ប្រសិនបើគេរាប់ចាប់តាំងពីពេលចាប់ខ្លួន ឌុច នៅខែ ឧសភា ឆ្នាំ១៩៩៩ ឌុច បានស្ថិតក្នុងពន្ធនាគារអស់រយៈពេលជាង១២ឆ្នាំហើយ។ ក៏ប៉ុន្ដែនោះមិនមែនជាការជាប់ឃុំឃាំងដោយអំណាចសាលក្រមរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬដែលគេស្គាល់ថា សាលាក្ដីខ្មែរក្រហមនោះទេ។
នៅពេលនេះអតីតប្រធានគុកទួលស្លែង ឬមន្ទីរស២១ ដែលត្រូវចោទប្រកាន់ក្នុងសំណុំរឿង០០១អំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម បទមនុស្សឃាត និងទារុណកម្ម កំពុងរង់ចាំការប្រកាសសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូល។ ក៏ប៉ុន្ដែគ្មានការបញ្ជាក់ជាផ្លូវការណាមួយពីកាលបរិចេ្ឆទនៃការប្រកាសសាលដីកានេះទេ។ ជនរងគ្រោះដែលធ្លាប់ស្ថិតក្រោមការធ្វើទារុណកម្មរបស់ឌុចហាក់ដូចជាបាត់បង់ការអត់ធ្មត់ ហើយចាត់ទុកថា នេះគឺជាការអូសបន្លាយពេលវេលានៃការប្រកាសសាលដីកា។
កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ សមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ ហៅកាត់ថា ក្សេមក្សាន្ដដែលដឹកនាំដោយអតីតអ្នកទោសគុកទួលស្លែង លោក ជុំ ម៉ី បានផ្ញើលិខិតមួយច្បាប់ទៅកាន់អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមដើម្បីតឿនរំលឹកពីការប្រកាសសាលដីកានោះ។ នេះបើយោងតាមមេធាវីរបស់សមាគមក្សេម្ដក្សាន្ដ លោក លឹម ម៉េងឃី។ លោកមានប្រសាសន៍ថា៖
«សមាគមគាត់បានសុំសួរបញ្ជាក់ថា តើថ្ងៃប្រកាសសាលក្រម មានកាលបរិច្ឆេទជាក់លាក់ ហើយ ឬនៅ? នៅថ្ងៃណា? ហើយ ប្រសិនបើឥតទាន់មានកាលបរិច្ឆេទជាក់លាក់ គាត់ចង់ដឹងថា តើដំណើរការនៃការពិចារណាសម្រេចដល់ត្រឹមណាហើយ ពីព្រោះគាត់ទន្ទឹងរង់ចាំមើលសេចក្តីសម្រេចចុងក្រោយហ្នឹង»។
កាំង ហ្គិចអ៊ាវ ហៅឌុច អាយុ៦៩ឆ្នាំជាប់សង្ស័យក្នុងការជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងសម្លាប់អ្នកទោសយ៉ាងតិចចំនួន១២.៣៨០នាក់ ក្នុងពេលដែលគាត់ត្រួតត្រាគុកទួលស្លែងពីឆ្នាំ ១៩៧៦ ដល់ខែមករា ឆ្នាំ ១៩៧៩។ គាត់ត្រូវបានបញ្ជូនពីការឃុំឃាំងបណ្ដោះអាសន្ននៅតុលាការយោធានៅឆ្នាំ ២០០៧។ ការកាត់ទោសឌុច ដោយអង្គជំនុំជម្រះសាលាដំបូងត្រូវបានធ្វើឡើងអស់រយៈពេល៧៧ថ្ងៃដោយរាប់ចាប់ពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០០៩រហូតដល់ខែកញ្ញា ឆ្នាំដដែលនោះ។ ដប់ខែក្រោយគឺនៅខែកក្កដា ឆ្នាំ២០១០ ទើបមានការប្រកាសសាលក្រមដែលផ្ដន្ទាទោសរូបគាត់ឲ្យជាប់ពន្ធនាគារចំនួន៣៥ ឆ្នាំ។ ក៏ប៉ុន្ដែទោសនេះត្រូវសម្រួលនៅត្រឹម១៩ឆ្នាំដែលធ្វើឲ្យមានប្រតិកម្មពីជនរងគ្រោះ និងពីសហព្រះរាជអាជ្ញាជាខ្លាំង។ សហព្រះរាជអាជ្ញាលោកស្រី ជា លាង និងលោក អាន់ឌ្រូ ខេលី បានប្ដឹងសារទុក្ខហើយទាមទារឲ្យអង្គជំនុំជម្រះតុលាការកំពូលបន្ថែមទោសឌុច ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ឬយ៉ាងតិចបំផុតចំនួន៤៥ ឆ្នាំ។ យ៉ាងណាក៏ដោយបន្ទាប់ពីសវនាការរបស់តុលាការកំពូលរយៈពេលបីថ្ងៃគឺពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០១១នេះមក នៅមិនទាន់មានការសម្រេចទោសឌុច ជាថ្មីដោយអង្គជំនុំជម្រះតុលាការកំពូលនោះទេ។
លោក ជុំ ម៉ី ប្រធានអង្គការក្សេមក្សាន្ដ និងជាអតីតអ្នកទោសគុកទួលស្លែងបញ្ជាក់ថា លោកកំពុងចង់ដឹងថាតើឌុចនឹងត្រូវទទួលទោសយ៉ាងដូចម្ដេចដោយលោកមិនចង់រង់ចាំរហូតដល់ការកាត់ទោសពេញអង្គសេចក្ដីក្នុងសំណុំរឿង០០២ឡើយ។ លោកបញ្ជាក់ថា៖
«តើវាប៉ុន្មានឆ្នាំទៀតបានវាចេញសាលក្រមហ្នឹង? សាលក្រម ជាស្ថាពរហ្នឹង! យើង រង់ចាំមើលដែរ។ គេបន្ថយទោសឌុចឲ្យមកនូវ១០ឆ្នាំ ឬគេដាក់ដំឡើងពី៣៥ឆ្នាំឡើងទៅលើទៀត។ យើងចង់ឲ្យចេញអាបួននាក់នេះ»។
អតីតអ្នកទោស គុកទួលស្លែងម្នាក់ទៀតគឺលោក ប៊ូ ម៉េង មានប្រសាសន៍ប្រកបដោយភាពអន្ទះសារ៖
«ហេតុអី បានជាមិនឆ្លើយសំណួរហ្នឹង? ខ្ញុំឆ្ងល់ត្រង់ហ្នឹង! កាត់កន្លងមកសាក្សីគេមានគ្រប់គ្រាន់ ក្រដាសស្នាមដែលជាស្លាកស្នាមក៏មានគ្រប់គ្រាន់ រាប់ពាន់រាប់ម៉ឺនសន្លឹកហើយៗឯកសាររស់ដូចជាខ្ញុំ ដូចជាសាក្សី ដូចជាអ្នកជំនាញការ គឺមានគ្រប់គ្រាន់ហើយ។ តើវាទៅជាយូរអីទៀត?»
ទាំងលោកជុំ ម៉ី ទាំងលោក ប៊ូ ម៉េង សុទ្ធតែយល់ថា ការពន្យារពេលណាមួយក្នុងការសម្រេចក្ដីទឹកចុងក្រោយក្នុងសំណុំរឿង ឌុច នេះនឹងនាំឲ្យប៉ះពាល់ដល់យុតិ្តធម៌សម្រាប់ពួកលោក។
ក៏ប៉ុន្ដែលោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមមិនចាត់ទុកថា ដំណើរការក្ដីរហូតមកទល់ពេលនេះគឺជាការពន្យារពេលនោះទេ។ លោកមានប្រសាសន៍ថា៖
«ខ្ញុំដឹងប្រាកដថា ទាំងអស់គ្នាប្រាកដជាអន្ទះសារចង់ដឹងពីការសម្រេចក្តីរបស់អង្គជំនុំជម្រះតុលាការកំពូលក្នុងសំណុំរឿងទី១។ អង្គជំនុំជម្រះតុលាការកំពូលកំពុងតែធ្វើសេចក្តីព្រាងទី១នៃសាលក្រម ប៉ុន្តែយើងមិនដឹងថាតើនឹងត្រូវការពេលប៉ុន្មានដើម្បីបញ្ចប់នោះទេ»។
លោកស្រី អាន ហេនដិល (Anne Heindel) ទីប្រឹក្សាច្បាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជាពន្យល់ថា ភាពស្មុគ្រស្មាញក្នុងសំណុំរឿងឌុច និងកង្វះពិសោធន៍របស់អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមក្នុងការកាត់ក្ដីសំណុំរឿងឧក្រិដ្ឋកម្មបែបនេះបាននាំឲ្យមានការប្រើប្រាស់ពេលវេលាច្រើន។ លោកស្រីបានថ្លែងថា៖
«បណ្តឹងសារទុក្ខនៃសំណុំរឿងឌុចជាប់ទាក់ទងនឹងបញ្ហាផ្លូវច្បាប់យ៉ាងស្មុគស្មាញ ហើយអង្គជំនុំជម្រះតុលាការកំពូលមិនដែលបានដោះស្រាយសំណុំរឿងដូចច្នោះទេ។ ដើម្បីសម្រេចសំណុំរឿងនេះ ក្រុមចៅក្រមត្រូវគិតជាមុន អំពីផលបះពាល់នានាទៅដល់សំណុំរឿងមួយទៀត គឺសំណុំរឿង ០០២។ វាមិនមែនជាការស៊ីពេលវែងនោះទេ រហូតមកដល់ពេលនេះ ក្នុងការសរសេរសាលក្រមរបៀបនេះ។ ខ្ញុំសង្ឃឹមថា វានឹងស៊ីពេលយ៉ាងសមរម្យនឹងមានការសម្រេចយ៉ាងត្រឹមត្រូវ។ ប្រសិនបើយើងមើលតុលាការអន្តរជាតិផ្សេងទៀត ដូចជាតុលាការព្រហ្មទណ្ឌអន្តរជាតិនៃអតីតយ៉ូកូស្លាវី និងតុលាការអន្តរជាតិសម្រាប់ប្រទេសរវ៉ាន់ដា គេប្រើរយៈពេលរហូតដល់ មួយឆ្នាំដើម្បីទទួលបានលទ្ធផលនៃបណ្តឹងឧទ្ធរណ៍មួយ។ ប្រសិនបើលោកមើលការសម្រេចក្តីក្នុងសំណុំរឿងឌុច នៅអង្គជំនុំជម្រះសាលាដំបូង ពេលវេលាដែលប្រើគឺអស់បីត្រីមាស។ ដូច្នេះ ជាពេលវេលាសមហេតុផល»។
លោក ឡាស អលសិន និងលោកស្រី អាន ហេនដិល ក៏បានលើកឡើងពីការបកប្រែភាសាផងដែរដែលជម្រុញឲ្យមានភាពស្មុគ្រស្មាញដល់ដំណើរការប្រកាសសាលដីការបស់តុលាការកំពូល។ ក៏ប៉ុន្ដែប្រភពស្និទ្ធនឹងសាលាក្ដីខ្មែរក្រហមមួយចំនួនបានបង្ហាញពីភាពមិនទាន់ចុះសម្រុងគ្នារវាងចៅក្រមអន្ដរជាតិ និងចៅក្រមជាតិក្នុងការកំណត់ទោសទណ្ឌរបស់ ឌុចដែលជារឿងមិនល្អដល់ការចេញសាលដីកា។ ប្រភពដដែលបញ្ជាក់ថា តុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមត្រូវការធ្វើសេចក្ដីសម្រេចតែលើចំណុចចំនួនបីតែប៉ុណ្ណោះគឺទី១ ការសម្រេចទៅលើយុត្តាធិការ ទី២ការសម្រេចទៅលើការផ្ដន្ទាទោស និងទី៣ការគណនាទោសសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលឌុច ទទួលរងការចោទប្រកាន់។ ទោះជាយ៉ាងនេះក្ដីមានការរំពឹងទុកថា ការប្រកាសសាលដីកាសម្រាប់សំណុំរឿង០០១ ករណីឌុចនឹងអាចប្រព្រឹត្តិទៅមុនដំណាច់ឆ្នាំនេះ។ ក៏ប៉ុន្តែមានការប៉ាន់ប្រមាណថា សំណុំរឿង០០២នឹងអូសបន្លាយពេលច្រើនជាងនេះ៕