ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ដែនដី​កំពុង​ដោះស្រាយ​សំណង់​អគារ​អង្គរជ័យ​ទ្រុឌទ្រោមនៅ​​ភ្នំពេញ​


ពលរដ្ឋធ្វើដំណើរឆ្លងកាត់ អគារអង្គរមានជ័យ ដែលអាយុកាលជាង៧០ឆ្នាំ ស្ថិតក្នុងរាជធានីភ្នំពេញ។ រូបភាពនេះថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
ពលរដ្ឋធ្វើដំណើរឆ្លងកាត់ អគារអង្គរមានជ័យ ដែលអាយុកាលជាង៧០ឆ្នាំ ស្ថិតក្នុងរាជធានីភ្នំពេញ។ រូបភាពនេះថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ក្រសួង​រៀបចំ​ដែនដី​ចាប់​ផ្តើម​ជួប​ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​អង្គរជ័យ​ រាជធានី​ភ្នំពេញ​ដើម្បី​រក​ដំណោះ​ស្រាយ ក្រោយ​ឃើញ​ថា​ អគារ​នោះ​មាន​សភាព​ទ្រុឌទ្រោម​ និង​ពុកផុយ។​

អគារ​អង្គរជ័យ​មាន​កម្ពស់​៦​ជាន់ ​ស្ថិត​នៅ​កាច់​ជ្រុង​មហាវិថី​កម្ពុជា​ក្រោម​ និង​មុនីវង្ស​ មាន​អាយុ​កាល​ជាង​ ៧០ ​ឆ្នាំ ​និង​មាន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន ​៦៦ ​គ្រួសារ។​

កាលពី​ថ្ងៃទី​ ១៩ ​ខែ​កញ្ញា​ លោក ​សាយ សំអាល់ ​រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម ​និង​សំណង់ ​បាន​បង្ហោះ​សារ​អម​ដោយ​រូបថត​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ដោយ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយ​កម្ម ​និង​សំណង់ ​បាន​ជួប​ពិភាក្សា​ជាមួយ​បងប្អូន​ប្រជាជន​ដែល​ស្នាក់​នៅ​អគារ​អង្គរ​មាន​ជ័យ។​ ពួកគាត់​បាន​ឯកភាព ​ទទួល​យក​ដំណោះ​ស្រាយ​គោល​នយោបាយ​ ចាក​ចេញ​ពី​អគារ​អង្គរ​មាន​ជ័យ​ [អង្គរជ័យ] ​ដើម្បី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ»។​

លោក ​សេង ឡូត ​អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី ​និង​នគរូបនីយ​កម្ម ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ទី​ ២០​ ខែ​កញ្ញា ​នេះ​ថា ​ដោយ​មើល​ឃើញ​អគារ​អង្គរ​ជ័យ​នោះ​មាន​សភាព​ចាស់​ពុកផុយ​ និង​បារម្ភ​ថា​អាច​មាន​គ្រោះ​ថ្នាក់​ជាយថាហេតុ​ណា​មួយ ​ទើប​ក្រសួង​បង្កើត​ក្រុម​ការងារ​ដើម្បី​សម្រប​សម្រួល​ជាមួយ​ប្រជា​ពលរដ្ឋ​ឱ្យ​យល់​ពី​ស្ថានភាព​អគារ​ ដោយ​ផ្អែក​លើ​ស្ថានភាព​បច្ចេកទេស។​

លោក​បញ្ជាក់​ថា៖​ «ដំណើរ​ការ​នេះ​ក្រុម​ការងារ​បាន​ធ្វើ​ជា​ជំហានៗ​ ហើយ​លទ្ធផល​ចុង​ក្រោយ​ មក​ដល់​ថ្ងៃ​ហ្នឹង​ថា​ តើ​ចំនួន​ហ្នឹង​បាន​ប៉ុន្មាន​អី​ប៉ុន្មាន​ហើយ​ ខ្ញុំ​មិន​មាន​តួលេខ​ក្នុង​ដៃទេ។ ​ប៉ុន្តែ​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​គិត​ពី​ហានិភ័យ​ហ្នឹង​ ហើយ​មាន​គោល​ចំណង​ចង់​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង»។​

លោក​ថា​ រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ដឹង​ថា​ អគារ​នេះ​នឹង​ត្រូវ​ធ្វើ​បែប​ណា​វិញ​នៅ​ឡើយ​ទេ​ ដោយ​ត្រូវ​រង់​ចាំ​ការ​សម្រេច​ពី​ប្រជា​ពលរដ្ឋ​ទាំង​នោះ។​ ​

លោក​បន្ថែម​ថា៖​ «ក្រុម​ការងារ​ពិភាក្សា​ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ដើម្បី​ស្វែង​រក​ការ​ព្រមព្រៀង​គ្នា​ថា​ តើ​ដំណោះ​ស្រាយ​ណា​មួយ​ដែល​ប្រសើរ​ ហើយ​ទទួល​យក​បាន​ពី​ភាគី​ប្រជា​ពលរដ្ឋ។ ​ក្រសួង​ចង់​ធ្វើ​ម៉េច​ឱ្យ​បាន​ការ​ដោះស្រាយ​ទេ មិន​ចង់​ឱ្យ​ស្ថានភាព​នៅ​អ៊ីចឹង​ ហើយ​បើ​មាន​ហានិភ័យ​កើត​ឡើង​បង្ក​គ្រោះថ្នាក់។ ​អ៊ីចឹង​ដំណោះ​ស្រាយ​នា​ពេល​ដែល​បងប្អូន​ប្រជា​ពលរដ្ឋ​ចង់​បាន ​ហើយ​ជា​ដំណោះ​ស្រាយ​ដែល​អាច​ទៅរួច​នោះ​នឹង​ធ្វើការ​ដោះស្រាយ»។​

ទិដ្ឋភាពនៃអគារអង្គរមានជ័យ ដែលអាយុកាលជាង៧០ឆ្នាំ ស្ថិតក្នុងរាជធានីភ្នំពេញ។រូបភាពនេះថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
ទិដ្ឋភាពនៃអគារអង្គរមានជ័យ ដែលអាយុកាលជាង៧០ឆ្នាំ ស្ថិតក្នុងរាជធានីភ្នំពេញ។រូបភាពនេះថតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

កាលពី​ខែ​សីហា ​ឆ្នាំ​ ២០២០​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​រស់​នៅ​អគារ​អង្គរជ័យ​ប្រមាណ​ជា​ ១០០ ​នាក់ ​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ។ ​គេហ​ទំព័រ​របស់​សាលា​រាជ​ធានី​ ផ្សាយ​ថា ​លោក​ ឃួង ស្រេង ​ដែល​ជា​អភិបាល​ក្រុង ​លើក​ឡើង​ថា ​ដើម្បី​រក្សា​ការពារ​អាយុ​ជីវិត​ ប្រជា​ពលរដ្ឋ​មិន​អាច​រស់​នៅ​ក្នុង​អគារ​នោះ​បាន​ទៀត​ទេ។​ លោក​អះអាង​ថា ​នឹង​រក្សា​សិទ្ធិ​ និង​កម្មសិទ្ធិ​ទាំងអស់​របស់​ប្រជា​ពល​រដ្ឋ។​

លោក ​កើត ឆែ​ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​ ប្រាប់​ឱ្យ​វីអូអេ​សួរ​ទៅ​លោក​ស្រី ​ដោ សម្ផស្ស ​ជា​នាយិកា​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី ​និង​ជា​អ្នក​នាំពាក្យ។ ​លោកស្រី ​ដោ សម្ផស្ស ​ប្រាប់ ​វីអូអេ​ថា​ ពលរដ្ឋ​រស់​នៅ​អគារ​អង្គរជ័យ​ មាន​ចំនួន​ ៦៦ ​គ្រួសារ​ ប៉ុន្តែ​លោក​ស្រី​ថា​ លោក​ស្រី​មិន​មាន​ព័ត៌មាន​ ដោយ​ថា​ ​ថ្នាក់​លើ​ជា​អ្នក​ចាត់ចែង។​

អ្នកស្រី ​សួស នាង ​អាយុ​៦២​ឆ្នាំ ​ពលរដ្ឋ​រស់​នៅ​អគារ​អង្គរជ័យ​ជាន់​ទី ៦​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អ្នកស្រី​រស់​នៅ​ក្នុង​អគារ​អង្គរជ័យ​នេះ​ជាមួយ​ក្រុម​គ្រួសារ​អស់​រយៈ​ពេល ​៣០ ​ឆ្នាំ​មក​ហើយ។​ អ្នកស្រី​ថា អ្នកស្រី​បាន​ព្រម​ព្រៀង​ជាមួយ​ក្រសួង​ដែនដី​ដោយ​ទទួល​យក​ទឹកប្រាក់​ដែល​ផ្តល់​ដោយ​ក្រសួង ​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​អគារ​នេះ។​

អ្នកស្រី​ថ្លែង​ថា៖​ «ខ្ញុំ​ទៅ។ ​ខ្ញុំ​សម្រេច​ថា​ លក់​ហើយ។ ​ខ្ញុំ​ផ្តិត​មេដៃ។ ខ្ញុំ​សម្រេច​ថា​ លក់​ហើយ! ខ្ញុំ​អត់​នៅ​ទេ។ ​អត់​ដឹង​ថា​ សង់​អី​ទេ។​ អត់ដឹង​តែ​ម្តង!​ អត់​ដឹងទេ។ ​មីង​ដឹង​តែ​លក់​ហើយ​បាន​លុយ​មីង​ចេញ។​ ផ្ទះ​មីង​បាន​ល្មម​សម​រក​ទិញ​ផ្ទះ​នៅ​ទេ​…​ បាន​ល្មម​៣​ម៉ឺន​ [ដុល្លារ]​ ជាង»។​

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត ​អ្នកស្រី ​ស៊ីម ពិសី​ អាយុ​៥១​ឆ្នាំ​ រស់​នៅ​អគារ​អង្គរជ័យ​ជាន់​ទី​៦​ដែរ​ ប្រាប់​វីអូអេ​ថា ​ អ្នកស្រី​យល់​ព្រម​ចាកចេញ​ពី​អគារ​ដោយ​ទទួល​យក​ទឹកប្រាក់​ជាង​៥​ពាន់​ដុល្លារ។​ អ្នកស្រី​ថា ​អ្នកស្រី​ទទួល​យក​ចំនួន​នេះ​ដោយ​សារតែ​ផ្ទះ​អ្នកស្រី​តូច​ មិន​មាន​ប្លង់ ​បូករួម​ទាំង​ប្រឈម​នឹង​ភាព​ទ្រុឌទ្រោម​នៃ​អគារ​ផង។​

ទោះ​ជា​យ៉ាង​ណា​ អ្នកស្រី​ថា រហូត​មក​ដល់​ពេល​នេះ​ អ្នកស្រី​មិន​ទាន់​ទទួល​បាន​លុយ​ពី​ការ​លក់​ផ្ទះ​នេះ​នៅ​ឡើយ​ទេ ​ខណៈ​អ្នកស្រី​ថា ​នឹង​យក​ប្រាក់​ពី​ការ​លក់​ផ្ទះ​នេះ​ទៅ​ជួល​ផ្ទះ​ដើម្បី​រស់​នៅ​ ប្រសិន​ទទួល​បាន​សំណង។​

អ្នកស្រី​ថ្លែង​ថា៖​ «អ្នក​ជាន់​ទី ៦​ ផ្ទះ​ឈើ​ទាំងអស់​គឺ​ដោះដូរ​ទាំង​អស់​… ​អត់​មាន​ប្រកែក​ទេ ​ព្រោះ​អគារ​យើង​ជា​អគារ​វ៉ៃ​ធ្វើ​នៅ ​ …​ អត់​មាន​ប្លង់​ទេ ​ហើយ​ដំបូល​ក៏​ហានិភ័យ​ដែរ​ព្រោះ​វា​ពុក​អស់​ហើយ។ ​ប៉ុន្តែ​ឥឡូវ​១​អាទិត្យ​ជាង​ហើយ​អត់​ឃើញ​ [ឱ្យ​លុយ]​ ទេ​…​ យក​លេខ​កូដ​ ABA ​ប្តី​ខ្ញុំ​យក​ទៅ​អស់​ហើយ​ តែ​អត់​ទាន់​ឃើញ​បាញ់​ឱ្យ​នៅ​ពេល​ណា​ទេ។ ​រឿង​លុយ​កាក់​ តែ​ប្រជាជន​យល់​ព្រម​គឺ​យល់​ព្រម​អស់​ហើយ។ ​យក​ទៅ​ទិញ​ផ្ទះ​ លុយ​ប៉ុណ្ណឹង​អត់​បាន​ទេ ​មាន​តែ​ជួល​ផ្ទះ​គេ»។

ទាំង​ផ្នែក​ខាង​ក្រៅ ​និង​ខាង​ក្នុង​អគារ​អង្គរ​ជ័យ​ ​គេ​ឃើញ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម ​ហើយ​ផ្នែក​ខ្លះ​នៃ​ពិដាន​ បង្កាន់​ដៃ​ និង​បេតុង​ពុកផុយ​ និង​បែក​បាក់​ដោយ​កន្លែង។​

ប្រធាន​កម្មវិធី​សិទ្ធិ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាងត្នោត ​លោក ​ស៊ាង ​មួយឡៃ ​លើក​ឡើង​ថា ការ​រៀបចំ​អគារ​ចាស់​ទ្រុឌ​ទ្រោម​ឡើង​វិញ​គឺ​ជា​រឿង​ល្អ ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ។​ លោក​បន្ថែម​ថា ​ដើម្បី​ឱ្យ​ការ​ដោះស្រាយ​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លា​ភាព​ ក្រសួង​គួរ​តែ​ផ្សព្វ​ផ្សាយ​អំពី​ដំណោះ​ស្រាយ​ឱ្យ​បាន​ទូលំ​ទូលាយ ​និង​ផ្តល់​ជា​សំណង​ទៅ​តាម​ទីផ្សារ​ដែល​អាច​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួល​បាន​ទីតាំង​សមរម្យ​សម្រាប់​រស់​នៅ។​

លោក​បញ្ជាក់​ថា៖​ «សំណង​មួយ​ដែល​ធ្វើ​ឡើង​ទៅ​តាម​តម្លៃ​ទីផ្សារ​ សំណង​មួយ​ដែល​គាត់​អាច​ទទួល​យក​ទៅ​ អាច​ទៅ​ទិញ​ផ្ទះ ​ឬ​ទៅ​រក​លំនៅ​ឋាន​ថ្មី​ដើម្បី​រស់នៅ​ដែល​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​ជា​មួយ​ទីតាំង​ចាស់​ ធានា​បាន​ការ​អប់រំ​សិក្សា ​មុខ​របរ​របស់​ពួក​គាត់។​ ខ្ញុំ​គិត​ថា ​ជា​ទូទៅគាត់​ទទួល​យក​ហើយ។​

បើ​តាម​លោក ​ស៊ាង មួយឡៃ ​ដំណើរ​ការ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី​ប្រកប​ដោយ​តម្លាភាព ​នឹង​ជួយ​ជំរុញ​ឱ្យ​ដំណើរការ​នីតិ​វិធី​នៃ​ការ​ដោះស្រាយ​ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ​ និង​កាត់​បន្ថយ​ជម្លោះ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG