គណៈកម្មាធិការការពារអ្នកកាសែតរាយការណ៍ថា ឆ្នាំ២០១០ ជាឆ្នាំមួយថ្មីទៀតដែលមានភាពច្របូកច្របល់សម្រាប់សេរីភាពសារព័ត៌មាន។ គណៈកម្មាធិការការពារអ្នកកាសែតនេះនិយាយថា ខណៈដែលច្បាប់ និងអនុសញ្ញាអន្តរជាតិ ធានាដល់សិទ្ធិនៃការបញ្ចេញមតិនោះ ស្ថាប័នអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ បានបរាជ័យ ក្នុងការការពារយ៉ាងមុតមាំដល់សិទ្ធិនោះ។ របាយការណ៍នោះ ក៏លើកឡើងអំពីការកត់ត្រាចំនួនអ្នកសែតជាច្រើន ដែលបានជាប់ឃុំឃាំងនៅទូទាំងពិភពលោកកាលពីឆ្នាំមុនផងដែរ។
របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការការពារអ្នកកាសែតដែលមានចំណងជើងថា «ការវាយប្រហារទៅលើសារព័ត៌មាន» កត់ត្រាការសម្លាប់អ្នកកាសែត បណ្ណាធិការ និងអ្នកថតរូបឲ្យសារព័ត៌មានចំនួន៤៤នាក់ និងការឃុំឃាំងអ្នកសារព័ត៌មានចំនួន១៤៥ នាក់ផ្សេងទៀត។ អ្នកសសេររបាយការណ៍នោះថ្លែងថា នោះជាចំនួនអ្នកសារព័ត៌មានដែលត្រូវបានឃុំឃាំងច្រើនបំផុតតាំងពីឆ្នាំ១៩៩៦។
ជិតពាក់កណ្តាលនៃចំនួនមនុស្សដែលត្រូវបានឃុំឃាំងទាំងនោះ គឺនៅប្រទេសអ៊ីរ៉ង់ និងប្រទេសចិន ដោយក្នុងប្រទេសនីមួយៗបានឃុំខ្លួនអ្នកកាសែតចំនួន ៣៤នាក់។ ចំនួនជិតពាក់កណ្តាលទៀត គឺក្រុមមួយផ្សេងទៀត ដែលជាក្រុមអ្នកបង្កើត Blog ឬហៅថាគេហទំព័រផ្ទាល់ខ្លួន។ ក្រុមនេះក៏ប្រឈមនឹងការចាប់ដាក់ពន្ធនាគារកាន់តែខ្លាំងឡើងផងដែរ។ ប្រទេសប៉ាគីស្ថាន ត្រូវបានគេកំណត់ទុកថា ជាប្រទេសមួយដែលមានគ្រោះថ្នាក់បំផុត សម្រាប់អ្នកកាសែត។
លោក Bob Dietz អ្នកសម្របសម្រួលកម្មវិធីប្រចាំតំបន់អាស៊ីនៃគណៈកម្មាធិការការពារអ្នកកាសែតមានប្រសាសន៍ថា យ៉ាងហោចណាស់មានអ្នកកាសែត ៨នាក់ ត្រូវបានសម្លាប់នៅប្រទេសប៉ាគីស្ថានកាលពីឆ្នាំមុន។
«អ្នកកាសែតភាគច្រើនដែលបានស្លាប់នៅប្រទេសប៉ាគីស្ថានកាលពីឆ្នាំមុន គឺដោយសារជាប់នៅក្នុងការបាញ់តគ្នា ឬដោយសារការយកព័ត៌មានក្នុងពេលដែលការផ្ទុះគ្រាប់បែកជាលើកទីពីរ នៅកន្លែងដែលត្រូវបានវាយប្រហារដោយក្រុមភេរវជន។ ម្នាក់ឬ ពីរនាក់ក្នុងចំណោមអ្នកដែលបានស្លាប់នោះ គឺត្រូវគេកំណត់គោលដៅសម្លាប់។ នៅឆ្នាំនេះ យើងបានឃើញយ៉ាងច្បាស់នូវការដាក់គោលដៅទៅលើអ្នកកាសែតល្បីឈ្មោះម្នាក់រួចជាស្រេចទៅហើយ នៅក្នុងក្រុង ខារ៉ាធី (Karachi)។ ហើយអ្វីដែលយើងកំពុងតែមើលឃើញនោះ គឺអំពើហិង្សាដែលចេញមកពីប្រទេសអាហ្វហ្កានីស្ថាន ឆ្លងចូលមកប្រទេសប៉ាគីស្ថានដែលនាំឲ្យអ្នកកាសែតដែលធ្វើការនៅប្រទេសនេះ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាងនៅប្រទេស អាហ្វហ្កានីស្ថានទៅទៀត»។
ក៏ប៉ុន្តែ ប្រទេសអ៊ីរ៉ាក់ ដែលធ្លាប់ជាប្រទេសដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែតនៅឆ្នាំ២០០៤ និងឆ្នាំ២០០៥ ដែលជាពេលអ្នកកាសែតរាប់សិបនាក់ត្រូវបានសម្លាប់នោះស្ថានភាពសម្រាប់អ្នកកាសែតនៅប្រទេសនេះមានភាពប្រសើរឡើងយ៉ាងខ្លាំង។ គណៈកម្មាធិការការពារអ្នកកាសែតឲ្យដឹងថា កាលពីឆ្នាំមុន អ្នកកាសែតចំនួន ៥នាក់ ត្រូវបានសម្លាប់នៅប្រទេសនោះ ដែលនោះជាចំនួនអ្នកកាសែតស្លាប់តិចបំផុត ចាប់តាំងពីការវាយប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីឆ្នាំ២០០៣។
គណៈកម្មាធិការការពារអ្នកកាសែតក៏បានមើលឃើញថា មានភាពប្រសើរឡើងផងដែរនៅប្រទេសគុយបា ដែលបានដោះលែងអ្នកកាសែតចំនួន១៧នាក់ពីការឃុំឃាំង កាលពីឆ្នាំ២០១០។ គណៈកម្មាធិការនេះ បានឲ្យដឹងថា ការគាំទ្រដែលមានលំនឹង និងមានការចូលរួម នឹងកើតឡើងបាន លុះត្រាតែមានការផ្តោតអារម្មណ៍រយៈពេលយូរពីសំណាក់សហគមន៍អន្តរជាតិទៅលើបញ្ហានេះ។
របាយការណ៍ដែលមានចំណងជើងថា «ការវាយប្រហារទៅលើសារព័ត៌មាន»នេះ បានកត់ត្រានិន្នាការមួយចំនួនសំដៅលើការចាប់ពិរុទ្ធនៅក្នុងប្រទេសអាមេរិកឡាទីន និងប្រទេសចិន ការសងសឹកទៅលើអ្នកកាសែតស៊ើបអង្កេតនៅទ្វីបអាហ្វ្រិក និងការប្រើប្រាស់ច្បាប់ប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីគាបសង្កត់ទៅលើការផ្សព្វផ្សាយព័ត៌មាន និងការបញ្ចេញទស្សនៈនៅក្នុងតំបន់មជ្ឈិមបូព៌ាប្រទេស និងតំបន់អាហ្វ្រិកខាងជើង។
របាយការណ៍នោះបានឲ្យដឹងថា ៩០ភាគរយនៃការសម្លាប់អ្នកកាសែតនឹងមិនត្រូវបានដោះស្រាយទេ ហើយក្នុងចំណោមជនរងគ្រោះនៃការសម្លាប់ទាំងនោះ មាន៦០ភាគរយបានទទួលការគំរាមកំហែង មួយសប្តាហ៍មុនពួកគេស្លាប់។ គណៈកម្មាធិការការពារអ្នកកាសែត បានអំពាវនាវឲ្យបញ្ចប់និទណ្ឌភាពនៅក្នុងករណីដូចនេះ។
ក៏ប៉ុន្តែ គណៈកម្មាធិការដែលធ្វើការដើម្បីការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោកនេះ មិនត្រឹមតែរិះគន់រដ្ឋាភិបាលដែលបានបរាជ័យក្នុងការការពារ និងការជំរុញឲ្យមានសេរីភាពសារព័ត៌មានប៉ុណ្ណោះទេ ថែមទាំងបាននិយាយថា ស្ថាប័នថ្នាក់ពិភពលោក ដូចជា អង្គការសហប្រជាជាតិ អង្គការ American States សហភាពអាហ្រ្វិក និងស្ថាប័នដទៃៗទៀត មិនបានព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីការពារសេរីភាពសារព័ត៌មានទេ។
លោក Joel Simon ប្រធានគណៈកម្មាធិការការពារអ្នកកាសែត បានមានប្រសាសន៍នៅឯសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិដោយលើកយកឈ្មោះលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន មករិះគន់ ចំពោះបញ្ហាមួយចំនួន ដូចជា ការណ៍ដែលលោកខកខានមិនបានអបអរសាទរដល់ជ័យលាភីរង្វាន់ណូបែលសន្តិភាព លោក លូ ស៊ាវបូ (Liu Xiaobo) ដែលជាសកម្មជនសិទ្ធិមនុស្សចិន កំពុងជាប់ពន្ធនាគារជាដើម។ លោក Simon បានមានប្រសាសន៍ថាសម្រាប់អង្គការសហប្រជាជាតិ ជាពិសេស គឺលោកអគ្គលេខាធិការ គួរតែនិយាយគាំទ្រឲ្យបានខ្លាំងក្លា ដល់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
«យូរម្តងៗ លោកអគ្គលេខាធិការ បានថ្លែងសុន្ទរកថាជាសាធារណៈ ដែលមានភាពវិជ្ជមាន ក៏ប៉ុន្តែ អ្វីដែលយើងមិនឃើញលោកធ្វើនោះ គឺដំណោះស្រាយដែលមានការស៊ីសង្វាក់គ្នាលើបញ្ហានេះ។ ហើយដំណោះស្រាយដែលមានការស៊ីសង្វាក់គ្នានេះ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាជាការប្តេជ្ញាមួយចំពោះគោលការណ៍វាយតម្លៃជោគជ័យផ្នែកនយោបាយ ហើយនោះជាអ្វីដែលយើងចង់ឲ្យកើតមានឡើង»។
អ្នកនាំពាក្យរបស់លោកបាន គីមូន បានបដិសេធចោលការរិះគន់នោះ ដោយនិយាយថា លោកអគ្គលេខាធិការ បាន គីមូន បាននិយាយជាប្រចាំអំពីសារៈសំខាន់នៃសេរីភាពសារព័ត៌មាននេះ ទាំងជាសាធារណៈ ទាំងក្រៅផ្លូវការ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់