ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​សុំ​ឱ្យ​កម្ពុជា​និង​ថៃ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ


រដ្ឋមន្ត្រី​ការពារ​​ជាតិ​ម៉ាឡេស៊ី លោក Ahmad Zahid Hamidi (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​អំឡុង​ពេល​ជួប​ពិភាក្សា​នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​​កាល​ពី​ថ្ងៃ​ទី​ព្រហស្បតិ៍​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១១។
រដ្ឋមន្ត្រី​ការពារ​​ជាតិ​ម៉ាឡេស៊ី លោក Ahmad Zahid Hamidi (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​អំឡុង​ពេល​ជួប​ពិភាក្សា​នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​​កាល​ពី​ថ្ងៃ​ទី​ព្រហស្បតិ៍​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១១។

លោក​អាម៉េដ ហ្សាហ៊ីដ ហាមីឌី (Ahmad​ Zahid ​Hamidi)​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ម៉ាឡេស៊ី​ប្រាថ្នា​ចង់​ឃើញ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដើម្បី​ថែ​រក្សា​សន្តិភាព​និង​ស្ថេរភាព​នៅ​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

កាលពី​សប្តាហ៍​មុន​ តុលាការ​យុត្តិធម៌​អន្តរជាតិ​បានបញ្ជា​ឱ្យ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​ចំនួន​ជាង​១៧​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ហើយ​អនុញ្ញាត​ឱ្យ​អ្នក​សង្កេតការណ៍​អាស៊ាន​ចូល​ទៅ​កាន់​តំបន់​គ្មាន​កងទ័ព។

លោក​ អាម៉េដ ហ្សាហ៊ីដ ហាមីឌី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ម៉ាឡេស៊ី​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ បន្ទាប់​ពី​ជំនួប​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​សមភាគី​របស់​លោក​ គឺ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទា​ បាញ់​នៅ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ថា​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ គឺ​ជា​ឱកាស​មួយ​សម្រាប់​សហគមន៍​អាស៊ាន​ដើម្បី​ជំរុញ​សន្តិភាព​នៅ​ក្នុង​តំបន់។

«យើង​សូម​ស្វាគមន៍​ប្រទេស​ទាំងពីរ​ ប្រទេស​កម្ពុជានិង​ប្រទេស​ថៃ​ចំពោះ​ការផ្តល់​ឱកាស​មួយ​សម្រាប់​ថែរក្សា​សន្តិភាព​ និង​ស្ថិរភាព​ ជាពិសេស​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ ហើយ​យើង​ជា​សមាជិក​អាស៊ាន»។

ផែនទី​ដែលចេញ​ផ្សាយ​ដោយដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​ ១៨​ខែ​កក្កដា​ឆ្នាំ​២០១១​នេះ បង្ហាញ​តំបន់​ហាម​មិនឲ្យ​មាន​កងទ័ព​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។
ផែនទី​ដែលចេញ​ផ្សាយ​ដោយដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​ ១៨​ខែ​កក្កដា​ឆ្នាំ​២០១១​នេះ បង្ហាញ​តំបន់​ហាម​មិនឲ្យ​មាន​កងទ័ព​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។
លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ម៉ាឡេស៊ី​បាន​មក​បំពេញ​ទស្សនកិច្ច​ការងារ​ចំនួន​ពីរ​ថ្ងៃ​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​២៩​ ខែកក្កដា​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​ពង្រីក​ចំណង​ទាក់ទង​និង​កិច្ចសហ​ប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ។

បន្ទាប់ពី​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​បានប្រកាស​មួយ​សប្តាហ៍​កន្លង​មក​នេះ ​ប្រទេស​កម្ពុជា​ ប្រទេស​ថៃ​ និង​ប្រទេស​ឥណ្ឌូនេស៊ី​មិនទាន់​បាន​ចាប់ផ្តើម​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ឡើយ​ទេ​ ហើយ​ក្រុម​អ្នកវិភាគ​បាននិយាយ​ថា​ប្រទេស​ទាំងបី​ទំនង​ជា​រង់ចាំ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​ បើ​ទោះបី​ជា​ប្រទេស​កម្ពុជា​បាន​ព្យាយាម​សរសេរ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​ថៃ​ និង​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​ជំរុញ​ការអនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក៏ដោយ។​ សេចក្តី​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ​មិនទាន់​អាច​ដំណើរការ​នៅ​ពេល​ឥឡូវ​នេះ​ទេ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ម៉ាឡេស៊ី​បានបញ្ជាក់​ថា​ប្រទេស​ឥណ្ឌូនេស៊ី​សិក្សា​ពី​លទ្ធភាព​ដើម្បី​ចូល​ពាក់ព័ន្ធ​ក្នុង​ការបង្កើត​តំបន់​ដែល​ហៅ​ថា​តំបន់​ជម្លោះ​សម្រាប់​សន្តិភាព​រួម​ក្នុង​តំបន់​ប្រកប​ដោយ​សន្តិភាព។

«ប្រទេស​ឥណ្ឌូនេស៊ី​បានផ្តល់​នូវ​កិច្ចខំប្រឹងប្រែង​បន្ថែម​ដោយ​រៀបចំ​ និង​សិក្សា​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​ដើម្បី​អនុវត្ត​ហើយ​ក៏ដូច​ជា​បកស្រាយ​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។​ នេះ​ជា​ដំណាក់កាល​មួយ​ដែល​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចង់​ឃើញ​ ពីព្រោះ​ខ្ញុំ​គិត​ថា​ស្ថិរភាព​តំបន់​ គឺ​ជា​អាទិភាព​ខ្ពស់​បំផុត»។

កាសែត​ បាងកកប៉ុស្តិ៍ ​ បានរាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ប្រទេស​ថៃ​នឹង​ស្វះស្វែងរក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​រួម​ (GBC)​ សម្រាប់​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​កម្ពុជា​ស្តីពី​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ​ សុជាត​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​បដិសេធ​ការ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​រួម ​(GBC) ដែល​ដឹកនាំ​ដោយ​សហ​ប្រធាន​នៃ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ។

«ជំហរ​របស់​កម្ពុជា​គឺ​ការប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ (GBC) មិន​អាច​អនុវត្ត​បាន​ទេ​ ព្រោះ​រឿង​ប្រាសាទ​ព្រះវិហារ​នេះ​ចូល​ ទៅ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ និង​អាស៊ាន។ ដូច្នេះ​សេចក្តី​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ​ជា​សេចក្តី​សម្រេច​មួយ​ដែល​ត្រូវតែ​អនុវត្ត​ដាច់ខាត។ អញ្ចឹង​បញ្ហា​សំខាន់​បំផុត​ ថៃ​ត្រូវតែ​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ»។

លោក​ សារ៉ាវុធ ប្រាទុមរាជ (Sarawut​ Pratoomraj)​ មន្ត្រី​គម្រោង​ជាន់ខ្ពស់​នៃ​គណៈកម្មការ​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​បាងកក​ បាន​និយាយ​នៅ​សុក្រ​នេះ​ថា​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​របស់​ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​ស៊ើបអង្កេត​ពាក្យបណ្តឹង​ចោទប្រកាន់​ថា​កងទ័ព​ថៃ​បានជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២០​នាក់​ក្រៅ​ច្បាប់​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​កន្លង​មក​នេះ។

លោក​ សារ៉ាវុធ ប្រាទុមរាជ ​បានបញ្ជាក់​ថា​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​របស់​ប្រទេស​ថៃ​នៅ​សប្តាហ៍​នេះ ​បាន​យល់ព្រម​ស៊ើបអង្កេត​ពាក្យបណ្តឹង​នេះ​ ហើយ​អង្គការ​នេះ​នឹង​ចាប់ផ្តើម​សាកសួរ​កងទ័ព​ថៃ​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​សុរិន្ទ​នៅ​ចុង​ខែ​ក្រោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG