លោកស្រី Christine Milne អតីតប្រធានគណបក្ស Green Party ដែលជាគណបក្សធំទី៣នៅអូស្ត្រាលី បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison គួរតែឃ្លាំមើលស្ថានភាពនៅកម្ពុជា ខណៈមេដឹកនាំគណបក្សសង្គ្រោះជាតិ គ្រោងធ្វើដំណើរវិលចូលប្រទេសរបស់ខ្លួនវិញ។
នៅលើបណ្តាញ Twitter របស់ផ្ទាល់ខ្លួនរបស់លោកស្រីចុះថ្ងៃទី៨ ខែវិច្ឆិកានេះ អ្នកនយោបាយម្នាក់ជើងចាស់របស់អូស្ត្រាលីរូបនេះ បានសរសេរថា៖ «ប្រទេសអូស្ត្រាលីមានការទទួលខុសត្រូវលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរបស់កម្ពុជា។ សូមលោកនាយករដ្ឋមន្ត្រី Scott Marrison កុំបិទភ្នែកលើរឿងនេះ ខណៈលោក សម រង្ស៊ី ធ្វើដំណើរវិលចូលប្រទេសវិញ»។
លោកស្រី Kerstin Lundgren សមាជិករដ្ឋសភាស៊ុយអ៊ែតម្នាក់ បានបង្ហាញមតិផ្ទាល់ខ្លួនរបស់លោកស្រីថា លោកស្រីកំពុងតែឃ្លាំមើលស្ថានភាពនៅកម្ពុជា ខណៈដែលមេដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងធ្វើដំណើរវិលត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីបាននិរទេសខ្លួននៅក្រៅប្រទេសរយៈពេលជាង៤ឆ្នាំ ដើម្បីរត់គេចពីបទចោទប្រកាន់របស់តុលាការកម្ពុជា ដែលមានចរិតនយោបាយ។
អនុប្រធាននៃសភាជាន់ខ្ពស់ស៊ុយអ៊ែតរូបនេះ បានសរសេរនៅលើបណ្តាញ Twitter ផ្ទាល់ខ្លួនរបស់លោកស្រីនៅប៉ុន្មានម៉ោងមុននេះ ថា៖ «អាជ្ញាធរកម្ពុជាហាក់ដូចជាភ័យខ្លាចគណបក្សប្រឆាំងខ្លាំង ដោយមានការចាប់ខ្លួនមនុស្សក្នុងប្រទេស ដាក់សម្ពាធលើប្រទេសជិតខាងដើម្បីរារាំងលោក សម រង្ស៊ី មិនឲ្យធ្វើដំណើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងបាងកក។ នឹងតាមដានបន្តទៀត»។
សមាជិកសភាបារាំងចំនួន១៩នាក់ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ ដោយស្នើឲ្យរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប «ធានានិងគាំទ្រគម្រោងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ» ក្នុងការធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសកម្ពុជាវិញ បើទោះបីជាមានការគំរាមកំហែងនិងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះពីសំណាក់រដ្ឋាភិបាលកម្ពុជាក៏ដោយ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោក André Gattolin សមាជិកព្រឹទ្ធសភាបារាំងម្នាក់ប្រចាំតំបន់ Hauts-de-Seine នៃប្រទេសបារាំង ដែលត្រូវបានចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Mediapart កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ សមាជិកសភាបារាំងទាំង១៩នាក់នេះ បានអះអាងថា ពួកគេ «សូមប្រកាសគាំទ្រយ៉ាងសកម្មនិងយ៉ាងពេញទំហឹងដល់គោលជំហរសន្តិវិធីរបស់លោកសម រង្ស៊ី» ក្នុងការវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីរក្សាឋានៈអនុគ្រោះពន្ធដែលកម្ពុជាទទួលបានពីសហភាពអឺរ៉ុប។
ថ្មី៖ កងប្រដាប់អាវុធ ដែលប្រដាប់ដោយកាំភ្លើងវែងគ្រប់ដៃ បានបិទផ្លូវឆ្លងកាត់ច្រកព្រំដែនប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យជាប់ព្រំប្រទល់ប្រទេសថៃ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលលោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ និងសកម្មជនផ្សេងៗទៀត គ្រោងវិលត្រឡប់មកកម្ពុជាវិញ។