​ស្នើឱ្យ​ក្រសួង​អប់រំ យុវ​ជន​ និង​កីឡា​ជួយ​ដោះ​ស្រាយនិង​ចាត់​វិធាន​ការ​ក្នុង​ការ​ផ្លាស់​ប្តូរ​នាយក​និង​នាយករងសាលា​ទាំង​ពីរ​រូប​នេះ ជា​បន្ទាន់​ព្រោះ​ពួកគេ​មិន​សម​ធ្វើ​ជា​មេ​ដឹក​នាំ​នោះ​ទេ ហើយ​ក៏​ជា​គំរូ​មិន​ល្អ​សម្រាប់​ថ្នាក់​ដឹក​នាំ​ដទៀត​ដែរ​។

សិស្ស​នៃ​វិទ្យាល័យ​ជាស៊ីម​ឈូក​វ៉ា​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វីអូអេកាល​ពីពេល​ថ្មី​ៗ​នេះ​ថា គោល​បំណង​ដែល​លោកនិង​សិស្សានុសិស្ស​ផ្សេង​ទៀត​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នេះ​ព្រោះ​បន្ទប់​សិស្ស​មិន​មាន​ទឹក​ភ្លើង​ប្រើ​ជាង​មួយ​ឆ្នាំ​ហើយ​។ ហើយ​បញ្ហា​មួយ​ទៀត​នោះ​គឺ​សាលា​ជួល​តារាង​បាល់​រួម​ឱ្យ​ទៅ​ឯកជន​ដែល​ក្នុង​នោះ​សិស្ស​ម្នាក់​ៗ​ត្រូវ​ទាម​ទារ​ឱ្យ​បង់​លុយ​ទើប​ចូល​លេង​បាន​។

លោក​បាន​ឱ្យ​ដឹងទៀតថា​ ក្រោយ​ការ​តវ៉ា​លោក​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​សាលា​អញ្ជើញ​ទៅ​សាក​សួរ​ ថា​តើ​នរណា​ជា​អ្នក​ឱ្យ​លោក និង​សិស្សានុសិស្ស​ផ្សេង​ទៀត​ទៅ​ធ្វើ​ការ​តវ៉ា។ ​លោក​បាន​បក​ស្រាយថា​ការ​តវ៉ា​នោះ​ធ្វើ​ឡើង​ទៅ​តាម​ឆន្ទៈរបស់​សិស្ស​ ដែល​ស្នើ​ឱ្យនាយក​សាលា​គិត​គូរ​ឡើង​វិញ​ចំពោះ​បញ្ហា​ទឹក​ភ្លើង​ ដែល​សិស្ស​មិន​អាច​ប្រើបានជាង​មួយ​ឆ្នាំ​ហើយ​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ប៊ុន មុនី​នាយក​វិទ្យាល័យ​ជាស៊ីម​ឈូកវ៉ា​ និង​លោក យ៉ើ លាង នាយក​រង​នៃ​វិទ្យាល័យនេះ​បានទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​អបរំ​ យុវជន​និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា​ប្រាប់​វីអូអេ​តាម​សារ​តេឡេ​ក្រាម​ថា ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​នឹង​កំពុង​រៀប​ចំ​យន្តការ​ដើម្បី​តាម​ដាន​ និង​ដោះស្រាយ​បញ្ហា​នេះ​ហើយ​គ្រូបង្រៀន​ក៏​បាន​បញ្ឈប់​ការ​តវ៉ា​ផង​ដែរ​។

អ្នក​ស្រី​ថា​៖ «មន្ទីរ​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​នៅ​សាលា​ ហើយ​លោក​គ្រូ​អ្នកគ្រូ​លែង​បន្ត​ការ​តវ៉ា​ហើយ​»។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី​អ៊ុក ឆាយ៉ាវី​ ប្រាប់​វីអូអេថា ថ្នាក់​ដឹក​នាំ​សាលា​មិន​គួរ​កេង​ប្រវ័ញ្ច​ថវិកា​ ឬទ្រព្យ​សម្បត្តិ​រួម​របស់​សាលា​យក​ប្រើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះទេ ព្រោះ​ការ​ប្រព្រឹត្តិ​បែបនេះ​ ជា​ទង្វើ​ពុក​រលួយ​។

អ្នកស្រី​ថា៖«ចំពោះ​ខ្ញុំ​ ខ្ញុំ​ចង់​ឱ្យ​ក្រសួង​អប់រំ​ហ្នឹង​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​វិវាទ​ហ្នឹងកុំ​ឱ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ គ្រាន់​តែ​មាន​បញ្ហា​ដាក់​ប្រតិកម្ម​ប៉ុណ្ណេះ​គួរ​តែ​ដោះស្រាយ​ទៅ​ណាស់។ បើ​សិន​ជា​ការ​ដែល​ទុក​យូរ​ ហើយ​មិន​ដោះ​ស្រាយ​បាន​ន័យ​ថា​រឿង​ហ្នឹង​កាន់​តែ​ធ្វើ​ឱ្យ​លោក​គ្រូ អ្នក​គ្រូ​យើង​គាត់​មិន​អាច​ទទួល​យក​បាន​។ អញ្ចឹង​កុំ​ឱ្យ​ខាត​ផល​ប្រយោជន៍​ក្នុង​ការ​សិក្សា​របស់​សិស្ស​តទៅ​ទៀត​»។

បើ​តាម​អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី​ ជា​ធម្មតា​គ្រូបង្រៀន​ម្នាក់​ៗ​ ​គឺ​មាន​ការ​អត់​ធ្មត់​ណាស់​ ដូច្នេះ​ហើយ​ការណ៍ដែល​នាំ​ឱ្យ​កើត​មាន​ការ​តវ៉ា​នេះ​ឡើង​គឺ​មាន​ន័យ​ថា​ ថ្នាក់​ដឹក​នាំ​សាលា​នោះ​ប្រាកដ​ជា​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ ឬ​មិន​ស្មោះ​ត្រង់​ជាមួយ​បុគ្គលិក​ហើយ​។

គ្រូបង្រៀន​មួយ​ចំនួន​នៅវិទ្យាល័យ​ជាស៊ីម​ឈូក​វ៉ា​ដែល​វីអូអេ​បាន​សម្ភាសន៍បាន​ឱ្យដឹង​ថា​ ទោះបី​ការ​តវ៉ា​មិន​ទាន់មានទៀត​ក៏ដោយ​ ក៏ពួក​គាត់​កំពុងរៀបចំ​ឯកសារ​ដាក់​ទៅ​ក្រសួង​ដើម្បី​បន្ត​រក​ចំណាត់​ការ​លើ​វិវាទ​រវាង​គ្រូ​ និង​ថ្នាក់​ដឹកនាំ​វិទ្យាល័យមួយ​នេះ​បន្ត​ទៀត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG