[កំណត់សម្គាល់អ្នកកែសម្រួល៖ ថ្មីៗនេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនមានផែនការផ្តាច់ជំនួយដល់ប្រទេសទាំងឡាយណាដែលមិនមានតម្លាភាពក្នុងការប្រើប្រាស់ប្រាក់ចំណូល និងមិនមានអភិបាលកិច្ចល្អ។ ក្នុងកិច្ចប្រឹងប្រែងដូចគ្នានេះ កាលពីឆ្នាំកន្លងទៅ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ស្តីអំពីកំណែទម្រង់ហិរញ្ញវត្ថុមួយឈ្មោះថា Dodd-Frank Financial Reform Act ដែលតម្រូវឲ្យក្រុមហ៊ុនទាំងអស់ដែលចុះបញ្ជីនៅផ្សារហ៊ុននាទីក្រុងញូវយ៉ក បោះពុម្ពផ្សាយជាសាធារណៈអំពីការចំណាយរបស់ខ្លួនទៅឲ្យរដ្ឋាភិបាលបរទេស។ សហភាពអឺរ៉ុបអាចនឹងអនុម័តច្បាប់ស្រដៀងគ្នានេះ។ ខាងក្រោមនេះគឺជាបទសម្ពាសរវាងលោកអ៊ឹម សុធារិទ្ធនៃវីអូអេខ្មែរជាមួយលោកចច បូដិន (George Boden) អ្នកយុទ្ធនាការក្លូបលវិតណេស]។
ស៖ ថ្មីៗនេះចក្រភពអង់គ្លេសឲ្យដឹងថា ខ្លួនអាចនឹងផ្អាកជំនួយដល់ប្រទេសមួយចំនួនដែលមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលគេចំណាយមូលនិធិ។ លោក ហ្វ្រ៊ែនស៊ិស ម៉ូដ (Francis Maude) រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានមានប្រសាសន៍ថា លក្ខខណ្ឌថ្មីទាំងនោះនឹងភ្ជាប់ទៅនឹងគម្រោងថវិកាប្រចាំឆ្នាំដែលមានទឹកបា្រក់ចំនួន១៣ពាន់លាន២សែនដុល្លារអាមេរិក។ បើតាមការគិតរបស់លោក តើរដ្ឋាភិបាលចក្រភពអង់គ្លេសមាន គោលបំណងអ្វីដែលធ្វើយ៉ាងដូច្នេះ?
ច៖ យើងស្វាគមន៍សេចក្តីប្រកាសរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ហើយយើងជឿថា មានគោលបំណងពីរចំពោះលក្ខខណ្ឌដែលគេបានដាក់លើជំនួយរបស់គេ។ ទី១គឺថា គម្រោងថវិការបស់ចក្រភពអង់គ្លេសកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខ។ ជាថ្មីម្តងទៀតយើងស្វាគមន៍គម្រោងថវិកានេះ។ ប៉ុន្តែរដ្ឋាភិបាលត្រូវការបង្ហាញថា ជំនួយនេះត្រូវបានចំណាយបានយ៉ាងល្អ ហើយអាចពន្យល់ការបង្កើនចំណាយនោះដល់ប្រជារាស្រ្តនៃចក្រភពអង់គ្លេស។ ទី២ ហើយជាចំណុចសំខាន់បំផុតសម្រាប់យើង គឺថា វាជាការសំខាន់ណាស់ដែលជំនួយត្រូវបានផ្តល់ក្នុងលក្ខណៈមួយដែលលើកកម្ពស់ការគ្រប់គ្រងហិរញ្ញវត្ថុ និងអភិបាលកិច្ចល្អ។ យើងជឿថា ការធានាបែបបនេះចំពោះតម្លាភាពជំនួយ និងការធានាថា ជំនួយ និងចំណូលត្រូវបានចំណាយយ៉ាងល្អនោះ មិនគួរអនុវត្តតែលើជំនួយប៉ុណ្ណោះទេ ប៉ុន្តែវាគួរតែត្រូវបានអនុវត្តចំពោះលុយដែលបានមកពីប្រភពផ្សេងៗជាពិសេសលុយដែលបានមកពីធនធានធម្មជាតិ។ យើងគិតថា នេះជាលក្ខខណ្ឌដែលគេត្រូវធានាថា រដ្ឋាភិបាលប្រើប្រាស់គ្រប់ចំណូលទាំងអស់ឲ្យបានត្រឹមត្រូវដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់ខ្លួនគឺមិនគ្រាន់តែលុយជំនួយប៉ុណ្ណោះទេ។
ស៖ តើវិធានការនេះមានផលប៉ះពាល់យ៉ាងដូចម្តេចចំពោះកម្ពុជា?
ច៖ កាលពីឆ្នាំកន្លងទៅ រដ្ឋាភិបាលចក្រភពអង់គ្លេសបានសម្រេចបញ្ចប់ជំនួយអភិវឌ្ឍន៍ទ្វេភាគីរបស់ខ្លួនដល់កម្ពុជា។ ដូច្នេះវាមិនច្បាស់ទេថា សេចក្តីប្រកាសនេះនឹងមានផលប៉ះពាល់យ៉ាងដូចម្តេចចំពោះជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។ ក៏ប៉ុន្តែខ្ញុំអាចនិយាយបានថា ចក្រភពអង់គ្លេសនៅតែជាប្រទេសផ្តល់ជំនួយពហុភាគីដ៏ធំមួយតាមរយៈទីភ្នាក់ងារផ្សេងៗមួយចំនួនដែលរូមទាំងសហភាពអឺរ៉ុបផងដែរ។ ដូច្នេះ វាអាចជាលទ្ធភាពមួយដែលគំនិតនេះ និងឆន្ទៈដើម្បីធានាថាលុយជំនួយដល់រដ្ឋាភិបាលគឺត្រូវបានប្រើប្រាស់យ៉ាងល្អនោះ នឹងត្រូវបានអនុវត្តក្នុងវិស័យផ្សេងៗទៀតដែលពេលនេះយើងមិនទាន់ដឹងនៅឡើយ។ គោលនយោបាយទាំងនោះមិនច្បាស់។ បញ្ហាផ្សេងទៀតដែលត្រូវចាំគឺថា សេចក្តីប្រកាសនេះគឺជាផ្នែកមួយនៃការផ្តួចផ្តើមគំនិតពីរដ្ឋាភិបាលមួយចំនួន និងការផ្តួចផ្តើមគំនិតនៃរដ្ឋាភិបាលបើកចំហ។ ហើយរដ្ឋាភិបាលទាំងឡាយដែលបានចូលរួមក្នុងវិធានការនេះ ចង់ផ្សព្វផ្សាយការគ្រប់គ្រងសារពើពន្ធហិរញ្ញវត្ថុល្អ ដើម្បីធានាដល់លុយដែលបានចូលក្នុងប្រព័ន្ធរដ្ឋាភិបាលត្រូវបានចំណាយបានល្អ។ ជាថ្មីម្តងទៀត ខ្ញុំសូមសង្កត់ធ្ងន់អំពីការព្រួយបារម្ភរបស់យើងដែលថា វាមិនត្រឹមតែត្រូវបានអនុវត្តលើលុយជំនួយនោះទេ ប៉ុន្តែគេគួតែពិនិត្យមើលរាល់ចំណូលទាំងអស់ដើម្បីធានាថា រដ្ឋាភិបាលបើកចំហ និងមានតម្លាភាពចំពោះលុយដែលគេបានទទួល ហើយថាតើគេប្រើប្រាស់លុយនោះដោយរបៀបណា។ យើងនឹងមិនអំពាវនាវដល់ម្ចាស់ជំនួយឲ្យចាប់ផ្តើមបង្ហាញអំពីរបៀបដែលរដ្ឋាភិបាលចំណាយលុយនោះទេ។ គោលនយោបាយនោះ គឺស្រេចតែទៅលើពួកគេ ប៉ុន្តែបើសិនជាគេធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព នោះគឺជាអ្វីដែលយើងអំពាវនាវឲ្យមាន។ ដូច្នេះប្រហែលជាអ្នកជំនួយខ្លះនៃកម្ពុជា ក៏នឹងពិនិត្យមើលគោលនយោបាយស្រដៀងគ្នានេះដែលពិតជាអាចនឹងមានផលប៉ះពាល់ដល់កម្ពុជា។
ស៖ តើអ្វីខ្លះទៅដែលជាតម្លៃនៃគោលនយោបាយនេះក្នុងបរិបទសកលលោក?
ច៖ តម្លៃនៃគោលនយោបាយនេះ ខ្ញុំគិតថា ខ្ញុំបានបញ្ជាក់បន្តិចមកហើយថា វាជាការព្រួយបារម្ភមួយដែលមាននៅក្នុងករណីមួយចំនួនក្នុងប្រទេសមួយចំនួនដែលយើងបានធ្វើការនៅទីនោះ ឬដែលយើងបានធ្វើការសិក្សា ហើយកម្ពុជាជាប្រទេសមួយក្នុងចំណោមនោះ។ អ្វីដែលយើងបានឃើញនោះគឺម្ចាស់ជំនួយបន្តផ្តល់លុយរាប់ឆ្នាំដោយគ្មានកំណែទម្រង់ និងឥរិយាបទប្រកបដោយភាពទុកចិត្តរបស់រដ្ឋាភិបាល។ ជាឧទាហរណ៍នៅកម្ពុជា អ្វីដែលយើងបានឃើញ ជាង១០ឆ្នាំមក ហើយរដ្ឋាភិបាលទទួលបានលុយ និងជំនួយកាន់តែច្រើនរាប់ឆ្នាំ ខណៈដែលរដ្ឋាភិបាលមិនបានគ្រប់គ្រងចំណូលពីធនធានធម្មជាតិ និងប្រភពផ្សេងទៀតបានល្អ។ លុយទាំងនោះមិនត្រូវបានឃើញមាននៅក្នុងគណនីរដ្ឋាភិបាល យើងមិនដឹងថា គេចំណាយលុយនោះដោយរបៀបណា ហើយច្បាស់ណាស់ថា យើងកត់ទុកជាឯកសារនៅក្នុងរបាយការណ៍របស់យើងស្តីពីអំពើពុករលួយកម្រិតខ្ពស់ក្នុងការគ្រប់គ្រងចំណូលពីគ្រប់វិស័យ។ យើងមានអារម្មណ៍ថា វាដូចជាបន្សល់នូវចន្លោះប្រហោងនៃការទទួលខុសត្រូវមួយដែលរដ្ឋាភិបាលនៅក្នុងប្រទេសដែលសម្បូរធនធានធម្មជាតិមិនបានធ្វើឲ្យមានការរីកចម្រើនឆ្ពោះទៅរកតម្លាភាព និងការទទួលខុសត្រូវក្នុងរដ្ឋាភិបាល។ ដូច្នេះតម្លៃនៃគោលនយោបាយនេះគឺថា យើងចង់ឃើញថា វាត្រូវបានធ្វើឡើងដើម្បីអនុវត្តលើចំណូលទាំងឡាយរបស់រដ្ឋាភិបាល ជាពិសេសចំណូលដែលបានមកពីធនធានធម្មជាតិ។ ប្រសិនបើយើងមើលទៅទ្វីបអាហ្រ្វិកជាឧទាហរណ៍ ចំនួនលុយពីធនធានធម្មជាតិ ដែលក្រុមហ៊ុនចំណាយលើធនធានធម្មជាតិចូលទៅក្នុងទ្វីបនេះគឺមានចំនួនប្រាំបួនដងលើសតម្លៃនៃជំនួយ។ ដូច្នេះការដែលធ្វើឲ្យបា្រកដថា ចំណូលដែលចូលទៅក្នុងគណនីរដ្ឋាភិបាល ហើយត្រូវបានចំណាយបានត្រឹមត្រូវនោះ គឺសំខាន់ជាងជំនួយទៅទៀត។ ដូច្នេះយើងយល់ថា គោលនយោបាយនេះពិតជាអាចធ្វើឲ្យអភិបាលកិច្ច និងការគ្រប់គ្រងចំណូលមានភាពប្រសើរឡើង ហើយវាអាចលើកកម្ពស់ និងធ្វើឲ្យប្រទេសធ្វើដំណើរទៅរកស្ថានភាពមួយដែលគេអាចទៅហួសពីការពឹងផ្អែកលើជំនួយ ហើយពឹងផ្អែកលើចំណូលរបស់ខ្លួន មានរដ្ឋាភិបាលដែលមានដំណើរការល្អ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្លួន។
ស៖ ច្បាប់ស្តីអំពីកំណែទម្រង់ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកមួយឈ្មោះថា Dodd-Frank Financial Reform Act ត្រូវបានអនុម័តកាលពីឆ្នាំកន្លងទៅ។ តើច្បាប់នេះ រួមជាមួយនឹងលក្ខខណ្ឌថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស និងបទបញ្ញត្តិថ្មីស្រដៀងគ្នានេះដែលសហភាពអឺរ៉ុបនឹងអនុម័ត ផ្តល់វិភាគទានអ្វីខ្លះដល់ការលើកម្ពស់តម្លាភាព និងអភិបាលកិច្ចល្អនៅក្នុងពិភពលោក?
ច៖ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ស្តីអំពីកំណែទម្រង់ហិរញ្ញវត្ថុកាលពីឆ្នាំកន្លងទៅ ហើយមាត្រាទី១៥០៤ កំណត់ថា រាល់ក្រុមហ៊ុនប្រេងកាត ឧស្ម័ន និងរ៉ែ ទាំងអស់ដែលចុះបញ្ជីនៅទីក្រុងញូវយ៉កត្រូវតែបោះពុម្ពផ្សាយការចំណាយរបស់ខ្លួនទៅឲ្យរដ្ឋាភិបាលបរទេស។ ដូច្នេះនៅក្នុងប្រទេសទាំងឡាយនៅជុំវិញពិភពលោកដែលរួមមានកម្ពុជាផងនោះ ហើយក្រុមហ៊ុនដូចជា ឈែវរ៉ន (Chevron) និងក្រុមហ៊ុនប្រេងកាតធំៗមួយចំនួនទៀតនឹងត្រូវតែចាប់ផ្តើមបោះពុម្ពរាល់ការចំណាយរបស់គេទៅឲ្យរដ្ឋាភិបាលដែលក្នុងនោះមានរដ្ឋាភិបាលកម្ពុជាផងដែរ។ ដូច្នេះ នេះជាលើកទី១ហើយសម្រាប់ប្រជារាស្ត្រកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងប្រទេសសម្បូរធនធានទាំងឡាយនៅជុំវិញពិភពលោកនឹងអាចដឹងយ៉ាងពិតប្រាកដថាតើរដ្ឋាភិបាលរបស់ខ្លួនទទួលលុយបានប៉ុន្មានពីធនធានធម្មជាតិរបស់ប្រទេស ហើយគេនឹងមានលទ្ធភាពដាក់ឲ្យរដ្ឋាភិបាលទទួលខុសត្រូវ និងសួរអំពីថាតើលុយទាំងនោះនឹងត្រូវចំណាយយ៉ាងដូចម្តេច និងត្រូវប្រើប្រាស់ទៅលើអ្វី។ សហភាពអឺរ៉ុបថ្មីៗនេះកំពុងពិចារណាបទបញ្ញត្តិស្រដៀងគ្នានេះ ដែលកំណត់ឲ្យក្រុមហ៊ុនទាំងឡាយដែលចុះបញ្ជីផ្សារហ៊ុននៅទ្វីបអឺរ៉ុបនឹងត្រូវតែធ្វើដូចគ្នានេះ ដែលអាចរួមបញ្ចូលក្រុមហ៊ុនធំៗមួយចំនួនដែលមិនចុះបញ្ជីនៅទីក្រុងញូវយ៉ក ដូចជា ក្រុមហ៊ុន ហ្គាហ្សប្រូម (Gazprom) និងរ៉ូស្ន៊ែហ្វត៍ (Rosneft) ក្រុមហ៊ុនរុស្ស៊ីធំៗពីរដែលមិនបានចុះបញ្ជីនៅទីក្រុងឡុងដ៍ ។ យើងឃើញមានវិធីពីរ។ ដូច្នេះប្រសិនបើអ្នកដឹង គឺថាប្រទេសមួយចំនួនដែលមានក្រុមហ៊ុនប្រេងកាត ឧស្ម័ន និងរ៉ែអន្តរជាតិធំៗត្រូវធ្វើកិច្ចការបន្ថែមទៀតដើម្បីធ្វើឲ្យប្រាកដថា ក្រុមហ៊ុនទាំងនោះមិនបង្កឲ្យមានអំពើពុករលួយនៅបរទេស ដែលនោះរួមមានទ្រឹស្តីដូចគ្នាទៅនឹងការធ្វើឲ្យប្រាកដថា ពួកគេត្រូវបានកាត់ទោសខណៈគេសូកប៉ាន់មន្រ្តីសាធារណៈបរទេស ដែលរួមទាំងការធ្វើឲ្យប្រាកដថា មានតម្លាភាពក្នុងធ្វើកិច្ចការជាមួយនឹងរដ្ឋាភិបាលបរទេស ដើម្បីធ្វើឲ្យមានការលំបាកដល់អំពើពុករលួយនឹងកើតមានឡើង ដែលក្រុមហ៊ុនទាំងនោះមិនចូលរួមចំណែកក្នុងអំពើពុករលួយ។ ទីពីរគឺថា យើងគិតថា វាជាតួនាទីរបស់ប្រទេសផ្តល់ជំនួយក្នុងការធ្វើការជាមួយទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីបង្កើនសមត្ថភាពក្នុងការចាត់ចែងចំណូល និងគ្រប់គ្រង់ធនធានធម្មជាតិរបស់ខ្លួន ហើយចែករំលែកជំនាញដល់ប្រទេសទាំងនោះ ប៉ុន្តែយើងក៏គិតដែរថា រដ្ឋាភិបាលមិនធ្វើដើម្បីប្រយោជន៍ប្រជាពលរដ្ឋទេនៅពេលដែលគេពុករលួយនោះ ហើយគេលួចធនធានធម្មជាតិ និងចំណូលរបស់ប្រទេស។ ហើយពេលនោះពួកគេគួរដាក់ឲ្យរដ្ឋាភិបាលទាំងនោះទទួលខុសត្រូវ ហើយពួកគេគួរដកមូលនិធិដែលផ្តល់ពីរដ្ឋាភិបាលទៅរដ្ឋាភិបាលដែលពុករលួយ និងដែលមិនប្រតិបត្តិដើម្បីប្រយោជន៍ប្រជាពលរដ្ឋរបស់ខ្លួន។ វាពិតជាមានវិធីពីរក្នុងការធ្វើឲ្យប្រាកដថា គេអាចឃើញថា លុយចំនួនប៉ុន្មានចរាចរណ៍ទៅកន្លែងទី៣ ដែលនោះគឺជាអ្វីដែលច្បាប់កំណែទម្រង់ហិរញ្ញវត្ថុកំណត់ ហើយជាអ្វីដែលបញ្ញត្តិនៃសហភាពអឺរ៉ុបនឹងកំណត់ ប៉ុន្តែនៅពេលដែលលុយទៅដល់ប្រទេស អ្នកនឹងដឹងមានចំនួនប៉ុន្មាន។ វាធានាថា វាបង្ហាញនៅក្នុងគណនីបានត្រឹមត្រូវ ហើយត្រូវបានគ្រប់គ្រងប្រកបដោយតម្លាភាព ហើយថាអ្នកអាចឃើញថា ប្រជាពលរដ្ឋនៃប្រទេសនោះអាចឃើញថាលុយនោះត្រូវបានប្រើសម្រាប់ធ្វើអ្វីជាក់លាក់។ នោះគឺជាចំណែកនៃការទទួលខុសត្រូវរបស់អាជ្ញាធរ និងប្រជាពលនៃប្រទេសនោះ ដែលដាក់ឲ្យរដ្ឋាភិបាលទទួលខុសត្រូវ ហើយធ្វើឲ្យប្រាកដថា លុយនោះត្រូវបានចំណាយបានល្អត្រឹមត្រូវ៕