យន្តហោះកងកម្លាំងអាកាសកូរ៉េខាងត្បូង២គ្រឿង បានហោះបុកគ្នានៅថ្ងៃសុក្រនេះ ក្នុងអំឡុងពេលនៃការបើកហ្វឹកហ្វឺនមួយ ដែលបណ្តាលឱ្យអ្នកបើកបរ៣នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតបាត់ខ្លួន នៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយ។ នេះ បើតាមការឱ្យដឹងរបស់អាជ្ញាធរកូរ៉េខាងត្បូង ហើយដែលត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកពន្លត់អគិ្គភ័យនិងអ្នកជួយសង្គ្រោះជាង៣០នាក់ បានចាប់ផ្តើមរុករកនៅទីកន្លែងដែលយន្តហោះបានធ្លាក់។ នេះ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងដែលបានដកស្រង់សម្តីមន្ត្រីពន្លត់អគ្គិភ័យមកចុះផ្សាយ។
យន្តហោះបុកគ្នាលើមេឃនេះ កើតឡើងនៅវេលាម៉ោង ១និង ៣៧នាទីរសៀល នៅចម្ងាយប្រមាណ៦គីឡូម៉ែត្រ ភាគខាងត្បូងនៃមូលដ្ឋានកងយន្តហោះ KT-1 នៅភាគអាគ្នេយ៍នៃទីក្រុង Sacheon។ នេះ បើតាមការបញ្ជាក់របស់អង្គភាពទ័ពអាកាសកូរ៉េខាងត្បូង។
អង្គភាពទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បើទោះបីជាអ្នកបើកបរយន្តហោះ បានព្យាយាមគេចខ្លួនក្នុងគ្រាអាសន្នមួយក្តី ក៏អ្នកបើកបរ៣នាក់ បានស្លាប់ ហើយម្នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។ សេចក្តីថ្លែងការណ៍នេះបន្តទៀតថា អង្គភាពទ័ពអាកាសកូរ៉េខាងត្បូង បានបង្កើតក្រុមមួយ ដើម្បីស្វែងរកមូលហេតុនៃការបុកគ្នានោះ និងការខូចខាត៕