ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ធំៗ​ថ្កោលទោស​ការ​ផ្តល់​រង្វាន់​របស់​ក្រសួង​យុត្តិធម៌​ថៃ​ដល់​ក្រុមហ៊ុន​ស្ករស​ Mitr Phol


រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការ នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការ នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ធំៗ​ចំនួន ​៧​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​ក្រសួង​យុត្តិធម៌​ថៃ​ ដែល​ផ្តល់​រង្វាន់​សិទ្ធិ​មនុស្ស​ដល់​ក្រុមហ៊ុន​ស្ករ​ស​ថៃ​ មិត្រផុល​ (Mitr Phol) ដែល​កំពុង​រង​បណ្តឹង​ពី​ពលរដ្ឋ​កម្ពុជា​រាប់​រយ​គ្រួសារ​ ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស។​

ការ​ថ្កោលទោស​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​ក្រុមហ៊ុន​ស្ករ​ស​ដែល​ធំ​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​នេះ ​បាន​ទទួល​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ថៃ​ ប្រចាំ​ឆ្នាំ ​២០២០ ​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២០ ​ចំពោះ​អ្វី​មួយ​ដែល​ក្រសួង​យុត្តិធម៌​ថៃ​បាន​ហៅ​ថា​ជា ​«ការ​បង្ហាញ​នូវ​ការ​អនុវត្ត​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស​ដ៏​លេច​ធ្លោ»។

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ខ្លួន ​ចុះ​ថ្ងៃ​ទី​១៣​ ខែ​តុលា ​ឆ្នាំ​ ២០២០​ នេះ​ថា៖​

«ការ​ផ្តល់​រង្វាន់​ដល់​ក្រុមហ៊ុន​ពហុជាតិ ​ដែល​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ប្រព្រឹត្ត​នៅ​ក្រៅ​ប្រទេស​នេះ​ គឺជា​ការ​ផ្ចាញ់​សារៈ​សំខាន់​បំផុត​នៃ​រង្វាន់​បែប​នេះ»។​

កាល​ពី​ខែ​កក្កដា ​តុលាការ​មួយ​របស់​ប្រទេស​ថៃ​បាន​សម្រេច​ទទួល​ស្គាល់​បណ្តឹង​ជា​សមូហភាព​របស់​អ្នក​ភូមិ​ខ្មែរ​ចំនួន​ ៧១១​ គ្រួសារ​នៅ​ខេត្ត​ឧត្ដរមានជ័យ ​ប្រឆាំង​ក្រុមហ៊ុន​ស្ករស​ថៃ​ Mitr Phol​ នេះ​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​ហិង្សា​មួយ ​ដែល​អូស​បន្លាយ​ពេល​អស់​ជាង ​១០ ​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា។​

មេធាវី​ការពារ​ក្រុម​អ្នកភូមិ​ធ្លាប់​លើក​ឡើង​ថា​ ក្រុមហ៊ុន​យក្ស​របស់​ថៃ​មួយ​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ​៣ ​នៅ​កម្ពុជា ​ដែល​សុទ្ធ​តែ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ឈូសឆាយ​ដី​ភូមិ ​ផ្ទះ​សម្បែង​និង​ចម្ការ​ដំណាំ​របស់​អ្នកភូមិ​ខ្មែរ​ទាំង​ជាង ​៧០០​ គ្រួសារ​នោះ ​កាល​ពី​ឆ្នាំ ​២០០៨ ​និង​ឆ្នាំ​ ២០០៩​ និង​បាន​ធ្វើ​ឲ្យ​តំណាង​អ្នកភូមិ​ខ្លះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ថែម​ទៀត​ផង។​

វីអូអេ​ មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ថៃ​ និង​តំណាង​ក្រុមហ៊ុន ​Mitr Phol​ និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​និយាយ​ថា ​អាជ្ញាធរ​គួរ​តែ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី​ប្រឆាំង​នឹង​ក្រុមហ៊ុន ​Mitr Phol​ បច្ចុប្បន្ន​នេះ​វិញ​ប្រសើរ​ជាង។​

អង្គការ​ទាំង ​៧​ នេះ​រួម​មានវេទិកាសម្រាប់​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ​អាស៊ី ​(The Asian Forum for Human Rights and Development)​ ហៅ​កាត់​ថា ​FORUM-ASIA ​អង្គការ​មាត្រា​ ១៩ ​(Article 19) ​មជ្ឈមណ្ឌល​ធនធាន​ជំនួញ​និង​សិទ្ធិ​មនុស្ស ​(Business and Human Rights Resource Center) ​អង្គការ ​Human Rights Watch ​អង្គការ​ Earth Rights International​ អង្គការ​ Extraterritorial Obligations-Watch ​និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (Cambodian Center for Human Rights)៕

XS
SM
MD
LG