ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបន្តប្រឹងប្រែងទាក់ទាញក្រុមអ្នកបោះឆ្នោតស្បែកខ្មៅ ដោយរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីអបអរសិទ្ធិពលរដ្ឋនិងលើកឡើងពីមេដឹកនាំជំនាន់ក្រោយ។
នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ យុទ្ធនាការរបស់លោក Biden មានបំណងដោះស្រាយបញ្ហានៃការធ្លាក់ចុះការគាំទ្ររបស់ពលរដ្ឋស្បែកខ្មៅចំពោះបេក្ខជនគណបក្សប្រជាធិបតេយ្យ។ ជាប្រវត្តិសាស្ត្រកន្លងមក ក្រុមពលរដ្ឋស្បែកខ្មៅតែងតែគាំទ្រគណបក្សប្រជាធិបតេយ្យ។
កាលពីថ្ងៃទី ១៧ ខែឧសភា លោក Biden បានថ្លែងសុន្ទរកថានៅឯសារមន្ទីជាតិប្រវត្តិសាស្ត្រនិងវប្បធម៌ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលនៅទីនោះលោកបានលើកឡើងសំដៅលើបេក្ខជនប្រធានាធិបតីសន្មតទុកខាងគណបក្សសាធារណរដ្ឋលោក Donald Trump ដែលជាគូប្រជែងរបស់លោក។
លោក Biden បានថ្លែងថា៖ «ប្រធានាធិបតីដែលកាន់តំណែងមុនខ្ញុំនិងអ្នកគាំទ្រជ្រុលនិយមលើយុទ្ធនាការ «ធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត (Make America Great Again)» របស់អ្នកនោះគឺជាអ្នកទទួលខុសត្រូវលើទង្វើដែលបំបាត់ចោលនូវសេរីភាពជាមូលដ្ឋានរបស់យើង ដែលនោះគឺសេរីភាពក្នុងការបោះឆ្នោតនិងសេរីភាពក្នុងការជ្រើសរើស»។
លោក Biden ថ្លែងដូច្នេះចង់សំដៅលើកិច្ចប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋក្នុងការដាក់កំហិតលើសិទ្ធិបោះឆ្នោតនិងសិទ្ធិរំលូតកូន។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានបញ្ជាក់ថា លោក Trump «មានការគាំទ្រកើនឡើងក្នុងចំណោមពលរដ្ឋស្បែកខ្មៅនិងពលរដ្ឋអាមេរិកាំងដើមកំណើតអាមេរិកឡាទីន» ទោះបីជាលោក Biden «បន្តនិយាយបង្អាប់និងផ្សាយពាណិជ្ជកម្មតម្លៃរាប់លានដុល្លារដែលលោកត្រូវបានបង្ខំឱ្យធ្វើក៏ដោយ»។
អ្នកស្រី Karoline Leavitt អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើមកកាន់ VOA ថា៖ «អ្នកបោះឆ្នោតស្បែកខ្មៅនិងអាមេរិកឡាទីន ដូចនឹងពលរដ្ឋអាមេរិកាំងទាំងអស់ដែរ គឺស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងជាងពេលដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Trump ហើយរាល់ការស្ទង់មតិឆ្លុះបញ្ចាំងអំពីតថភាពនេះ»។
អ្នកស្រីបានបន្ថែមថា៖ «ពួកគេមានចំណូលតិចជាងមុន ហើយអ្វីៗគ្រប់យ៉ាងឡើងថ្លៃ ខណៈត្រូវបង្ខំចិត្តរស់នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីទន់ខ្សោយដែលគិតគូរដល់ប្រយោជន៍ជនអន្តោប្រវេសន៍ខុសច្បាប់ជាងពលរដ្ឋខ្លួនឯង»។
លោក Trump បានព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតស្បែកខ្មៅ ដោយរួមទាំងការប្រើប្រាស់រឿងក្តីរបស់លោកដើម្បីទាក់ទាញពួកគេផងដែរ ដោយលើកឡើងថាលោកបានរងការធ្វើទុក្ខបុកម្នេញដោយអយុត្តិធម៌ពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។
លោក Trump បានបញ្ជាក់ក្នុងសុន្ទរកថាកាលពីខែកុម្ភៈនៅឯព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សហព័ន្ធអភិរក្សពលរដ្ឋស្បែកខ្មៅ (Black Conservative Federation) ដែលនៅទីនោះលោកបានទទួលពានរង្វាន់ «Champion of Black America» ថា៖ «ខ្ញុំត្រូវបានចោទប្រកាន់ជាលើកទីពីរ លើកទីបី និងលើកទីបួន ហើយមនុស្សជាច្រើនថានេះជាមូលហេតុដែលពលរដ្ឋស្បែកខ្មៅចូលចិត្តខ្ញុំ ដោយសារតែពួកគេធ្លាប់រងការឈឺចាប់ខ្លាំងក្លានិងរងការរើសអើង ហើយពួកគេមើលមកខ្ញុំដោយយល់ថាខ្ញុំកំពុងត្រូវបានគេរើសអើង»។
ការផ្ដោតទិសដៅលើអ្នកបោះឆ្នោតស្បែកខ្មៅវ័យក្មេង
ក្នុងបំណងទាក់ទាញអ្នកបោះឆ្នោតស្បែកខ្មៅវ័យក្មេង លោក Biden កាលពីថ្ងៃទី ១៧ ខែឧសភាបានជួបជាមួយថ្នាក់ដឹកនាំក្រុម Divine Nine ដែលជាក្រុមសមាគមស្ត្រីនិងបុរសស្បែកខ្មៅនិងអង្គការសង្គមនៅតាមមហាវិទ្យាល័យនិងសាកលវិទ្យាល័យនានា។
ការប្រឡូករបស់លោក Biden នេះបានធ្វើឡើងបន្ទាប់ពីលោកមានជំនួបលក្ខណៈឯកជនមួយកាលពីថ្ងៃទី ១៦ ខែឧសភាជាមួយនឹងដើមបណ្តឹងនិងសមាជិកគ្រួសារនៃសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីឆ្នាំ ១៩៥៤ ក្នុងសំណុំរឿង Brown vs. Board of Education ដែលរកឃើញថាច្បាប់នៃការបែងចែកជាតិសាសន៍គឺផ្ទុយពីរដ្ឋធម្មនុញ្ញ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានបញ្ជាក់ថា ការប្រឡូករបស់លោក Biden នេះគឺជាសញ្ញាបង្ហាញអំពីរបៀបដែលរដ្ឋបាលលោក Biden ធ្វើការដើម្បីទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតស្បែកខ្មៅនិងដោះស្រាយបញ្ហាអាទិភាពសំខាន់ៗរបស់ពួកគេ។
លោក Trey Baker ទីប្រឹក្សាជាន់ខ្ពស់នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមិនមែនប្រឡូកនៅក្នុងសហគមន៍ទាំងនេះនៅនាទីចុងក្រោយដោយរំពឹងថានឹងទទួលបានសំឡេងឆ្នោតគាំទ្រពីពួកគេនោះទេ»។
ការគាំទ្រហាក់ធ្លាក់ចុះនៅក្នុងការស្ទង់មតិ
ជាយូរយារមកហើយ អ្នកបោះឆ្នោតដែលជាពលរដ្ឋស្បែកខ្មៅបានគាំទ្រគណបក្សប្រជាធិបតេយ្យនិងបានជួយឱ្យលោក Biden ឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២០។ នៅមុនការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ការស្ទង់មតិរបស់ Washington Post/Ipsos បានបង្ហាញថា លោក Biden នៅបន្តទទួលបានការគាំទ្រពីសហគមន៍ពលរដ្ឋស្បែកខ្មៅភាគច្រើន។
ប៉ុន្តែ ចំណាប់អារម្មណ៍តិចជាងមុននៅក្នុងការបោះឆ្នោតបើធៀបទៅនឹងឆ្នាំ ២០២០ គឺជាសញ្ញាព្រមានចំពោះយុទ្ធនាការរបស់លោក Biden។ នៅក្នុងការស្ទង់មតិនេះ គេឃើញមានពលរដ្ឋស្បែកខ្មៅតែ ៦២% ប៉ុណ្ណោះដែលបានបញ្ជាក់ថាពួកគេច្បាស់ជាទៅបោះឆ្នោតនៅឆ្នាំនេះ បើធៀបទៅនឹងចំនួន ៧៤% ក្នុងអំឡុងពេលនេះដែរកាលពីឆ្នាំ ២០២០។
ស្របពេលជាមួយគ្នានេះដែរ ការគាំទ្ររបស់អ្នកបោះឆ្នោតស្បែកខ្មៅចំពោះលោក Trump នៅក្នុងការស្ទង់មតិថ្នាក់ជាតិនិងនៅថ្នាក់រដ្ឋបាន «កើនឡើងខ្លាំងគួរឱ្យភ្ញាក់ផ្អើល»។ នេះបើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលនយោបាយនៃសាកលវិទ្យាល័យ Virginia។
លោក Larry Sabato ប្រធានមជ្ឈមណ្ឌលនយោបាយនៃសាកលវិទ្យាល័យ Virginiaបានថ្លែងថា៖ «អ្នកបោះឆ្នោតស្បែកខ្មៅវ័យចំណាស់មិនសូវបារម្ភប៉ុន្មានទេជាមួយលោក Biden។ ពួកគេនៅចាំពេលលោក Trump កាន់តំណែងនៅអាណត្តិដំបូង ដូច្នេះហើយលោក Biden ច្បាស់ជាជម្រើសរបស់ពួកគេ។ ប៉ុន្តែពលរដ្ឋស្បែកខ្មៅវ័យក្មេងឯណោះទេដែលរំពឹងច្រើនពីលោក Biden»។
អ្នកបោះឆ្នោតស្បែកខ្មៅវ័យក្មេងជាច្រើនធុញទ្រាន់នឹងអ្វីដែលពួកគេមើលឃើញថាជាភាពអសកម្មរបស់លោក Biden ចំពោះអាទិភាពកំពូលៗរបស់ពួកគេ ហើយពួកគេខឹងសម្បាចំពោះរបៀបចាត់ចែងរបស់លោក Biden លើសេដ្ឋកិច្ចនិងលើសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas)។
លោក Sabato បានទស្សន៍ទាយថា ពលរដ្ឋស្បែកខ្មៅមិនលើសពី ១៣% ទេដែលនឹងបោះឆ្នោតឱ្យលោក Trump។ លោកបានថ្លែងថា សម្រាប់ពលរដ្ឋស្បែកខ្មៅ ជម្រើសរបស់ពួកគេមានតែពីរទេគឺបោះឆ្នោតឱ្យលោក Biden ឬមិនបោះឆ្នោតតែម្តង។ លោកបានបន្ថែមថា៖ «ការចេញទៅបោះឆ្នោតរបស់ពលរដ្ឋស្បែកខ្មៅគឺជាគន្លឹះសំខាន់»៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ