ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​វប្បធម៌​ឱ្យ​បញ្ឈប់​ការ​ផលិត​វីដេអូ​​ដែល​ប៉ះពាល់​វប្បធម៌​ប្រពៃណី និង​តម្លៃ​ស្ត្រី​ខ្មែរ​និង​កុមារ


រូបភាព​ឯកសារ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបភាព​ឯកសារ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ណែនាំ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ ក៏​ដូច​ជា​ទប់​ស្កាត់​ចំពោះ​ការ​ផលិត​វីដេអូ​បែប​កម្សាន្ត​គ្រប់​ទម្រង់​ដែល​ប៉ះពាល់​ដល់​វប្បធម៌​ ប្រពៃណី​ជាតិ ព្រម​ទាំង​តម្លៃ​ស្រ្តី​ខ្មែរ និង​កុមារ។ នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​វប្បធម៌ ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៣​ ក្រសួង​វប្បធម៌​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ស្តី​ពី​«ការ​ទប់​ស្កាត់​ការផលិត​ ការ​ផ្សព្វផ្សាយ ឬ​ចែក​ចាយ​ស្នាដៃ​វីដេអូ​ និង​មាតិកា​កម្សាន្ត​ (Entertainment Content) គ្រប់​ទម្រង់​ដែល​មាន​ប៉ះពាល់​ចំពោះ​វប្បធម៌ ប្រពៃណី តម្លៃ​ស្រ្តី​ខ្មែរ និង​កុមារ»។ ការ​ណែនាំ​របស់​ក្រសួង​វប្បធម៌​កើត​មាន ដោយសារ​តែ​ថ្មីៗ​នេះ​ មាន​អ្នក​ផលិត​វីដេអូ អ្នក​បង្កើត​មាតិកា​កម្សាន្ត និង​អ្នក​សម្តែង​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​មួយ​ចំនួន បាន​ផលិត​វីដេអូ​ខ្លីៗ​ដែល​មាន​រូបភាព​ និង​ខ្លឹម​សារ​ប្រាសចាក​ពី​ក្រម​សីលធម៌​ ដែល​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វប្បធម៌​ ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​ ពិសេស​តម្លៃ​ស្រ្តី​ខ្មែរ​ និង​កុមារ។

ក្រសួង​វប្បធម៌​បន្ថែមថា​ ដើម្បី​បញ្ចៀស​ការប៉ះពាល់ និង​រក្សា​បាន​គុណតម្លៃ សេចក្តី​ថ្លៃថ្នូរ​ នៃ​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ និង​ចូលរួម​គោរព​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី​ និង​កុមារ ក្រសួង​ណែនាំ​ដល់​អ្នក​ផលិត​វីដេអូ​ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផលិត ការ​ផ្សព្វផ្សាយ​ ឬ​ការ​ចែក​ចាយ​ស្នាដៃ​វីដេអូ និង​មាតិកា​កម្សាន្ត​ដែល​មាន​លក្ខណៈ​អាសអាភាស​ ស្រើប​ស្រាល ហិង្សា និង​អសីលធម៌។

ក្រសួង​ព្រមាន​ថា​ បើ​បុគ្គល​ឬ​ក្រុម​ណា​មួយ​នៅ​តែ​បន្ត​ប្រព្រឹត្ត​សកម្ម​ភាព​អវិជ្ជមាន​ទាំង​អស់​នេះ ក្រសួង​នឹង​សហការ​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធាន​ការ​ម៉ឺង​ម៉ាត់​ ស្រប​តាម​បទ​បញ្ញត្តិ​ច្បាប់​ដែល​មាន​ជា​ធរមាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG