លោក Moon Jae-in ដែលជាអ្នកសេរីនិយម បានប្រកាសអំពីជ័យជម្នះរបស់ខ្លួននៅក្នុងការបោះឆ្នោតប្រជែងយកតំណែងជាប្រធានាធិបតីរបស់កូរ៉េខាងត្បូង ដោយលោកប្តេជ្ញាថានឹងតំណាងឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេស។
បេក្ខជនសេរីនិយមខាងគណបក្សប្រជាធិបតេយ្យកូរ៉េរូបនេះបានថ្លែងទៅកាន់ហ្វូងអ្នកគាំទ្រដែលសាទរលោកក្នុងទីក្រុងសេអ៊ូល «ខ្ញុំនឹងជាប្រធានាធិបតីរបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូងទាំងអស់»។ លោកបានថ្លែងដូច្នេះ បន្ទាប់ពីគូប្រជែងប្រកៀកប្រកិតរបស់លោក២នាក់បានទទួលស្គាល់បរាជ័យ។
ការស្ទង់មតិក្រោយពេលបោះឆ្នោតបានបង្ហាញថា លោក Moon ទទួលបានសំឡេងឆ្នោតគាំទ្រជាង៤១ភាគរយ ដែលច្រើនលើសលប់គូប្រជែងប្រកៀកប្រកិតរបស់លោក គឺលោក Hong Joon-pyo បេក្ខជនប្រធានាធិបតីខាងគណបក្សសេរីនិយមកូរ៉េដែលទទួលបានសំឡេងគាំទ្រ២៣ភាគរយ និងលោក Ahn Cheol-soo បេក្ខជនប្រធានាធិបតីប្រកាន់កណ្តាលនិយមខាងគណបក្សពលរដ្ឋ ដែលទទួលបានសំឡេងគាំទ្រ២១ភាគរយ។
តួលេខអ្នកបានចូលរួមបោះឆ្នោតមានចំនួនខ្ពស់ជាប្រវត្តិសាស្ត្រ បន្ទាប់ពីមានវិបត្តិនយោបាយ ដែលឈានដល់ការទម្លាក់លោកស្រីប្រធានាធិបតី Park Geun-hye ចេញពីតំណែង ដោយចោទប្រកាន់ថា លោកស្រីពាក់ព័ន្ធនឹងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុងទឹកប្រាក់រាប់លានដុល្លារ ដែលឈានឲ្យមានការតវ៉ាសាធារណៈធំៗមួយចំនួនអស់រាប់សប្តាហ៍។ ការតវ៉ានេះបានដាក់សំពាធដល់សភាជាតិឲ្យបង្ខំចិត្តដកតំណែងលោកស្រីនិងស្នើឲ្យមានការបោះឆ្នោតថ្មីមួយ។
លទ្ធផលផ្លូវការនៃការបោះឆ្នោតនេះត្រូវគេរំពឹងថា នឹងប្រកាសនៅព្រឹកថ្ងៃពុធនេះ នៅក្នុងទីក្រុងសេអ៊ូល ប៉ុន្តែគម្លាតនៃជ័យជម្នះដ៏ធំធេងរបស់លោក Moon នៅក្នុងការវាស់ស្ទង់មតិក្រោយបោះឆ្នោតនេះ មិនទំនងជាខុសពីលទ្ធផលផ្លូវការខ្លាំងនោះទេ៕