ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​នៅ​ម៉ាឡេស៊ី ឡើង​ដល់​២៧​នាក់


អ្នកស្រុក ដើរ​លើ​ផ្លូវ​លិច​ទឹក​ក្នុង​ក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។
អ្នកស្រុក ដើរ​លើ​ផ្លូវ​លិច​ទឹក​ក្នុង​ក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុតនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ បាន​ឡើង​ដល់​ចំនួន​២៧​នាក់​ហើយ ​នៅ​ថ្ងៃ​ពុធ​នេះ​ នៅពេល​ដែលកិច្ចប្រតិបត្តិការ​បោស​សម្អាត​ បាន​ចាប់​ផ្តើម ហើយមនុស្ស​ម្នាធ្វើ​ការ​វាយ​តម្លៃ​ការ​ខូច​ខាត​ដែល​បណ្តាល​មកពី​គ្រោះ​មហន្តរាយ​នេះ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​ធ្លាក់ភ្លៀង​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ថ្ងៃ បាន​បណ្តាល​ឲ្យ​ទឹក​ឡើង​ហួស​ច្រាំង​ទន្លេ​កាលពី​ចុង​សប្តាហ៍ បណ្តាល​ឲ្យ​លិច​ទីក្រុង កាត់ផ្តាច់​ផ្លូវ​សំខាន់ៗ ហើយ​នឹង​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​រត់​ចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន។

Selangor ដែលជា​រដ្ឋ​មាន​មនុស្ស​រស់នៅ​ច្រើន​បំផុត ​និង​ជា​រដ្ឋ​ដែល​មាន​បំផុត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​ព័ទ្ធ​ជុំវិញ​រាជធានី​គូឡាឡាំពួ ជា​តំបន់​មួយ​ដែល​រងការ​ប៉ះពាល់​ដ៏​ខ្លាំង​បំផុត​មួយ។

មនុស្ស​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ Shah Alam ទីរួម​រដ្ឋ Selangor ​ដែល​រង​ប៉ះពាល់​ដោយ​ទឹក​ជំនន់ បាន​នៅ​ជាប់គាំង​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​ ដោយ​មិនមាន​ម្ហូប​អាហារ​អស់​ជាច្រើន​ថ្ងៃ មុន​ពេល​ត្រូវជម្លៀស​តាម​ទូក​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​ជួយសង្គ្រោះ​ដ៏​ច្របូក​ច្របល់​មួយ។

ទឹក​ជំនន់ បាន​ស្រក​យឺតៗ​វិញ ហើយ​ពួក​អាជ្ញាធរ បាន​និយាយ​ថា ដំណើរការ​នេះ នឹង​បង្កើន​ល្បឿន​ បន្ទាប់​ពី​ទ្វារ​ទប់​ទឹក​ដែល​ខូច​បាន​ត្រូវ​ជួស​ជុស។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Bernama បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​ បាន​កើន​ឡើង​ទៅ​ដល់​២៧​នាក់ ដោយ​២០​នាក់នៅ​ក្នុង​រដ្ឋ​ Selangor ​និង៧​នាក់ទៀត​នៅរដ្ឋ Pahang ភាគ​ខាង​កើត​ប្រទេស។

ដោយ​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​បាត់​ខ្លួន​នៅឡើយ គេ​រំពឹង​ថា ចំនួន​មនុស្ស​ស្លាប់​នឹង​កើន​ឡើង​ទៀត។

មេដឹកនាំ​ប្រឆាំង​លោក Anwar Ibrahim បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​ស៊ើបអង្កេត​ជា​សាធារណៈ​ បន្ទាប់ពី​មាន​ការរិះគន់​យ៉ាង​ខ្លាំងដល់​របៀប​ឆ្លើយតប​ចំពោះ​ទឹក​ជំនន់​នេះ៕

XS
SM
MD
LG