ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mahathir ថា លោក Najib អាច​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ បើ​គណបក្ស​របស់​លោក Najib ឈ្នះ​ការបោះឆ្នោត


រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Associated Press នៅ​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Associated Press នៅ​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

លោក Mahathir Mohamad ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ទស្សន៍ទាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដែល​មាន​រឿង​អាស្រូវ​ពុករលួយ​លោក Najib Razak នឹង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ ប្រសិនបើ​គណបក្ស​កាន់អំណាច​របស់​លោក Najib ឈ្នះ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Najib កំពុង​ជាប់​ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ តាំងពី​ខែ​សីហា​មក​នៅ​ក្នុង​សំណុំ​រឿង​ជា​ច្រើន​ ពាក់ព័ន្ធ​នឹង​ការ​លួច​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន 1Malaysia Development Berhad (1MDB) របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី។

រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ប្រទេស​ម៉ាឡេស៊ី​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Ismail Sabri Yaakob បាន​រំលាយ​សភា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ដោយ​ទទួល​រង​សម្ពាធ​ពី​ក្រុម​នានា​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច United Malays National Organisation (UMNO) ដែល​គណបក្ស​នេះ​នៅតែ​មាន​ភាព​ស្មោះស្ម័គ្រ​នឹង​លោក Najib នឹង​អ្នក​ដទៃ​ផ្សេង​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់​រឿង​អំពើ​ពុករលួយ។

លោក Mahathir បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គណបក្ស UMNO នឹង​ប្រញាប់ប្រញាល់​ដើម្បី​ដោះលែង​លោក Najib ចេញពី​ពន្ធនាគារ​តាម​រយៈ​ការ​ព្រះរាជ​ទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ ក៏​ដូចជា​នឹង​ទម្លាក់ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ​រាប់​សិប​ករណី​ផ្សេង​ទៀត​ផង​ដែរ ប្រសិនបើ​គណបក្ស​នេះ​ឈ្នះ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។

លោក Mahathir បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «ប្រសិនបើ​ពួកគេ [គណបក្ស UMNO] មាន​លទ្ធភាព​ឈ្នះ​ការ​បោះឆ្នោត​និង​បង្កើត​រដ្ឋាភិបាល​ថ្មី នោះ [ការ​ដោះលែង​លោក Najib ពី​ពន្ធនាគារ] គឺជា​គោល​បំណង​ទី​មួយ​របស់​ពួកគេ មិន​មែន​រឿង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ»។

លោក Mahathir បាន​លើកឡើង​បន្ថែម​ថា ការ​កាត់ទោស​ព្រហ្មទណ្ឌ​លើ​ប្រធាន​គណបក្ស UMNO លោក Ahmad Zahid Hamidi ដែល​កំពុង​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ​ចំនួន ៤៧ ករណី​នៅ​ក្នុង​សំណុំ​រឿង​ដែល​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង 1MDB ក៏​នឹង​ត្រូវ​ទម្លាក់​ចោល​ផង​ដែរ ប្រសិនបើ​គណបក្ស UMNO ឈ្នះ​ការ​បោះឆ្នោត។

លោក Najib និង​លោក Zahid រួម​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៃ​គណបក្ស UMNO ត្រូវ​បាន​តុលាការ​កាត់ទោស បន្ទាប់ពី​គណបក្ស UMNO បាន​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៨៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG