ក្រុមអ្នកចំណាកស្រុកមួយភាគធំមកពីប្រទេសភូមា កម្ពុជា និងលាវ កំពុងតែប្រឹងត្រដរគេចចេញពីតំបន់លិចទឹកនានានៅប្រទេសថៃ។ ជនទាំងនោះហើយនឹងអង្គការជួយ អ្នកចំណាកស្រុក កំពុងតែអំពាវនាវសុំជំនួយរបស់រដ្ឋាភិបាលដើម្បីជួយកម្មករទាំងនោះឲ្យរកការងារធ្វើឬវិលត្រឡប់ទៅផ្ទះវិញ។
គ្មានការប៉ាន់ស្មានគួរឲ្យទុកចិត្ដបានថាតើមានមនុស្សប៉ុន្មាននាក់ដែលជាប់គាំងនៅក្នុងសហគមន៍ដែលលិចទឹកជាច្រើននៅទីក្រុងបាងកកហើយនឹងតំបន់នៅភាគខាងជើងទេ។ ក្រុមអ្នកផ្ដល់ជំនួយនិយាយថា ក្នុងចំណោមមនុស្សរាប់លាននាក់ដែលទទួលផលប៉ះពាល់នៅក្នុងប្រទេសថៃ ក្រុមអ្នកចំណាកស្រុក ជាច្រើនដល់ទៅប្រាំមួយសែននាក់ មួយចំនួនធំមកពីប្រទេសភូមា ជាប់គាំងក្នុងស្ថានភាពកាន់តែដុនដាបឡើង។
ដោយជាប់នៅក្នុងអគារផ្ទះបន្ទប់គ្មានភ្លើងអគ្គីសនី ម្ហូបអាហារឬទឹកផឹក មានច្រើននាក់ដែលត្រូវបានបង្ខំឲ្យបង់ប្រាក់ច្រើនលើសលប់ឲ្យគេដឹកនាំទៅតំបន់ដែលស្ងួត។
ទោះជាមានស្ថានការណ៍បែបនេះក្ដីទីជម្រករបស់រដ្ឋាភិបាលជាច្រើន នៅមិនទាន់មានមនុស្សទៅកាន់ទីនោះ ឲ្យបានដល់ពេញសមត្ថភាពនៅឡើយទេ នៅពេលដែលអ្នកស្រុកទៅស្នាក់នៅជាមួយសាច់ញាតិឬក៏ស្ថិតនៅក្នុងផ្ទះរបស់ពួកគេដែលលិចទឹកដើម្បីការពារទ្រព្យសម្បត្ដិរបស់គេ។
លោក អាន់ឌី ហ៊ល(Andy Hall) ទីប្រឹក្សាមូលធនសិទ្ធិមនុស្សនិងអភិវឌ្ឍន៍និយាយថា សេចក្ដីរងទុក្ខវេទនារបស់ អ្នកចំណាកស្រុករកការងារធ្វើនៅតែមានដដែល។
«ហេតុអ្វីបានជាអ្នកចំណាកស្រុករកការងារធ្វើ ស្ថិតនៅទីនេះ?។ពួកគេ ស្ថិតនៅទីនេះប្រហែលជា ពីព្រោះពួកគេមិនយល់អំពីស្ថានការណ៍នោះ ប្រហែលពួកគេខ្លាចដោយសារគេគ្មានឯកសារ ប្រហែលគេបង្ខិតបង្ខំឲ្យស្ថិតនៅក្នុងសហគមន៍របស់គេដោយមានអង្គការមានលក្ខណ:ដូចពួក ម៉ាហ្វយ៉ា (mafia) នៅក្នុងតំបន់ទាំងនោះដែលរារាំងមិនឲ្យកម្មករគ្មានឯកសារទៅជួបអាជ្ញាធរបាន»។
គេកំពុងតែប៉ាន់ស្មានថា ឧស្សាហកម្មថៃជួល ក្រុមអ្នកចំណាកស្រុក ប្រមាណជាងពីរលាននាក់។ មានជាច្រើននាក់ធ្វើការងារសំណង់ហើយនឹងសំណង់ឧស្សាហកម្មនៅក្នុងបណ្ដាខេត្ដនានានៅជិតរាជធានីបាងកក ដែលនៅទីនោះ ទឹកជំនន់ធ្វើឲ្យពួកគេរត់ទៅទីនោះយ៉ាងច្រើនកុះករ។
លោកស្រី ហ្សាក់គី ប៉ូលិក (Jackie Pollick) ស្ដ្រីអ្នកនាំពាក្យបណ្ដាញក្រុមអ្នកចំណាកស្រុកតំបន់មេគង្គនិយាយថាជនទាំងនោះជាច្រើននាក់ ជាពិសេសមកពីប្រទេសភូមា ប្រឈមនឹងការរើសអើងដោយគ្មានការរវល់អើពើដោយមកពីរបាំងភាសាជាមួយអង្គការជំនួយថៃ។
«សេវាសង្គ្រោះត្រូវការចាំបាច់ទៅឲ្យបានដល់ក្រុមអ្នកចំណាកស្រុក។ ដូច្នេះខ្ញុំគិតថាសេវាទាំងនោះកំពុងតែរកអ្នកបកប្រែភាសាឲ្យទៅកាន់សេវាសង្គ្រោះដែលមានការរៀបចំល្អជាងគេ ប្រហែលជាអង្គការកាកបាទក្រហមថៃ អង្គការនានាដែលអាចទៅកាន់ទីនោះហើយទៅដល់ជនទាំងនោះ ដោយនាំយកអ្នកបកប្រែភាសាទាំងនោះទៅជាមួយពួកគេ។ អង្គការកាកបាទក្រហមថៃ រីករាយនឹងទៅរក ក្រុមអ្នកចំណាកស្រុកទាំងនោះ ប៉ុន្ដែគេពិតជាមិនអាចទៅដល់ជនទាំងនោះបានទេ»។
អ្នកចំណាកស្រុកទាំងនោះ ដែលមានឈ្មោះនៅក្នុងបញ្ជីជាផ្លូវការជាមួយរដ្ឋាភិបាលរារែកមិនចង់វិលត្រឡប់ទៅផ្ទះរបស់គេវិញទេពីព្រោះលិខិតអនុញ្ញាតការងារ នឹងផុតអាយុទៅនៅពេលដែលគេចេញពីប្រទេសថៃ។
ក៏ប៉ុន្ដែអ្នកចំណាកស្រុរកការងារធ្វើភូមារាប់ពាន់នាក់បានរត់ទៅស្រុកម៉ែសុត (Mae Sot) នៅព្រុំដែនថៃដើម្បីវិលត្រឡប់ទៅប្រទេសភូមាវិញ។ មានសេចក្ដីរាយការណ៍មកថាអាជ្ញាធរថៃបានឃុំឃាំងជនទាំងនោះជាច្រើននាក់ពីព្រោះពួកគេគ្មានឯកសារត្រឹមត្រូវ។
ក្រុមអ្នកផ្ដល់ជំនួយនិយាយថាអាជ្ញាធរថៃនឹងភូមាបានសម្រេចបញ្ឈប់ឆ្មាំយាមព្រុំដែននៅច្រកចេញចូលកុំឲ្យទារសំណូកសូកប៉ាន់ពីកម្មករដែលរត់ចេញ។ ក៏ប៉ុន្ដែអ្នកស្រុករាយការណ៍ថា អាជ្ញាធរអន្ដោប្រវេសន៍ភូមាកំពុងតែអនុញ្ញាតមនុស្សតែ១៥០នាក់ប៉ុណ្ណោះឲ្យឆ្លងទៅប្រទេសភូមាក្នុងមួយថ្ងៃៗ ដែលជាហេតុនាំឲ្យមានមនុស្សច្រើនសន្ធឹកសន្ធាប់នៅកកកុញ។
លោក ហ៊លនៃមូលធនសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍និយាយថា សេចក្ដីរងទុក្ខវេទនារបស់ អ្នកចំណាកស្រុករកការងារធ្វើនៅតែជាវិបត្ដិនៅឡើយដែលរដ្ឋាភិបាលគួរតែដោះស្រាយ។
«ក្រសួងការងារគួរមានការទទួលខុសត្រូវក៏ប៉ុន្ដែមើលទៅដូចជារឿងនេះវាទៅជាដូច្នោះ ពីព្រោះតែគោលនយោបាយដែលពាក់ព័ន្ធក្នុងរឿងនេះ ដែលគ្មាននរណាលើកយកបញ្ហាការពារ ក្រុមអ្នកចំណាកស្រុក ទៅដោះស្រាយ ហើយយើងឃើញម្ដងទៀតថា នៅពេលមានវិបត្ដិ ក្រុមអ្នកចំណាកស្រុក ត្រូវបានគេទុកចោលនៅក្រោយ ហើយពួកគេត្រូវបានប្រគល់ ទៅឲ្យឈ្មួញកណ្ដាលហើយនឹងស្ថាប័ណពង្រឹងច្បាប់ដែលកំពុងតែកេងប្រវ័ញ្ញពួកគេដែរ»។
បណ្ដាញក្រុមអ្នកចំណាកស្រុកតំបន់ មេគង្គឲ្យដឹងថា ប្រទេសថៃត្រូវតែអនុញ្ញាតក្រុមអ្នកចំណាកស្រុក ដែលបានចុះឈ្មោះឲ្យចេញពីប្រទេសថៃជាបណ្ដោះអាសន្នហើយវិលត្រឡប់មកវិញនៅពេលណាដែលវិបត្ដិនេះផុតទៅ ដោយគ្មានការពិន័យដើម្បីជួយនៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ច៕
ប្រែសម្រួលដោយ កងស៊ីវន