អ្នកស្រី Kamala Harris ត្រូវព្យាករណ៍ថានឹងឈ្នះឆ្នោតក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូងបង្អស់របស់អាមេរិក
អ្នកស្រី Kamala Harris បានបង្កើតប្រវត្តិសាស្ត្រកាលពីថ្ងៃសៅរ៍ ដោយត្រូវបានព្យាករណ៍ថា នឹងឈ្នះការបោះឆ្នោតក្លាយជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលឈរឈ្មោះជាមួយនឹងលោកអតីតអនុប្រធានាធិបតី Joe Biden ដែលត្រូវបានព្យាករណ៍ថា ឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតី។
អ្នកស្រី Kamala Harris នឹងក្លាយជាអនុប្រធានាធិបតីជាប់ឆ្នោតជាស្ត្រីដំបូងបង្អស់ ជាជនជាតិអាមេរិកាំងស្បែកខ្មៅដំបូងបង្អស់ និងក៏ជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ីដំបូងបង្អស់ ដែលបានឈ្នះចូលកាន់តំណែងខ្ពស់បំផុតទី ២ នៅសហរដ្ឋអាមេរិកនេះផងដែរ។
អ្នកស្រី Kamala Harris អាយុ ៥៦ឆ្នាំ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា នឹងក្លាយជាបេក្ខជនឈរឈ្មោះប្រធានាធិបតីយ៉ាងប្រាកដ សម្រាប់គណបក្សប្រជាធិបតេយ្យនៅឆ្នាំ ២០២៤ ខាងមុខ ប្រសិនបើលោក Joe Biden ដែលនឹងមានអាយុ ៧៨ ឆ្នាំ នៅពេលស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ សម្រេចចិត្តថា លោកមិនចង់ចូលរួមបោះឆ្នោតសម្រាប់អាណត្តិទី ២ របស់លោកនោះ។ ប៉ុន្តែ អ្នកស្រី Kamala Harris មិនបានបញ្ចេញយោបល់ជាសាធារណៈលើការយល់ឃើញនេះទេ។
វិទ្យាស្ថានស្រាវជ្រាវ Edison Research និងបណ្តាញទូរទស្សន៍ធំៗរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ បានព្យាករណ៍ពីជ័យជម្នះរបស់អ្នកស្រី Kamala Harris និងលោក Joe Biden ដោយផ្អែកលើលទ្ធផលចុងក្រោយក្រៅផ្លូវការ បើទោះបីជាប្រធានាធិបតីដែលកំពុងកាន់អំណាចគឺលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បានប្តេជ្ញាបន្តការប្រជែងដោយដាក់ពាក្យបណ្តឹងផ្សេងៗនៅតុលាការក៏ដោយ។
ក្នុងនាមជាសមាជិកព្រឹទ្ធសភាអាមេរិកម្នាក់មកពីរដ្ឋ California អ្នកស្រី Harris មានប្រវត្តិការងារដែលបំបែកកំណត់ត្រានានា។ អ្នកស្រីបានបម្រើការងារជាមេធាវីស្ត្រីដំបូងបង្អស់នៅទីក្រុង San Francisco និងជាស្ត្រីស្បែកខ្មៅដំបូងបង្អស់ក្នុងរដ្ឋ California ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គរដ្ឋអាជ្ញានៅក្នុងរដ្ឋនោះ។
បទពិសោធន៍របស់អ្នកស្រី Harris នៅក្នុងប្រព័ន្ធយុត្តិធម៌ឧក្រិដ្ឋកម្ម អាចជួយរដ្ឋបាល របស់លោក Biden ដោះស្រាយបញ្ហាសមភាពជាតិសាសន៍និងបញ្ហាភាពឃោរឃៅរបស់ប៉ូលិស បន្ទាប់ពីប្រទេសនេះត្រូវបានជួបការតវ៉ាជាច្រើននៅឆ្នាំនេះ។ អ្នកស្រី Harris ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកប្រឹក្សាជាន់ខ្ពស់បំផុតម្នាក់ ក្នុងការតែងតាំងចៅក្រមនានា។
ការថ្លែងសុន្ទរកថារបស់លោក Joe Biden និងអ្នកស្រី Kamala Harris ដែលត្រូវព្យាករណ៍ថាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក
លោក Joe Biden បេក្ខជនប្រធានាធិបតីនិងអ្នកស្រី Kamala Harris បេក្ខជនអនុប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលត្រូវបានព្យាករណ៍ថាបានឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ថ្លែងសុន្ទរកថានៅទីក្រុង Wilmington រដ្ឋ Delaware ដែលជាទីកន្លែងកំណើតរបស់លោក បន្ទាប់ពីត្រូវបានព្យាករណ៍ថាឈ្នះនៅរដ្ឋ Pennsylvania និងរដ្ឋ Nevada ដោយទទួលបានសំឡេងប្រតិភូអង្គបោះឆ្នោតសរុប ២៧៩ លើសចំនួនអង្គបោះឆ្នោតយ៉ាងតិច ២៧០ ដើម្បីឈ្នះការបោះឆ្នោត។