ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេនានុព័ន្ធ​យោធា​បរទេស​នឹង​ទៅ​មើល​ស្ថានភាព​ក្រោយ​ការ​ប្រយុទ្ធ​គ្នានៅ​ព្រះវិហារ


ទាហាន​ខ្មែរ​ម្នាក់​អង្គុយ​នៅ​ជិត​កន្លែង​រង​ការ​ខូ​ច​ខាត​មួយ​កន្លែង​របស់​ប្រាសាទ​ព្រះវិហារ​សតវត្ស​ទី​១១​របស់​ប្រទេស​កម្ពុជា។
ទាហាន​ខ្មែរ​ម្នាក់​អង្គុយ​នៅ​ជិត​កន្លែង​រង​ការ​ខូ​ច​ខាត​មួយ​កន្លែង​របស់​ប្រាសាទ​ព្រះវិហារ​សតវត្ស​ទី​១១​របស់​ប្រទេស​កម្ពុជា។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សម្រាប់​មន្ត្រី​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា​ទៅកាន់​តំបន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ស្វែងយល់​ការណ៍ពិត​បន្ទាប់ពី​ការវាយ​ប្រយុទ្ធគ្នា​ចុងក្រោយ​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​កាលពី​ដើម​ខែ​មុន​ដែល​បាន​ស្លាប់​មនុស្ស​យ៉ាងតិច​១០នាក់​និង​ជនភៀសសឹក​ច្រើន​រាប់ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំងពីរ។

មន្ត្រី​យោធា​ផ្លូវការ​កម្ពុជា​បាន​និយាយ​នៅថ្ងៃពុធ​នេះ​ថា​មន្ត្រី​អនុព័ន្ធ​យោធា​អម​ស្ថានទូត​បរទេស​ចំនួន១៩រូប​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​នឹង​បាន​ឃើញ​ការ​ខូចខាត​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ដែល​កងទ័ព​ថៃ​បានបាញ់​គ្រាប់​កាំភ្លើង​ផ្លោង​ដាក់​នៅក្នុង​ការវាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​កាលពី​ខែមុន។ ផ្នែកខ្លះ​នៃ​ប្រាសាទព្រះ​វិហារ ត្រូវបាន​បាក់បែក​ដោយ ការបាញ់​គ្រាប់​កាំភ្លើង​ផ្លោងរ​បស់​កងទ័ព​ថៃ។ ដោយសារ​ការបាញ់​ផ្លោង​នេះ ប្រទេស​កម្ពុជា​បាន​សរសេរលិខិត​ទៅប្តឹង​អង្គការ​ UNESCO ​ដើម្បី​ថ្កោលទោស​ចំពោះ​ការបង្កឱ្យ​ខូចខាត​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ដោយ​គ្រាប់​កាំភ្លើង​ធំ​របស់​កងទ័ព​ថៃ។

លោក​ កាស៊ីត ភីរម្យ ​រដ្ឋមន្ត្រី​ការបទេស​ថៃ​បាន​ឆ្លើយ​បដិសេធ​ដោយ​សរសេរ​លិខិត​ទៅ​អង្គការ​សហប្រជាជាតិ​ចោទប្រកាន់​ថា​ប្រទេស​កម្ពុជា​បាន​យក​តំបន់​នោះ​ធ្វើជា​ទីតាំង​ទ័ព​ដែល​បាន​ធ្វើឱ្យ​ប្រាសាទ​ទទួល​រង​ការ​ខូចខាត។

លោកឧត្តម​សេនីយ៍​ឯកឈុំ សុជាតិ ​អនុរដ្ឋលេខាធិការ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ​ក្រសួង​ការពារ​ជាតិ​នឹង​ដឹកនាំ​គណៈ​ប្រតិភូ​មន្ត្រី​អនុព័ន្ធ​យោធា​អម​ស្ថានទូត​បរទេស​ចំនួន១៩​នាក់​ប្រចាំ​នៅ​កម្ពុជា ​មកពី​ប្រទេស​ចំនួន​១៣​ទៅ​ទស្សនា​ស្ថានភាព​ជាក់ស្តែង​និង​ស្វែងយល់​ការណ៍ពិត​នៅតំបន់​ប្រាសាទ​ព្រះវិហារ​ចាប់ពី​ថ្ងៃទី៣​ដល់​ថ្ងៃទី៤ ​ខែមិនា​នេះ។

មន្ត្រី​អនុព័ន្ធ​យោធា​ទាំងនេះ​រួមមាន​សហរដ្ឋ​អាមេរិក​ បារាំង​ រុស្ស៊ី ​ចិន ​ជប៉ុន ​កាណាដា ​និង​សឹង្ហបូរី​ជាដើម។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ​ សុជាតិ ​បាន​បញ្ជាក់​ថា​មន្ត្រី​អនុព័ន្ធ​យោធា​ទាំងនេះ​នឹង​ជួប​ជាមួយ​មេបញ្ជាការ​យោធា​សមរភូមិ​មុខ​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ ​មុន​នឹង​ទៅ​ទស្សនា​កន្លែង​ផ្សេងៗ​នៅក្នុង​តំបន់​នោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ ​បាន​បន្ត​ថា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​អនុព័ន្ធ​យោធា​បរទេស​នេះ​បាន​ធ្វើឡើង​ក្នុង​កាលៈទេសៈ​ដ៏​សមរម្យ​បំផុត។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ សុជាតិ ​បាន​ថ្លែងថា​តាម​ទស្សនកិច្ច​នេះ ​មន្ត្រី​អនុព័ន្ធ​យោធា​នៃ​ប្រទេស​នីមួយៗ​នឹង​បាន​ឃើញ​ភាពជាក់ស្តែង​នៅ​តំបន់ប្រាសាទ​ព្រះវិហារ។

«គាត់​ទៅ​ទស្សនកិច្ច​នេះ។ គាត់​នឹង​ឃើញ​ជាក់ស្តែង​ហើយ​អ្វី​ដែល​គាត់​ឃើញ។ គាត់​មាន​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​គាត់​ហើយ។ ទស្សនកិច្ច​របស់​ប្រទេស​នីមួយៗ ដែល​គេ​ទៅនឹង​ឃើញ​ការណ៍​ជាក់ស្តែង។ តាម​ទស្សនៈ​របស់​ខ្ញុំ​ផ្ទាល់​ឃើញថា​ដំណើរ​ទស្សនកិច្ច​ទៅមើល​ប្រាសាទ​ព្រះវិហារ​នៅពេល​នេះ​ជា​អំណោយផល​មួយ​ល្អណាស់​ដើម្បី​ឱ្យ​ប្រទេស​ជា​មិត្ត​របស់​យើង​ដែល​មាន​ដាក់​ស្ថានទូត​ប្រចាំការ​នៅ ប្រទេស​កម្ពុជា​យើង​ស្វែងយល់​អំពី​ការណ៍ពិត​ដោយ​ផ្ទាល់ខ្លួន​គាត់។ ​អ្វី​ដែល​គាត់​ឃើញ​ គាត់​នឹង​ឃើញ​ផ្ទាល់​ភ្នែក​និង​មាន​ការយល់​ឃើញ​ដោយ​ខ្លួនគាត់​ផ្ទាល់​ជាជាង​យើង​បាន​និយាយ​ប្រាប់​គាត់។ ​គាត់​ទៅ​ឃើញ​ជាក់ស្តែង។ ​គាត់​នឹង​មាន​ទស្សនៈ​ផ្ទាល់ ​និង​អាស្រ័យ​ទៅលើ​ការយល់ឃើញ​របស់​គាត់​ផ្ទាល់»។

កាសែត​បាងកកប៉ុស្តិ៍ ​បាន​ដកស្រង់​ប្រភព​យោធា​មក​រាយការណ៍​ថា​ការនាំ​មន្ត្រី​អនុព័ន្ធ​យោធា​បរទេស​ទៅកាន់​តំបន់​ជម្លោះ​៤,៦គីឡូ​ម៉ែត្រ​ការ៉េ​នៅជិត​ប្រាសាទ​ព្រះវិហារ​ធ្វើ​ឱ្យ​មាន​ភាពតាន​តឹង​ម្តង​ទៀត។

កាសែត​បាងកកប៉ុស្តិ៍​បាន​បញ្ជាក់​ថា​កងទ័ព​ថៃ​បាន​ដាក់​ការប្រុងប្រយ័ត្ន​ជាបន្ត​នៅ​តំបន់​៤,៦គីឡូម៉ែត្រ​ការ៉េ​ហើយ​ភាគី​ថៃ​បាន​បដិសេធ​ការអនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា​ចូល​ទៅ​ក្នុង​តំបន់៤,៦​គីឡូម៉ែត្រ​ការ៉េនេះ​ទេ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ អ្នកសង្កេតការណ៍​ បាន​និយាយ​ថា​មន្ត្រី​អនុព័ន្ធ​យោធា​បរទេស​នឹង​ត្រូវ​បាន​បង្ហាញ​ឱ្យឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​សំណល់​អម្បែង​គ្រាប់​ផ្លោង​ប្រភេទ​ផ្សេងៗ​និង​ប្រភេទ​គ្រាប់មីន​ចង្កោម​របស់​កងទ័ព​ថៃ​ព្រម​ទាំង​ការខូចខាត​ផ្នែក​ខ្លះ​នៃ​ប្រាង្គ​ប្រាសាទ​ព្រះវិហារ​ដែល​កងទ័ព​ថៃ​បានបាញ់​ផ្លោង​ដាក់។

ការវាយប្រយុទ្ធ​គ្នា​ចុងក្រោយ​រវាង​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ​កាលពី​ដើម​ខែកុម្ភៈ​បាន​ស្លាប់​មនុស្ស​យ៉ាងតិច​១០នាក់​និង​បង្ខំ​ឱ្យ​អ្នកភូមិ​ភៀសសឹក​ច្រើន​រាប់ពាន់​គ្រួសារ​នៃ​ប្រទេស​ទាំងពីរ ​ព្រមទាំង​ធ្វើឱ្យ​ខូចខាត​ដល់​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG