ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឈ្នះ​រង្វាន់​ធំ​របស់​ឆ្នោត Powerball ធ្វើឱ្យ​មាន​ចំណាប់​អារម្មណ៍​លើ​ជាតិសាសន៍ Iu Mien នៅ​អាមេរិក


លោក Cheng «Charlie» Saephan ញញឹម​ស្រស់​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃទី​២៩ មេសា ឆ្នាំ២០២៤។
លោក Cheng «Charlie» Saephan ញញឹម​ស្រស់​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃទី​២៩ មេសា ឆ្នាំ២០២៤។

លោក Cheng «Charlie» Saephan បាន​ញញឹម​ប្រិមប្រិយ​និង​ពាក់​ខ្សែឆៀង​ពណ៌​ខៀវ​ដ៏​ចែងចាំង​ដែល​លម្អ​ដោយ​អក្សរ «Iu-Mien USA» នៅពេល​លោក​លើក​ផ្ទាំង​មូលប្បទានបត្រ​ធនាគារ​ដ៏​ធំ​មួយ​ដែល​មាន​ទឹកប្រាក់ ១,៣ ពាន់​លាន​ដុល្លារ​នៅ​ពី​លើ​ក្បាល​របស់​លោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

សំណាង​របស់​ជន​អន្តោប្រវេសន៍​វ័យ ៤៦ ឆ្នាំ​រូប​នេះ​នៅក្នុង​ការ​ឈ្នះ​រង្វាន់​ធំ​របស់​ឆ្នោត Powerball នៅ​ក្នុង​រដ្ឋ Oregon កាលពី​ដើម​ខែ​មេសា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​លោក។ លោក​បាន​សម្រេច​យក​រង្វាន់​ជា​សាច់ប្រាក់​សុទ្ធ​សរុប​តែម្ដង​ក្នុង​ចំនួន ៤២២ លាន​ដុល្លារ​បន្ទាប់ពី​បង់​ពន្ធ​រួច ដែល​លោក​និង​ភរិយា​របស់​លោក​នឹង​ចែក​ជាមួយ​នឹង​មិត្តភក្តិ​ម្នាក់។

ការ​ឈ្នះ​រង្វាន់​ធំ​របស់​ឆ្នោត Powerball នេះ​ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ស្គាល់​អំពី​ជាតិសាសន៍ Iu Mien ផងដែរ។ ជាតិសាសន៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មាន​ប្រភព​មកពី​ប្រទេស​ចិន ដែល​ពួកគេ​ភាគច្រើន​បាន​ចាកចេញ​ពី​ប្រទេស​ឡាវ​ទៅកាន់​ប្រទេស​ថៃ​និង​បន្ទាប់មក​បាន​ទៅ​តាំងទី​លំនៅ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅក្រោយ​សង្គ្រាម​វៀតណាម។

លោក Saephan បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ២៩ ខែ​មេសា​នៅឯ​ទីស្នាក់ការ​កណ្ដាល​ឆ្នោត Powerball ក្នុង​រដ្ឋ Oregon ថា៖ «ខ្ញុំ​កើត​នៅក្នុង​ប្រទេស​ឡាវ ប៉ុន្តែ​ខ្ញុំ​មិនមែន​ជា​ជនជាតិ​ឡាវ​ទេ ខ្ញុំ​ជា​ជាតិសាសន៍ Iu Mien»។ នៅឯ​ទីស្នាក់ការ​កណ្ដាល​ឆ្នោត Powerball នោះ អត្តសញ្ញាណ​របស់​លោក​ក្នុង​នាម​ជា​អ្នក​ឈ្នះ​មួយ​រូប​នូវ​រង្វាន់​ធំ​របស់​ឆ្នោត​នេះ​ត្រូវបាន​ប្រកាស​ជា​សាធារណៈ។

ក្នុង​អំឡុង​សង្គ្រាម​វៀតណាម ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ (CIA) របស់​សហរដ្ឋ​អាមេរិក​និង​យោធា​សហរដ្ឋ​អាមេរិក​បាន​ជ្រើសរើស​ជាតិសាសន៍ Iu Mien នៅ​ប្រទេស​ឡាវ ដែល​ពួកគេ​ភាគច្រើន​គឺជា​កសិករ​ធ្វើ​ស្រែ​ចម្ការ​សម្រាប់តែ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​ខ្លួន ឱ្យ​ចូល​ប្រឡូក​នៅក្នុង​សង្គ្រាម​ទ័ពព្រៃ​និង​ឱ្យ​ផ្ដល់​ព័ត៌មាន​សម្ងាត់​និង​ឈ្លប​យកការណ៍​ដើម្បី​បង្អាក់​ផ្លូវលំ​ហូជីមិញ​ដែល​វៀតណាម​ខាងជើង​បាន​ប្រើ​ដើម្បី​បញ្ជូន​ទ័ព​និង​អាវុធ​កាត់តាម​ប្រទេស​ឡាវ​និង​កម្ពុជា​ចូល​ទៅកាន់​វៀតណាម​ខាងត្បូង។

នៅក្រោយ​សង្គ្រាម​វៀតណាម​ក៏ដូចជា​សង្គ្រាម​ស៊ីវិល​នៅ​ឡាវ ដែល​នៅ​ពេល​នោះ​រដ្ឋាភិបាល​ឡាវ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ដួល​រលំ​នៅក្នុង​ឆ្នាំ ១៩៧៥ ជាតិសាសន៍ Iu Mien រាប់​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​គេចចេញ​ពី​ការ​សងសឹក​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​ថ្មី​របស់​ឡាវ។ ពួកគេ​បាន​ភៀសខ្លួន​ដោយ​ថ្មើរជើង​កាត់តាម​ព្រៃ​និង​បន្ទាប់មក​បាន​ឆ្លង​ទន្លេ​មេគង្គ​ចូល​ទៅក្នុង​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​ប្រវតិ្ត​ដែល​បង្ហោះ​នៅ​លើ​វេបសាយ​របស់​អង្គការ​សេវា​សហគមន៍​ជាតិសាសន៍ Iu Mien នៅក្នុង​ទីក្រុង Sacramento រដ្ឋ California។

ជាតិសាសន៍ Iu Mien ជាង ៧០% នៅក្នុង​ប្រទេស​ឡាវ​បាន​ចាកចេញ ហើយ​ពួកគេ​ជាច្រើន​បាន​ទៅ​ដល់​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ថៃ។

ជនភៀសខ្លួន​រាប់​ពាន់​នាក់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ដោយ​ក្រុម​ដំបូង​បាន​ធ្វើ​ដំណើរ​ទៅដល់​សហរដ្ឋ​អាមេរិក​នៅ​ចុង​ទសវត្សរ៍ ១៩៧០ ហើយ​ភាគច្រើន​បាន​តាំងទី​រស់នៅ​តាម​បណ្ដា​រដ្ឋ​ជាប់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក។

ជាតិសាសន៍ Iu Mien មាន​ប្រពៃណី​វប្បធម៌​ជ្រាលជ្រៅ​ផ្នែក​និទាន​រឿង តម្បាញ ដេរ​ប៉ាក់ និង​ការ​ធ្វើ​គ្រឿង​អលង្ការ ប៉ុន្តែ​ពួកគេ​ភាគច្រើន​ដំបូងឡើយ​មាន​ការ​លំបាក​ក្នុងការ​សម្រប​ខ្លួន​ទៅក្នុង​ការ​រស់នៅ​បែប​បស្ចិម​ប្រទេស​ដោយសារតែ​ភាព​ខុសគ្នា​ផ្នែក​វប្បធម៌​និង​ភាសា​ក៏ដូចជា​កង្វះ​ការ​អប់រំ​ផ្លូវការ។

ឥឡូវ​នេះ​គេ​ឃើញ​មាន​ជាតិសាសន៍ Iu Mien រាប់​ម៉ឺន​នាក់​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​ភាគច្រើន​បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ឬ​ក៏​ចាប់ផ្ដើម​អាជីវកម្ម។ ពួកគេ​ភាគច្រើន​បាន​ប្ដូរ​ជំនឿ​ពី​វិញ្ញាណនិយម​ទៅ​សាសនាគ្រិស្ត។

គេ​ឃើញ​មាន​សហគមន៍ Iu Mien ធំ​គួរសម​នៅ​ក្នុង​ទីក្រុង Portland និង​តំបន់​ជាយក្រុង​នេះ​ក្នុង​រដ្ឋ Oregon ដោយ​មាន​វត្ត​ព្រះពុទ្ធ​សាសនា​និង​វិហារ​គ្រិស្ត​សាសនា អង្គការ​សកម្ម​នានា​ផ្នែក​កិច្ចការ​សង្គម និង​ហាង​អាជីវកម្ម​និង​ភោជនីយដ្ឋាន​ផ្សេងៗ។

លោក Cayle Tern ប្រធាន​សមាគម Iu Mien នៃ​រដ្ឋ Oregon បាន​មក​ដល់​ទីក្រុង Portland ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក​កាលពី​ឆ្នាំ ១៩៨០ ដែល​នៅ​ពេល​នោះ​លោក​មាន​អាយុ ៣ ឆ្នាំ។ ឥឡូវ​នេះ​លោក​កំពុង​ឈរឈ្មោះ​សម្រាប់​ក្រុមប្រឹក្សា​ក្រុង។ ឪពុក​របស់​លោក​និង​ពូ​របស់​លោក​បាន​ជួយ​កងទ័ព​អាមេរិកាំង​នៅក្នុង​ប្រទេស​ឡាវ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម ហើយ​លោក​បាន​កើត​នៅ​ពេល​ម្ដាយ​របស់​លោក​រត់​ភៀសខ្លួន​ទៅកាន់​ជំរំ​ជនភៀសខ្លួន​នៅក្នុង​ប្រទេស​ថៃ។

លោក Tern បាន​និយាយ​ថា ជាតិសាសន៍ Iu Mien ភាគច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​ស្រដៀង​នេះ ហើយ​ការ​ឈ្នះ​ឆ្នោត Powerball របស់​លោក Saephan នេះ​បាន​បំភ្លឺ​ផ្លូវ​នៃ​ជីវិត​ថ្មី​ដែល​ពួកគេ​បាន​ចាប់យក​នៅ​ក្នុង​រដ្ឋ Oregon និង​កន្លែង​ផ្សេងទៀត​នៅក្រោយ​រឿងរ៉ាវ​តក់ស្លុត​ដូចនេះ។ លោក Tern ថា​លោក​ស្គាល់​អ្នក​ឈ្នះ​ឆ្នោត Powerball ទាំង ៣ នាក់​នេះ។

លោក Tern បាន​និយាយ​នៅ​ពេល​អង្គុយ​នៅក្នុង​ភោជនីយដ្ឋាន​របស់​ពូ​របស់​លោក​នៅ​ក្នុង​ក្រុង Troutdale ជាយ​ក្រុង Portland ថា៖ «ខ្ញុំ​គិត​ថា​សម្រាប់​ខ្ញុំ វា​គឺ​លើស​ពី​លុយ​ទៅទៀត។ ...យើង​បាន​មក​ទីនេះ​តាំងពី​ចុង​ទសវត្សរ៍ ១៩៧០ ម្ល៉េះ ប៉ុន្តែ​គេ​មិន​សូវ​ស្គាល់​ពួក​យើង​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ចំណាប់​អារម្មណ៍​ដែល​យើង​បាន​ទទួល​នេះ គឺ​ថា​មនុស្ស​ចាប់​អារម្មណ៍​លើ​សហគមន៍​របស់​ពួក​យើង និង​ចង់​ដឹង​ថា​ពួកយើង​ជា​នរណា​និង​មក​ពី​ណា គឺ​វា​ពិសេស​អស្ចារ្យ​ដូច​គ្នា»។

លោក Saephan បាន​និយាយ​ថា លោក​បាន​កើត​នៅក្នុង​ប្រទេស​ឡាវ​និង​បាន​ផ្លាស់​ទៅ​ប្រទេស​ថៃ​នៅក្នុង​ឆ្នាំ ១៩៨៧ មុន​ពេល​ធ្វើ​អន្តោប្រវេសន៍​ទៅកាន់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ១៩៩៤។ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ​នៅក្នុង​ឆ្នាំ ១៩៩៦ និង​បាន​រស់នៅ​ក្នុង​ទីក្រុង Portland អស់​រយៈពេល ៣០ ឆ្នាំ​មក​ហើយ។ លោក​ធ្វើការ​ជា​យន្តការី​នៅ​ក្រុមហ៊ុន​ដែន​អវកាស​មួយ។

លោក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី ២៩ ខែ​មេសា​ថា លោក​មាន​ជំងឺ​មហារីក​រយៈពេល ៨ ឆ្នាំ​មក​ហើយ​និង​ទើបតែ​បាន​ព្យាបាល​ដោយ​ចាក់​គីមី​មួយ​លើក​ទៀត​កាលពី​សប្ដាហ៍​មុន​ហ្នឹង​តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​អាច​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ខ្ញុំ​និង​សុខភាព​របស់​ខ្ញុំ»។ លោក​បាន​បន្ថែម​ថា លោក​នឹង «ស្វែងរក​វេជ្ជបណ្ឌិត​ល្អ» សម្រាប់​ខ្លួន​លោក​ផ្ទាល់។

លោក Saephan បាន​ទិញ​សន្លឹកឆ្នោត Powerball ដែល​ឈ្នះ​រង្វាន់​ធំ​នេះ​កាលពី​ដើម​ខែ​មេសា​នៅ​ហាង​ទំនិញ Plaid Pantry ក្នុង​ទីក្រុង Portland។ រង្វាន់​របស់​ឆ្នោត Powerball នេះ​បាន​កើន​ដល់​ចំនួន ១,៣ ពាន់​លាន​ដុល្លារ​នេះ​បន្ទាប់ពី​មិន​មាន​អ្នក​ឈ្នះ​អស់​រយៈពេល​ជាង ៣ ខែ។

ក្រុមហ៊ុន​ឆ្នោត​ផ្សង​សំណាង​រដ្ឋ Oregon ថ្លែងថា​ខ្លួន​បាន​ឆ្លងកាត់​ដំណើរការ​សន្តិសុខមុននឹង​ប្រកាស​អត្តសញ្ញាណ​អ្នកដែល​ត្រូវ​ចេញ​មកទទួល​រង្វាន់ធំនេះ។

នៅ​ក្រោម​ច្បាប់​រដ្ឋ Oregon ដោយ​មាន​ករណី​លើកលែង​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ អ្នក​ឈ្នះ​ឆ្នោត​មិន​អាច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានទេ។ អ្នក​ឈ្នះ​ឆ្នោត​មាន​រយៈពេល​មួយ​ឆ្នាំ​ក្នុង​ការ​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ឈ្នះ។

ឆ្នោត​រង្វាន់​ធំ​នេះ​មាន​តម្លៃ​ជា​សាច់ប្រាក់​ចំនួន ៦២១ លាន​ដុល្លារ​មុន​ពេល​កាត់​ពន្ធ ប្រសិនបើ​អ្នក​ឈ្នះ​សម្រេច​ជ្រើស​យក​ចំនួន​សរុប​តែម្ដង​ជាជាង​ការ​ទទួល​បាន​ប្រាក់​ជា​ប្រចាំ​សម្រាប់​រយៈពេល ៣០ ឆ្នាំ។ ប្រាក់​រង្វាន់​នេះ​ត្រូវ​តម្រូវ​ឱ្យ​បង់​ពន្ធ​ថ្នាក់​ជាតិ​និង​ថ្នាក់​រដ្ឋ​នៅ​ក្នុង​រដ្ឋ Oregon។

ប្រាក់​រង្វាន់​ចំនួន ១,៣ ពាន់​លាន​ដុល្លារ​នេះ​គឺ​ជា​ប្រាក់​រង្វាន់​ធំ​បំផុត​ទី ៤ របស់​ឆ្នោត Powerball នៅក្នុង​ប្រវត្តិសាស្ត្រ និង​ជា​ប្រាក់​រង្វាន់​ធំ​បំផុត​ទី ៨ ក្នុង​ចំណោម​ឆ្នោត​ផ្សង​សំណាង​ធំៗ​នៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ឆ្នោត​ផ្សង​សំណាង​រដ្ឋ Oregon (Oregon Lottery)។

ប្រាក់​រង្វាន់​ធំ​បំផុត​របស់​ឆ្នោត​ផ្សង​សំណាង​នៅ​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ត្រូវ​បាន​ឈ្នះ​គឺ​ចំនួន ២,០៤ ពាន់​លាន​ដុល្លារ​នៅក្នុង​រដ្ឋ California កាលពី​ឆ្នាំ ២០២២៕


ប្រែសម្រួលដោយលោក ភី សុភាដា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG