ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយសារ​ថ្លៃ​ទំនិញ​ប្រើប្រាស់​កើនឡើង​ក្នុង​ប្រទេស​ចិន មនុស្ស​ភាគច្រើន​ស្វែងរក​ទំនិញ​ថោកៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត


ជនជាតិ​ចិន​រក​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។
ជនជាតិ​ចិន​រក​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

កាលពី​ដើម​សប្តាហ៍​នេះ ពេល​ដែល​ប្រទេស​ចិន​បាន​ចេញផ្សាយ​នូវ​តួលេខ​សេដ្ឋកិច្ច របស់​ខ្លួន​សម្រាប់​ខែ​កក្កដា ថ្លៃ​ទំនិញ​ជា​មធ្យម​ ឬ ​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​ បាន​កើន​ឡើង ​៦.៥ ​ភាគរយ​ ដែលជា​ការ​កើនឡើង​ដ៏​ខ្ពស់បំផុត​នៅក្នុង​រយៈពេល ៣ ឆ្នាំ​នេះ។ ការកើនឡើង​ថ្លៃ​ចំណីអាហារ​ រួមទាំង​ការកើនឡើង​នៃ​ថ្លៃ​សាច់ជ្រូក គឺ​កំពុងតែ​នាំមុខគេ។ មធ្យោបាយ​មួយ​ ក្នុង​ចំណោម​មធ្យោ​បាយ​ផ្សេងៗ ដែល​អ្នក​ប្រើប្រាស់​ជនជាតិ​ចិន​កំពុងតែ​ដោះស្រាយ​ជាមួយ នឹង​ការចំណាយ​ក្នុង​កម្រិត​តិចតួច​ដែល​បណ្តាល​មកពី​អតិផរណា​ គឺ​ការបែរទៅរក​ប្រព័ន្ធ​អ៊ីនធឺណែត ​និង ​ការ​ទិញ​ទំនិញ​ជាក្រុម។

ចាប់ពី​ការផ្តល់ឲ្យ​ពិសេស​លើ​វិស្សមកាល​ រហូតដល់​សណ្ឋាគារ​ ភោជនីយដ្ឋាន​ អាហារ​ និង​ ការសម្តែង​នៅតាម​រោង​មហោស្រព វិបសាយ​ទិញ​ទំនិញ​ជាក្រុម​នៅក្នុង​ប្រទេស​ចិន​កំពុងតែ​ផ្តល់ឲ្យ​អ្នក​ប្រើ​ប្រាស់​ដែល​ចង់​ចំណាយ​លុយ​តិច​ទិញ​តាម​វិបសាយ​នូវ​ក្រុម​តម្លៃ​ផ្សេងៗដែល​មើល​ទៅ​គួរ​ឲ្យ​វិលមុខ។

ជាងនេះ​ទៅទៀត​ ការប្រកួត​ប្រជែង​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​មាន​លក្ខណៈ​ខ្លាំងក្លា​បំផុត។ យោងទៅលើ​របាយការណ៍​ថ្មីៗ​នេះ​ដែល​ចេញផ្សាយ​ដោយ​ Technode.com ដែល​ជា Blog តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ផ្តោតលើ​ព័ត៌មាន​ពី​បច្ចេកវិទ្យា និង​ មតិយោបល់​នៅក្នុង​ប្រទេស​ចិន គេ​ឃើញ​មាន​វិបសាយ​ទិញ​ទំនិញ​ជាក្រុម​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ចំនួន​ជាង ​១០០០ ​នៅ​ក្នុង​ប្រទេស​ចិន។

លោក Wu Bo នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Lashou​ដែលជា​វិបសាយ​ទិញ​ទំនិញ​ជាក្រុម​នាំមុខគេ​មួយ​នៅក្នុង​ប្រទេស​ចិន និយាយ​ថា ទីផ្សារ​កំពុង​អភិវឌ្ឍ​យ៉ាងរហ័ស​នៅក្នុង​ប្រទេស​ចិន ហើយ​នៅមាន​ឱកាស​សំរាប់​ទីផ្សារ​រីកចម្រើន​បន្ថែម​ទៀត។

“ការទិញ​ជាក្រុម​គឺ​ត្រូវ​នឹង​ទម្លាប់​របស់​ប្រជាពល​រដ្ឋ​ចិន​មែនទែន។ ពួកគេ​ឆ្លាត​ណាស់​ក្នុងការ​សន្សំ​លុយ​ ហើយ​ក៏ជា​អ្នក​ប្រើប្រាស់​ដ៏​ឆ្លាត​ផង​ដែរ។ ជាង​នេះ​ទៅទៀត​ ដោយសារតែ​ការ​រីកចម្រើន​នៃ​ប្រព័ន្ធ​អ៊ីនធឺណែត​ គេ​អាច​ស្វែងរក​ផលិតផល​ថោក​ៗ ​និង​ទុកចិត្ត​បាន​ជាច្រើន​តាម​អ៊ីនធឺណែត។មួយថ្លៃៗ​ វិបសាយ​ទិញ​ទំនិញ​ជាក្រុម​ភាគច្រើន​ផ្សព្វផ្សាយ​ពី​ប័ណ្ណ​បញ្ចុះ​តម្លៃ​ជាច្រើន​ដែល​ផ្តល់ជូន​ពី​ហាង​លក់​ផលិតផល​ផ្សេងៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ដោយ​ផ្តល់​ការបញ្ចុះ​តម្លៃ​ឲ្យ​អ្នកប្រើប្រាស់​ ពេល​ដែល​អ្នកទិញ​គ្រប់​ចំនួន​កំណត់​ចុះឈ្មោះ​ចូលរួម​ក្នុង​ការ​ផ្តល់ឲ្យ​នេះ។

កាលពី​ថ្ងៃព្រហស្បតិ៍​ ទំព័រ​មុខ​របស់​វិបសាយ​ Lashou​ បង្ហាញ​ពីការ​ផ្តល់ឲ្យ​ពិសេស​ចំពោះ​អាហារ​ប៊ូហ្វេរ​ពេលល្ងាច និង ស្ប៉ា នៅ​សណ្ឋាគារ​ប៉េកាំង សំបុត្រ​ទស្សនា​ទៅកាន់​សួន​តាម​សមុទ្រ​នៅ​ទីក្រុង​សៀងហៃ​ និង​ គ្រឿង​សម្អាង។

អ្នក​ផ្តល់ឲ្យ​ភាគច្រើន​ផ្សព្វផ្សាយ​ពី​ការ​បញ្ចុះ​តម្លៃ​យ៉ាងតិច​ ៥០ ​ភាគរយ។

Dataotuan.com ជា​វិបសាយ​ដែល​វិភាគ​ពី​សហគមន៍​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ទ្រង់ទ្រាយ​ធំ​ប្រចាំថ្ងៃ​របស់​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា បើ​និយាយ​ពី​ចំណូល​វិញ​ Lashou ​គឺ​ជា​ទីផ្សារ​ទិញ​ទំនិញ​ជាក្រុម​នាំមុខគេ​របស់​ប្រទេស​ចិន។

នាយក​ប្រតិបត្តិ ​Wu Bo​ និយាយ​ថា Lashou ​បាន​ចាប់​ផ្តើម​ធ្វើការ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​តាំងពី​ខែ​មិនា​ ឆ្នាំ​ទៅ ហើយ​ឥឡូវនេះ​ Lashou​ កំពុង​ប្រតិបត្តិការ​នៅក្នុង​ទីក្រុង​ចំនួន​ ១៨០​ ក្នុង​ប្រទេស​ចិន ដោយ​ជួល​បុគ្គលិក​ច្រើន​ជាង ៦០០០ នាក់៕

ប្រែសម្រួល​ដោយ​ ភី សុភាដា

XS
SM
MD
LG