ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ចំណាក​ស្រុក​បន្ថែម​ទៀត​ត្រូវ​បាន​បញ្ឈប់​ដំណើរ​នៅ​ក្នុង​ដែន​សមុទ្រ​ប្រទេស​តួកគី


ក្រុម​អ្នក​តវ៉ា​ក្នុង​ស្រុក​លើក​ទង់​ជាតិ​នៅ​ខណៈ​ពួក​គេ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ផែនការ​កសាង​ជំរុំ​ជនភៀស​ខ្លួន​ ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប-តួកគី ថ្មី​មួយ នៅ​ឧទ្យាន​ Dikili ក្រុង​ Izmir ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០១៦។
ក្រុម​អ្នក​តវ៉ា​ក្នុង​ស្រុក​លើក​ទង់​ជាតិ​នៅ​ខណៈ​ពួក​គេ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ផែនការ​កសាង​ជំរុំ​ជនភៀស​ខ្លួន​ ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប-តួកគី ថ្មី​មួយ នៅ​ឧទ្យាន​ Dikili ក្រុង​ Izmir ប្រទេស​តួកគី កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០១៦។

កាល​ពី​ថ្ងៃ​សៅរ៍​ ពួក​ឆ្មាំ​ឆ្នេរ​សមុទ្រ​តួកគី​ បាន​ស្ទាក់​ពួក​ជន​ចំណាក​ស្រុក​និង​ជន​ភៀស​ខ្លួន​ជាង​៦០នាក់​នៅ​ក្នុង​សមុទ្រ​ Aegean នៅ​ពេល​ពួក​គេ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ដំណើរ​ឱ្យ​បាន​ទៅ​ដល់​កោះ ​Lesbos​ នៃ​ប្រទេស​ក្រិក។​

ក្រុមជន​ទាំង​នេះ​ដែលមាន​រួម​បញ្ចូល​ទាំង​ជនជាតិស៊ីរី​ផងដែរ​បាន​ត្រូវ​ដឹក​ទៅ​កាន់​ក្រុង​ Dikili ​នៃ​ប្រទេស​តួកគី ដោយ​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​មួយ​រវាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​តួក​គី ដែល​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី៤ខែ​មេសា។ ​ក្រុង​ Dikili ជា​មជ្ឈមណ្ឌល​មួយ​ក្នុង​បណ្តា​មជ្ឈមណ្ឌល​មួយ​ចំនួន​ដែល​បាន​ត្រូវ​ចាត់​ចែង​សម្រាប់​ពួក​ជន​ចំណាក​ស្រុក​ដែល​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​តួកគី​វិញ។​

ពួក​អ្នក​តវ៉ា​ប្រមាណ​៣០០នាក់​ប្រឆាំង​នឹង​ពួកជន​ចំណាក​ស្រុក​នៅ​ក្នុង​ក្រុង​ Dikili បាន​ធ្វើបាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​ ប្រឆាំង​នឹង​កន្លែង​ចុះ​ឈ្មោះ​និង​ជំរុំ​ជន​ភៀស​ខ្លួន​សម្រាប់​ពួក​អ្នក​ស្វះស្វែង​សុំសិទ្ធិ​ជ្រកកោន​ដែល​បាន​ត្រូវ​ច្រាន​ចោល​នៅ​ក្នុង​ក្រុង​របស់​ពួក​គេ។​

កាលពី​ខែមុន​ ប្រទេស​តួកគី បាន​យល់​ព្រម​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ការ​កាត់​បន្ថយ​លំហូរ​ពួកជន​ចំណាក​ស្រុក​ចូល​ក្នុង​ទ្វីបអឺរ៉ុប​ដែល​មិន​ធ្លាប់​មាន​ច្រើន​បែប​នេះ​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើកទី​ពីរ​មក។ តាម​រយៈ​លក្ខខណ្ឌ​នៃ​ផែនការ​នេះ ពួក​ជន​ចំណាក​ស្រុក​ដែល​បាន​ទៅ​ដល់​ប្រទេស​ក្រិក​ដោយ​ខុសច្បាប់​ពី​ប្រទេស​ តួកគី​ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​វិញ​ប្រសិន​បើការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​ពួក​គេ​ បាន​ត្រូវ​ច្រាន​ចោល។ ជា​ថ្នូរ​និង​ការងារ​នេះ សហភាព​អឺរ៉ុបនឹង​ឱ្យ​ជនភៀស​ខ្លួន​ស៊ីរី​ត្រឹម​ត្រូវ​តាម​ច្បាប់​រាប់ពាន់​នាក់​ពី​ប្រទេស​តួកគី​ ទៅ​តាំង​លំនៅដ្ឋាន​ជា​ថ្មី​គឺ​ម្នាក់​សម្រាប់​ជនជាតិ​ស៊ីរី​ម្នាក់​ដែល​វិល​ត្រឡប់​ពីកោះ​ក្នុង​ប្រទេស​ក្រិក។

បើ​តាម​របាយ​ការណ៍​ថ្មី​មួយ​របស់អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) ​ចាប់​តាំង​ពី​ខែ​មករា​មក ​ប្រទេស​តួក​គី​បាន​បង្ខិត​បង្ខំ​បញ្ជូន​ជន​ភៀស​ខ្លួន​ប្រមាណ​១០០នាក់​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ស៊ីរី​វិញ​ ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។

អង្គការ​សិទ្ធិមនុស្ស​នេះ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ នេះជា​«ការសម្ងាត់​បើក​ចំហ»​មួយ​នៅ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​តួកគី​ ហើយគូស​បញ្ជាក់​អ្វី​ដែល​អង្គការ​នេះ​ហៅ​ថា​«ការ​ខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ»​នៅ​ក្នុង​កិច្ចព្រម​ព្រៀង​រវាង​ប្រទេស​តួកគី និង​សហភាព​អឺរ៉ុប៕

XS
SM
MD
LG