ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចលនា​ #MeToo នៅ​មីយ៉ាន់ម៉ា​​បើក​ចំហ​ការ​សន្ទនា​លើ​ការ​បៀតបៀន​ផ្លូវ​ភេទ


រូបឯកសារ៖ ស្ត្រី​វ័យ​២២​ឆ្នាំ​ម្នាក់​និយាយ​ថា នាង​ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​រំលោភ​សេពសន្ថវៈ​កាល​ពី​ខែ មិថុនា និង​ខែ កញ្ញា ជំរំ​ជនភៀសខ្លួន Kutupalong បង់ក្លាដែស ថ្ងៃ​ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧៕
រូបឯកសារ៖ ស្ត្រី​វ័យ​២២​ឆ្នាំ​ម្នាក់​និយាយ​ថា នាង​ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​រំលោភ​សេពសន្ថវៈ​កាល​ពី​ខែ មិថុនា និង​ខែ កញ្ញា ជំរំ​ជនភៀសខ្លួន Kutupalong បង់ក្លាដែស ថ្ងៃ​ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧៕

នៅពេល​ដែល​នាង​ Nandar​ ទើប​តែ​មាន​អាយុ​៧​ឆ្នាំ​ នាង​បានរង​ការ​យាយី​ផ្លូវភេទ​។

​បុរស​ម្នាក់​ ដែលក្រុម​គ្រួសារ​របស់​នាង​រាប់អាន​ដូច​ជាមិត្ត​ភក្តិ ​ហើយ​ម្តាយ​របស់​នាង​តម្រូវ​ឲ្យ​នាង​ហៅ​គាត់ថា​«​លោក​តា​»នោះ​តែងតែ​មក​លេង​ជាមួយ​នាង​ ដោយ​ចាប់​និង​ថើប​នៅត្រង់​ចន្លោះ​ជើង​របស់​នាង។ នាង​ Nandar បាន​និយាយ​ថា៖ «រាល់ពេល​ដែល​ខ្ញុំ​ឃើញ​គាត់​ចូល​ក្នុង​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​រក​កន្លែងលាក់ខ្លួន»។

នៅ​ពេល​ដែល​នាង​ Nandar ប្រាប់​ម្តាយរបស់​នាង​ថា​ នាង​មិន​ចូលចិត្ត​របៀប​ដែល​បុរស​នោះ​ប៉ះពាល់​នាង​ ម្តាយ​របស់​ Nandar បាន​ព្រងើយ​កន្តើយ ហើយ​ទទូច​ទៅ​នាង​ថា«ទៅ​លេង​ជាមួយ​គាត់ទៅ​ គាត់​ស្រឡាញ់កូន»។ ពីរ​បី​ឆ្នាំ​ក្រោយ​មក មាន​ឧបទ្ទវហេតុ​មួយទៀត​បាន​កើត​ឡើង។

នៅ​ពេល​ដែល​នាង​ Nandar ឡើង​ជណ្តើរ​ផ្ទះ​ដើម្បី​ផ្លាស់ប្តូរ​ឯកសណ្ឋាន​សាលា​ចេញ​ ​នាង​ឃើញ​បុរស​ម្នាក់​ដែល​កំពុង​ធ្វើការ​នៅកសិដ្ឋាន​របស់គេ​នៅ​ឯ​រដ្ឋ Shan​ បាន​អង្គុយ​នៅបន្ទប់​ក្បែរ​នោះ​។​ នៅពេល​នាងរៀប​នឹង​ដោះ​សម្លៀក​បំពាក់ចេញ​ នាង​បាន​ឃើញបុរសនោះ​កំពុង​មើល​មក​នាង ហើយ​ស្រប​ពេលនោះ​ដែរ​ ​គាត់​កំពុង​លេង​ជាមួយ​ប្រដាប់​ភេទ​របស់គាត់​។ នាង​ Nandar បាន​រំឭក​ហេតុការ​ណ៍​ នោះ​ឡើងថា​៖

«ខ្ញុំ​មិនដឹង​ថា​ ខ្ញុំគួរ​ធ្វើ​យ៉ាងណាទេ​ចំពោះ​រឿង​បែប​នេះ​។ ​ដំបូង​ខ្ញុំ​គិតថា​គាត់​អាច​បញ្ឈប់​សកម្មភាព​នោះ នៅ​ពេល​ដែល​គាត់បាន​ឃើញ​ខ្ញុំ​។ ក៏​ប៉ុន្តែ​ពេល​ឃើញ​ខ្ញុំ​ហើយ​ ​គាត់​មិន​បាន​បញ្ឈប់​វា​ទេ។​ ហើយ​ដែល​អាក្រក់​ជាង​នេះទៅ​ទៀត គឺគាត់​កាន់​តែ​លេងវាខ្លាំងឡើងៗ​ ដោយ​សម្លឹង​មក​ខ្ញុំ​កាន់តែខ្លាំងឡើង»។

លើក​នេះ​នាង Nandar បាន​រាយការណ៍​ពី​អ្វី​ដែល​បាន​កើតឡើងនេះ ហើយម្តាយ​របស់​នាងកើតទុក្ខស្រពាប់​ស្រពោន​។​ ម្តាយ​របស់​នាង​បាន​ប្រាប់​កូនស្រី​ដោយ​មាន​ទុក្ខព្រួយ​ថា​៖ «​កូន​ត្រូវតែ​ប្រុង​ប្រយ័ត្ន​នឹង​គាត់ ក៏ដូចជា​បុរស​ដ៏ទៃ​ទៀតដែរ​»។

ជនរងគ្រោះ​ត្រូវបានគេ​ស្តីបន្ទោស​

នាង Nandar គឺ​ជា​ស្ត្រីម្នាក់​ក្នុង​ចំណោម​សកម្មជន​ជា​ស្រ្តី​ដែល​ធ្វើ​ការតស៊ូមតិ​លើក​កម្ពស់​សិទ្ធិស្រ្តី​ឲ្យ​មាន​ឈ្មោះ​បោះ​សំឡេងនៅ​ប្រទេសមីយ៉ាន់ម៉ា បើទោះជា​នាង​ទើប​តែ​មាន​អាយុតែ​២៣​ឆ្នាំ​ក៏ដោយ។

នាង​បាន​បកប្រែ​សៀវភៅ​របស់​អ្នក​និពន្ធឈ្មោះ​ Adichie Chimamanda Ngozi ​ដែល​ជាសកម្មជនសិទ្ធិស្រ្តី​ជនជាតិ​នីហ្សេរីយ៉ា​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ម្នាក់​ ទៅ​ជា​ភាសាភូមា ក្រោមប្រធានបទ​ ​«យើង​ទាំង​អស់គ្នា​គួរតែ​លើក​កម្ពស់​ស្រ្តី»។​ នាង​ក៏​ធ្លាប់​បាន​ឡើង​និយាយ​តាម​កម្មវិធី​ពិភាក្សា​ និង​កិច្ចសន្ទនា​ជាច្រើន​ជុំវិញ​ប្រធានបទ​សិទ្ធិរបស់ស្ត្រី​។ ឥឡូវនេះ​នាង Nandar សង្ឃឹម​ថា​ នាង​នឹងបន្ត​និយាយ​អំពី​បញ្ហា​ស្រ្តី​នៅតាម​សាលារៀនបន្ថែមទៀត​។​

បើ​ទោះ​ជាយ៉ាង​នេះក្តី នាង​ ​Nandar មិនទាន់មាន​ទំនុក​ចិត្ត​ក្នុង​ការ​និយាយ​ជា​សាធារណៈ​អំពី​ការ​ប៉ះ​ទង្គិច​ផ្លូវចិត្ត​ផ្ទាល់​ខ្លួន​នៅឡើយ​ទេ បន្ទាប់​ពី​នាង​បាន​ឆ្លងកាត់​ការ​យាយី​ផ្លូវភេទ​កាល​ពី​នាងនៅ​ក្មេង។​ ប៉ុន្តែ​នៅ​យប់​មួយ​នាពេល​ថ្មី​ៗនេះ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ​Nandar បាន​សម្រេច​ចិត្ត​ទម្លាយ​រឿងរ៉ាវ​ដែល​នាង​បាន​លាក់ទុក​ជាយូរ​មក​ហើយ។​

នៅ​ក្នុង​សាល​សិល្បៈ​តូចមួយ នាង Nandar​ ជាមួយនឹង​អ្នកស្រី Kristina Lunz សហស្ថាបនិក​មជ្ឍមណ្ឌល​ដើម្បី​គោល​នយោបាយ​ការបរទេស​របស់​ក្រុម​លើក​កម្ពស់​សិទ្ធិស្រ្តី​បាន​ថ្លែង​ទៅ​កាន់​ហ្វូង​មហាជនថា៖ «បញ្ហានានា​ដែល​បណ្តាល​ឱ្យ​មាន​អំពើ​ហិង្សា​ ឬ​ការ​រំលោភសេពសន្ថេវៈ​នោះ​ គឺ​មិនមែន​មកពីស្ត្រី ឬ​ក្មេងស្រី​ ឬ​ការតុបតែង​ខ្លួន​របស់​ពួកគេ​នោះ​ទេ​ ប៉ុន្តែ​គឺមកពី​បុរសៗ​ដែល​គិតថា​វា​មិនអីទេ​ក្នុង​ការ​ធ្វើ​ដូច្នោះ​ ហើយ​មក​ពី​សង្គម​មួយ​ដែល​អន់អោនឱ្យបុរស​ធ្វើ​ដូច្នេះបាន។ ​វប្បធម៌​របស់​យើង​មិន​បាន​ការពារ​ជនរងគ្រោះ​ទេ ប៉ុន្តែ​បែរ​ជា​ការពារ​ជនល្មើស​ដែល​ប្រព្រឹត្តិអំពើ​ហិង្សា​ផ្លូវភេទ​ទៅ វិញ»។

អំពើ​ហិង្សា​យេនឌ័រ​បាន​ចាក់ស្រេះ​នៅ​ក្នុងសង្គមដែល​រារាំង​ស្ត្រី​ក្នុង​ការរើបម្រាស់។នេះ​ជា​អ្វីដែល​លោកស្រី​វេជ្ជបណ្ឌិត Thet Su Htwe​ ដឹកនាំ​សិក្ខា​សាលា​នៅទូទាំង​ប្រទេសមីយ៉ាន់ម៉ា​ ដោយ​មាន​បង្រៀន​ជា​មុខវិជ្ជា​ផ្សេងៗចាប់ពី​សុខភាព​ផ្លូវភេទ​និង​សុខភាព​បន្ត​ពូជ​ រហូត​ដល់​ផ្នែក​ទំនាក់ទំនង​ដែល​មាន​ការ​គោរព​គ្នា​ទៅវិញទៅមក​។

គន្លឹះ​ក្នុង​ការបង្រៀន​របស់​លោកស្រី​គឺ​ការ​ពន្យល់​អំពី​មុខងារ​របស់​រាងកាយ។ លោកស្រី​បាន​ថ្លែងថា៖ «ដោយសារ​តែ​ស្ត្រី​មាន​រដូវ​ មាន​ពាក្យ​ជាច្រើន​ដែល​គេ​និយាយ​ថា​ខ្លួនប្រាណ​របស់​ស្ត្រី​មាន​ភាព​កខ្វក់​ ហើយប្រការនេះ​ធ្វើ​ឱ្យស្ត្រី​ខ្លួនឯង​គិត​ថា​ រាងកាយ​របស់​ខ្លួន​ខ្សោយ​ជាង​រាង​កាយ​របស់​បុរស​»។

ស្ត្រី​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បានហាមឃាត់​មិន​ឱ្យ​ទៅ​ព្រះវិហារ ​ឬ​ប៉ះ​ពាល់​រុក្ខជាតិឬ​សត្វ ឬ​បោក​សម្លៀកបំពាក់​លាយឡំ​ជាមួយ​នឹង​សម្លៀក​របស់​បុរស​ទេ​ ​នៅពេល​ដែល​ពួកគេ​មាន​រដូវ ដោយសារ​តែ​មាន​ជំនឿ​ថា​ វត្ថុ​អ្វី​ដែល​ពួកគេពួកគេ​បាន​ប៉ះ​នៅ​ពេល​មាន​រដូវ​នោះ​ នឹង​ក្លាយ​ទៅ​ជា​របស់​កខ្វក់​។

លោកស្រី​វេជ្ជបណ្ឌិត Thet Su Htwe បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ស្តី​បន្ទោស​ដល់​ជនរងគ្រោះ​នៅតែ​ជា​បន្ត​កើតឡើង​នៅ​ក្នុង​សង្គម ដែល​ជា​កត្តា​ចាំបាច់​តម្រូវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​ផ្នែក​វប្បធម៌​ចំពោះ​ស្ត្រី​។

នៅ​ប្រទេស​មីយ៉ាន់ម៉ា ផ្នត់​គំនិត​នៃ​វប្បធម៌​ hpon​ គឺ​ជា​ជំនឿ​មួយ​ដែល​គេ​ជឿថា​បុរស​មាន​សីលធម៌​ខ្ពង់ខ្ពស់​ និង​មាន​ភាព​រវៀសរវៃ​ ខណៈ​ស្ត្រីត្រូវបានគេភ្ជាប់ទៅ​នឹង​សំណាងមិន​ល្អ​។ ជំនឿ​នេះ​បាន​បន្តផ្តល់​អំណាច​ និង​សិទ្ធិ​ដល់បុរស​ៗ​ ដែល​គ្រប​ដណ្តប់​ដល់​ការ​យល់​ឃើញលើ​រាងកាយ​របស់ស្ត្រី។

ករណី​រំលោភ​បំពាន​ផ្លូវភេទ​ច្រើនទៀត​ត្រូវបានគេ​បន្ត​រាយការណ៍​នៅ​មីយ៉ាន់ម៉ា​

ករណី​យាយី​និង​ការ​បៀតបៀន​ផ្លូវ​ភេទ​ ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ​មុន។ កំណត់ត្រា​របស់​សមត្ថកិច្ច​លើ​ករណី​បៀតបៀន​ផ្លូវភេទ​ មាន​ចំនួន​៥០៨​ករណី​នៅ​ក្នុង​ឆ្នាំ២០១៧​ បើ​ប្រៀបធៀបទៅ​នឹង​ចំនួន​៤២៩​ករណី​ នៅ​ឆ្នាំ​២០១៦​ ហើយ​ការ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​ក្រោម​១៦​ឆ្នាំ​ បាន​កើន​ឡើង​ដល់​៨៩៧​នាក់​។

ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ស្ត្រី​នៅ​មីយ៉ាន់ម៉ា​ឱ្យ​ស្លៀកពាក់​ «សមរម្យ»​ ដើម្បី​បង្ការ​ការ​ប្រឈម​នឹង​ការ​ចាប់​រំលោភ​។ តាមរយៈ​គំនូរ​ជា​រូបតុក្កតាបានបង្ហាញ​រូបស្ត្រីម្នាក់​ដែល​ស្លៀកពាក់​ខោអាវខើចខ្លី​សួរ​សមត្ថិកិច្ច​ថា​ កន្លែង​ណា​ដែលគេ​អាច​រាយការណ៍​អំពី​ករណី​បៀតបៀន​ ពេលនោះមន្ត្រី​ម្នាក់​ឆ្លើយ​ថា​ «ស្លៀកពាក់​ខោអាវ​ឲ្យ​បាន​ជិតៗ»។

នៅ​ពេល​លោកស្រី​វេជ្ជបណ្ឌិត​ Thet Su Htwe ឃើញ​រូបគំនូរ​តុក្កតានោះ​ លោកស្រីខកចិត្ត​យ៉ាងខ្លាំង​។ លោកស្រី​បាន​ឲ្យ​ដឹងថា​៖ «រូបគំនូរតុក្កតា​ដែល​អត្ថាធិប្បាយ​អំពី​សម្លៀកបំពាក់​របស់​ស្ត្រី​នេះ​មិន​គួរ​ជា​ការ​អះអាង​ថា​ ជា​មូលហេតុ​ចម្បង​នៃ​ការ​បៀតបៀន​ផ្លូវភេទ​នោះ​ទេ»​។ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឫសគល់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ លោកស្រីវេជ្ជបណ្ឌិត Thet Su Htwe ​ជឿ​ថា​ ការ​អប់រំ​ត្រូវ​ចាប់ផ្តើមពី​ក្នុង​ផ្ទះ និង​សាលារៀន​។

ឥឡូវនេះ ​លោកស្រី​បាន​ចំណាយ​ពេលវេលា​ក្នុង​ជីវិត​របស់​លោកស្រី​ ដើម្បី​ព្យាយាម​បង្រៀន​តាមរយៈ​កម្មវិធីអប់រំ​មួយ​ឈ្មោះ​ថា​ Strong Flowers នៅ​តាម​សាលារៀន​ និង​សហគមន៍​នានា​ទូទាំងប្រទេសមីយ៉ាន់ម៉ា មិនថា​មាន​ឧបសគ្គ​ខាង​សាសនា​និង​វប្បធម៌នោះទេ​។ លោកស្រី​បាន​និយាយ​ថា៖ «យើង​មិន​អាច​ចិញ្ចឹម​ក្មេងប្រុស​និង​ក្មេងស្រី​ដោយ​របៀបខុស​គ្នា​ឡើយ​ បើពុំនោះទេ​ ពួកគេ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ពេញវ័យ​ដែល​មាន​ផ្នត់គំនិតក្នុងការ​បែង​ចែក​តួនាទី​រវាង​បុរស​និង​ស្ត្រី។ ពួកគេ​ត្រូវ​គោរព​គ្នា​និង​ពេញចិត្ត​ចំពោះ​ភាពខុសគ្នា​រវាង​គ្នា​ទៅវិញ​ទៅមក»។

ពាក្យ​ថា​ព្រមព្រៀង​គ្នា​នៅ​តែ​ជា​ពាក្យ​ដែល​មិនត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​តាម​គ្រួសារ​នានា នៅ​ពេល​ដែល​គេ​ចង់​បង្រៀន​ក្មេង​ប្រុសៗ​អំពី​អាកប្បកិរិយា​ដែល​គេ​គួរ​សម្តែង​ចេញ។ ក្រុមស្រ្តី Akhaya​ ដែល​ជា​ក្រុម​ការពារ​សិទ្ធិ​ស្ត្រី​ប្រចាំ​នៅ​ទីក្រុង​រ៉ង់ហ្គូន​បាន​ចាប់ផ្តើមធ្វើ​យុទ្ធនាការ​មួយ​ឈ្មោះ​ថា «ធ្វើជា​បុរស​ល្អ​ជាង​មុន​»​ នៅ​ក្នុង​ឆ្នាំនេះ​ ដោយមាន​ប្រើ​ជា​ hashtagនិង​លើក​ទឹកចិត្ត​បុរស​ឱ្យ​ប្តូរ​ស៊ុមរូបភាព​ក្នុង​គណនី​ហ្វេសប៊ុក​របស់ពួកគេ​ ដើម្បី​បង្ហាញការ​គាំទ្រយុទ្ធនាការ​នេះ។​

ខណៈ​ដែល​ការប្រើប្រាស់ទូរស័ព្ទស្មាត​ហ្វូន​កើនឡើង​ នៅ​ទូទាំងប្រទេស​មីយ៉ាន់ម៉ា​ ​នាង Nandar​ សង្ឃឹម​ថា​ ការ​សន្ទនា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​តាមរយៈ​ចលនា​ #MeToo ​នឹង​ជ្រាប​ចូល​ទៅក្នុង​ជីវិត​ពិត​របស់​ពួកគេ​។

នាង​ Nandar​ បាន​ប្រាប់ VOA ក្រោយ​ការ​ថ្លែង​សុន្ទកថា​យ៉ាង​ដូច្នេះ​ថា​៖​ «ខ្ញុំ​យល់​ថា​ដើម្បី​បន្ត​ដំណើរទៅមុខ​ទៀត ​យើងត្រូវ​តែ​ឃើញ​ពី​គំរូ​ប្រចាំថ្ងៃ​ ដូចជា​គ្រូ​បង្រៀន​ប្រុស​ជា​មនុស្ស​ដែល​មាន​ការ​អប់រំ និង​ការ​យក​ចិត្ត​ទុកដាក់​ ហើយ​អ្នកនិពន្ធ​ជាស្ត្រី​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ជាច្រើន​ទៀត​ចែក​រំលែក​រឿងរ៉ាវ​របស់គេ​»។

ការ​បំបែក​របាំង​និង​ការបន្តសន្ទនា​តាមរយៈ​ចលនា​ #MeToo

កាល​ពីមួយឆ្នាំមុន​ នាង Nandar បាន​លើកឡើង​អំពី​ការសន្ទនា​ជាមួយ​ម្តាយ​របស់​នាង​អំពី​បទពិសោធន៍​របស់​នាង​ប្រឈម​នឹង​ការបៀតបៀន​ផ្លូវភេទ​កាលពី​កុមារភាព។

តាមរយៈ​ការ​សន្ទនា​ទាំង​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​នាង Nandar យល់​ថា ម្តាយ​របស់​នាង​មិន​ត្រូវ​ទទួល​បាន​ការ​ស្តី​បន្ទោស​ទេ​។ នាង Nandar បាន​និយាយថា៖ «ខ្ញុំ​រំជួល​ចិត្ត​ខ្លាំងណាស់​ ហើយ​ចំពោះ​ម្តាយ​ខ្ញុំ​វិញ​ វា​ពិតជា​មិនស្រួលចិត្ត​ទេ​ ហើយវា​ពោរ​ពេញ​ដោយ​ការ​សោកស្តាយ​សម្រាប់​រូបគាត់ ប៉ុន្តែ​ខ្ញុំ​ត្រៀម​ខ្លួន​និយាយ​អំពី​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ និង​ពិភាក្សា​អំពី​ការ​ដែល​ម្តាយ​របស់​ខ្ញុំ​ទើបតែ​ប្រតិកម្ម​ទៅ​នឹង​ទម្លាប់​របស់​សង្គម​នេះ​»។

​នាង Nandar បាន​និយាយ​បន្ត​ថា៖ «ជីតា​របស់​ខ្ញុំ​គឺ​ជា​អ្នក​ញៀនស្រា​និង​មាន​ចរិករំលោភ​បំពាន​ផ្លូវភេទ។ លោក​យាយ​របស់​ខ្ញុំ​ដែល​បាន​សម្រាល​កូន​មក​ជា​ម្តាយ​របស់​ខ្ញុំ​ បានរៀបការ​ជាមួយ​បុរសម្នាក់​ដែល​ធ្លាប់​បាន​រំលោភគាត់​ ដូច្នេះ​ពេលដែល​ម្តាយ​ខ្ញុំ​ធំឡើង​ ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បានរិះគន់​ថា​ មាន​ម្តាយ​ជា​ស្រី​បម្រើ​ផ្លូវភេទ។

នាង Nandar បាន​ប្រាប់ម្តាយ​របស់​នាង​ថា​ នាង​ចង់​និយាយ​ជា​សាធារណៈ​អំពី​ហេតុការណ៍​នានា​ដែល​បាន​កើតឡើង​ក្នុង​ជីវិត។ ក្រោយ​មក​ម្តាយ​របស់​នាង Nandar បាន​មើល​វីដេអូ​ដែលផ្សាយ​ផ្ទាល់​អំពី​សុន្ទរក​ថា​របស់​នាង Nandar តាម​រយៈបណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​ផ្ទះ​នៅ​រដ្ឋ Shan ចម្ងាយ​ប្រមាណ​ ៦០០​ គីឡូម៉ែត្រ​ពី​ទីតាំង​ដែល​នាងNandar ថ្លែងសុន្ទរកថា​។

នាង Nandar បាន​និយាយ​ថា៖ «ម្តាយខ្ញុំពិត​ជាជឿ​ជាក់​លើខ្ញុំ​ដែល​និយាយ​បើក​ចំហ​អំពី​បញ្ហា​នេះ​ ហើយ​ប្រសិន​បើ​ខ្ញុំ​និយាយ​វា​ឡើង ​ហើយ​អ្នកដទៃ​នឹង​ស្តាប់​ នោះពួកគេ​ក៏​មាន​ឆន្ទៈ​ក្នុង​ការ​និយាយ​ចេញ​ក្រៅ​ដូច​គ្នា​ដែរ​»៕

ប្រែសម្រួល​ដោយ​កញ្ញា ខាន់ សុគុំមនោ

XS
SM
MD
LG