ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​​ប្រេង​ចុះ​ថោក​​អាច​ជួយ​អតិថិជន​ប៉ុន្តែ​​​អស្ថិរភាព​​នៅ​​តែ​​ជា​​បញ្ហា


តម្លៃ​ប្រេង​ឥន្ធន: ពេល​អ្នកស្រី​សាក់កឺលីន​ហិនដឺសុន​ ចាក់​ប្រេង​សាំង​នៅ​ស្ថានីយ​ប្រេង​ឥន្ធន: នៅ​ទីក្រុង​ព័រឡឹន​ រដ្ឋ​អូរ៉េហ្កិន​នៅ​ថ្ងៃ​សុក្រ​ទី​២៩​កក្កដា​ឆ្នាំ​២០១១។
តម្លៃ​ប្រេង​ឥន្ធន: ពេល​អ្នកស្រី​សាក់កឺលីន​ហិនដឺសុន​ ចាក់​ប្រេង​សាំង​នៅ​ស្ថានីយ​ប្រេង​ឥន្ធន: នៅ​ទីក្រុង​ព័រឡឹន​ រដ្ឋ​អូរ៉េហ្កិន​នៅ​ថ្ងៃ​សុក្រ​ទី​២៩​កក្កដា​ឆ្នាំ​២០១១។

កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​តម្លៃ​ប្រេង​ឆៅ​បាន​ជួប​ប្រទះ​នូវ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បំផុត​ចាប់តាំង​ពីមាន​វិបត្តិ​ហរិញ្ញ​វត្ថុ​ក្នុង​ឆ្នាំ​២០០៨​ ហើយ​ឥឡូវ​នេះមានតម្លៃប្រហែល​៨០​ដុល្លារក្នុង​មួយ​ធុង។ តើអត្ថន័យនៃ​ការ​ចុះ​តម្លៃ​ប្រេង​ចំពោះ​អតិថិជននិង​សេដ្ឋកិច្ចសហរដ្ឋ​អាមេរិក​យ៉ាង​ដូចម្ដេច​ដែរ?។

នៅ​តាម​បណ្តោយ​ផ្លូវយន្តបថ​(ហៃវ៉េ​)​ដ៏​សំខាន់​មួយ​ឡើង​ទៅ​កាន់​រដ្ឋធានី​របស់​សហរដ្ឋអាមេរិក​ អ្នក​ទេសចរណ៍ម្នាក់មកពីទ្វីបអឺរ៉ុបកំពុង​ចាក់​សាំង​ឡាន​ជួលរបស់លោក​ នៅ​ឯស្ថានីយ៍បេ្រង​ឥន្ធនៈ​មួយ​កន្លែង។

លោក ហ្វើលីក្ស ប្រាហ្វ (Felix Braz) ជឿ​ថា​ការ​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ​នឹងមិន​អាច​ឋិត​ឋេរយូរ​បាន​ទេ។

«ជា​ការ​ពិត​ណាស់​ តម្លៃ​ប្រេង​នឹង​ស្ទុះ​ឡើង​វិញ​ដោយ​សារ​តែ​តម្រូវ​ការ​កំពុង​កើន​ឡើងនៅទូទាំង​ពិភព​លោក ​ហើយ​ធន​ធាន​បម្រុង​ទាំង​អស់​នោះ​មិន​បាន​កើន​ឡើង​ទេ​ ហើយ​វា​មិនពិបាក​យល់​ទេ​ថា​ នៅ​ថ្ងៃ​ណា​មួយ​ឬ​ថ្ងៃ​ក្រោយ​ទៀត យើង​នឹង​អស់​ប្រេង​ឥន្ធនៈ​ជាក់​ជា​ពុំ​ខាន»។

លោក​ប្រាហ្វ​ មក​ពី​ប្រទេស​លុច្សហ្សាមប៊ួ​ (Luxembourg) ​ដែល​នៅ​ទី​នោះ តម្លៃ​ប្រេង​ថ្លៃជាង​ជិត​ពីរ​ដង​បើ​ប្រៀប​ធៀប​ជាមួយ​តម្លៃនៅ​សហរដ្ឋ​អាមេរិក​ ដោយ​សារ​តែ​ពន្ធ​លើ​ប្រេង​ឥន្ធនៈ។

អតិថិជន​ម្នាក់​ទៀត​នៅ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​នេះ​ដែរ​ គឺ​ឈ្មោះ ​អាកមេឌ អាល់ ហេលូ (Ahmed Al Hellu) ​មាន​ដើម​កំណើតពី​ប្រទេស​ហ្ស៊កដានី​ (Jordan)។ លោក​គិត​ថា​ ឥន្ធនៈ​នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ថ្លៃ​ហួស​ពេក​ទៅ​ហើយ។

«កាល​ពី​ម្ង៉ៃ​ណោះ​ ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់​នៅកាតា (Qatar) ​ហើយ​គាត់​បាន​ថ្លែង​ថា​ ប្រេង​មួយ​ហ្គាឡុង​មាន​តម្លៃ​៧៥​សេន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្វី​ដែល​យើងមាននៅ​ទី​នេះ​ គឺ​៣.៩៩​ដុល្លារ ដែល​ឡើង​ជិត​៤​ដុល្លារ​ក្នុង​មួយ​ហ្គាឡុង។ នោះ​គឺ​ជា​តម្លៃ​ខុស​គ្នា​ខ្លាំង​ណាស់​ លោក​ដឹង​ទេ។ ប្រការ​នោះនាំ​ឲ្យយើង​មាន​វិបត្តិ​ថវិកា»។

អាល់ហេលូ​ បើក​មុខ​ជំនួញ​សម្រាប់​ទំនិញ​នាំចូល​ ហើយ​បាន​និយាយ​ថាតម្លៃ​ឥន្ធនៈ​ថោក​ជាង​នេះ​នឹង​ផ្តល់ឲ្យ​លោក​នូវភាព​ធូរស្រាល​ដែល​ត្រូវ​ការ​យ៉ាង​ខ្លាំង។

«មិន​គ្រាន់​តែ​សម្រាប់​ខ្ញុំ​នោះ​ទេ។ វា​នឹង​មាន​លទ្ធផល​ធំធេង​សម្រាប់​ប្រទេស​ទាំង​មូល​ ដោយសារ​តែ​ថា​ នៅ​ពេល​ដែល​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ អ្នក​នឹង​មានមនុស្ស​ដឹក​ទំនិញ​ ឬ​របស់​របបរ​ផ្សេងៗមក​ឲ្យ​ហាង​របស់ពួកគេ។ តម្លៃ​នឹង​ចុះ​ថោក។ ការ​លក់​ដុំនឹង​ចុះ​ថ្លៃ​ដែរ​ សណ្ឋាគារ​ និង​អ្វីៗ​គ្រប់​យ៉ាងនឹង​ចុះ​ថ្លៃ ​ដោយ​សារ​តែ​អ្វីៗ​ទាំង​អស់មាន​ទំនាក់ទំនង​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក»។

ចាប់​តាំង​ពី​ខែ​មេសា​មក​ តម្លៃ​ប្រេង​ឆៅក្នុង​មួយ​ធុង​បានធ្លាក់​ចុះ​ចំនួន​ប្រហែល​៣០​ដុល្លារ។ សេដ្ឋវិទូបាន​ថ្លែង​ថា​ តម្លៃ​ប្រេង​ចុះ​ថោក​នេះ គឺ​ជាប់​ទាក់​ទង​ជាមួយ​ការ​ព្រួយ​បារម្ភ​ថា​សេដ្ឋកិច្ចដែល​កាន់​តែ​យឺត​យ៉ាវ នឹង​ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​ការ​បញ្ជា​ទិញ​ប្រេង​ដែរ៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG