ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានី​ម៉ូហ្គាឌីស្យូ​ផ្តល់​ភាព​សុខ​ស្រួល​បន្តិច​បន្តួច​ដល់​ប្រជាពលរដ្ឋ​សូម៉ាលី


ជនភៀសខ្លួន​​សូម៉ាលី​នៅខាងក្រៅ​មជ្ឈមណ្ឌល​ចុះឈ្មោះ​អង្គការ​ UNHCR​ ថ្ងៃទី​១២​ ខែ​សីហា​ ឆ្នាំ​២០១១។
ជនភៀសខ្លួន​​សូម៉ាលី​នៅខាងក្រៅ​មជ្ឈមណ្ឌល​ចុះឈ្មោះ​អង្គការ​ UNHCR​ ថ្ងៃទី​១២​ ខែ​សីហា​ ឆ្នាំ​២០១១។

គ្រោះ​ទុរភិក្ស​កំពុង​បង្ខំ​ប្រជាពលរដ្ឋ​សូម៉ាលី​ (Somalia)​រាប់​រយ​ពាន់​នាក់​ឲ្យ​ចាកចេញ​ពី​ទី​លំនៅ​របស់​ខ្លួន​ ដើម្បី​ស្វែងរក​អាហារ​ទ្រទ្រង់​ជីវិត។​ អ្នក​ខ្លះ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន​ទៅ​កាន់​ជំរុំ​ជន​ភៀសខ្លួន​ក្នុង​ប្រទេស​កេនយ៉ា​ (Kenya)​ និង​ ប្រទេស​អេត្យូពី​ (Ethiopia)​ ដែល​នៅ​ទី​នោះ​ ទី​ភ្នាក់ងារ​ជំនួយ​អន្តរជាតិ​កំពុង​ផ្តល់​ជំនួយ​ស្បៀង​អាហារ។​ ប៉ុន្តែ​ អ្នក​ដែល​ភៀសខ្លួន​ទៅ​ដល់​រដ្ឋធានី​សូម៉ាលី អាច​ស្វែង​រក​ជំនួយ​បាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ស្ត្រី​ពរ​កូន​ដែល​មាន​រូបរាង​ស្គម​ស្គាំង​ ដោយ​មាន​កាន់​ឆ្នាំង​ ឬ​ថង់​ជ័រ​ប្លាស្ទីក​ឈរ​តម្រង់​ជួរ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ នៅ​ខាង​ក្រៅ​ផ្ទះ​បាយ​ដ៏​កខ្វក់​នៅ​ឯ​ជំរុំ​ បាដបាឌូ​ (Badbaado)​ នៃ​រដ្ឋធានី​ម៉ូហ្គាឌីស្យូ។​ នៅ​ខាង​ក្នុង​ អ្នក​ស្ម័គ្រចិត្ត​ ឈរ​ជិត​ខ្ទះ​ដែក​ធំ​ពីរ​ ហើយ​ដួស​បាយ​មួយ​វែក ​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​ឬ​ថង់​និមួយៗ។

សម្រាប់​អ្នក​រស់នៅ​ក្នុង​ជំរុំ​ភាគ​ច្រើន​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​ ២​ ម៉ឺន​នាក់​ គឺ​មាន​តែ​បាយ​មួយ​វែក​នេះ​រួម​ទាំង​ស៊ុប​បន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​ពួក​គេ​មាន​ហូប​ដើម្បី​រស់​នៅ​បន្ត​ទៀត។

អ្នក​ស្រី​ ខាឌីចា​ អ៊ីប្រាហ៊ីម​ (Khadija​ Ibrahim)​ អាយុ​ ៤០​ ឆ្នាំ​ រួម​នឹង​កូន​ទាំង​ ៦​ របស់​អ្នកស្រី​ បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​យ៉ាង​យូរ​ពី​ភូមិ​មួយ​ដែល​មាន​ចម្ងាយ​ ២០០​ គីឡូម៉ែត្រ​ ឋិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​ ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ពាក់ព័ន្ធ​នឹង​ពួក​អាល់កៃដា​ (al-Qaida)​ ឈ្មោះ​ អាល់-ស្ហាបាប់​ (al-Shabab)។​ អ្នកស្រី​និយាយ​ថា​ ខ្មាន់​កាំភ្លើង​ al-Shabab​ បាន​សម្លាប់​ប្តី​របស់​អ្នកស្រី​នៅ​ពេល​ដែល​គាត់​បដិសេធ​នូវ​បញ្ជា​ឲ្យ​ទៅ​វិហារ​អ៊ីស្លាម។

អ្នកស្រី​ Khadija​ និយាយ​ថា​ បាយ​នេះ​មាន​ជីវជាតិ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​គ្រាន់​ជាង​ការ​មិន​ទទួល​បាន​អ្វី​សោះ​ ដែល​ជា​ករណី​ពួក​គាត់​ជួប​ប្រទះ​នៅ​ក្នុង​តំបន់​ខាង​ត្បូង​ដែល​រងគ្រោះ​ដោយ​គ្រោះ​ទុរភិក្ស។

អ្នក​ស្រី​និយាយ​ថា​ «យើង​ហូប​បាយ​សុទ្ធ​ដោយ​មិន​មាន​សាច់​ ឬ​ បន្លែ​អ្វី​ទេ។​ វា​មិន​មាន​ជីវជាតិ​អ្វី​ទេ​ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​យើង​រស់​បាន។​ អ្វី​ក៏​យើង​ហូប​ដែរ​ ឲ្យ​តែ​យើង​អាច​រក​បាន»។

អាជ្ញាធរ​និយាយ​ថា​ ជំរុំ​រាប់​រយ​ដូច​ជា​ជំរុំ​ Badbaado​ បាន​រៀបចំ​ឡើង​នៅ​ក្នុង​ និង​ ជុំវិញ​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​ ក្នុង​អំឡុង​ ៣​ ខែ​ចុង​ក្រោយ​នេះ។​ ប្រហែល​ជា​មាន​ជំរុំ​ដូច​នឹង​ជំរុំ​ Badbaado​ ចំនួន​ ២០០​ ឬ​ ៣០០។​ គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​នោះ​ទេ។

ទោះ​បី​ជា​ជំនួយ​បាន​បញ្ជូន​ទៅ​ដល់​ជំរុំ​ជន​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​សូម៉ាលី​ក៏​ដោយ​ ក៏​អង្គការ​សហប្រជាជាតិ​ និង​ ទី​ភា្នក់ងារ​មនុស្សធម៌​អន្តរជាតិ​ធំៗ​នៅ​តែ​មិន​ទាន់​បាន​ចាប់​ផ្តើម​ធ្វើការ​ចែក​ចាយ​អាហារ​នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​ទេ។​ គឺ​ទើប​តែ​មួយ​សប្តាហ៍​មុន​ប៉ុណ្ណោះ​ ដែល​ al-Shabab​ ត្រូវ​បាន​កំចាត់​ចេញ​ពី​ទីក្រុង​ ដោយ​អនុញ្ញាតិ​ឲ្យ​បុគ្គលិក​ជំនួយ​មនុស្សធម៌​ធ្វើ​ការ​វាស់​វែង​អំពី​ទំហំ​នៃ​គ្រោះ​មហន្តរាយ​ដែល​កំពុង​តែ​មាន។

គេ​ត្រូវ​ការ​ពេល​ប្រហែល​ជា​រាប់​សប្តាហ៍​ ឬ​រាប់​ខែ​ មុន​និងប្រព័ន្ធ​ចែក​ចាយ​អាហារ​មួយ​ត្រូវ​បាន​បង្កើត​ឡើង។

លោក​ អ៊ូម៉ារ៍​ អេឌិន​ (Umar​ Aden)​ អាយុ​ ២៦​ ឆ្នាំ​ បាន​មក​ដល់​ទីនេះ​ជាមួយ​គ្រួសារ​របស់​គាត់​ អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ។

គាត់​និយាយ​ថា​ អាហារ​បន្តិច​បន្តួច​ដែល​គាត់​កំពុង​បាន​ទទួល​ គឺ​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​អាជីវកម្ម​ក្នុង​ស្រុក​ ដោយ​រំពឹង​ថា​នឹង​អាច​ជួយ​ការពារ​នូវ​ភាព​អត់ឃ្លាន​ទ្រង់ទ្រាយ​ធំ​បាន។

គាត់​និយាយ​ថា​ «ជំរុំ​នេះ​មាន​មេ​ដឹកនាំ​ម្នាក់​ដែល​ប្រមូល​ថវិកា​ពី​សហគមន៍​ក្នុង​ស្រុក​ ហើយ​គាត់​ក៏​ដាំ​ស្ល​សំរាប់​ពួក​យើង​ជា​រៀង​រាល់​ថ្ងៃ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​មនុស្ស​ភាគ​ច្រើន​ ពួក​គេ​នៅ​តែ​មិន​ទាន់​យល់​ថា​ហេតុអ្វី​បាន​ជា​វា​ស៊ី​ពេល​យូរ​យ៉ាង​ដូច្នេះ​ដើម្បី​ទទួល​បាន​អាហារ​ ដែល​ចំនួន​ខ្លះ​បាន​បញ្ជូន​ទៅ​ដល់​កំពង់ផែ​ម៉ូហ្គាឌីស្យូ​ជា​ស្រេច​ទៅ​ហើយ​នោះ។

អ្នក​ជំនាញ​ខាង​ជំនួយ​មនុស្សធម៌​និយាយ​ថា​ សូម្បី​តែ​នៅ​ក្នុង​ករណី​ដ៏​ល្អ​បំផុត​ក៏​ដោយ​ ក៏​ទិដ្ឋភាព​ទូទៅ​រយៈ​ពេល​ខ្លី​ សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​ និង​សម្រាប់​អ្នក​ដែល​នៅ​រងគ្រោះ​ក្នុង​តំបន់​គ្រោះ​ទុរភិក្ស​នៅ​ភាគ​ខាង​ត្បូង​ និង​ភាគ​កណ្តាល​នៃ​ប្រទេស​សូម៉ាលី​ គឺ​នៅ​តែ​ជា​ការ​រំខាន​ដដែល៕

ប្រែ​សម្រួល​ដោយ​ ភី សុភាដា

XS
SM
MD
LG