នៅក្រុងម៉ាកាវ ប្រាក់ចំណូលពីការលេងល្បែងនៅតាមកាស៊ីណូសម្រាប់ខែមេសា ស្ទើរតែមិនមាន ដោយវិស័យកាស៊ីណូនៅក្រុងនេះបានរងគ្រោះបំផុតមិនធ្លាប់មាន ដោយសារវិធានការរដ្ឋាភិបាលដ៏តឹងតែងក្នុងការបិទសកម្មភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងក្រុងដែលអាស្រ័យលើវិស័យទេសចរណ៍មួយនេះ។
តួលេខពីការិយាល័យសម្របសម្រួលនិងអធិការកិច្ចល្បែងកាស៊ីណូបង្ហាញថា ចំណូលពីវិស័យកាស៊ីណូសម្រាប់ខែមេសាមាន ៩៥ លានដុល្លារ ដែលជាការធ្លាក់ចុះ ៩៧% ពីចំនួន ៣.០០០ លានដុល្លារ កាលពីឆ្នាំមុន។
អតីតដែនដីអាណានិគមព័រទុយហ្គាល់មួយនេះ បានបិទកាស៊ីណូរបស់ខ្លួនរយៈពេល២សប្តាហ៍កាលពីខែកុម្ភៈ ខណៈដែលមានការផ្ទុះរាលដាលវីរុសកូរ៉ូណាចេញពីក្រុងវូហាន ភាគកណ្តាលប្រទេសចិន។ ទោះបីកាស៊ីណូនានាបានបើកទ្វារវិញក្តី ក៏វិធានការទប់ស្កាត់ការឆ្លងវីរុសនៅតែរារាំងអ្នកទេសចរណ៍ពីចិនដីគោកមិនអាចឲ្យមកលេងក្រុងម៉ាកាវបាន ដែលធ្វើឲ្យទិដ្ឋភាពក្នុងកាស៊ីណូមានភាពស្ងាត់ជ្រងំ។
កាស៊ីណូធំៗខ្លះបានចំណាយចោលរាប់លានដុល្លារក្នុងមួយថ្ងៃដើម្បីបន្តបើកប្រតិបត្តិការ។
ប៉ុន្តែខុសពីក្រុមហ៊ុនផ្សេងទៀតដែលត្រូវប៉ះពាល់ដោយវិបត្តិកូវីដ១៩ ក្រុមហ៊ុនកាស៊ីណូនៅម៉ាកាវអាចទប់ទល់និងវិបត្តិសេដ្ឋកិច្ចនេះបានដោយសារពួកគេមានប្រាក់ច្រើនដែលនៅសល់ពីពេលដែលវិស័យកាស៊ីណូមានការរីកចម្រើនខ្លាំង។ ហើយខុសពីកាស៊ីណូនៅក្រុង Las Vegas សហរដ្ឋអាមេរិក កាស៊ីណូនៅម៉ាកាវមិនមានជាប់ប្រាក់បំណុលធំដុំអ្វីទេ។
មកត្រឹមថ្ងៃសុក្សនេះ ក្រុងម៉ាកាវមិនមានករណីឆ្លងថ្មីនៃកូវីដ១៩ ក្នុងរយៈពេល២០ថ្ងៃជាប់ៗគ្នា៕