ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អាមេរិក​បង្ហាញ​ក្តី​រន្ធត់​អំពី​ភេរវកម្ម​ថ្ងៃ​១១កញ្ញាកាល​ពី​១០ឆ្នាំ​មុន


លោក ​រ៉ាឌី​ មុំ​ ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់​នៅ​ក្រុង​ឡូវែល រដ្ឋ ម៉ាស្សាឈូសេត មើល​ភាពយន្ត​ឯកសារ​របស់​គណៈកម្មការ​ស្រាវជ្រាវ​ភេរវកម្ម​ ​១១​កញ្ញា (9/11 Commission)។
លោក ​រ៉ាឌី​ មុំ​ ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់​នៅ​ក្រុង​ឡូវែល រដ្ឋ ម៉ាស្សាឈូសេត មើល​ភាពយន្ត​ឯកសារ​របស់​គណៈកម្មការ​ស្រាវជ្រាវ​ភេរវកម្ម​ ​១១​កញ្ញា (9/11 Commission)។

ពេល​ជិត​ដល់​ខួប​១០ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡូវែល​រដ្ឋ​ម៉ាស្សាឈូសេត​យល់​ថា​ មាន​តែ​អហិង្សា​ទេ​ដែល​អាច​ទប់ស្កាត់​ហិង្សា​បាន​ រួមទាំង​អំពើ​ហិង្សា​ដោយភេរវកម្ម​ផង​ដែរ។

លោក​ រ៉ាឌី មុំ ​គ្រូពេទ្យ​សរសៃ​នៅ​ក្រុង​ឡូវែល​ និយាយ​ថា ​មាន​តែ​ការ​ចរចា​ប៉ុណ្ណោះ​អាច​លុប​បំបាត់​អំពើ​ភេរវ​កម្ម​របស់​ក្រុម​អាល់កៃដាបាន​ ពីព្រោះ​អំពើ​ហិង្សា​នេះ​កើត​ចេញ​មនោគមន៍​វិជ្ជា​ និង​ទស្សនៈខុសគ្នា ​ដែល​ទាមទារ​ការ​សម្រប​សម្រួល ឬ​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា។

«ខ្ញុំ​មាន​តែ​ម្រាម​ដៃ​១០​ សូម​បួងសួង​ឲ្យ​ធម៌​ព្រះពុទ្ធ​ជួយ​បំភ្លឺ​បុគ្គល​គ្រប់​រូប​ថា​ យើង​ស្រឡាញ់​ខ្លួន​យើង​ប៉ុណ្ណា​ គេ​ក៏​ស្រឡាញ់​ខ្លួន​គេ​យ៉ាង​នោះ​ដែរ»។

ពេល​កំពុង​មើល​ឌីវីឌីរបស់​គណៈកម្មការ​ស្រាវជ្រាវ​ភេរវកម្ម​៩វិច្ឆិកា​ លោក ​រ៉ាឌី​ មុំ​ និយាយ​ថា៖

«មនុស្ស​អស់​សង្ឃឹម​ដឹង​ថា​ អស់​ជីវិត ​ហើយ​សុខចិត្ត​ហក់​តាម​បង្អួច​មក​ មិន​មែន​ពីរ​បី​ម៉ែត្រ​ឯ​ណា​ កម្ពស់​សឹងតែ​កន្លះ​គីឡូម៉ែត្រ​ពី​លើ​មក​ក្រោម​ ធ្លាក់​មក​ដល់​ដី​ស្លាប់។ ​ខ្ញុំ​តក់​ស្លុត​មែន​ទែន»។

ទោះ​ជា​យ៉ាងណា​ក្តី​ លោក​ រ៉ាឌី មុំ​ ​កោត​សរសើរ​វីរភាព​របស់​ជន​រងគ្រោះ​ក្នុង​យន្តហោះ​ United Airlines Flight 93 ​(ជើង​ហោះហើរ​លេខ​៩៣) ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​ភេរវករ​ ទប់ស្កាត់​មិន​ឲ្យ​ភេរវករ​បង្ក​មហន្តរាយ​ធ្វើ​ជាង​នេះ​ស្មាន​មិន​ដល់។

លោក​ក៏​គាំទ្រ​យុទ្ធសាស្ត្រ​ប្រឆាំង​ភេរវកម្ម​ដែរ​ ដូចជា​ការ​សម្លាប់​ ប៊ីនឡាឌីន ​មេដឹកនាំ​អាល់កៃដា​ តែ​លោក​មិនគាំទ្រ​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​រដ្ឋាភិបាល​ ឬ​ប្រទេស​ផ្សេង​ទេ។

ព្រះ​តេជគុណ​ង៉ែត គឹមសឿន​ ​ដែល​គង់​នៅ​វត្ត​ត្រៃរតនារាម​មាន​សង្ឃដីកា​ថា ​ពេល​ឃើញ​ព័ត៌មាន​អំពី​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា​ ព្រះ​អង្គ​តក់ស្លុត។

«នេះ​ជា​ទិដ្ឋភាព​មិន​គួរ​ឲ្យ​ជឿ​ ហើយ​វា​កើត​មាន​យ៉ាង​ពិត​ប្រាដក​នៅ​លើ​ទឹកដី​ស.រ.អា.។ ព្រះសង្ឃ​គ្រប់រូប ​ប្រជាជន​ខ្មែរ​ ក៏ដូច​ប្រជាជន​ទូទៅ​ក្នុង​ពិភពលោក​ ក្នុង​នាម​ជា​មនុស្ស​រស់​នៅ​ក្នុង​សង្គម​យើង​គ្រប់រូប​សុទ្ធ​តែ​ប្រាថ្នា​សេចក្តី​សុខ​ ដល់​ឃើញ​អញ្ចឹង​ សុទ្ធ​តែ​តក់ស្លុត»។

រី​ឯ​កញ្ញា​ដានី​ ត្រាន ​អ្នក​សម្រប​សម្រួល​ពិធី​បុណ្យ​អុំទូក​នៅ​ក្រុង​ឡូវែល (Lowell) ​រដ្ឋ​ ម៉ាស្សាឈូសេត (Massachusetts)​ និយាយ​ថា​ សាច់ញាតិ​គ្រូ​របស់​នាង​ស្លាប់​ក្នុង​អគារ​ភ្លោះ​ ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​រន្ធត់។​ នាង​និយាយ​ថា ​ទប់ស្កាត់​ភេរវកម្ម​គឺ​ជា​រឿង​ពិបាក ​ហើយ​ចំណាយ​ថវិកា​ច្រើន។

«ពេល​ខ្ញុំ​ឃើញ​ព័ត៌មាន​អំពី​ភេរវកម្ម​ថ្ងៃ​១១​កញ្ញា ​ខ្ញុំ​តក់ស្លុត។ ​មើល​ទៅ​វេទនា​ណាស់។ ​កាល​ណោះ​ខ្ញុំ​អាយុ​១៣​ឆ្នាំ​រៀន​ថ្នាក់​ទី៧។​ រដ្ឋាភិបាល​អាមេរិកាំង​កំពុង​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​នៅ​បរទេស។​ យើង​មិន​អាច​គ្រប់គ្រង​ពួក​ភេរវករ​បាន​ទេ។ បើ​យើង​ប្រើ​អំពើ​និង​សង្គ្រាម​ យើង​មិន​អាច​ដោះស្រាយ​បាន​ទេ។ ខ្ញុំ​មាន​ជំនឿ​លើ​ការ​សម្រប​សម្រួល»។

លោក​ជូច ជីហ្គឹស សាស្ត្រាចារ្យនៅ​សាកល​វិទ្យាល័យ​ UMASS​ នៅ​ក្រុង​ ឡូវែល (Lowell) និយាយ​ថា៖

«សួស្តី!​ ខ្ញុំឈ្មោះ ​George Chigas។ ខ្ញុំ​ធ្វើការ​នៅ​សាកល​វិទ្យាល័យ​ UMASS​ នៅ​ទី​នេះ​ ឆ្លង​ស្ទឹង​នេះ»។

លោក​បាន​ឲ្យដឹង​ថា​ ពេល​ភេរវកម្ម​កើត​ឡើង​ភ្លាមៗ​ ពលរដ្ឋ​អាមេរិកាំង​ឆ្ងល់​ថា ​ហេតុអ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង ​អ្នកណា​នៅ​ពី​ក្រោយ​រឿង​នេះ ​គឺ​ដូច​ជនជាតិ​ខ្មែរ​ឆ្ងល់​អំពី​មូលហេតុ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរ​ក្រហម​ដែរ។

«ថ្ងៃ​ទី១១​ កញ្ញា​ ខ្ញុំ​យល់ថា​ ជា​ថ្ងៃ​មាន​សារៈសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋាភិបាល​ស.រ.អា.។ អ្នក​ដែល​បាន​មើល​ទូរទស្សន៍ ​ឬ​ឃើញ​ផ្ទាល់​នៅ​ក្រុង​ញូវយ៉ក​ មុន​ដំបូង​អត់​ដឹង​ថា​ជា​រឿងពិត​ ឬ​យ៉ាង​ម៉េច​ទេ។​ ប៉ុន្តែ​ក្រោយ​មក​ យើង​ដឹង​ថា​ ពិត។ ​ខ្ញុំ​យល់​ថា ​រឿង​នេះ​ដូច​រឿង​ខ្មែរក្រហម។ ​យើង​អត់​ដឹង​ថា​ ហេតុអ្វី​បាន​ជា​កើត​មាន​រឿង​នេះ?​ អ្នក​ណា​ធ្វើ?​ ហេតុអ្វី​គេ​ធ្វើ​រឿង​នេះ?»

បច្ចុប្បន្ន​ពលរដ្ឋ​អាមេរិកាំង​ដឹង​ច្បាស់​ហើយ​ពី​មូលហេតុ​ និង​អ្នក​នៅ​ពី​ក្រោយ​ភេរវកម្ម​ថ្ងៃ១១​ កញ្ញា​នោះ​ ហើយ​ប៊ីនឡាឌីន​ក៏​ស្លាប់​ហើយ​ដែរ។ ​ផ្ទុយ​ទៅ​វិញ​ជាង​៣០ឆ្នាំ​កន្លង​ផុតទៅ​ ជនជាតិ​ខ្មែរ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ​ហើយ​មិនទាន់​ដឹង​ច្បាស់​ថា​ ហេតុអ្វី​ខ្មែរ​សម្លាប់​ខ្មែរ​ក្នុង​របប​ខ្មែរក្រហម៕

XS
SM
MD
LG