ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជឿន​លឿន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​ជម្ងឺ​គ្រុនចាញ់​និង​រោគ​ខួរ​ឆ្អឹង​ខ្នង​ឬ​ Polio


កុមារ​នេះ​ ទទួល​ថ្នាំ​បន្តក់​ការពារ​ជំងឺ​ Polio​។
កុមារ​នេះ​ ទទួល​ថ្នាំ​បន្តក់​ការពារ​ជំងឺ​ Polio​។

វ៉ាស៊ីនតោន៖ ជម្ងឺ​គ្រុនចាញ់​សម្លាប់​មនុស្ស​ប្រមាណ​មួយ​លាន​ និង​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ ២៥០ ​លាន​នាក់​ទៀត​ ក្នុង​មួយ​ឆ្នាំៗ។​ អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​កុមារ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។​ ជម្ងឺ​គ្រុនចាញ់​បណ្តាល​ឲ្យ​កុមារ​ចំនួន​ ២០​ភាគរយ​ស្លាប់​ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។​ មនុស្ស​កើត​ជម្ងឺ​គ្រុនចាញ់​ នៅ​ពេល​ណា​ ពួក​គេ​ត្រូវ​បាន​សត្វ​មូស​ ដែល​មាន​ផ្ទុក​ប៉ារាស៊ីត​នៃ​ជម្ងឺ​គ្រុន​ចាញ់​ខាំ។

ការ​សិក្សា​ថ្មី​មួយ​ស្ទង់មើល​លទ្ធភាព​នៃ​ការ​បញ្ចប់​ជម្ងឺ​គ្រុនចាញ់​នៅ​ក្នុង​ប្រទេស​ទាំង​ឡាយ​ដែល​មាន​ប្រភេទ​ជម្ងឺ​មាន​គ្រោះថ្នាក់​ស្លាប់​ខ្លាំង​បំផុត។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ លទ្ធភាព​នៃការ​បញ្ចប់​ជម្ងឺ​គ្រុនចាញ់​នេះ​ អាច​សម្រេច​បាន​នៅ​ក្នុង​កន្លែង​ជា​ច្រើន​នៃ​ពិភពលោក​ ក្នុង​កម្លុងពី​១០​ទៅ​១៥​ឆ្នាំ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ និយាយ​ថា​ អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​ គឺ​កាត់​បន្ថយ​ការ​រាលដាល​ជម្ងឺ​គ្រុនចាញ់​ឲ្យ​បាន​៩០​ភាគរយ​ពី​អត្រា​ជម្ងឺ​គ្រុនចាញ់​ឆ្នាំ​២០០៧។

ក្រុម​អន្តរជាតិ​មួយ​បាន​បង្កើត​គំរូ​គណិតសាស្ត្រ​និង​ផែនទី​នៃ​តំបន់​ទាំងឡាយ​ដែល​ជម្ងឺ​នេះ​ត្រូវ​បំបាត់អស់​ ឬ​ក្បែរ​នឹង​អស់។​ លោក​ Andrew​ Tatem​ សាស្ត្រាចារ្យ​ជំនួយ​នៅ​សាកលវិទ្យាល័យ​ Florida​ បាន​ដឹកនាំ​ការ​សិក្សា​នេះ។​ សាស្ត្រាចារ្យ​ Tatem​ មាន​ប្រសាសន៍​ថា​ កិច្ចការ​មួយ​ចំនួន​បាន​ជួយ​ប្រទេស​ទាំងឡាយ​ ប្រយុទ្ធ​ជម្ងឺ​គ្រុនចាញ់​ដោយ​មាន​ជោគ​ជ័យ។

«ដូច​ជា​ ការ​ចាប់​ផ្តើម​ធ្វើ​ឲ្យ​មាន​កម្រិត​ទាប​នៃ​គ្រោះថ្នាក់​ជម្ងឺ​គ្រុនចាញ់​ ស្ថេរភាព​នៃ​នយោបាយ​ ប្រព័ន្ធ​សុខភាព​ល្អ​,និង​ចលនា​ប្រជាជន​នាំ​ជម្ងឺ​មក​ពី​កន្លែង​ផ្សេងៗ​មាន​កម្រិត​ទាប​ជា​ដើម»។

ការ​សិក្សា​និយាយ​ថា​ ជម្ងឺ​គ្រុនចាញ់​អាច​កំចាត់​បាន​ ប្រសិន​បើ​ប្រទេស​ទាំងឡាយ​ យក​ចិត្ត​ទុក​ដាក់​ប្រើ​វិធានការ​ត្រួត​ពិនិត្យ​ដែល​មាន​ប្រសិទ្ធភាព។​ វិធានការ​ទាំងនេះ​រួម​មាន​ការ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ និង​ការ​ប្រើ​មុង​ដេក។​ មូលនិធិ​ Bill​ and​ Melinda​ Gates​ បាន​ផ្តល់​ប្រាក់​ដោយ​ភាគ​ខ្លះ​ដល់​ការ​សិក្សា។​ ការ​សិក្សា​មាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​ពេទ្យ​ The​ Lancet​ នៅ​ក្នុង​សេចក្តី​រាយការណ៍​មួយ​ឈុត​នៃ​សេចក្តី​រាយការណ៍​ស្តី​អំពី​ការ​កំចាត់​ជម្ងឺ​គ្រុនចាញ់។

ក្រុម​អ្នក​ជំនាញការ​ផ្សេង​ទៀត​ដែល​សរសេរ​នៅ​ក្នុង​ទស្សនាវដ្តី​ The​ Lancet​ ដែរ​ បាន​បញ្ចេញ​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​ទៅ​លើ​ការ​កំចាត់​ជម្ងឺ​គ្រុនចាញ់។ ​ក្រុម​អ្នក​ជំនាញការ​ទាំង​នោះ​និយាយ​ថា​ គោលដៅ​មួយ​នេះ​អាច​ប្រើ​ពេល​ច្រើន​ឆ្នាំ​ ប្រសិន​បើ​វា​មាន​លទ្ធភាព​ធ្វើ​បាន​ទាំង​ស្រុង។​ ការ​បារម្ភ​នោះ​គឺ​ថា ​ធនធាន​សម្រាប់​ត្រួតត្រា​ជម្ងឺ​គ្រុនចាញ់​ អាច​ត្រូវ​ខាត​បង់​ ប្រសិន​បើ​ប្រាក់កាស​នេះ​ត្រូវ​ចំណាយ​បាន​ជា​ជំនួស​ទៅ​លើ​ការ​ព្យាយាមបំបាត់​ជម្ងឺ​គ្រុន​ចាញ់​វិញ​នោះ។

ជា​ច្រើន​ឆ្នាំ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​កំចាត់​ជម្ងឺ​មួយ​ទៀត​ គឺ​ Polio​ ភាគ​ច្រើន​បាន​ទទួល​ជោគ​ជ័យ។​ ឥឡូវ​នេះ​ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ មាន​ថ្នាំ​វ៉ាក់សាំង​ផ្សំ​គ្នា​ថ្មី​មួយ​នឹង​ជួយ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដល់​ទី​បញ្ចប់​នៃ​ជម្ងឺ​ Polio​ នៅ​ក្នុង​ប្រទេស​ទាំងឡាយ​ដែល​នៅ​តែ​រក​ឃើញ​ថាមាន​ជម្ងឺ​នេះ។

សេចក្តី​រាយការណ៍​នោះ​ ដែល​យោង​តាម​ការ​សិក្សា​មួយ​មក​ពី​ប្រទេស​ឥណ្ឌា​ ក៏​មាន​នៅ​ក្នុង​ទស្សនាវដ្តី​ The​ Lancet ​ដែរ។

មេរោគ​នៃ​ជម្ងឺ​ Polio​ មាន​បី​ប្រភេទ។​ យុទ្ធនាការ​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ ជា​ប្រក្រតី​ គេ​ប្រើ​ថ្នាំ​វ៉ាក់សាំង​ដែល​ធ្វើ​សំរាប់​ការពារ​ជម្ងឺ​ Polio​ ទាំង​បី​ប្រភេទ​នោះ។

ប៉ុន្តែ​ករណី​នៃ​ Virus​ ជម្ងឺ​ Polio​ ប្រភេទ​ទី​២​ មិន​ដែល​បាន​ឃើញ​ទេ​ក្នុង​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។​ ហើយការសិក្សា​ថ្មី​បាន​បញ្ជាក់​ថា​ ថ្នាំ​វ៉ាក់សាំង​សំរាប់​ការពារ​ Polio​ ប្រភេទ​ទី២​ បាន​ធ្វើ​ឲ្យ​ចុះ​ថយ​ប្រសិទ្ធិភាព​ថ្នាំ​វ៉ាក់សាំង​ដទៃ​ទៀត​ នៅ​ពេល​ណា​ប្រើ​ជា​មួយ​គ្នា។

ដើម្បី​ជៀសវាង​កុះ​ឲ្យ​បញ្ហា​ ថ្នាំ​ផ្សំ​ថ្មី​ មាន​ថ្នាំ​វ៉ាក់សាំង​តែ​ពីរ​មុខ​ទេ​គឺ​សំរាប់​ការពារ​Virus​ ជម្ងឺ​ Polio​ ប្រភេទ​១​ និង​Virus​ ជម្ងឺ​ Polio​ ប្រភេទ​៣៕

ប្រែ​សម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG