មេដឹកនាំម្នាក់នៃគណបក្សប្រឆាំងបានចេញទៅបោះឆ្នោត ខណៈគណបក្សគ្មានឈ្មោះលើសន្លឹកឆ្នោត
លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន បានចេញទៅបោះឆ្នោត ខណៈគណបក្សគ្មានឈ្មោះលើសន្លឹកឆ្នោត បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានបដិសេធការចុះឈ្មោះគណបក្សដែលទទួលបានសំឡេងគាំទ្រប្រមាណ ១លាន ៦សែនសន្លឹកនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ មុនថ្ងៃបោះឆ្នោតជាតិ រដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតដែលត្រូវបានស្នើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ សម្រាប់បុគ្គលណាដែលមិនចូលរួមការបោះឆ្នោតជាតិអាណត្តិនេះ។ វិធានការនេះត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រទប់ទល់នឹងការអំពាវនាវរបស់សំឡេងអ្នកប្រឆាំង ឱ្យពលរដ្ឋធ្វើពហិកាលើការបោះឆ្នោតដោយមិនទៅបោះឆ្នោត ឬទៅបោះឆ្នោតតែគូសសន្លឹកឆ្នោតចោល។
លោក ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលភ្នំពេញ ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីក្រោយការបោះឆ្នោត បានចេញបោះឆ្នោតនៅភ្នំពេញ
លោក ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងចម្បង។ មេបញ្ជាការកងទ័ពជើងគោកវ័យ ៤៦ ឆ្នាំរូបនេះ អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាភ្លាមៗក្រោយការបោះឆ្នោតនឹងបញ្ចប់ទៅ។ នេះបើតាមការលើកឡើងចុងក្រោយបង្អស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវជាឪពុករបស់លោក ហ៊ុន ម៉ាណែត។
អ្នកបោះឆ្នោតចង់ឃើញរដ្ឋាភិបាលអាណត្តិថ្មីបម្រើប្រយោជន៍ពលរដ្ឋជាធំ ទោះមិនសូវមានជម្រើស
ពលរដ្ឋនៅរាជធានីភ្នំពេញដូចជា លោក អ៊ុន សុផល បានលើកឡើងថា លោកបានចេញទៅបោះឆ្នោត ដើម្បីជំរុញឱ្យរដ្ឋាភិបាលអាណត្តិថ្មីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋបន្ថែមទៀត បើទោះបីជាគ្មានគណបក្សប្រឆាំងដ៏ចម្បង គឺគណបក្សភ្លើងទៀន។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នេះ ធ្វើឡើងដោយគ្មានវត្តមានគណបក្សភ្លើងទៀនដែលបានឈ្នះសំឡេងគាំទ្រប្រមាណ ១ លាន ៦សែន នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២។ បើទោះបីជាមានគណបក្សនយោបាយ ១៧ ផ្សេងទៀតចូលរួមប្រកួត ក៏គេរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងឈ្នះ ១២៥ អាសនៈនៅរដ្ឋសភា និងបន្តដឹកនាំសភាដោយឯកបក្ស។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចេញបោះឆ្នោតជាតិដែលគ្មានគូប្រជែងចម្បង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញបោះឆ្នោតនៅមណ្ឌលក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគូប្រជែងចម្បងគឺគណបក្សភ្លើងទៀន។ បើទោះបីជាមានគណបក្សនយោបាយ ១៧ ផ្សេងទៀតចូលរួមប្រកួត ក៏គេរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងឈ្នះ ១២៥ អាសនៈនៅរដ្ឋសភា និងបន្តដឹកនាំសភាដោយឯកបក្ស។