ពិធីបុណ្យអុំទូកនៅក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូស៊ែត (Massachusetts) គឺជាឱកាសសម្រាប់គ្រប់ស្ថាប័នផ្សព្វផ្សាយគម្រោងការងារ លទ្ធផល និងផលិតផលរបស់ខ្លួន និងរកមូលនិធិមនុស្សធម៌។
អ្នកស្ម័គ្រចិត្តរបស់ Hope Worldwide ក៏ផ្សព្វផ្សាយអំពីមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (Sihanouk Hospital Center of Hope) នៅភ្នំពេញ និងមន្ទីរពេទ្យ Sonja Kill មណ្ឌលនៃក្តីសង្ឃឹមនៅខេត្តកំពត ដែលជាកិច្ចការមនុស្សធម៌ជួយព្យាបាលជនជាតិខ្មែរក្រីក្រនៅប្រទេសកម្ពុជាផងដែរ។
លោកវេជ្ជបណ្ឌិត្យ Milton Drake ធ្វើការនៅមន្ទីរពេទ្យក្រុងឡូវែល បានស្ម័គ្រចិត្តចុះទៅព្យាបាលអ្នកជំងឺនៅប្រទេសកម្ពុជា១០ដងក្នុងមួយឆ្នាំ។
លោកនិយាយថា៖
«រឿងសំខាន់អស្ចារ្យដែលខ្ញុំទៅធ្វើការនៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម គឺមានការគាំទ្រ និងអ្នកស្ម័គ្រចិត្តពីអង្គការ និងសប្បុរជនជាច្រើន។ ជំនួយសំខាន់គឺ Medicare នៅស.រ.អា. បានផ្តល់ថ្នាំដល់មន្ទីរពេទ្យនេះ តម្លៃជាង១២០លានដុល្លារក្នុងពេល១៥ឆ្នាំកន្លងមក តាមរយៈ Hope Worldwide ក្រោយពីមន្ទីរពេទ្យនេះបានបើកសម្ពោធកាលពី១៥ឆ្នាំមុខ»។
លោកនិយាយថា ក្រៅពីព្យាបាលអ្នកជំងឺទូទៅ និងជួយពន្យារជីវិតអ្នកជំងឺអេដស៍ជាង៣ពាន់នាក់ដោយឥតគិតថ្លៃ មន្ទីរពេទ្យនេះក៏ជួយព្យាបាលផ្លូវចិត្តអ្នកជំងឺតាមរយៈកម្មវិធីមេត្តាធម៌ផងដែរ។
លោកនិយាយថា នៅប្រទេសកម្ពុជាខ្វះថ្នាំពេទ្យព្យាបាល ជាពិសេសអ្នកក្រគ្មានលុយទិញថ្នាំ ដែលជាកត្តាចាំបាច់នាំឲ្យកើតមានមន្ទីរពេទ្យនេះឡើង។ លោក Bernard Krisher ប្រធានអង្គការជំនួយអាមេរិកាំងសម្រាប់កម្ពុជា និងជំនួយជប៉ុនសម្រាប់កម្ពុជា និងលោកបណ្ឌិត្យ Haruhisa Handa នៅជប៉ុនគឺជាអ្នកគំនិតផ្តួចផ្តើមគំនិតបង្កើតមន្ទីរពេទ្យព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃនេះ។ Hope Worldwide និងស្ថាបនិកផ្សេងទៀតបានចូលរួមធ្វើឲ្យមន្ទីរពេទ្យនេះកើតចេញជារូបរាង។
អ្នកស្រី Debbie Drake គឺជាអ្នកស្ម័គ្រចិត្តធ្វើការឲ្យ Hope Worldwide មកផ្សព្វផ្សាយអំពីសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម។ អ្នកស្រីនិយាយថា៖
«ខ្ញុំមកចូលរួមបុណ្យអុំទូកនេះដើម្បីប្រមូលមូលនិធិសម្រាប់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹមនៅភ្នំពេញ។ មន្ទីរពេទ្យនេះជាបេះដូងរបស់យើង ព្រោះវាជួយអ្នកក្រនៅប្រទេសកម្ពុជា។ មានអ្នកជំងឺក្រីក្រជាង១លាននាក់ហើយ បានមកទទួលការព្យាបាលឥតគិតថ្លៃ។ យើងមកផ្សព្វផ្សាយនៅទីនេះ ពីព្រោះមានជនជាតិខ្មែរច្រើនណាស់មកទីនេះ ហើយយើងចង់ឲ្យគេដឹងអំពីសកម្មភាពមនុស្សធម៌នៅទីនោះ»។
អ្នកស្រីពន្យល់ថា ពិធីបុណ្យអុំទូកនេះគឺជាឱកាសល្អពង្រីកការយល់ដឹងអំពីសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រីឯការប្រមូលមូលនិធិគឺគោលបំណងទីពីរ។
«ខ្ញុំគិតថា យើងពង្រីកការយល់ដឹងមានប្រសិទ្ធិភាពជាងការប្រមូលមូលនិធិនៅទីនេះ តែនេះជារឿងល្អ ព្រោះថា ការយល់ដឹងនឹងនាំមកនូវមូលនិធិ។ យើងមានជំនឿលើព្រះជាម្ចាស់ សង្ឃឹមថា ព្រះអង្គនឹងជួយរកមូលនិធិ»។
លោកឈុំ វណ្ណដារ៉ា គឺជាអ្នកស្ម័គ្រចិត្តមកពីវិហារគ្រិស្តសាសនាមួយ។ លោកនិយាយថា កន្លងមកវិហារគ្រិស្តសាសនា Boston Church of Christ និងវិហារផ្សេងទៀតបានរៀបចំកម្មវិធីបាល់បោះ ប្រមូលមូលនិធិបាន៥ពាន់ដុល្លារបញ្ជូនទៅជួយមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមនៅភ្នំពេញ និងមន្ទីរពេទ្យ Sonja Kill មណ្ឌលនៃក្តីសង្ឃឹមនៅខេត្តកំពត។
«យើងមកនេះដើម្បីប្រមូលមូលនិធិជួយខ្មែរនៅស្រុកខ្មែរ ហើយនឹងផ្សព្វផ្សាយការយល់ដឹងប្រាប់សហគមន៍ខ្មែរនៅក្រុងឡូវែល អំពីពេទ្យមនុស្សធម៌នេះ»។
កញ្ញាសុខាជាបុគ្គលិកស្ម័គ្រចិត្តរបស់ Hope Worldwide។ នាងមកជួយពន្យល់ជាភាសាខ្មែរ ប្រាប់អ្នកចូលរួមបុណ្យអុំទូកអំពីមន្ទីរពេទ្យព្យាបាលមិនយកកម្រៃដែលជាមណ្ឌលនៃក្តីសង្ឃឹមទាំងពីរនៅប្រទេសកម្ពុជា។
សុខាឲ្យនិយាយថា៖ «ដីសាងសាងមន្ទីរពេទ្យនេះបរិច្ចាកពីសម្តេចសីហនុដោយផ្ទាល់ ហើយអគារមន្ទីរពេទ្យនេះគឺបរិច្ចាគពីលោក Bernard Krisher។ គាត់ជាជនជាតិអាមេរិកាំង ហើយវេជ្ជបណ្ឌិត្យទៅពីស.រ.អា.នេះបរិច្ចាកពេលវេលា ទៅព្យាបាលអ្នកជំងឺនៅស្រុកខ្មែរ។ ពេទ្យនេះព្យាបាលអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ»។
មន្ទីរពេទ្យដែលបម្រើសហគមន៍នៅស.រ.អា. ដូចជាមន្ទីរពេទ្យមេត្តា នៅក្រុងឡូវែល ក៏មកផ្សព្វផ្សាយកម្មវិធី និងសេវារបស់ខ្លួនដែរ ហើយក៏បានណែនាំអ្នកចូលរួមបុណ្យអុំទូកអំពីវិធីថែទាំសុខភាព។
ក្រៅពីតូបអប់រំអំពីសុខភាព នៅមានតូបលក់គ្រឿងសិប្បកម្ម ម្ហូបអាហារ និងតូបផ្សេងទៀតជិត១០០ ដែលបម្រើសេចក្តីត្រូវការអ្នកដើរលេងក្នុងពិធីបុណ្យនេះ៕