ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្ទះ​គំរូ​បង្ហាញ​ពី​បច្ចេកវិទ្យា​នៃ​ថាមពល​កកើត​ឡើង​វិញ​នៅ​ប្រទេស​សេណេហ្គាល់


គេហស្ថាន​របស់​ឯកអគ្គរដ្ឋទូត​​អ៊ីស្រាអែល​នៅ​ទី​ក្រុង​ដាការ​ប្រទេស​សេណេហ្កាល​បាន​ត្រូវ​កែ​លំអ​ ឲ្យ​ល្អ​ចំពោះ​បរិស្ថាន​ ដើម្បី​ប្រើប្រាស់​ឋាមពល​កកើត​ឡើងវិញ ហើយ​ជា​គំរូ​ផ្ទះ​បៃតង​បង្ហាញ​អំពី​បច្ចេកវិជ្ជា​​ឋាមពល​កកើត​ឡើងវិញ ជា​ផ្នែក​មួយ​នៃ​ការ​ខំ​ប្រឹង​ប្រែង​រ
គេហស្ថាន​របស់​ឯកអគ្គរដ្ឋទូត​​អ៊ីស្រាអែល​នៅ​ទី​ក្រុង​ដាការ​ប្រទេស​សេណេហ្កាល​បាន​ត្រូវ​កែ​លំអ​ ឲ្យ​ល្អ​ចំពោះ​បរិស្ថាន​ ដើម្បី​ប្រើប្រាស់​ឋាមពល​កកើត​ឡើងវិញ ហើយ​ជា​គំរូ​ផ្ទះ​បៃតង​បង្ហាញ​អំពី​បច្ចេកវិជ្ជា​​ឋាមពល​កកើត​ឡើងវិញ ជា​ផ្នែក​មួយ​នៃ​ការ​ខំ​ប្រឹង​ប្រែង​រ

នៅ​ក្នុង​ប្រទេស​សេណេហ្គាល់​«ផ្ទះ​បៃតង» គំរូ​មួយត្រូវ​បាន​សង់​ឡើង​ដើម្បី​បង្ហាញ​ពីបច្ចេក​វិទ្យា​នៃ​ឋាមពលកកើត​ឡើង​វិញ​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​រវាងរដ្ឋាភិបាល​អ៊ីស្រាអែល ​និង​សេណេហ្គាល់ ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតកម្ម​អាហារ និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​ឥន្ធនៈ​ផូស៊ីល។

និវេសនដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​អ៊ីស្រាអែល​នៅ​ទីក្រុង​ដាការ​ បាន​ធ្វើការ​កែលម្អ​ឲ្យ​ស្របទៅ​តាម​ភាព​អំណោយផល​ខាង​បរិស្ថាន​ដើម្បី​ប្រើប្រាស់​ឋាមពល​កកើត​ឡើងវិញឲ្យកាន់តែ​ប្រសើរ​ជាង​មុន។ លោក​ឯកអគ្គ​រដ្ឋទូត ​ហ្គាយដេអុន ​បេហារ (Gideon Behar) មាន​ប្រសាសន៍​ថា​ និវេសនដ្ឋាននោះជា​គំរូ​មួយ​ស្តីពី ថា​តើ​មនុស្ស​អាច​រស់នៅ​ ដោយ​មាន​តុល្យភាព​ជាមួយ​បរិស្ថាន​យ៉ាង​ដូចម្តេច។

«ជា​បឋម​ យើង​បាន​បន្ថែម​ប្រព័ន្ធ​មួយ ​ដែល​ត្រូវបាន​ហៅថា​ជា​ប្រព័ន្ធ​បិទបើក​បង្ហូរ​ទឹក​ដែល​ប្រើប្រាស់​ទឹក​តិច​ជាង​មុន​ និង​កាន់តែ​មាន​ប្រសិទ្ធភាព។ ដូច្នេះ ​សួនច្បារ​ទាំងអស់​ ត្រូវបានបំពាក់​ប្រព័ន្ធ​បិទបើក​បង្ហូរ​ទឹក។ បន្ថែម​ពីនោះ​ទៀត​ យើង​បានបន្ថែម​ឋាមពលប្រើ​ពន្លឺ​ព្រះអាទិត្យ ​ដើម្បី​កំដៅ​ទឹក​សម្រាប់​ងូត​ ឬ​ការប្រើប្រាស់​ក្នុង​ផ្ទះបាយ​ ហើយ​ក៏​ប្រើ​ប្រព័ន្ធព្រះអាទិត្យសម្រាប់​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ផ្ទះ​ជាដើម»។

ផ្ទះ​គំរូ​ មាន​រាប់​បញ្ចូល​ទាំង​គម្រោងលើ​វារី​កសិកម្ម ​ដែលលោក​ឯកអគ្គរដ្ឋទូត ​បេហារ ​ថ្លែងថា គំរូ​នេះ​ក៏​អាច​ជួយធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អាហា​រូបត្ថម្ភ​នៅ​សេណេហ្គាល់​ដែរ។

«យើង​កំពុង​ចិញ្ចឹម​ត្រី។ យើង​ចង់​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​នៅ​សេណេហ្គាល់​នេះ​ថា​ ដោយ​គ្រាន់តែ​មាន​ស្រះទឹក​តូច​មួយ​ដែល​ឃើញ​មាន​នៅ​គ្រប់​ទី​កន្លែងនៅ​សេណេហ្គាល់ ​និងនៅ​ទី្វប​អាហ្រ្វិក​ វា​ជា​ការ​អាច​អនុវត្ត​ទៅ​រួច​ ដែល​អ្នក​អាច​បង្កើន​អាហារ​គ្រប់គ្រាន់​ និងជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​គ្រួសារ​នីមួយៗ»។

ការចាប់ផ្តើម​គំរូ «ផ្ទះ​បៃតង» ​នៅ​ស្ថានទូត​អ៊ីស្រាអែល ​គូស​បញ្ជាក់​ឲ្យ​ឃើញ​ពី​កិច្ចការរបស់​អ៊ីស្រាអែល ​ដែល​កំពុង​វិនិយោគ​លើ​ថាមពល​កកើតឡើង​វិញ។ លោក ឡូវីស សេក (Louis Seck) រដ្ឋ​មន្ត្រី​ក្រសួង​ថាមពល​កកើត​ឡើង​វិញរបស់​សេណេហ្គាល់​ ថ្លែង​ថា វា​មាន​សារៈសំខាន់យ៉ាង​ពិសេសនៅ​ក្នុង​តំបន់​សាហេល (Sahel)​នេះ។

លោក ​សេក ​បាន​ឲ្យ​ដឹង​ថា​ សេណេហ្គាល់ ​មាន​ថាមពល​ពន្លឺ​ព្រះ​អាទិត្យដ៏​សម្បូណ៌​បែប​ ដើម្បីបូម​ទឹក​ កំដៅ​ទឹក ​និង​ដំណើរការ​ឧបករណ៍​ជាច្រើន​ មាន​ដូច​ជា​ម៉ាស៊ីន​កុំព្យូទ័រ​ជាដើម។ ដូច្នេះ ​លោក​ជឿ​ជាក់​ថា​ ការផ្តួច​ផ្តើម​គំនិតរបស់​អ៊ីស្រាអែល​ គឺ​ជា​ចំណែក​មួយ​ដ៏អស្ចារ្យ ​ដើម្បី​អភិវឌ្ឍថាមពល​កកើត​ឡើង​វិញនៅ​ក្នុង​ប្រទេស។

លោក សេក ​ថ្លែង​ទៀត​ថា​ ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ អាច​ធ្វើឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃរបស់​ពលរដ្ឋសេណេហ្គាល់​ ប្រសើរ​ឡើង។

លោក សេក ​និយាយ​ថា​ រដ្ឋាភិបាល​កំពុង​ស្នើ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​នៅ​សេណេហ្គាល់ ទទួល​យកគម្រោងរបស់​អ៊ីស្រាអែល​ ដែល​លើក​កម្ពស់ផ្ទះ​ប្រភេទ​ថ្មី​ ដែល​ចំណែក​ថាមពលមួយ​ភាគ​ធំ​សម្រាប់​ប្រើប្រាស់ ​ត្រូវ​បាន​ផលិត​ចេញ​ពីថាមពល​ពន្លឺ​ព្រះ​អាទិត្យ។

រដ្ឋាភិបាល​អ៊ីស្រាអែល​ និង​សេណេហ្គាល់ ​ក៏​កំពុង​ធ្វើការ​សម្រប​ទៅ​តាមបច្ចេកវិទ្យា​ថ្មី ​ដើម្បី​ដោះស្រាយ​វិបត្តិ​ថាមពល​របស់​ប្រទេស ​ខណៈ​ដែល​ការដាច់​ចរន្ត​អគ្គិសនីជា​រៀង​រាល់​ថ្ងៃ ​បង្ហាញពីអសមត្ថភាពរបស់​រោងចក្រ​អគ្គិសនី​សេណេហ្គាល់ ​ក្នុង​ការឆ្លើយ​តប​តាម​សេចក្តី​ត្រូវការដែល​ចេះ​តែ​កើន​ឡើងខាង​ចរន្ត​អគ្គិសនី​ ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​កើន​ឡើង​ខ្ពស់៕

ប្រែសម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG