ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា នៅតែត្រូវការប្រភពទឹកស្អាតប្រើប្រាស់ និងអនាម័យ។ប្រជាពលរដ្ឋជាច្រើននៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងនានាត្រូវបានបង្ខំឱ្យប្រើប្រាស់ប្រភពទឹកមិនស្អាត។មន្ត្រីរដ្ឋាភិបាលបានទទួលស្គាល់ថា ប្រជាពលរដ្ឋក្រីក្រពុំទទួលបានសេវាកម្មទឹកស្អាតប្រើប្រាស់ទូលាយនៅឡើយ។
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ជនក្រីក្រ និងតំបន់ជនបទនៅកម្ពុជាកំពុងតែប្រឈមនឹងគ្រោះថ្នាក់សុខភាពចំពោះការប្រើប្រាស់ប្រភពទឹកមិនស្អាត និងល័ក្ខខ័ណ្ឌរស់នៅគ្មានអនាម័យ។
លោក ដាហ្ក្លាស ប្រូដឺរិក (Douglas Broderick) អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងនៅក្នុងទិវាទឹកពិភពលោក នៅសាលាបឋមសិក្សាមួយក្នុងទីក្រុងភ្នំពេញថា ស្ថានភាពនេះមិនល្អទេសម្រាប់អ្នករស់នៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងដែលជាកន្លែងពិបាកទទួលបានការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋ។ នៅពេលដែលពួកគាត់ត្រូវចំណាយទិញទឹកពីក្រុមហ៊ុនឯកជនដោយតម្លៃកើនឡើងពីបីទៅប្រាំដង។ ប្រជាពលរដ្ឋជាច្រើននៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងនានាត្រូវបានបង្ខំឱ្យប្រើប្រាស់ទឹកមិនស្អាត។
លោក ប្រូដឺរិក ថ្លែងថា៖
«ការទទួលបានទឹកស្អាតនៅកម្ពុជាពិតជាមានការរីកចម្រើន ដោយប្រជាពលរដ្ឋ៨៥ភាគរយ ក្នុងនោះ៧៦ភាគរយដែលរស់នៅក្នុងតំបន់ទីក្រុងមានលទ្ធភាពទទួលបានទឹកស្អាត ហើយការចំណាយប្រចាំថ្ងៃលើទឹកមានប្រមាណ៦ភាគរយនៃចំណូលសរុប»។
លោកម៉ាន់ ឈឿន អនុប្រធានគណៈកម្មការជាតិសម្រាប់ប្រជាជន និងការអភិវឌ្ឍនៅទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ប្រជាពលរដ្ឋចំនួន៥០០០គ្រួសារ នៅក្នុងតំបន់ក្រីក្រក្នុងទីក្រុងភ្នំពេញ បានទទួលការតបណ្តាញទឹកស្អាតប្រើប្រាស់ដោយគ្មានបង់ប្រាក់តាមរយៈជំនួយរបស់ធនាគារពិភពលោក។ លោក ម៉ាន់ ឈឿនបន្តទៀតថា៖
«តាមធម្មតាតបណ្តាញទឹកនេះមានតម្លៃយ៉ាងតិច៤០០.០០០រៀល (១០០ដុល្លារអាមេរិក)។ គោលនយោបាយរបស់រាជរដ្ឋាភិបាលឧបត្ថម្ភទុនដល់អ្នកក្រីក្រ ឱ្យទទួលបានការប្រើប្រាស់ទឹកស្អាត ដោយបង់ថ្លៃតបណ្តាញទឹកស្អាតតែ៣០ភាគរយ ៥០ភាគរយ និង៧០ភាគរយ»។
លោក សុខ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានថ្លែងថា ប្រជាពលរដ្ឋជាង៥៨ភាគរយនៅទូទាំងប្រទេស និងប្រជាពលរដ្ឋ ប្រមាណ៩០ភាគរយនៅក្នុងទីក្រុងភ្នំពេញទទួលបានសេវាកម្មផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់នៅក្នុងឆ្នាំ២០១០។ លោក សុវណ្ណរិទ្ធ ថ្លែងថា៖
«គោលដៅអភិវឌ្ឍន៍ជាតិបានកំណត់ថា នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋនៅតាមខេត្តក្រុង និងទីប្រជុំជននានា ចំនួន៨០ភាគរយ និងប្រជាពលរដ្ឋនៅតាមតំបន់ជនបទចំនួន៥០ភាគរយត្រូវទទួលបានសេវាកម្មទឹកស្អាត ប្រើប្រាស់។ ប្រជាពលរដ្ឋដែលទទួលបានសេវាកម្មទឹកស្អាតប្រើប្រាស់នៅមានចំនួនទាប។ប្រជាពលរដ្ឋក្រីក្រពុំទទួលបានសេវាកម្មទឹកស្អាតប្រើប្រាស់ទូលាយនៅឡើយ»។
សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនៅទីក្រុងចំនួន៩០ភាគរយរស់នៅមានអនាម័យ និង៨១ភាគរយមានបង្គន់អនាម័យ។ ប៉ុន្តែគ្រួសារចំនួនតែ៣០ ភាគរយប៉ុណ្ណោះនៅតំបន់ក្រីក្រមានបង្គន់ក្នុងផ្ទះ និងលាមកមនុស្សភាយក្លិន ដែលទីបញ្ចប់វាធ្វើឱ្យអន្តរាយដល់សុខភាពយ៉ាងពិតប្រាកដ និងធ្វើឱ្យខូចខាតដល់បរិស្ថានក្នុងតំបន់៕