ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ចាប់​ប្រជាពលរដ្ឋ​ថែម​ទៀត​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​ក្មេង​ស្រី​នៅ​ក្រចេះ


អាជ្ញាធរ​ខេត្ត​ក្រចេះ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចាប់​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​បួន​នាក់ ​ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សមត្ថកិច្ច។

ការ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​បួន​នាក់​នេះ​បាន​កើត​មាន​ឡើង​ក្រោយពេល​ដែល​សមត្ថកិច្ច​បាន​ចុះបង្រ្កាប​ដោយ​ហិង្សា​មួយ​នៅ​ភូមិ​ប្រមា ​ឃុំកំពង់ដំរី ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ។

យ៉ាងតិច​មាន​កុមារី​ម្នាក់​ឈ្មោះ​ហេង ​ចន្ថា ​អាយុ​១៤​ឆ្នាំ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​រួម​មាន​មន្ត្រី​នគរបាល កង​រាជអាវុធហត្ថ ​និង​មន្ត្រី​យោធា​បាន​បាញ់​សម្លាប់​ដោយ​ផ្ទាល់ដៃ ​នៅ​ក្នុង​ខណៈពេល​ដែល​ចុះ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ ​ដោយ​ចោទ​ប្រកាន់​ថា​បាន​បង្កើត​តំបន់​អណាធិបតេយ្យ។

លោក​ឧត្តមសេនីយ៍ត្រី ​ជួង ​ស៊ាងហាក់ ​ស្នងការ​ប៉ូលិស​ខេត្ត​ក្រចេះ​បាន​និយាយ​ថា​ក្រុម​ប្រជាពលរដ្ឋ​បាន​ទៅ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។

«មួយ​រយៈពេល​មក​ហ្នឹង ​ពួក​ក្រុម​សកម្មភាព​វា​ហ្នឹង​ វា​ហុំព័ទ្ធ​ប្រជាពលរដ្ឋ​ដាក់​បារ៉ាស ​ត្រួតពិនិត្យ​មើល​ទៅ​វា​ហ្នឹង​ជា​អំណាច​មួយ​នៅ​ក្នុង​ហ្នឹង​ទៅ​ហើយ​។ ​ទៅ​ធ្វើ​សកម្មភាព​គំរាមគំហែង​ ចាប់​បង្ខំ​គេ​ឲ្យ​ចូល​ទៅ​ក្នុង​សមាគម​អ្នក​ប្រជាធិបតេយ្យ»។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចាកចេញ​ពី​ភូមិ​ប្រមា ​និង​មួយ​ចំនួន​ទៀត​បាន​ស្នាក់នៅ​ក្នុង​ភូមិ​នៅ​ឡើយ​។​ ក៏ប៉ុន្តែ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច។

មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​អ្នក​កាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​ទេ​ដោយ​សមត្ថកិច្ច​បាន​លើក​ហេតុផល​ថា ​ដើម្បី​រក្សា​សន្តិសុខ ​និង​សុវត្ថិភាព។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​អំ ​សំអាត ​មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​គួរតែ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​កុមារី​ហេង​ ចន្ថា។

«យើង​ជា​សង្គមស៊ីវិល ​យើង​សុំ​ទទូច​ហើយ​ ទទូច​ទៀត។ ​ថា​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ហើយ​ចង់​ឲ្យ​មាន​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​ក្មេងស្រី​នេះ​ ដើម្បី​រក​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​ទៅ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់»។

សព​កុមារី​ហេង ​ចន្ថា ​ត្រូវ​បាន​ក្រុម​គ្រួសារ​កំពុង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ការ​ចាប់​ខ្លួន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​ខុស​ច្បាប់​នេះ។ លោក​បាន​បញ្ជាក់​ថា អង្គការ​សង្គមស៊ីវិល​មិន​ត្រូវ​លាក់បំពួន​ជន​ទាំង​នោះ​ទេ​ ប្រសិន​ណា​បើ​ឃើញ​ពួក​គេ​ ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច។

«ដីកា​ចាប់​ខ្លួន​យើង​មាន​ហើយ​ ក៏​ខ្ញុំ​សុំ​អំពាវនាវ​តាម​រយៈវីអូអេ​ ចំពោះ​អង្គការ​សិទ្ធិ​មនុស្ស​ផ្សេង​ៗ​សុំ។ ​ប្រសិន​ជា​ឃើញ​ឈ្មោះ​នេះ​ ដែល​ជ្រកកោន​ក្នុង​អង្គការ​សិទ្ធិ​មនុស្ស​ ក៏សុំ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ ព្រោះ​យើង​អនុវត្ត​តាម​ផ្លូវ​ច្បាប់»។

លោក​ប៊ុន ​រដ្ឋា ​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម ​សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ ​និង​ប្រជាពលរដ្ឋ​ចំនួន​បួន​នាក់​ផ្សេង​ទៀត​ គឺ​ជា​ជន​សង្ស័យ​ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ខ្លួន។

វីអូអេ​ព្យាយាម​មិន​អាច​ទាក់​ទង​លោក​ម៉ម​ សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ​ដើម្បី​សុះ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុម​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ដែល​រួមមាន​សមាគម​សិទ្ធិមនុស្ស​អាដហុក​ ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ រួមទាំង​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ថ្កោលទោស​ចំពោះ​ចំណាត់​វិធានការ​របស់​សមត្ថកិច្ច។ ​ក្រុមឃ្លាំមើល​កម្ពុជា​បាន​យល់​ឃើញ​ថា​ ការ​ប្រើ​ពាក្យ​តំបន់​អបគមន៍​គឺ​ជា​លេស ​ដើម្បី​ធ្វើ​ការ​បាញ់​បង្ក្រាប​មក​លើ​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការ​តវ៉ា​រឿង​វិវាទ​ដីធ្លី​ និង​ជា​សារ​មួយ​ផ្ងើជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​ៗ​ទៀត​ ដែល​មាន​វិវាទ​ដីធ្លី​ឲ្យ​ឈប់​តវ៉ា៕

XS
SM
MD
LG