មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្សពួកម្នាក់ទៀត ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅតុលាការខេត្តក្រចេះ ក្រោយពីបានប្រើហិង្សាលើក្មេងស្រីអនីតិជន២នាក់ ដែលបម្រើការនៅផ្ទះរបស់ខ្លួន ដោយបានវាយដំ និងបង្ខំឲ្យហូបលាមកសត្វឆ្កែ កាលពីសប្តាហ៍មុន។
ការណ៍នេះសង្គមស៊ីវិល និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្កោលទោសដាច់អហង្ការ ដែលមិនអាចទទួលយកបានដាច់ខាតចំពោះការប្រើហិង្សាមួយនេះ។
ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តក្រចេះ លោកស្រី ឆាន់ ស្រីមុំ បានប្រាប់វីអូអេនៅថ្ងៃនេះថា ករណីនេះ បានស្ថិតនៅក្នុងដៃតុលាការហើយ។
លោកស្រីបញ្ជាក់ថា៖ «ចាស! [រឿង]ហ្នឹងហើយបញ្ជូនមកដល់ដំណាក់កាលអយ្យការហើយ»។
កាលពីសប្ដាហ៍មុន លោក ទេព ហ៊ុយ អាយុ៤២ឆ្នាំ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ និងគូកន បានប្រើប្រាស់ហិង្សាទៅលើក្មេងស្រី២នាក់ដែលបម្រើការនៅក្នុងផ្ទះរបស់ខ្លួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ដើមហេតុដែលធ្វើឲ្យមានហិង្សាកើតឡើង ដោយសារតែកូនឆ្កែមួយក្បាលរបស់លោក ទេព ហ៊ុយ បានងាប់ ដែលនាំឱ្យមន្ត្រីអាវុធហត្ថនេះមានការខឹងសម្បារ ដោយចោទក្មេងស្រីទាំងពីរថា បានសម្លាប់សត្វឆ្កែរបស់ខ្លួន ហើយក៏បានប្រើប្រាស់ហិង្សាមកលើកុមារីទាំងពីរតែម្ដង។ នេះ បើយោងតាមការផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុក ដែលបានសម្ភាសក្រុមគ្រួសារជនរងគ្រោះ។
ចំណែក ក្មេងស្រីរងគ្រោះទាំង២ ថា ខ្លួនមិនបានធ្វើឲ្យកូនឆ្កែស្លាប់នោះទេ ប៉ុន្តែដោយសារមានការបង្ខំឲ្យនិយាយ និងគំរាមសម្លាប់ ទើបបណ្តាលឲ្យមានការភិតភ័យ ទើបធ្វើឲ្យពួកគេនិយាយដើម្បីការពារខ្លួនកុំឲ្យមានការវាយដំ ឬធ្វើបាបជាដើម។ នេះបើតាមចម្លើយរបស់ក្មេងស្រីទាំង២ ដែលឆ្លើយប្រាប់ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានក្នុងស្រុក CCN TV ដែលបានបង្ហោះផ្សាយកាលពីថ្ងៃទី៣១ ខែតុលា។
ក្នុងវីដេអូសម្ភាសដដែល ក្មេងស្រីរងគ្រោះមួយរូប ក្នុងចំណោមពីររូបបានឲ្យដឹងថា៖
«គាត់ [លោក ទេព ហ៊ុយ]យកទៅដំបូង គាត់សួរខ្ញុំថា មានពាក់ព័ន្ធរឿងសម្លាប់ឆ្កែអត់? ខ្ញុំថា ខ្ញុំអត់មានទេ? ហើយថា បើអត់ឆ្លើយទេ គាត់ចាប់ម៉ែឪខ្ញុំដាក់គុក។ ខ្ញុំអត់មានជម្រើសទេ ខ្ញុំខ្លាចគាត់វាយខ្ញុំ ខ្ញុំក៏បាននិយាយថា ខ្ញុំបានផ្តើមគំនិតមែន [ហើយ] បានចេះតែនិយាយដើម្បីការពារខ្លួនឯងទៅ។ នៅពេលប្រពន្ធគាត់ អាល័យតែនិយាយគ្នាជាមួយប៉ាម៉ាក់ខ្ញុំហ្នឹង គាត់ក៏ទាត់ខ្ញុំចំកន្លែងនេះ[ជើង] ហើយដួលទៅក៏គាត់ជាន់ក្បាលខ្ញុំកន្លែងនេះ[ថ្ងាស]»។
ក្មេងស្រីរងគ្រោះបន្តថា៖ «ពេលដែលគាត់វាយខ្ញុំហើយកូនចៅគាត់ម្នាក់ទៀតអត់ស្គាល់ឈ្មោះ ក៏មកទះខ្ញុំខាងនេះ[ឆ្វេង]មួយកំប្លៀង ខាងនេះ[ស្តាំ]២កំប្លៀង។ ពេលដែលគាត់ទះហើយ ពូហ៊ុយ គាត់ក៏បាននិយាយថា បើគាត់ចង់បាញ់សម្លាប់ចោល គាត់បាញ់ស្លាប់ហើយ បាញ់អត់ទាន់អស់ចិត្តទេ គាត់បាញ់ថែម៥គ្រាប់ទៀត។ គាត់ថា យកពួកខ្ញុំដាក់ច្រកក្នុងបេ[បាវ] បណ្តែតទឹកទន្លេចោល ហើយបន្ទាប់មកចង់ខ្សែខ្ញុំជាប់ជាមួយហ្នឹងថ្ម [ដាក់]ចូលក្នុងទឹកទន្លេដែរ។ បន្ទាប់មកគាត់បញ្ជាកូនចៅគាត់ឈ្មោះ វុធ ឲ្យយកទឹក២ធុងមកឲ្យជ្រមុជទឹកហ្នឹង៣នាទី។ អ្នកណាស្លាប់មុន អ្នកហ្នឹងសម្លាប់ឆ្កែ បន្ទាប់មកប្រពន្ធគាត់ ហាមមិនឲ្យយកមកទេ»។
សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក ទេព ហ៊ុយ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣០ ខែតុលា ហើយក៏មានការឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះផងដែរ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់វីអូអេនៅព្រឹកថ្ងៃចន្ទនេះថា៖ «រឿងក្តីព្រហ្មទណ្ឌអត់មានចាំបាច់អ្នកណាប្តឹងទេ ឲ្យតែមានបទល្មើសយើងនឹងធ្វើការស្រាវជ្រាវ ហើយការបណ្តឹងហ្នឹង គឺបណ្តឹងតាមក្រោយក៏បានដែរ បែបហ្នឹង គឺគ្រាន់តែប្តឹងទាមទាររដ្ឋប្បវេណីទេ [ឬ] សំណង។ ប៉ុន្តែចំពោះរឿងក្តីព្រហ្មទណ្ឌមិនចាំបាច់មានពាក្យបណ្តឹងអ្វីទេ គឺមន្ត្រីនគរបាលយុត្តិធម៌ គឺអាចធ្វើការងារបាន បើមានការសម្របសម្រួលពីអយ្យការ»។
លោកថ្លែងបន្តថា៖ «ខ្ញុំបានបង្ហោះហើយ [លើបណ្តាញសង្គមហ្វេសប៊ុក] គឺអាចពី២ឆ្នាំទៅ៥ឆ្នាំ ហើយនឹងការស៊ើបអង្កេតបន្តទៀត ពាក់ព័ន្ធអ្វីទៀត គឺសម្រេចទៅលើខាងអយ្យការ ជាមួយចៅក្រមស៊ើបសួរគាត់ចោទ។ ដោយអយ្យការគាត់ចោទទៅ ចៅក្រមស៊ើបសួរ គឺស៊ើបសួរទៅ។ ហើយនឹងអ្នកបន្តបន្ទាប់ គឺយើងអាចជំនុំជំរះ ហើយការកាត់ក្តីអាចដាក់កម្រិតណា បែបហ្នឹងគឺទៅលើខាងតុលាការ»។
លោក អេង ហ៊ី ក៏បានបញ្ជាក់ដែរថាបុគ្គលដែលបានប្រើហិង្សាចំនួន២នាក់ ដែលត្រូវបានចោទប្រកាន់ ហើយព័ត៌មានបន្ថែម លោកស្នើឲ្យទៅសួរខាងអ្នកនាំពាក្យតុលាការវិញ។
វីអូអេ មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះលោក រ៉ា បូរ៉ាន់ឌី បាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃចន្ទនេះ។
បក្ខពួករបស់ខ្លួនម្នាក់ទៀតរបស់លោក ទេព ហ៊ុយ ត្រូវបានសារព័ត៌មាន Fresh News ដែលស្និទ្ធនឹងរដ្ឋាភិបាលបង្ហាញអត្តសញ្ញាណថា ឈ្មោះ គឹម សុវណ្ណរិទ្ធ ដែលជាមន្ត្រីអាវុធហត្ថដូចគ្នា។
ចំណែកអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានចាត់ទុកការធ្វើទារុណកម្មនេះ ជាទង្វើដ៏ឃោរឃៅ អមនុស្សធម៌ ដោយគួរតែដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរ ដើម្បីជាមេរៀនដល់មន្ត្រីផ្សេងៗទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះបន្តទៀត។
លោកបន្តថា ករណីនេះ អាចជារូបភាពទាសភាព ប្រសិនបុគ្គលដែលបានប្រព្រឹត្តនោះ មិនបានយកចិត្តទុកដាក់ទំនុកបម្រុងក្មេងនោះឲ្យបានរៀនសូត្រ និងមិនបានផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ជាដើម។ លោកចង់ឲ្យមានការស៊ើបអង្កេតឲ្យបានលម្អិតចំពោះករណីនេះ ដោយអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងតឹងរ៉ឹង។
លោកថ្លែងបន្តថា៖ «អញ្ជឹងគប្បីបើកការស៊ើបអង្កេតឲ្យអស់ អំពីរឿងរ៉ាវដែលធ្វើទុកបុកម្នេញផ្សេងៗ មកលើកុមាររូបហ្នឹង ដើម្បីឲ្យមានជាមូលដ្ឋានក្នុងការចោទប្រកាន់ នឹងផ្តន្ទាទោស ជនប្រព្រឹត្ត ទៅតាមផ្លូវច្បាប់ ឲ្យបានត្រឹមត្រូវ និងតឹងរ៉ឹងផង»។
លោក អេង ហ៊ី ក៏បានឲ្យដឹងថា សមត្ថកិច្ចក៏បានយកក្មេងស្រីទាំង២ធ្វើត្រាប់ឡើងវិញផងដែរដើម្បីបញ្ជាក់ស្វែងរកភស្តុតាងបន្ថែម។ ការធ្វើត្រាប់របស់កុមារីទាំង២នេះ ត្រូវបានគណនេយ្យហ្វេសប៊ុករបស់លោក ស៊ន សុភក្រ្ត ដែលជាបុគ្គលិកជាន់ខ្ពស់របស់សារព័ត៌មាន Fresh News ផ្សាយនៅថ្ងៃចន្ទនេះ។
លោកបញ្ជាក់ថា៖ «ដោយសារចម្លើយ ការស្តាប់ចម្លើយមិនទាន់ឆ្លើយអស់ អញ្ចឹងយើងយកកុមារទៅធ្វើ[ត្រាប់ឡើងវិញ]ដើម្បីឲ្យកុមារហ្នឹងឆ្លើយទៅ[គឺ]អត់អីទេ ពីព្រោះទាល់តែផ្លូវចិត្តគាត់ល្អបានយើងនាំទៅបាន»។
លោក សឹង សែនករុណា បានរិះគន់ការយកក្មេងស្រីរងគ្រោះ ទៅទីតាំងកើតហេតុដើម្បីធ្វើត្រាប់ហេតុការណ៍ឡើងវិញ ថាមិនគួរឲ្យកើតមានទេ ដែលអាចធ្វើឲ្យប៉ះពាល់ផ្លូវចិត្ត និងដក់ជាប់ក្នុងអារម្មណ៍របស់ក្មេង។
លោកបញ្ជាក់ថា៖ «បញ្ហាហ្នឹងវាកើតឡើងលើក្មេងហ្នឹងហើយ យើងយកទៅធ្វើត្រាប់អញ្ចឹងទៀត វាអាចធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងការភ័យខ្លាចរបស់ក្មេងហ្នឹងដែរ»។
វីអូអេ មិនអាចទាក់ទងភរិយានិងក្រុមគ្រួសាររបស់លោក ទេព ហ៊ុយ និងជនសង្ស័យផ្សេងទៀតក្នុងករណីនេះដើម្បីស្នើសុំអត្ថាធិប្បាយបាននៅឡើយទេនៅថ្ងៃចន្ទនេះ។
ទាក់ទងនឹងករណីហិង្សាដោយចេតនានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រើហិង្សាមួយនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី០១ ខែវិច្ឆិកានេះ។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖ «ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មាធិការការពារកុមារថ្នាក់ជាតិ នៃក.ជ.ក ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ថាប័នអយ្យការតុលាការ សូមបន្តបណ្តឹងអាជ្ញាលើករណីហិង្សាស្ថានភាពទម្ងន់នេះ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរ៉ឹងបំផុតចំពោះជនល្មើសនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមជាតិយើងបន្តទៀត»៕