Philadelphia៖ គណបក្សសិទ្ធិមនុស្សប្រចាំនៅតំបន់អាមេរិកខាងជើង បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យនៅទីក្រុងPhiladelphia រដ្ឋPennsylvania ដើម្បីកំណត់យុទ្ធសាស្ត្ររបស់គណបក្សនេះ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខទៀត។
គណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សជំទាស់មួយក្នុងប្រទេសកម្ពុជា បានរៀបចំសន្និបាតដើម្បីពង្រឹងការគាំទ្រនៅអាមេរិកខាងជើងនិងរៀបចំយុទ្ធសាស្រ្តសម្រាប់យកឈ្នះការបោះឆ្នោតនៅឆ្នាំ២០១២និង២០១៣។
នេះជាការជួបប្រជុំលើកទីពីររបស់គណបក្សសិទ្ធិមនុស្សចាប់តាំងពីការបង្កើតគណបក្សនេះឡើងកាលពីឆ្នាំ២០០៧។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងប្រាប់ក្រុមអ្នកតំណាងដែលមកពីរដ្ឋនានាក្នុងសហរដ្ឋអាមេរិក កាណាដា និងទ្វីបអឺរ៉ុបថា បើទោះបីជាទើបបង្កើតក្តី ក៏ប៉ុន្តែ សន្ទុះនៃការគាំទ្រទាំងនៅក្នុងនិងក្រៅប្រទេសមានការឈានឡើងខ្លាំងដោយសារគណបក្សនេះអនុវត្តគោលនយោបាយមិនយកអ្នកណាជាសត្រូវទេ។
«គណបក្សសិទ្ធិមនុស្សដែលដើរតាមផ្លូវត្រូវមិនមែនត្រូវសម្រាប់តែអ្នកជនបទ អ្នកក្រីក្រ អ្នកតូចតាច អ្នករងគ្រោះទេគឺត្រូវទាំងអ្នកមានអំណាច ទាំងអ្នកមានលុយ ទាំងអ្នកមានសេចក្តីសុខដុមរមនាហើយ។ ទិសដៅយើងជួយអ្នកទន់ខ្សោយ ជួយជនក្រីក្រ ក៏ប៉ុន្តែយើងមិនវាយប្រហារ មិនកម្ទេចអ្នកដែលបានសេចក្តីសុខហើយនោះទេ។ យើងអបអរសាទរអ្នកដែលបានសុខហើយ ប៉ុន្តែយើងស្រោចស្រង់អ្នកកំពុងមានទុក្ខ។ នេះហើយជាទស្សនៈនយោបាយរបស់គណៈបក្សសិទ្ធិមនុស្ស»។
អង្គសន្និបាតនេះ បានសម្រេចជ្រើសរើសសមាសភាពថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សប្រចាំអាមេរិកខាងជើងដែលមានលោកវេជ្ជបណ្ឌិតកែវ សម្បត្តិ ជាប្រធាន និងអនុម័តនូវបទបញ្ជាផ្ទៃក្នុងដែលនឹងអនុញ្ញាតឱ្យសាខានៅអាមេរិកខាងជើងនេះ ប្រមូលនូវការគាំទ្របន្ថែមទៀត។
លោកកែវ សម្បត្តិបានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា នៅសហរដ្ឋអាមេរិក ពលរដ្ឋខ្មែរហាក់មានការនឿយណាយនិងមិនសូវចាប់អារម្មណ៍នឹងរឿងនយោបាយទៀតទេ។ ប៉ុន្តែលោកបានខិតខំប្រឹងប្រែងដើម្បី ឱ្យពួកគេបានយល់ដឹងពីគោលនយោបាយគណៈបក្ស និងការលះបង់ផ្ទាល់ខ្លួនលោក។
«ខ្ញុំចង់ធ្វើម៉េចដើម្បីឱ្យបងប្អូនទាំងអស់គ្នាងើបឡើង កុំឱ្យយល់ថា ស្រុកគេ ស្រេចតែគេ។ អ្នកណាធ្វើអ្វីធ្វើទៅ។ អ្នកមួយចំនួនធំយករួចខ្លួន។ ដូច្នេះខ្ញុំចង់បង្ហាញឱ្យគេដឹងថា ខ្ញុំអ្នករួចខ្លួនហើយ ហើយខ្ញុំសុខចិត្តទៅជួយស្រុក»។
អង្គសន្និបាតក៏បានអនុម័តបងើ្កតគណៈកម្មការបី ដើម្បីជួយសម្រួលដល់ដំណើរការស្វែងរកធនធានថវិកាប្រមូលធនធានមនុស្សនិងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស។
លោកកឹម សុខាបានបញ្ជាក់ពីសារៈសំខាន់នៃការងារនេះថា៖
«ទីមួយយើងត្រូវការឱ្យអន្តរជាតិគេដឹង។ យើងទំនាក់ទំនងអន្តរជាតិ នយោបាយរបស់យើងសាបព្រោះឱ្យដល់ខាងក្រោម។ ទីពីរ យើងត្រូវការធនធានមនុស្ស មិនបោះបង់ចោលស្រទាប់ណាមួយទេ...។ ទីបីគឺយើងដឹងហើយថា យើងធ្វើអ្វីក៏ដោយ កាលណាមិនមានមធ្យោបាយគឺយើងមិនអាចធ្វើអ្វីបានទេ គឺហិរញ្ញវត្ថុគឺជាការចាំបាច់...។ ដូច្នេះយើងត្រូវស្វែងរកប្រភពធនធានហិរញ្ញវត្ថុមួយដែលមាននិរន្តរភាពយូរអង្វែងសម្រាប់គណៈបក្សនេះ»។
មកដល់ពេលនេះអ្នកគាំទ្រ គណៈបក្សសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកមានទាំងអ្នកដែលធ្លាប់ប្រឡូកក្នុងគណៈបក្សនយោបាយនានានិងអ្នកដែលទើបចូលប្រឡូកក្នុងឆាកនយោបាយជាលើកដំបូង។
លោកស្រីបណ្ឌិតទេព សុទ្ធី សាស្រ្តាចារ្យផ្នែកអក្សរសាស្រ្តមកពីទីក្រុង Chicago ដែលបានចូល គណៈបក្សសិទ្ធិមនុស្សនាពេលថ្មីៗនេះ បានបញ្ជាក់ប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថា នេះជាលើកទីមួយហើយដែលលោកស្រីចូលរួមក្នុងឆាកនយោបាយនៅក្នុងប្រទេសកម្ពុជា ហើយលោកស្រីបានធ្វើដំណើរទៅប្រទេសកម្ពុជាដើម្បីជួយបង្រៀនដល់ពលរដ្ឋនៅទីនោះ។
«ខ្ញុំមិនដែលចូលគណៈបក្សនយោបាយទេ ប៉ុន្តែដល់ឃើញគណៈបក្សសិទ្ធិមនុស្សនេះ ហើយខ្ញុំតាមដាន អ្នកដឹកនាំហ្នឹងល្អណាស់។ គាត់មានសុជីវធម៌។ គាត់មានការអាណិតអាសូរដល់មនុស្ស។ គាត់រកសិទ្ធិសេរីភាព។ ខ្ញុំគិតថា គាត់ជាមេដឹកនាំល្អ ហើយឈ្មោះគណៈបក្សហ្នឹងក៏ល្អសម្រាប់មនុស្សទូទៅគ្រប់ជាន់ថ្នាក់។ អញ្ចឹងហើយបានខ្ញុំចូលចិត្ត ហើយចូលគណៈបក្សហ្នឹង»។
អ្នកគាំទ្រគណៈបក្សសិទ្ធិមនុស្សមានតែនៅក្នុង៤រដ្ឋប៉ុណ្ណោះនាពេលបង្កើតដំបូង។ រហូតមកដល់ពេលនេះមានអ្នកគាំទ្ររហូតដល់១៧រដ្ឋនៅទូទាំងសហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់ពីមន្រ្តីរបស់គណៈបក្ស។
ក្នុងការបោះ ឆ្នោតជាតិឆ្នាំ២០០៨កន្លងមកនេះ គណៈបក្សសិទ្ធិមនុស្សទទួលបានអាសនៈចំនួនបីក្នុងចំណោមអាសនៈចំនួន១២៣ក្នុងសភាជាតិ៕