ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំឡេង​គាំទ្រ​ជាង​១២.០០០​ពី​កម្ពុជា​នឹង​ដាក់​ឲ្យ​ក្រុម​មេដឹកនាំ​ពិភពលោក​ដើម្បី​ស្នើ​ឲ្យ​ពួក​គេ​ទទួល​យក​ជន​អន្តោប្រវេសន៍


កញ្ញា ​ម៉ាន ​អាស៊ីសាស់ ​អ្នក​សម្របសម្រួល​គោល​នយោបាយ​និង​យុទ្ធនាការ​ របស់​អង្គការ​អន្តរជាតិ ​Oxfam​ ប្រចាំ​នៅ​កម្ពុជា​និង​ជា​អ្នក​ដែល​ដឹកនាំ​យុទ្ធនាការ​​នេះ​បាន​ និយាយ​ជាមួយ​អ្នក​យកពត័ត៌មាន VOA ផនបុប្ផា​នៅ​ការិយាល័យ Oxfam នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។ (ផនបុប្ផា​/VOA)
កញ្ញា ​ម៉ាន ​អាស៊ីសាស់ ​អ្នក​សម្របសម្រួល​គោល​នយោបាយ​និង​យុទ្ធនាការ​ របស់​អង្គការ​អន្តរជាតិ ​Oxfam​ ប្រចាំ​នៅ​កម្ពុជា​និង​ជា​អ្នក​ដែល​ដឹកនាំ​យុទ្ធនាការ​​នេះ​បាន​ និយាយ​ជាមួយ​អ្នក​យកពត័ត៌មាន VOA ផនបុប្ផា​នៅ​ការិយាល័យ Oxfam នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។ (ផនបុប្ផា​/VOA)

យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា​ «ជួយ​គ្នា» ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជន​អន្តោប្រវេសន៍​ពិភពលោក​ដែល​ប្រជាពលរដ្ឋ​ច្រើន​ជាង​៦៥​លាន​នាក់​កំពុង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ស្រុក​កំណើត​ដោយសារ​ជម្លោះ ​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​រូបភាព​ផ្សេងៗ។

ខណៈ​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​ស៊ីរី​កំពុង​មាន​សង្គ្រាម​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ត្រូវ​ចាកចេញ​ពី​ប្រទេស​នេះ អ្នក​នយោបាយ​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​មាន​គោលការណ៍​តឹងរ៉ឹង​ចំពោះ​ជន​ភៀសខ្លួន​ដែល​រត់​គេច​ពី​សង្គ្រាម​និង​វិបត្តិ​ក្នុង​ប្រទេស​ផ្សេងៗ។ ដើម្បី​ជួយ​ស្តារ​ស្ថានភាព​ជន​ភៀស​ខ្លួន​ទាំង​នេះ​អង្គការ​ Oxfam ​អន្តរជាតិ​បាន​ប្រមូល​ការ​គាំទ្រ​តាមរយៈ​យុទ្ធនាការ «ជួយគ្នា» ដែល​ត្រូវ​បាន​បញ្ចប់​កាល​ពី​ដើម​ខែ​ឧសភា​នេះ។

អង្គការ​ Oxfam ​ដែល​ជា​អង្គការ​អន្តរជាតិ​ធ្វើ​ការ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ កាល​ពី​ថ្ងៃ​អង្គារ​បាន​បិទ​បញ្ចប់​យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា «ជួយគ្នា» ជាមួយ​នឹង​សំឡេង​គាំទ្រ​ជន​ភៀស​ខ្លួន​ដែល​អង្គការ​នេះ​ទទួល​បាន​ជាង​១ម៉ឺន​សំឡេង ព្រមទាំង​រឿងរ៉ាវ​ផ្សេងៗ​ជាង​២០​អំពី​បទពិសោធន៍​អ្នក​ដែល​ឆ្លង​កាត់​ការនិរទេស​ខ្លួន។

យុទ្ធនាការ​ដែល​មាន​ឈ្មោះ​ថា​ «ជួយ​គ្នា» ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជន​អន្តោប្រវេសន៍​ពិភពលោក​ដែល​ប្រជាពលរដ្ឋ​ច្រើន​ជាង​៦៥​លាន​នាក់​កំពុង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ស្រុក​កំណើត​ដោយសារ​ជម្លោះ ​អំពើ​ហិង្សា​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​រូបភាព​ផ្សេងៗ។

កាល​ពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​ថវិកា​ដល់​ប្រទេស​កម្ពុជា​ជា​ថ្នូរ​នឹង​ការ​បញ្ជូន​អ្នក​ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​មក​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស ​អាហ្វហ្គានីស្ថាន​ជា​ដើម ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី​មក​កាន់​ប្រទេស​កម្ពុជា។

ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​លោក​ Donald Trump ​កាល​ពី​ខែ​មករា ក៏​បាន​ចេញ​បទ​បញ្ជា​ឈប់​ផ្តល់​សិទ្ធិជ្រកកោន​ជា​បណ្តោះ​អាសន្ន​ឲ្យ​ប្រជាជនមក​ពី​ប្រទេស​ដែល​មាន​សង្គ្រាម​និង​ចលាចល​ដូច​ជា​ប្រទេស​ស៊ីរី​ជាដើម។ ទោះជាយ៉ាងណា​រហូត​មកដល់ពេលនេះ​បទ​បញ្ជា​របស់​លោក​មិន​មាន​ប្រសិទ្ធភាព​នោះទេ។

យុទ្ធនាការ «ជួយគ្នា»ដែលចាប់ផ្តើម​កាលពី​ចុង​ខែ​មីនា​ ត្រូវបានបញ្ចប់​នៅ​ដើម​ខែ​ឧសភា​នេះ ដោយ​មាន​ការ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​អំពី​បុរស​ម្នាក់​មក​លេង​ប្រទេស​កំណើត​បន្ទាប់​ពី​គ្រួសារ​របស់​លោក​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​រស់​នៅ​ប្រទេស​បារាំងក្នុង​សម័យ​សង្គ្រាម។ ខ្សែ​វីដេអូ​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​បុប្ផាណា។

កញ្ញា ​ម៉ាន ​អាស៊ីសាស់ ​អ្នក​សម្របសម្រួល​គោល​នយោបាយ​និង​យុទ្ធនាការ​ របស់​អង្គការ​អន្តរជាតិ ​Oxfam​ ប្រចាំ​នៅ​កម្ពុជា​និង​ជា​អ្នក​ដែល​ដឹកនាំ​យុទ្ធនាការ​នេះ​បាន​ប្រាប់​ VOA ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នៅ​ក្នុង​ឱកាស​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ដើម្បី​ជា​ការ​បិទ​យុទ្ធនាការ​នោះ​ថា​ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រមូល​សំឡេង​គាំទ្រ​ដាក់​ទៅប្រទេស​មហាអំណាច​និង​ប្រទេស​អភិវឌ្ឍន៍​នានា ឲ្យ​បើក​ទ្វារ​ទទួល​យកអ្នក​សុំ​សិទ្ធិ​ជ្រកកោន​ដោយសារ​សង្គ្រាម ​និង​ការ​គំរាម​កំហែង​ផ្សេងៗ​ទៀត។

តាម​រយៈ​យុទ្ធនាការ​នេះ​ អង្គការ​ Oxfam ក៏​បាន​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ឆ្លងកាត់​ការ​ចាកចេញ​ពី​ប្រទេស​កំណើត​ឲ្យ​បង្ហាញ​ពី​បទ​ពិសោធន៍​និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ដែល​កំពុង​ស្វែង​រក​ទី​ជ្រកកោន​នៅ​ប្រទេស​ដទៃៗ​ទៀត។

កញ្ញា​ អាស៊ីសាស់ បាន​បន្ថែម​ថា​ សំឡេង​គាំទ្រ​ចំនួន​១២.០០០​ សំឡេង ជាមួយ​នឹង​រឿងរ៉ាវ​នៃ​បទ​ពិសោធន៍​ពី​ការ​និរទេស​ខ្លួន​ដែល​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​វីដេអូ ​សំឡេង ​និង​អត្ថបទ​ដែល ​Oxfam​ ទទួល​បាន នឹង​ត្រូវ​ដាក់​ជូន​ទៅ​មេដឹកនាំ​ពិភពលោក​ដើម្បី​ស្នើ​ឲ្យ​មេដឹកនាំ​នៃ​ប្រទេស​អភិវឌ្ឍន៍​ទាំងនោះ ​បើក​បេះដូង​និង​បើក​ទ្វារ​ប្រទេស​របស់​ខ្លួន​ដើម្បី​ឲ្យ​អ្នក​ដែល​មាន​វិបត្តិ​អាច​សុំ​សិទ្ធិ​ជ្រកកោន។

​កញ្ញា អាស៊ីសាស់ ប្រាប់ VOA ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ថា៖

«ទូទាំង​សកលលោក​យើង​គឺ​កំពុង​តែ​ជួប​វិបត្តិ​ជន​ភៀស​ខ្លួន។ តាម​តួលេខ​ដែល​Oxfam​ បាន​សិក្សា​កន្លង​មក​គឺ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​ចប់​ទៅ​គឺ​មាន​ប្រជាជន​ជាង​៦៥​លាន​នាក់​ដែល​គាត់​កំពុង​តែ​រត់​ភៀស​ខ្លួន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដើម្បី​ស្វែង​រក​ទីតាំង​ឬ​ទី​កន្លែង​ណា​ដែល​គាត់​គិត​ថា មាន​សុវត្ថិភាព​អាច​ធ្វើ​ការ​រស់​នៅ​ឬ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ប្រកប​ដោយ​សុខ​សន្តិភាព»។

នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នេះ​ ការ​គាំទ្រ​និង​រឿងរ៉ាវ​នៃ​បទ​ពិសោធន៍​ជន​ភៀស​ខ្លួន​នឹង​ត្រូវ​បាន​ចងក្រង​ហើយ​នឹង​ត្រូវ​ដាក់​ជូន​ទៅ​មេដឹកនាំ​នៃ​ប្រទេស​អភិវឌ្ឍន៍​ជាង​១០​ រួម​មានសហរដ្ឋអាមេរិក​ សហភាពអឺរ៉ុប ​និង​ប្រទេស​ចិន​ជាដើម។

កញ្ញា អាស៊ីសាស់ ថ្លែង​បន្ថែម​ថា៖

«Oxfam ​យើង​សង្ឃឹម​ថា​តាម​រយៈ​ការ​ប្រមូល​សំឡេង​គាំទ្រ​ពី​យុទ្ធនាការ​នេះ​មេដឹកនាំ​ថ្នាក់​ពិភពលោក​ទាំងអស់​នឹង​បន្ត​បើក​ទ្វាររ​បេះដូង​ហើយ​នឹង​ទទួល​ស្វាគមន៍​ជនភៀស​ខ្លួន​ទាំង​អស់​មក​ពី​គ្រប់​ទិសទី​ដោយ​ភាព​កក់ក្តៅ​ជា​ទី​បំផុត»។

អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​លោក ​ផៃ ​ស៊ីផាន ​ដែល​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​១៩៧៩​ ដើម្បី​គេច​ពី​ការ​កាប់​សម្លាប់​របស់​ខ្មែរ​ក្រហម​ បាន​មាន​ប្រសាសន៍ប្រាប់ VOA ​ថា លោក​អាច​នៅ​រស់រាន​មាន​ជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ដោយសារ​តែ​ការ​ចាកចេញ​ពី​សង្គ្រាម​នៅ​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក។

លោក ​ផៃ ​ស៊ីផាន មាន​ប្រសាសន៍​ថា៖ ​

«យើង​ឃើញ​ថា ភាគ​ច្រើន​ប្រជាជន​ដែល​រត់​គេច​ពី​សង្គ្រាម​ដែល​មាន​ចំនួន​ច្រើន​ហួស​ពី​ការ​ប៉ាន់​ស្មាន​របស់​យើង​ដោយ​សារ​អស្ថិរភាព​នយោបាយ ដោយសារ​ការ​រុកគួន​ពី​ប្រទេស​ក្រៅ​ហ្នឹង​ ធ្វើ​ឲ្យ​គេធ្លាក់​ខ្លួន​ទៅ​ជា​អ្នកភៀស​ខ្លួន​នោះ​ឯង»។

នៅ​ក្នុង​វីដែអូ​នៃ​យុទ្ធនាការ «ជួយគ្នា» របស់អង្គការអន្តរជាតិ Oxfam លោក​ សុខ​ស៊ីផាណា​ ដែល​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ពេល​ប្រទេស​មាន​វិបត្តិ​បាន​និយាយ​ថា៖

«ខ្ញុំ​ធ្វើ​ការងារ​ច្រើន​សម្រាប់​ជួយ​សង្គម​ក៏​ដោយសារ​លទ្ធភាព​ដែល​ខ្ញុំ​បាន​ចេញ​ជីវិត​រស់​នៅ​នៅ​ប្រទេស​ក្រៅ ការ​ចេះដឹង​ ការ​អប់រំ​ពី​ប្រទេស​ក្រៅ​ដែរ។ ខ្ញុំ​យក​មក​ចែករំលែក​ក្នុង​សង្គម​របស់​ខ្ញុំ»។

បច្ចុប្បន្ន​នេះ​លោក​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល។​

លោក ​សុន ​ឆ័យ ​សមាជិក​គណបក្ស​ប្រឆាំង​ដែល​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៨០​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ ក្នុង​ពេល​ប្រទេស​មាន​ភាព​វឹកវរ​ប្រាប់ VOA ​ថា ​ប្រទេស​មហាអំណាច​គួរ​បន្ត​បើក​ទ្វារ​ឲ្យ​ជន​រងគ្រោះ​នានា​ដែល​មិន​អាច​រស់​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ដោយសារ​សង្គ្រាម។

លោក ​សុន ​ឆ័យ មាន​ប្រសាសន៍​ថា៖

«យើង​ដឹង​ហើយ​ថា​នៅ​ក្នុង​ស្ថានភាព​នយោបាយ​ពិភពលោក​សព្វ​ថ្ងៃ​អ្នក​នយោបាយ​មាន​នយោបាយ​តឹងរ៉ឹង​ចំពោះ​ជន​ភៀស​ខ្លូន​ឬ​ជន​ដែល​គេច​ពី​សង្គ្រាម​ដើម្បី​រក​កន្លែង​សុខសាន្ត​រស់នៅ»។

លោក​មាន​ប្រសាសន៍​ថា អ្នក​ដែល​មិន​ស្វាគមន៍​ជនភៀស​ខ្លួន​កំពុង​តែ​មាន​ប្រៀប​ទៅ​លើ​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​ចង់​ទទួល​យក​ជនភៀស​ខ្លួន។

លោកបន្ត​ថា ប្រទេស​កម្ពុជា​ត្រូវ​តែ​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​យក​ជនភៀស​ខ្លួន​ជា​សកល។

«ហើយ​បើ​គ្មាន​ការ​ផ្តល់​ឲ្យ​មាន​សិទ្ធិ​រស់​នៅ​ទាំង​បណ្តោះអាសន្ន​ឬ​ជា​យូរ​អង្វែង​ទេ​គឺ​ថា​យើង​ជា​ជន​ភៀស​ខ្លួន​នៅ​ពេល​នោះ​ប្រហែល​ជា​មិន​នៅ​ទេ​បាទ​ ហើយ​នឹង​រង​ទុក្ខ​វេទនា​ធ្ងន់ធ្ងរ​រហូត​ដល់​បាត់បង់​ជីវិត​ទៀត»។

មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់​បាន​ចាកចេញ​ពី​ប្រទេសទៅ​កាន់​ប្រទេស​ដ​ទៃ​ទៀត​ដូចជា​ សហរដ្ឋអាមេរិក​ ប្រទេស​បារាំង​ ប្រទេស​អូស្ត្រាលី ​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ពេល​ដែល​កម្ពុជា​មាន​សង្គ្រាម៕

XS
SM
MD
LG